ប្រជាពលរដ្ឋមួយចំនួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រេចចិត្តនាំគ្នាដើរបេះត្រកួន និងដើររើសអេតចាយតាមផ្លូវលក់យកប្រាក់ដោះស្រាយជីវភាពគ្រួសារ ដោយសារអត់ការងារធ្វើបណ្ដាលមកវិបត្តិជំងឺកូវីដ១៩។ តើអ្នកភូមិទាំងនោះជួបការលំបាកបែបណា បានជាពួកគាត់នាំគ្នាប្រកបមុខរបរនេះ?
ប្រជាពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជា-ថៃក្នុងខេត្តបន្ទាយមានជ័យលើកឡើងស្រដៀងគ្នាថា នៅពេលនេះជីវភាពរបស់ពួកគាត់ជួបការលំបាកខ្លាំង រហូតមានថ្ងៃខ្លះរកព្រឹកខ្វះល្ងាច និងដាច់ស្បៀងម្ដងម្កាលទៀតផង។
ប្រជាពលរដ្ឋនៅភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែតលោកស្រី កង វតី រៀបរាប់ថា ចាប់តាំងពីកម្ពុជា និងថៃបិទព្រំដែនប្រទេសទាំង២មក គ្រួសាររបស់លោកស្រីរស់នៅយ៉ាងតោកយ៉ាក ដោយរកព្រឹកខ្វះល្ងាចស្ទើររាល់ថ្ងៃ។ ស្ត្រីវ័យ៤២ឆ្នាំរូបនេះបន្ថែមទៀតថា គ្រួសាររបស់គាត់ពឹងផ្អែកលើប្រាក់ចំណូលធ្វើជាកម្មករអូសរទេះ និងស៊ីឈ្នួលលីសែងឱ្យអាជីវករខ្មែរ និងថៃនៅផ្សាររ៉ុងក្លឿ ក្នុងទឹកដីថៃ។ លោកស្រីបន្តថា កាលពីមិនទាន់ផ្ទុះជំងឺកូវីដ-១៩ ដោយលោកស្រីពីរនាក់ប្ដីធ្វើការបានប្រាក់ចំណូលប្រហែលពី ៤ម៉ឺន ទៅ ៧ម៉ឺន(៧០,០០០)រៀល ក្នុងមួយថ្ងៃ ក៏ប៉ុន្តែចាប់តាំងពីប្រទេសទាំង ២ បិទព្រំដែនមកធ្វើឱ្យគ្រួសាររបស់លោកស្រីបាត់បង់ប្រាក់ចំណូលទាំងនោះតែម្ដង ដោយសារអត់ការងារធ្វើ។ លោកស្រីបញ្ជាក់ទៀតថា នៅពេលបិទច្រកទ្វារព្រំដែនបានមួយសប្ដាហ៍លោកស្រី និងប្ដីនាំគ្នាទៅបេះត្រកួនដុះនៅតាមមាត់អូរនៅភូមិស្ទឹងបត់ក្នុងក្រុងប្រហែល ៥០បាច់ ហើយទូលដើរលក់តាមផ្លូវនៅក្រុងប៉ោយប៉ែតបានប្រាក់ចន្លោះពី៧ពាន់ទៅ១ម៉ឺន(១០,០០០)រៀលក្នុងមួយថ្ងៃ៖ «ឥឡូវទឹកលិចអស់ហើយគ្មានអីបេះទេបើប៉ះខ្យងរើសខ្យងទៅយកមកទូលលក់ដូចថាយើងចងថង់ ១០បាតត្រកួន និង៥បាតអីចឹង។ ណាមួយបើយើងមិនរកទៅសុំគេក៏គេមិនឱ្យយើងដែរដល់តែយើងរកជីវភាពយើងបានអង្ករខ្វះនេះខ្វះនោះអីចឹងចេះតែត្បិតត្បៀតទៅ ដូចថាថ្ងៃណាខ្វះខ្លាំងទៅចេះតែបបរហូបដាក់អំបិលឡែមៗទៅឱ្យតែរស់ទៅ»។
លោកស្រីបន្តថា ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតអត់ការងារជាច្រើននាក់ផ្សេងទៀត ក៏នាំគ្នាទៅបេះត្រកួនជាមួយលោកស្រីដែរ បណ្ដាលឱ្យត្រកួនលាស់មិនទាន់រហូតមានអ្នកខ្លះក៏ដើររាវខ្យងតាមមាត់អូរ និងខ្លះទៀតប្ដូររបរទៅជាដើររើសអេតចាយលក់វិញក៏មាន។ លោកស្រីថា សព្វថ្ងៃលោកស្រីនិងប្ដីយកកូនអាយុ១ឆ្នាំកន្លះដាក់នៅក្នុងអង្រឹងនៅលើរទេះរុញ ដើររើសអេតចាយតាមផ្លូវនៅក្រុងប៉ោយប៉ែត។ លោកស្រីបន្តថាពួកគេដើររើសអេតចាយនៅពេលយប់ប្រហែល ១០ថ្ងៃមកហើយ ដោយក្នុងមួយយប់លក់បានប្រាក់ប្រមាណ ១ម៉ឺនរៀល៖ «កូនដាក់ក្នុងអង្រឹងចងឱ្យដេករួចហើយ ពេលភ្លឺបានខ្ញុំមកដល់ផ្ទះចេះតែដើរទៅប្រឡោះនេះប្រឡោះនោះអីចឹង។ ពេលភ្លៀងខ្ញុំយកកៅស៊ូគ្របឱ្យកូន ហើយមនុស្សចេះតែដើររើសទៅដើម្បីឱ្យកូនវាជិតខ្លួន។ ខ្ញុំខ្លាចដែរតែជួនកាលខ្ញុំអោនអីចឹងទៅ មានឡាន ឬម៉ូតគាត់ជិះលឿនអីចឹងខ្លាចវាមានគ្រោះថ្នាក់ដល់ ឬមួយវាប៉ះពារយើងវាចេះតែបារម្ភហើយឃើញឡានយើងចេះតែជៀសគេទៅខ្ញុំដើររើសតាមចិញ្ចើមថ្នល់»។
ប្រជាពលរដ្ឋនៅសង្កាត់ប៉ោយប៉ែតម្នាក់ទៀតលោកស្រី សៅ ភារី ថ្លែងថា លោកស្រីនាំកូនអាយុក្រោម១០ឆ្នាំ២នាក់ ដើរបេះត្រកួនជាមួយអ្នកភូមិប្រមាណ ២០នាក់ផ្សេងទៀតលក់បានប្រាក់ប្រមាណ ៨ពាន់រៀលក្នុងមួយថ្ងៃ។ លោកស្រីបញ្ជាក់ថា ប្រាក់ទាំងអស់នេះមិនគ្រប់ដោះស្រាយជីវភាពគ្រួសារនោះទេ ដោយពេលខ្លះលោកស្រី និងប្ដីសុខចិត្តអត់បាយដើម្បីទុកអង្ករដាំបបរឱ្យកូនហូបក៏មានដែរ។ លោកស្រីថា គ្រួសាររបស់លោកស្រីធ្លាប់ទទួលអំណោយពីអាជ្ញាធរមូលដ្ឋានបានម្ដងរួមមានមានអង្ករ ១០គីឡូក្រាមមី ៥កញ្ចប់ ត្រីខកំប៉ុង និងទឹកត្រីមួយចំនួនទៀត ក៏ប៉ុន្តែស្បៀងទាំងនោះហូបចុកអស់ជាច្រើនថ្ងៃមកហើយ៖ «គេចែកឱ្យម្នាក់១០គីឡូក្រាម ហូបបាន១០ថ្ងៃអស់ទៅវិញឥឡូវមានអីបានត្រកួនលក់បានរួចថ្លៃម្ហូបអង្ករជំពាក់គេ១០គីឡូក្រាម ហើយចាំបើកព្រំដែនវិញបានឱ្យគេ។ ខ្ញុំថ្ងៃខ្លះដាំបាយហើយអត់មានអីហូបច្រើនគ្នាណាស់គ្រួសារបងប្អូនខ្ញុំសឹងតែទាំងអស់ហ្នឹង។ ចង់និយាយថា ទាល់មែនទែនអត់មានអីរកមិនដឹងថា ទៅរកអីត្រកួននៅក្នុងបន្លាដើរចេះចង់រយះដៃហើយជើងអីមុតអស់ហើយឥឡូវយប់ហ្នឹង ខ្ញុំដើររើសអេតចាយដែរ ហើយព្រោះដាច់មែនទែនហើយអត់មានត្រកួនបេះ»។
ទាក់ទងនឹងបញ្ហានេះចៅសង្កាត់ប៉ោយប៉ែតលោក គោគ លន ប្រាប់អាស៊ីសេរីថា ប្រជាពលរដ្ឋនៅសង្កាត់ប៉ោយប៉ែតភាគច្រើនពឹងផ្អែកទៅលើការរកប្រាក់ចំណូលនៅក្នុងទឹកដីថៃ និងនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ លោកបន្តថា ចាប់ពីបិទព្រំដែនកម្ពុជា-ថៃមកធ្វើឱ្យកម្មករអូសរទេះ និងអ្នកស៊ីឈ្នួលក្នុងទឹកដីថៃជួបការលំបាកខ្លាំងពីព្រោះពួកគាត់រកប្រាក់ចំណូលបានតិចហើយសម្រាប់តែដោះស្រាយជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ លោកបញ្ជាក់ទៀតថា រហូតមកទល់ថ្ងៃទី២១ ឧសភា អាជ្ញាធរបានចែកអង្ករ មី ត្រីខកំប៉ុង និងទឹកត្រីដល់ពលរដ្ឋជាង ២ពាន់(២,០០០)គ្រួសារ ក្នុងចំណោមពលរដ្ឋជាង ១២.០០០គ្រួសារនៅក្នុងសង្កាត់ប៉ោយប៉ែត។ លោកបន្តថា សព្វថ្ងៃអាជ្ញាធរនៅតែបន្តចុះស្រង់ស្ថិតប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតខ្លាំងដើម្បីចែកស្បៀងអាហារជូនដល់ពួកគាត់ទៀត៖ «យើងដើរជ្រើសមើលតាមផ្ទះគ្នាអ្នកអត់ៗដែលខ្វះព្រឹកខ្វះល្ងាចដែរ គាត់អូសរទេះអូសអីប្រចាំថ្ងៃនៅផ្សាររ៉ុងក្លឿ កាលពីមុនហើយគ្នាសំងំនៅផ្ទះអត់មានអីហូបដល់អីចឹងតាមរយៈមេភូមិមន្ត្រីក្រុមប្រឹក្សាមើលផ្ទាល់ៗ ហើយយើងអញ្ជើញមកដើម្បីចែកជូនពួកគាត់»។
លោកបន្ថែមថា អំណោយដែលអាជ្ញាធរឧបត្ថម្ភដល់ប្រជាពលរដ្ឋនោះភាគច្រើនជាថវិកាបានមកពីសប្បុរសជននៅក្រុងប៉ោយប៉ែត។ លោកថា ប្រសិនបើពលរដ្ឋនៅសង្កាត់ប៉ោយប៉ែតណាដាច់ស្បៀងឬជីវភាពជួបការខ្វះខាត់ខ្លាំង បណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩ ពួកគាត់អាចទាក់ទងទៅមេភូមិរបស់ខ្លួន ដើម្បីអាជ្ញាធរនាំអំណោយទៅចែកដល់ផ្ទះ។
ទាក់ទងនឹងបញ្ហានេះប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាលោក វន់ ពៅ យល់ថា ការបិទច្រកទ្វារព្រំដែនកម្ពុជា និងថៃនេះធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋខ្មែរនៅតំបន់ព្រំដែន។ មន្ត្រីសង្គមស៊ីវិលរូបនេះស្នើឱ្យរដ្ឋាភិបាលគួរតែបញ្ចេញកញ្ចប់ថវិកាបម្រុងដែលលោក ហ៊ុន សែន អះអាងថាមានជិត ៣៣.០០០លានដុល្លារអាមេរិកជួយដល់ពលរដ្ឋ ដែលអត់ការងារធ្វើ ដើម្បីឱ្យពួកគាត់មានប្រាក់ទិញស្បៀងហូបចុកប្រចាំថ្ងៃ៖ «ប្រទេសគេជិតខាតគេ បានបំពេញជូនពលរដ្ឋគេផ្នែកគាំពារសង្គមហ្នឹងតាំងពីប្រាក់ខែប្រចាំខែ ថ្លៃអាហារហូបចុកត្រីសាច់អង្ករជាដើម។ មិនត្រឹមតែប៉ុណ្ណឹងគេផ្អាកបង់ថ្លៃអគ្គិសនី ថ្លៃទឹកហ្នឹង យើងឃើញថា រដ្ឋយើងគួរតែធ្វើដូចប្រទេសថៃដែរ ដើម្បីធានាការរស់នៅដល់ប្រជាពលរដ្ឋកុំឱ្យគាត់លំបាកវេទនាលក់ទ្រព្យសម្បត្តិ ដើម្បីយកលុយកាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃអីចឹងអី។ កាលលក់ហើយឥឡូវអត់មានប្រាក់ចំណូលទៀត មិនដឹងថា បានអីលក់ទៀតមានតែដេកស្លាប់»។
រហូតមកទល់ពេលនេះអាជ្ញាធរកម្ពុជា និងថៃ មិនទាន់បើកព្រំដែនប្រទេសទាំង២ ឡើងវិញនៅឡើយទេ។ប្រធានក្រុមការងារទំនាក់ទំនងនឹងកម្ពុជាថៃ លោក ពេជ្រ វណ្ណា មានប្រសាសន៍ថា ប្រទេសទាំង២ អាចនឹងបើកច្រកទ្វារព្រំដែនឡើងវិញនៅដើមខែមិថុនា ខាងមុខ ប្រសិនបើនៅប្រទេសថៃពុំមានអ្នកឆ្លងជំងឺកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។