កម្ពុជា​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​ជាង​៣ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧

ដោយ តាំង សារ៉ាដា
2018-02-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧។
ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Den Ayuthyea

ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា អាច​រក​ចំណូល​បាន​ជាង ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក កាល​ពី​ឆ្នាំ​មុន ដែល​កើន​ឡើង​ជាង ១៣%  ហើយ​ភ្ញៀវទេសចរ​ដែល​មក​កាន់​កម្ពុជា បាន​ចំណាយ​លុយ​ជាង ៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ឬ​ស្មើ​នឹង​ជិត ១២% ច្រើន​ជាង​ឆ្នាំ​២០១៦ កន្លង​ទៅ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ទេសចរណ៍​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ និង​ប្រាក់​ដែល​កើន​ឡើង​នេះ ភាគ​ច្រើន​មក​ពី​ប្រទេស​ចិន។ ចំនួន​ភ្ញៀវ​ទេសចរ​ចិន មក​កម្ពុជា ស្ថិត​នៅ​លេខ​រៀង​ទី​១ ហើយ​ទី​២ គឺ​ភ្ញៀវទេសចរ​វៀតណាម ហើយ​បន្ទាប់​មក​គឺ​ឡាវ ថៃ និង​កូរ៉េខាងត្បូង។

កាសែត ឌឹ ខ្មែរ ថែមស៍ (Khmer Times) កាល​ពី​ថ្ងៃ​ពុធ ទី​១៤ ខែ​កុម្ភៈ បាន​ដក​ស្រង់​សម្ដី​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួង​ទេសចរណ៍ លោក គង់ សុភារៈ មក​ចុះ​ផ្សាយ​ថា ចំនួន​ភ្ញៀវទេសចរ​ចិន នៅ​កម្ពុជា កើន​ឡើង​ដោយសារ​ប្រទេស​ទាំង​ពីរ​បាន​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ។ លោក​ឱ្យ​ដឹង​ថា កម្ពុជា​រំពឹង​ថា នឹង​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​យ៉ាង​ហោច​ណាស់ ៦​លាន​នាក់​នៅ​ឆ្នាំ​២០១៨ ហើយ ៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង ១០​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ​២០២៥។

ឯកអគ្គរដ្ឋទូត​ចិន លោក ស៊ី យុងបូ (Xiong Bo) និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ស្ថានទូត​ចិន កាល​ពី​សប្តាហ៍​មុន​ថា ក្រសួង​ទេសចរណ៍​របស់​កម្ពុជា មាន​គោលនយោបាយ​ត្រឹមត្រូវ​ដែល​នាំ​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន មក​កម្ពុជា។

​ការ​កើត​ឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ​ពី​តាម​បណ្តា​ប្រទេស​កុម្មុយនិស្ត ដូចជា​ប្រទេស​ចិន និង​វៀតណាម​នេះ ស្រប​ពេល​ដែល​កម្ពុជា បាន​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ តាម​រយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាដើម ហើយ​ដែល​រដ្ឋាភិបាល​ចិន និង​វៀតណាម បាន​ចេញ​មុខ​គាំទ្រ​ពេញ​ទំហឹង។

​ក្រុម​អ្នក​ឃ្លាំមើល​ធ្លាប់​អះអាង​ថា ស្រប​ពេល​ភ្ញៀវទេសចរ​ចិន មាន​ការ​កើន​ឡើង បាន​នាំ​ឲ្យ​ភ្ញៀវទេសចរ​មក​ពី​តាម​បណ្ដា​ប្រទេស​លោក​សេរី ដូចជា​សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អង់គ្លេស និង​ប្រទេស​បារាំង ជាដើម មាន​ការ​ថយ​ចុះ​ទៅ​វិញ។ កត្តា​ដែល​នាំ​ឲ្យ​មាន​ការ​ថយ​ចុះ​នេះ អាច​ដោយសារ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា កំពុង​ស្ថិត​ក្នុង​គ្រោះ​មហន្តរាយ​ដែល​អាច​ជះឥទ្ធិពល​ដល់​សុវត្ថិភាព​របស់​អ្នក​ធ្វើ​ដំណើរ​មក​ពី​តាម​បណ្ដា​ប្រទេស​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល