មន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញបានឱ្យដឹងថា អាជ្ញាធរអាមេរិកកំពុងបើកការស៊ើបអង្កេតចំពោះក្រុមហ៊ុនចិនមួយចំនួនដែលប្រើប្រាស់ទឹកដីកម្ពុជា នាំទំនិញផលិតក្នុងប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ដោយមិនបានបង់ពន្ធនាំចូលសហរដ្ឋអាមេរិក ដែលមានចំនួនរាប់សែនដល់រាប់លានដុល្លារអាមេរិក។
អនុប្រធានស្ដីទីនៃស្ថានបេសកកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក អេរិន ឆ្វាតជេស (Arend Zwartjes) បានថ្លែងប្រាប់អាស៊ីសេរីថា ទន្ទឹមនឹងការវិនិយោគ និងការអភិវឌ្ឍរបស់ចិន ដែលគ្របដណ្ដប់លើសលប់ស្ទើរគ្រប់វិស័យនៅកម្ពុជា ហានិភ័យជាច្រើនក៏កំពុងតែកើតមានឡើងផងដែរ ។ លោកលើកឡើងថា ក្រុមហ៊ុនចិនជាច្រើនបានព្យាយាមប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីនាំចេញនូវទំនិញដែលផលិតក្នុងប្រទេសចិនចូលទៅកាន់សហរដ្ឋអាមេរិក ដោយគេចវេះពីការបង់ពន្ធដល់អាជ្ញាធរអាមេរិក ដែលបញ្ហានេះបានធ្វើឱ្យអាជ្ញាធរអាមេរិកកំពុងបើកការស៊ើបអង្កេត និងមានវិធានការណ៍មួយចំនួនដល់ក្រុមហ៊ុនចិនដែលបានរំលោភច្បាប់អាមេរិក។ លោកបន្តថា នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានបើកការស៊ើបអង្កេតចំនួន១៤ករណីទៅលើកក្រុមហ៊ុនចិនដែលមានការិយាល័យនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានសង្ស័យថាបានព្យាយាមគេចវេះពីការបង់ពន្ធទំនិញនាំចូលទៅអាមេរិក ដោយប្រើប្រាស់ប្រទេសកម្ពុជាជាចំណុចឆ្លងកាត់។ លោកបន្តថា ក្រុមហ៊ុនចិនទាំងនេះ បាននាំចូលទៅអាមេរិកនូវផលិតផលសម្រេចពីប្រទេសចិន ប៉ុន្តែដាក់ឈ្មោះថា "ផលិតនៅប្រទេសកម្ពុជា" ទៅវិញ (Made in Cambodia)៖ «សំរាប់ប្រទេសកម្ពុជាវិញ មានឱកាសច្បាស់ដូចជាកំណើនវិនិយោគ ឬកំណើននៃការនាំចេញរបស់កម្ពុជា ប៉ុន្តែក៏មានហានិភ័យផងដែរ ក្រុមហ៊ុនអាចមានបំណងគេចពន្ធគយ ហើយនាំចូលផលិតផលទៅក្នុងសហរដ្ឋអាមេរិក តាមរយៈការផ្ទេទំនិញពីនាវាមួយទៅនាវាមួយ។ ផ្នែកគយរបស់អាមេរិក បានធ្វើការស៊ើបអង្កេតរួចហើយ ហើយបានពិន័យក្រុមហ៊ុនចិនមួយចំនួន ដែលគេចការបង់ពន្ធគយ នៅក្នុងសហរដ្ឋអាមេរិក ដោយបានបញ្ជូនទំនិញឆ្លងតាមប្រទេសកម្ពុជាសិន»។
លោក អេរិន ឆ្វាតជេស បានបន្តទៀតថា ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានផ្តល់ឈ្មោះក្រុមហ៊ុនចិនមិនតិចជាង ៥ក្រុមហ៊ុនឡើយ ដែលមានការិយាល័យនៅកម្ពុជា ទៅឱ្យភ្នាក់ងារគយ និងការពារព្រំដែនរបស់ខ្លួន ដើម្បីស៊ើបអង្កេតនិងត្រួតពិនិត្យទៅតាមច្បាប់សហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានការផាកពិន័យផ្នែករដ្ឋបាល និងការដាក់ពិន័យផ្នែកព្រហ្មទណ្ឌជាដើម។ លោកបន្តថា ទឹកប្រាក់ដែលក្រុមហ៊ុនចិនទាំងនោះ បានគេចវេះក្នុងការបង់ពន្ធដល់អាជ្ញាធរអាមេរិកមានចំនួនរាប់សែន រហូតដល់រាប់លានដុល្លារអាមេរិក ហើយទំនិញដែលក្រុមចិនទាំងនោះនាំចូលមានដូចជា ឈើក្ដារសម្រាប់ធ្វើកម្រាល ទំពក់ដែកព្យួរខោអាវ អាស៊ីតអាម៉ីណូ (Amino Acid) ម្សៅអាហារធ្វើពីពោត ស្រូវ ឬដំឡូង និងបំពង់ដែកថែបជាដើម។ ស្ថានទូតអាមេរិក មិនបានបញ្ជាក់ឈ្មោះក្រុមហ៊ុនចិនទាំងនោះទេ។
ទំហំពាណិជ្ជកម្មដែលកម្ពុជានាំចូលពីអាមេរិកក្នុងបរិមាណតិច តែកម្ពុជាបាននាំចេញទំនិញទៅអាមេរិកវិញក្នុងបរិមាណច្រើន គឺក្នុងតម្លៃសរុបដល់ទៅជាង ៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដោយឡែកជាមួយប្រទេសចិនវិញ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនក្នុងតម្លៃសរុបប្រមាណជាង ៧៥០លានដុល្លារអាមេរិកប៉ុណ្ណោះ។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីសុំការបញ្ជាក់ពីរឿងនេះប៉ុន្តែពុំមានការឆ្លើយតបឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៩ ឧសភាថា កម្ពុជាមិនមានការរើសអើងដល់ប្រទេសណាមួយដែលមានបំណងមកវិនិយោគនៅកម្ពុជានោះទេ ហើយកម្ពុជាចាត់ទុកប្រទេសចិននិងសហរដ្ឋអាមេរិកជាមិត្ត ដូចនេះកម្ពុជាចង់បាននូវកិច្ចសហប្រតិបត្តិការ និងការវិនិយោគវិស័យពាណិជ្ជកម្មនិងវិស័យផ្សេងៗក្នុងប្រទេសកម្ពុជា ដែលជួយថែរក្សានូវស្ថិរភាពនិងសន្តិភាពរបស់កម្ពុជា។ លោកបន្តថា កម្ពុជាស្វាគមន៍ចំពោះការស្រាវជ្រាវស៊ើបអង្កេតរបស់អាជ្ញាធរអាមេរិកទាក់ទងនិងការលើកឡើងដែលថា មានក្រុមហ៊ុនចិនមួយចំនួន បានប្រើប្រាស់ទឹកដីកម្ពុជាក្នុងការនាំទំនិញដែលផលិតក្នុងប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ដោយរំលោភច្បាប់ពន្ធដារសហរដ្ឋអាមេរិក។ លោកបានហៅអំពើទាំងនោះថា ជាបទឧក្រិដ្ឋហើយកម្ពុជាមិនបានចូលរួមពាក់ព័ន្ធនោះទេ៖ «នៅក្នុងគោលការណ៍ច្បាស់លាស់របស់កម្ពុជា យើងមិនចូលរួមក្នុងអំពើថោកទាប និងការបោកប្រាស់នោះទេ យើងគោរពនូវគោលការណ៍ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយប្រទេសដទៃទៀត រាប់ទាំងសហរដ្ឋអាមេរិកផងដែរ។ ហើយសូមបញ្ជាក់ថាយើងស្វាគមន៍ចំពោះការស៊ើបអង្កេតនូវក្រុមហ៊ុនណាដែលលួចលាក់ បញ្ចេញទំនិញមិនបានផលិតនៅកម្ពុជា ហើយបិទផ្លាកម្ពុជា ដើម្បីនាំចូលទៅប្រទេសដទៃទៀតហ្នឹង គឺជាអំពើឧក្រិដ្ឋ។ កម្ពុជាមើលឃើញសហរដ្ឋអាមេរិកជាមិត្ត។ យើងមើលឃើញប្រទេសចិនក៏ជាមិត្តដែរ ដូច្នេះកម្ពុជាចង់បាននូវកិច្ចសហប្រតិបត្តិការ ដែលបង្កើនទំនាក់ទំនងល្អក្នុងវិស័យពាណិជ្ជកម្ម»។
ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក ម៉ៃខល ញូបៀល (Michael Newbill) បានថ្លែងនៅក្នុងកម្មវិធីពិភាក្សាមួយស្ដីពីឥទ្ធិពលពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងចិន នៅក្នុងប្រទេសកម្ពុជា កាលពីដើមខែមេសាកន្លងទៅ ដោយបញ្ជាក់ថា អស់រយៈពេលជាង ៧០ឆ្នាំមកនេះ សហរដ្ឋអាមេរិក បានដើរតួជាមេដឹកនាំលើពិភពលោក សម្រាប់ពាណិជ្ជកម្មដោយសេរី ស្មើភាព ហើយអាមេរិកជាប្រទេសដែលមានសេដ្ឋកិច្ចបើកចំហមួយនៅលើពិភពលោក។ លោក ម៉ៃខល ញូបៀល ក៏បានលើកឡើងផងដែរថា ចាប់តាំងពីប្រទេសចិនបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០១ មក ប្រទេសចិនមិនបានគោរព និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដែលធ្វើឱ្យប្រទេសចិនគេងចំណេញនូវផលប្រយោជន៍ជាច្រើនក្នុងវិស័យទំនាក់ទំនងពាណិជ្ជកម្ម។ ទោះជាយ៉ាងនេះក្តីលោកថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅតែរឹងមាំ និងនៅតែនាំមុខគេលើពិភពលោកក្នុងវិស័យជាច្រើន ហើយអាមេរិកនឹងនៅតែបន្តការប្តេជ្ញាចិត្តរបស់ខ្លួនដោយបើកចំហ តម្លាភាព ការគោរពច្បាប់ និងប្រើវិធីសាស្ត្រផ្អែកតាមទីផ្សារ ដើម្បីធានានិងរក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៩ ខែមេសា បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយលើកឡើងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងពាណិជ្ជកម្មនេះចំណេញខ្លាំងទៅខាងប្រទេសចិន។ សាររបស់ស្ថានទូតបន្តទៀតថា ទំនិញប្រមាណ ៨៧% គឺនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើឱ្យមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។ សាររបស់ស្ថានទូអាមេរិកក៏បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានងាកចេញពីយុទ្ធសាស្ត្រសេដ្ឋកិច្ចដែលមានតុល្យភាពនិងលក្ខណៈចម្រុះ ឆ្ពោះទៅរកយុទ្ធសាស្ត្រសេដ្ឋកិច្ចដែលមានការពឹងផ្អែកខ្លាំងទៅលើប្រទេសចិន។
ក្រោយស្ថានទូតអាមេរិកបង្ហោះសាររបស់ខ្លូន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២០ មេសា ដោយនិយាយមិនចំឈ្មោះហើយដាក់ផ្លែផ្កាឱ្យអាមេរិកថា ជាអ្នកផ្សព្វផ្សាយនូវព័ត៌មានមិនពិតទៅវិញ។ លោក ខៀវ កញារីទ្ធបានលើកឡើងនៅក្នុងសារនោះថា ប្រហែលមានតែនៅស្រុកខ្មែរទេ ដែលស្ថានទូតមួយបញ្ចេញដំណឹងក្លែងបន្លំ (Fake News) វាយប្រហារប្រទេសម្ចាស់ផ្ទះផង វាយប្រហារប្រទេសមួយទៀតដែលខ្លួនមានទំនាក់ទំនងស្ថានទូតជាមួយផង។ លោក ខៀវ កាញារីទ្ធ បន្តទៀតថា កម្ពុជាមានតែចង់កសាងទំនាក់ទំនងល្អជាមួយគ្រប់ប្រទេស ពិសេសជាមួយសហរដ្ឋអាមេរិក តែមនុស្សខ្លះប្រឹងដុតកម្លោចទំនាក់ទំនងនេះ ព្រោះតែភាពអគតិរបស់ខ្លួនទៅវិញ។
ភ្លាមៗ បន្ទាប់ពីលោក ខៀវ កាញារីទ្ធ បានបង្ហោះសារដៀមដាមឱ្យស្ថានទូតអាមេរិក ស្ថានទូតចិនប្រចាំនៅកម្ពុជា ក៏បានបង្ហោះសារឆ្លើយតបនឹងស្ថានទូតអាមេរិកផងដែរ ដោយអំពាវនាវឱ្យពលរដ្ឋកម្ពុជាមានការប្រុងប្រយ័ត្ន ព្រោះសហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាម្តងទៀតជាមួយប្រទេសចិន ទាក់ទងនិងបញ្ហាឱនភាពពាណិជ្ជកម្ម។ ក្នុងន័យហាក់ដូចជាទទួលស្គាល់ការពិតរបស់ខ្លួន សាររបស់ប្រទេសចិនបន្តថា វាគឺជារឿងធម្មតាទេ ព្រោះនៅក្នុងពិភពនៃសកលភាវូបនីយកម្ម សកម្មភាពពាណិជ្ជកម្មតែងតែធ្វើដំណើរហួសពីកម្រិតទ្វេភាគី។ សាររបស់ស្ថានទូតចិនក៏បានដាក់ផ្លែផ្កាឱ្យអាមេរិកដោយលើកជាសំណួរថា តើអាមេរិកបានជួយអ្វីខ្លះដល់ប្រទេសកម្ពុជាក្នុងការកសាងហេដ្ឋារចនាផ្លូវថ្នល់ និងវិស័យថាមពលអគ្គិសនីជាដើម នៅពេលដែលប្រទេសចិនបានកសាងផ្លូវធំៗ ឬ highway នៅក្នុងប្រទេសកម្ពុជាបាន ចំនួន ៣១ខ្សែ និងបានសាងសង់ស្ពានចំនួន ៨ ដែលមានប្រវែងសរុបទាំងអស់ជាង ៣.០០០គីឡូម៉ែត្រ។ ចិនក៏បានលើកពីគុណសម្បតិ្តរបស់ខ្លួនផងដែរ ដែលបានជួយកសាងស្ថានីយវារីអគ្គិសនីនៅកម្ពុជា ដែលស្មើនឹង ៨០%នៃសមត្ថភាពផលិតថាមពលអគ្គិសនីសរុបទាំងអស់នៅកម្ពុជា។
ដោយមិនបរិយាយអ្វីច្រើន កាលពីថ្ងៃទី២១ ខែមេសា ស្ថានទូតអាមេរិកក៏បានបង្ហោះសារខ្លីមួយទៀតលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយលើកឡើងថា ២ឆ្នាំក្រោយពីក្រុមហ៊ុនសំណង់រដ្ឋរបស់ប្រទេសចិនបានសង់ទំនប់វារីអគ្គិសនីដ៏ធំមួយនៅប្រទេស អេក្វាឌ័រ (Ecuador) ទំនប់នេះដូចជាគ្មានដំណើរការសោះ។ សំណង់គ្មានគុណភាព ហើយការសាងសង់គ្មានស្តង់ដារសុវត្ថិភាព មានន័យថា កសិករនៅផ្នែកខាងក្រោមត្រូវទទួលរងការជន់លិចជាញឹកញាប់។
