អង្ករនាំចេញទៅទីផ្សារអឺរ៉ុប ថយចុះជាង ១ ម៉ឺនតោន ក្រោយសហភាពអឺរ៉ុបយកពន្ធលើអង្ករខ្មែរ។ ប្រធានសហព័ន្ធសហគមន៍កសិករកម្ពុជា បារម្ភថា ការថយចុះនៃចំនួនអង្ករនាំចេញទៅសហភាពអឺរ៉ុបនេះ អាចប៉ះពាល់ដល់ជីវភាពកសិករ ក្នុងរយៈពេលយូរអង្វែង។
របាយការណ៍នាំអង្ករចេញក្នុងពេល ៨ខែ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះបង្ហាញថា កម្ពុជានាំអង្ករខ្មែរចេញទៅទីផ្សារអឺរ៉ុប បានថយចុះមកនៅត្រឹម ៣៤.០៣២តោនប៉ុណ្ណោះ បើប្រៀបធៀបទៅរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ ដែលមានចំនួន ៤៤.៥៥៨តោន។
ការថយចុះរហូតដល់ ២៣,៦០%ភាគរយនេះ កើតមានឡើងក្រោយសហភាពអឺរ៉ុបលែងផ្ដល់ការអនុគ្រោះពន្ធលើអង្ករខ្មែរ ដែលនាំចូលទៅទីផ្សារអឺរ៉ុប សម្រាប់រយៈពេលបីឆ្នាំជាប់គ្នា គិតចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ តទៅ។
ការសម្រេចយកពន្ធលើអង្ករខ្មែរនេះ គឺដោយសារតែការនាំចូលអង្ករពីកម្ពុជាទៅអឺរ៉ុប បានកើនឡើងខ្លាំងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ គឺពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧។ គណៈកម្មការអឺរ៉ុបថា ដោយសារការអនុគ្រោះពន្ធនេះ ធ្វើឲ្យការនាំចូលអង្ករខ្មែរ អាចលក់ក្នុងតម្លៃទាប ដែលបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរ សម្រាប់ក្រុមអ្នកផលិតអង្ករនៅអឺរ៉ុប។
ដោយសារការយកពន្ធនេះ កម្ពុជាត្រូវបង់ពន្ធពេញថ្លៃ ក្នុងអត្រាជិត ២០០ដុល្លារអាមេរិក សម្រាប់អង្ករមួយតោន ក្នុងឆ្នាំដំបូង ២០១៩ ហើយអត្រាពន្ធនេះនឹងធ្លាក់ចុះមកនៅត្រឹមជាង ១៧០ដុល្លារ សម្រាប់អង្ករមួយតោនក្នុងឆ្នាំ២០២០ និងជាង ១៤១ដុល្លារ ក្នុងអង្ករមួយតោន នៅឆ្នាំ២០២១។
ទោះបីជាការនាំអង្ករចេញទៅទីផ្សារអឺរ៉ុប ធ្លាក់ចុះយ៉ាងគំហុក ក្រោយសហភាពអឺរ៉ុបយកពន្ធលើអង្ករខ្មែរ ក៏មន្រ្តីរបបលោក ហ៊ុន សែន លោក ផៃ ស៊ីផាន អះអាងថា ការថយចុះនេះ មិនមែនបណ្តាលមកពីការយកពន្ធនោះទេ ប៉ុន្តែអាចមកពីប៉ុន្មានខែចុងក្រោយនេះ ជារដូវផុតការច្រូតកាត់៖ «ប្រហែលជាចុងដៃច្រើនជាង។ បរិមាណយើងចុះ! អាហ្នឹងគឺចុងដៃ»។
លោក ផៃ ស៊ីផាន អះអាងបន្ថែមថា ការយកពន្ធលើអង្ករខ្មែរ ពិតជាគ្មានអ្វីប៉ះពាល់ដល់ការនាំអង្ករទៅទីផ្សារអឺរ៉ុបនោះទេ ដោយលោកសម្អាងទៅលើកញ្ចប់កំណែទម្រង់សេដ្ឋកិច្ចថ្មីរបស់របបនេះ ដែលដាក់ចេញកាលពីចុងខែមីនា ដើម្បីទប់ទល់សម្ពាធអន្តរជាតិ ក្នុងការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធណាមួយពីកម្ពុជានោះ៖ «រាជរដ្ឋាភិបាលបានជួយបំពេញបន្ថែម ដើម្បីឆ្លើយតបទៅនឹងអត្រាពន្ធវាកើន តាមរយៈការកាត់បន្ថយអ្វីដែលចំណាយ ដែលគ្មានសារប្រយោជន៍ ដូចជាកាត់បន្ថយឧបសគ្គពាក់ព័ន្ធនឹងរដ្ឋបាលស្មុគស្មាញ កាត់បន្ថយតម្លៃភ្លើង កាត់បន្ថយរឿងដទៃទៀត ដើម្បីធ្វើយ៉ាងដូចម្តេច ធ្វើឲ្យមានតុល្យភាព ដើម្បីទោះបីជាបង់ពន្ធ ចំណូលរបស់អ្នកនាំចេញ នៅតែទទួលចំណូលប្រហាក់ប្រហែលគ្នាដដែល»។
មន្រ្តីអង្គការសង្គមស៊ីវិល ដែលធ្វើការជាមួយកសិករនៅមូលដ្ឋាន មិនជឿថាកម្ពុជាខ្វះអង្ករក្នុងការនាំចេញនោះឡើយ។ អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន ថា លោកសង្កេតឃើញតាមរោងម៉ាស៊ីនកិនស្រូវ មានស្តុកទុកស្រូវអង្ករគ្រប់គ្រាន់ សម្រាប់តម្រូវការនាំចេញ៖ «បើនិយាយអំពីអង្ករដែលនាំចេញ ខ្ញុំគិតថាមានបរិបូណ៍ ដែលត្រូវនាំចេញ»។
លោក ថេង សាវឿន សន្និដ្ឋានការថយចុះនៃចំនួនអង្ករទៅទីផ្សារអឺរ៉ុបនេះ គឺបណ្តាលមកពីសហភាពអឺរ៉ុប យកពន្ធលើអង្ករខ្មែរនោះឯង។ លោកថា កំណែទម្រង់សេដ្ឋកិច្ច ដែលរដ្ឋាភិបាលអះអាងថា អាចជួយដល់វិនិយោគិនវិស័យនេះ អាចគ្មានប្រសិទ្ធភាព៖ «បើយើងប្រៀបធៀបអត្រា ថាតើប្រសិទ្ធភាពដែលរដ្ឋាភិបាលបានជួយ ក្នុងពេលសហភាពអឺរ៉ុបមិនយកពន្ធ និងនៅពេលយកពន្ធ តើវាមានប្រសិទ្ធភាពឬអត់ ដែលអត្រានៃការនាំអង្ករចេញ មានការធ្លាក់ចុះ? ចំណុចនេះ យើងអាចវាយតម្លៃបានថា ប្រសិទ្ធភាពនៃការជ្រោមជ្រែង ឬក៏ការជួយរបស់រដ្ឋាភិបាល នៅមានការខ្វះចន្លោះនៅឡើយ ព្រោះការនាំអង្ករចេញ ធ្លាក់ចុះរហូតដល់ជិត ២៤% ដែរ»។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីមន្រ្តីសហព័ន្ធស្រូវអង្ករកម្ពុជា ជុំវិញការឆ្លាក់ចុះនៃការនាំអង្ករចេញទៅទីផ្សារអឺរ៉ុបនេះបាននៅឡើយទេ។ ប៉ុន្តែ កាលពីខែសីហា ស្ថាប័ននាំស្រូវអង្ករចេញនេះ បានប្រកាសអំពីផលប៉ះពាល់ ទៅលើការនាំអង្ករចេញទៅទីផ្សារអឺរ៉ុប ដោយសារតែសហភាពអឺរ៉ុបយកពន្ធលើអង្ករខ្មែរ។
សហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា ការកំណត់ពន្ធនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករកម្ពុជាជាងកន្លះលានគ្រួសារ និងថា បញ្ហាទាំងនេះ បានធ្វើឱ្យឈឺចាប់ និងដោះស្រាយមិនទាន់ចេញផង ស្រាប់តែឥឡូវសហគមន៍អឺរ៉ុប កំពុងពិចារណាដកការអនុគ្រោះពន្ធ EBA ថែមទៀត ដើម្បីដាក់សម្ពាធឱ្យមានការកែទម្រង់នយោបាយនៅកម្ពុជា។
ទោះបីការឈប់ផ្តល់ការអនុគ្រោះពន្ធដល់អង្ករខ្មែរ មិនពាក់ព័ន្ធនឹងរឿងរំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យក្តី របបលោក ហ៊ុន សែន អាចប្រឈមនឹងការព្យួរការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប នៅពេលដ៏ខ្លីខាងមុខ ប្រសិនបើរបបនេះ មិនស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
ស្របពេលដែលការនាំអង្ករចេញទៅទីផ្សារអឺរ៉ុបថយចុះខ្លាំង អង្ករខ្មែរនាំទៅទីផ្សារចិនមានចំនួនជាង ១៣ម៉ឺនតោន (១៣២.៩៤៧តោន)។ ប្រទេសឈរនៅលេខរៀងទី១ នៃប្រទេស ដែលនាំអង្ករចូលពីខ្មែរច្រើនជាងគេ ក្នុងចំណោមប្រទេសទាំង ៥១ ដែលទិញអង្ករពីខ្មែរដែរ។
លោក ហ៊ុន សែន ធ្លាប់អះអាង កាលពីដើមខែ មករា ថាចិនសន្យាទិញអង្ករខ្មែរចំនួនរហូតដល់ ៤០ម៉ឺនតោន ក្រោយសហភាពអឺរ៉ុប ប្រកាសយកពន្ធលើអង្ករខ្មែរ។ ជំហរជួយទិញអង្ករខ្មែរពីភាគីចិននេះ ធ្វើឡើងក្រោយសហគមន៍អន្តរជាតិ ថ្កោលទោសរបបលោក ហ៊ុន សែន និងព្រមានដាក់ទណ្ឌកម្ម ដោយសារការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ។
ទោះបីចិនជួយទិញអង្ករខ្មែរបន្ថែមយ៉ាងណាក្តី ក៏លោក ថេង សាវឿន គ្មានសុទិដ្ឋិនិយមថា ទីផ្សារចិន អាចទាក់ទាញអ្នកនាំចេញអង្ករខ្មែរ និងជួយអ្វីច្រើនដល់កសិករខ្មែរនោះដែរ ព្រោះចិនក៏ជាប្រទេសនាំអង្ករចេញទៅទីផ្សារអឺរ៉ុប និងជាគូប្រកួតប្រជែងជាមួយកម្ពុជា ដ្បិតចិនក៏ជាអ្នកផលិតអង្ករនាំចេញដ៏ធំមួយ។ ម្យ៉ាងទៀត ឆ្នាំដំបូងៗ អាចចិនទិញអង្ករពីខ្មែរច្រើន តែឆ្នាំបន្ទាប់ទៅទៀត មិនដឹងជាយ៉ាងណាទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។