ទាហានឈុតខ្មៅរបស់ថៃរាប់រយនាក់មានបំពាក់អាវក្រោះបានត្រៀមខ្លួនរួចជាស្រេចនៅខាងព្រំដែនស្រុកអារញ្ញ។
កាសែតថៃ (ខាវដេត 77 Kaoded77) ចុះផ្សាយកាលពីរសៀលថ្ងៃទី២៨ ឧសភាថា មេបញ្ជាការទាហានឈុតខ្មៅរបស់ថៃប្រចាំខេត្តស្រះកែវ លោក ថះរាភុង មះលះខាំ (Tharaphong Malakham) បានបញ្ជាឱ្យទាហានឈុតខ្មៅថៃនៅតំបន់ព្រំដែនជាប់ក្រុងប៉ោយប៉ែត ឱ្យត្រៀមកងកម្លាំងទប់ស្កាត់ក្រុមបាតុករខ្មែរទាំងឡាយណា ដែលគ្រោងតវ៉ាហាមឃាត់មិនឱ្យរថយន្តដឹកទំនិញរបស់ថៃចូលទៅកម្ពុជា។ ប្រភពដដែលបន្តថា វិធានការរបស់អាជ្ញាធរថៃនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការបិទច្រកទ្វារព្រំដែនប្រទេសទាំង២ គ្រោងធ្វើបាតុកម្មនៅសប្ដាហ៍ក្រោយនេះ ដើម្បីទាមទារឱ្យបើកច្រកទ្វារព្រំដែនឡើងវិញ។ បន្ថែមពីនេះ អាជ្ញាធរថៃបានជំរុញឱ្យក្រុមហ៊ុនឡានដឹកទំនិញរបស់ខ្លួន ឱ្យប្រុងប្រយ័ត្នពេលឆ្លងដែនអំឡុងពេលនេះ និងឱ្យទាក់ទងអាជ្ញាធរកម្ពុជាឱ្យបានជាប់លាប់ ដើម្បីឱ្យជួយការពារសុវត្ថិភាពក្នុងពេលធ្វើដំណើរ។ អាជ្ញាធរថៃក៏បានស្នើឱ្យក្រុមហ៊ុនឡានដឹកទំនិញរបស់ថៃផ្អាកការដឹកជញ្ជូនទំនិញទៅកម្ពុជា ចាប់ពីថ្ងៃទី៣១ ឧសភាដល់ថ្ងៃទី១ មិថុនាផងដែរ។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងជាតំណាងឱ្យក្រុមប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត លោក ឌិន ពុទ្ធី ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៩ ឧសភាថា បើទោះបីជាខាងភាគីថៃត្រៀមទាហានជាច្រើននាក់យ៉ាងនេះក្ដី ក៏ពលរដ្ឋនៅក្រុងប៉ោយប៉ែតនៅតែប្រកាន់ជំហររួមគ្នាតវ៉ាតាមកាលកំណត់ដដែល ប្រសិនបើអាជ្ញាធរកម្ពុជានិងថៃមិនបានបើកច្រកទ្វារព្រំដែនប្រទេសទាំង២តាមការស្នើសុំនោះទេ។លោកបញ្ជាក់ថា ក្នុងពេលតវ៉ានេះប្រជាពលរដ្ឋនឹងហាមឃាត់មិនឱ្យរថយន្តដឹកទំនិញរបស់ថៃចូលមកកម្ពុជានោះឡើយ៖ «ដល់ដំណាក់កាលលែងខ្លាចគេចាប់គេចងអីហើយ ព្រោះដោយសារតែមើលទៅវាឃើញតែគេមកគេរស់ស្រួល អ្នកមានលុយ និងអ្នកមានអំណាចគេរស់ស្រួល គេយកទំនិញដឹកចូលមកតាមតែអំពើចិត្ត រីឯអ្នកក្រវិញសូម្បីតែឈានជើងតែ៥០០ម៉ែត្រក៏មិនបានផង ហើយរបស់គេចូលមក២០គីឡូដីក៏គេអាចចូលបាន។គេដើរដាក់ឥវ៉ាន់គ្រប់កន្លែងតាមតែអំពើចិត្ត បើនៅក៏គង់តែដាច់ពោះស្លាប់ដដែល អីចឹងមានតែទៅតវ៉ាហ្នឹងឯងពួកគាត់ គាត់និយាយអីចឹង នេះជាគំនិតរបស់ពួកគាត់ទេមិនមែនជាគំនិតរបស់ខ្ញុំទេ » ។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និង ប្រធានទំនាក់ទំនងព្រំដែនកម្ពុជាថៃ លោក ពេជ្រ វណ្ណា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៩ឧសភា ដោយទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។