រាជបណ្ឌិតសភាកម្ពុជា ដែលជាស្ថាប័នមួយរបស់រដ្ឋាភិបាលលោក ហ៊ុន សែន បានរៀបចំកិច្ចពិភាក្សាមួយនៅថ្ងៃទី៣០ ខែមេសា ស្តីពីការឆ្លើយឆ្លងគ្នារវាងស្ថានទូតអាមេរិក និងស្ថានទូតចិននៅក្នុងប្រទេសកម្ពុជា។ លោក សុខ ទូច ដែលជាប្រធានស្ថាប័នមួយនេះលើកឡើងស្រដៀងគ្នានឹងសាររបស់ស្ថានទូតចិនដែរ ថាអាមេរិកអាមេរិកគួរតែសាងសង់ស្ពាន ឬផ្លូវល្បឿនលឿននៅស្រុកខ្មែរ ដើម្បីប្រៀបធៀបជាមួយប្រទេសចិន។ លោកនិយាយបង្អាប់គុណភាពផ្លូវដែលសង់ដោយអាមេរិក មិនល្អដូចផ្លូវ ស្ពាន និងសំណង់ដែលសាងសង់ដោយប្រទេសមហាមិត្តចិននោះទេ៖ «ពីមុនផ្លូវរបស់អាមេរិកល្អជាងគេ។ អាចចិននៅពេលខាងមុខ ធ្វើទន្ទឹមនឹងផ្លូវរបស់អាមេរិក ហើយហាយវ៉េល្បឿនលឿន។ អ៊ីចឹងទេ គួរណាស់អាមេរិក ត្រូវធ្វើស្ពានមួយឱ្យល្អ ឬក៏ស្កាយវ៉េ ឬក៏ហាយវ៉េ ខ្ញុំជឿជាក់ថាពេលនោះមានការប្រៀបធៀប។ ទសវត្សទី៦០ ផ្លូវរបស់អាមេរិកល្អ ប៉ុន្តែ២០១៩ និង ២០២០ ផ្លូវចិនល្អហើយអាមេរិក អត់អាចប្រៀបផ្ទឹមបានទេ ហើយសំណង់ក៏ដូចគ្នាដែរ»។
ក្រុមអ្នកវិភាគ និងអ្នកជំនាញកិច្ចការអន្តរជាតិ បានលើកឡើងថា ការពឹងផ្អែកហួសហេតុពេកតែទៅលើមហាអំណាចចិនតែមួយ អាចធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងអន្ទាក់បំណុលវ័ណ្ឌកជាមួយចិន ដែលអាចធ្វើឱ្យចិនអាចដាក់អាណានិគមសម័យថ្មីនៅកម្ពុជាបាន។
ប្រធានអង្គការខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បានប្រាប់វិទ្យុអាស៊ីសេរីថា របៀបវិនិយោគនិងការឱ្យលុយខ្ចីរបស់ចិនទៅកាន់ប្រទេសក្រីក្រមួយចំនួន បានបង្កឱ្យមានការព្រួយបារម្ភជាខ្លាំងព្រោះដោយសារការខ្វះតម្លាភាព ការគោរពសិទ្ធិមនុស្ស និងខ្វះការចូលរួមរបស់ពលរដ្ឋក្នុងការពិនិត្យមើលនូវគ្រោងទាំងនោះ។ លោកស្នើឱ្យកម្ពុជាមានការប្រុងប្រយ័ត្ន ហើយត្រូវស្ដារឡើងវិញនូវដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលអាចធ្វើឱ្យកម្ពុជាអាចមានប្រៀបក្នុងការធ្វើពាណិជ្ជកម្ម ស៊ីជាមួយបណ្ដាប្រទេសនានា ដែលក្នុងនោះរួមជាមួយប្រទេសចិនផងដែរ៖ «យកប្រទេសយើងអាស្រ័យតែប្រទេសចិន អាហ្នឹងជាបញ្ហាធំមួយដែលអាចធ្វើឱ្យប្រទេសយើងជួបហានិភ័យនៃវិបត្តិសេដ្ឋកិច្ច វិបត្តិពាណិជ្ជដែលអាចកើតមាន បើសិនការរកស៊ីយើងវាអាស្រ័យទៅប្រទេសមួយ ក្រុមមួយ អាហ្នឹងវាជួបបញ្ហា ឧទាហរណ៍ប្រទេសចិនមានវិបត្តិសេដ្ឋកិច្ច យើងនឹងធ្លាក់ដែរ ដោយសារតែយើងអត់អាចមានការរកស៊ីចម្រុះអ៊ីចឹង យើងត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។
ដោយឡែកលោក ឯម សុវណ្ណារ៉ា អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ បានឱ្យដឹងថា អ្វីដែលស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលើកឡើង ស្ដីពីទំនាក់ទំនងពាណិជ្ជកម្មដែលចិនកំពុងធ្វើនៅក្នុងប្រទេសកម្ពុជា ជាការពិតនិងកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ហើយការវិនិយោគរបស់ចិនក៏ដូចជាការកសាងផ្លូវ ស្ពាន និងវារីអគ្គិសនីរបស់ក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជា ធ្វើឡើងដោយខ្វះតម្លាភាព និងគ្មានការដឹងឮពីប្រជាពលរដ្ឋខ្មែរទូទៅ៖ « អ្វីដែលសហរដ្ឋអាមេរិកផ្សព្វផ្សាយពាក់ព័ន្ធនិងជំនួញពាណិជ្ជកម្មកម្ពុជាចិន ហើយលើកទីផ្សារដែលទំនិញចិនចូលទីផ្សារកម្ពុជារហូតដល់៨៧ភាគរយ។ វាជាទិន្នន័យមួយដែលអាចទទួលយកបាន វាកើតឡើងអ៊ីចឹងមែន។ ត្រូវមានការដេញថ្លៃ មានការឱ្យប្រជាពលរដ្ឋដឹងឮ គ្មានការលាក់លៀម ស្មើភាពគ្នាដល់អ្នកវិនិយោគផ្សេងៗ ដើម្បីមកប្រកួតប្រជែង។ ឧទាហរណ៍ថា ចិនមកវិនិយោគកសាងផ្លូវ កសាងស្ពាន ឬក៏វារីអគ្គិសនីមួយចំនួនអីចឹង អាហ្នឹងយើងអត់មានឱ្យប្រជាពលរដ្ឋយើងដឹងលឺទាំងអស់គ្នាទេ»។
ជុំវិញក្រុមហ៊ុនចិនដែលរងការចោទប្រកាន់ថា បន្លំយកទំនិញមកកម្ពុជាដើម្បីបន្លំពន្ធអាមេរិកនោះ លោក អេរិន ឆ្វាតចេះ (Arend Zwartjes) បានបញ្ជាក់ថា ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក កំពុងទាក់ទងជាប្រចាំ និងធ្វើការងារជាមួយមន្ត្រីអនុវត្តច្បាប់របស់កម្ពុជា ក្នុងការស៊ើបអង្កេតនិងវែកមុខរកក្រុមហ៊ុនចិនមួយចំនួន ដែលបានកេងប្រវ័ញ្ចលើប្រព័ន្ធពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។ លោកបន្តថា ក្រសួងសន្តិសុខមាតុភូមិរបស់អាមេរិក មានវិធីសាស្ត្រជាច្រើនក្នុងការតាមដាននិងវែកមុខក្រុមហ៊ុនចិនមួយចំនួន ហើយក្នុងករណីចាំបាច់អាចចាត់វិធានការជាបន្ទាន់ក្នុងការដាក់ពិន័យនិងបញ្ឈប់ជាបន្ទាន់នូវក្រុមហ៊ុនចិនទាំងនោះ ក្នុងការផ្ទរទំនិញរបស់ខ្លួនតាមនាវា ក្នុងដែនទឹកកម្ពុជា ហើយធ្វើការជាមួយអាជ្ញាធរអនុវត្តច្បាប់ ដើម្បីរាំងខ្ទប់នូវសកម្មភាពខុសច្បាប់ទាំងនេះ។ លោកបន្តទៀតថា ខុសពីក្រុមហ៊ុនចិន ក្រុមហ៊ុនអាមេរិកដែលមករកស៊ីនៅក្នុងប្រទេសកម្ពុជាមានតម្លាភាព ជួយបណ្ដុះបណ្ដាលពលរដ្ឋកម្ពុជាហើយជួលពួកគេឱ្យធ្វើការជាមួយក្រុមហ៊ុនរបស់ខ្លួន ដោយមិនយកបុគ្គលិកពីប្រទេសរបស់ខ្លួនដូចក្រុមហ៊ុនចិននោះឡើយ។ លោកលើកឡើងផងដែរថា ការវិនិយោគក្នុងវិស័យសាងសង់ផ្លូវជាតិ និងស្ពានរបស់ប្រទេសចិន បានធ្វើឱ្យកម្ពុជាជំពាក់បំណុលចិនកាន់តែច្រើនឡើងៗ ហើយការបំផ្លាញបរិស្ថានក៏មានចំនួនកាន់តែធំ ដែលកម្ពុជាគួរតែពិនិត្យមើលដើម្បីធ្វើឱ្យមានតម្លាភាព ហើយវាយតម្លៃដោយម៉ត់ចត់ដើម្បីធានាថា ការវិនិយោគរបស់ចិនទាំងនោះពិតជាបានផ្ដល់ផលប្រយោជន៍ដោយពិតប្រាកដដល់ពលរដ្ឋនិងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។