ទោះជាយ៉ាងណា ចាប់តាំងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ឧសភា អភិបាល និងអភិបាលរងខេត្តបន្ទាយមានជ័យ ចំនួន ៣នាក់ហើយបានបណ្ដាក់គ្នាចុះទៅពង្រឹងសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនោះ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ការតវ៉ាដោយសន្តិវិធី គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយស្របច្បាប់។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋនៅព្រំដែនជួបការលំបាកដោយសារប្រទេសទាំង២បិទច្រកទ្វារព្រំដែន ដូច្នេះអាជ្ញាធរកម្ពុជានិងថៃគួរតែដោះស្រាយសមស្របជូនពួកគាត់វិញ ប្រសើរជាងការប្រើកម្លាំងចាត់វិធានការទៅលើក្រុមអ្នកតវ៉ា៖ «ទាក់ទងទៅលើច្បាប់ដែលកិច្ចការពារប្រជាពលរដ្ឋនោះ វាក្លាយទៅជាច្បាប់ឬក៏បទបញ្ជាមួយមានធ្មេញទំពាស៊ីប្រជាពលរដ្ឋហើយ។អីចឹងគួរតែធ្វើយ៉ាងណាដើម្បីឱ្យពួកគាត់មានការបញ្ចេញមតិជាសំឡេងមួយ ព្រោះគ្រាន់តែការបញ្ចេញមតិការនិយាយមិនមែនជាអ្វីដែលថា ពួកគាត់ក្រុមប្រឆាំងទេ គឺពួកគាត់ហ្នឹងធ្វើ ដើម្បីក្រពះដើម្បីឱ្យដឹកនាំប្រទេសទាំងសង្ខាងឮទាំងអស់គ្នាដឹងទាំងអស់គ្នា ហើយថៃក៏ជាប្រទេសប្រជាធិបតេយ្យគោរពច្បាប់ មានសេរីភាពក្នុងបញ្ចេញមតិដែរ » ។
អាជ្ញាធរថៃបានបិទព្រំដែនជាប់កម្ពុជាចាប់តាំងពីថ្ងៃទី២៣ ខែមីនារហូតមក ដើម្បីទប់ស្កាត់កុំរាលដាលជំងឺកូវីដ១៩។ អំឡុងពេលបិទព្រំដែននេះ ឡានដឹកទំនិញរបស់ថៃអាចឆ្លងដែនចូលមកកម្ពុជាបានដោយសេរី ចំណែកឡានដឹកទំនិញរបស់កម្ពុជាចូលទៅប្រទេសថៃបានតិចតួចប៉ុណ្ណោះ។
កាលពីថ្ងៃទី២៥ ឧសភា តំណាងប្រជាពលរដ្ឋលោក ឌិន ពុទ្ធី បានដាក់លិខិតទៅសាលាខេត្តបន្ទាយមានជ័យស្នើសុំធ្វើបាតុកម្មនៅមុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ នៅក្នុងលិខិតនោះ បញ្ជាក់ថា មានក្រុមអាជីវករ អ្នករត់ម៉ូតូឌុប កម្មករអូសរទេះ និងកម្មករស៊ីឈ្នួលលីសែងនៅក្នុងដីថៃចំនួន ១ពាន់ ៥០០នាក់ (១.៥០០) នឹងចូលរួមធ្វើបាតុកម្មចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមិថុនា។ ទោះជាយ៉ាងណា សំណើធ្វើបាតុកម្មនេះ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យបដិសេធភ្លាមៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។