ព្រឹទ្ធសភា និង​រដ្ឋសភា​អាមេរិក​នឹង​ជំរុញ​រដ្ឋាភិបាល​របស់​ខ្លួន​បញ្ឈប់​ការ​លើកលែង​ពន្ធ​ពី​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2018-03-18
Share
ហ៊ុន សែន កម្មករ ៦២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។
Photo courtesy of SPM Facebook's page

មេដឹកនាំ អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​-​អាមេរិកាំង អះអាង​ថា រដ្ឋាភិបាល​អាមេរិក​នឹង​សម្រេច​លើ​ការបញ្ឈប់​លើកលែង​ពន្ធ​ទំនិញ​នាំចូល​សហរដ្ឋអាមេរិក​ក្នុង​ពេល​ឆាប់ៗ នៅ​ក្រោយ​ពេល​ច្បាប់​២៤១២ របស់​ព្រឹទ្ធសភា​អាមេរិក ដែល​នឹង​អនុម័ត​នៅ​ពេល​ខាងមុខ។ មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​-​អាមេរិកាំង បាន​ជួប​ប្រជុំ ជាមួយ​ការិយាល័យ​របស់​សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា និង​តំណាង​ក្រសួង​ការបរទេស​អាមេរិក ផ្ដោត​លើ​ច្បាប់​ព្រឹទ្ធិ​សភា​លេខ​២៤១២ ស្ដីពី «​នីតិកម្ម​ស្ដីពី​ការដោះដូរ​លើ​ការ​វិនិយោគទុន និង​ការទទួលខុសត្រូវ​ពី​កម្ពុជា ឬ​ហៅ​កាត់​ថា ការី» រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ មីនា។

ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​-​អាមេរិកាំង លោក ទូច វិបុល អះអាង​ថា ស្ថាប័ន​ទាំង​បី​សំខាន់ៗ​របស់​អាមេរិក រួមមាន សភា ព្រឹទ្ធសភា និង​ក្រសួង​ការបរទេស បាន​សន្យា​ថា គេ​ទទួល​យក​សំណើ​របស់​លោក ដែល​ស្នើ​ដាក់ទណ្ឌកម្ម​កាន់​តែ​ខ្លាំង​ថែមទៀត ទៅលើ​របប​របស់​លោក ហ៊ុន សែន កំពុងតែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា អាមេរិក​នឹង​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា នាំចូល​ទឹកដី​អាមេរិក ដើម្បី​ដាក់​លក្ខខណ្ឌ​ឲ្យ​របប​ក្រុងភ្នំពេញ ស្តា​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទ្បើង​វិញ៖ «អាមេរិក​អនុវត្ត​ច្បាប់​ទៅលើ​ភាព​ជាក់ស្ដែង​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ទៅលើ​រដ្ឋាភិបាល​កម្ពុជា ដូចជា​កន្លងមក​អាមេរិក​បាន​បិទ​ទិដ្ឋាការ ឬ​វីហ្សា (VISA) ការ​ទូត​ខ្មែរ​ជាដើម ប៉ុន្តែ​ឥលូវ​នេះ អាមេរិក​នឹង​ពិនិត្យមើល​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ​បន្ថែម​ទៀត​ជាដើម»

វិស័យ​កាត់ដេរ គឺជា​ប្រភព​ចំណូល​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ​ដ៏​សំខាន់​មួយ ក្នុងចំណោម​វិស័យ​ដទៃ​ទៀត។ រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង មានប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ ទិសដៅ​ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​១២ មីនា​ថា រោងចក្រ​កាត់ដេរ និង​ផលិត​ស្បែកជើង​មាន​ចំនួន ១,១៥៤ ក្រុមហ៊ុន និង​មាន​កម្មករ​និយោជក យោ​ជិត​ជាង ៧៧​ម៉ឺន​នាក់ ហើយ​តម្លៃ​សរុប​នៃ​ការនាំចេញ​ផលិតផល ផ្នែក​កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង ឆ្នាំ​២០១៧ មាន​ប្រមាណ​ជាង ៧​ពាន់ ៦​រយ​លាន​ដុល្លារ​អាមេរិក។ ទោះជា​យ៉ាង​នេះ​ក្ដី ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កាត់ដេរ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ចំណូល​ពី​ឧស្សាហកម្ម​កាត់ដេរ នៅ​ឆ្នាំ​២០១៧ មិនបាន​កើន​ឡើង​ដូច​ការ​រំពឹង​ទុក​ទេ។ ការ​ព្យាករ​អំពី​កំណើន​នៃ​ការនាំចេញ​សំលៀកបំពាក់​គឺ​អាច​ដល់ ដល់​៧​ពាន់ ៨​រយ​លាន​ដុល្លារ​អាមេរិក។ លោក​បញ្ជាក់​ថា ឧស្សាហកម្ម​កាត់ដេរ​នឹង​ប៉ះពាល់​ខ្លាំង​នៅ​ចុង​ឆ្នាំ​២០១៨ ដោយសារតែ​អ្នកបញ្ជា​ទិញ​អាច​ឈប់​បញ្ជា​ទិញ ដោយសារតែ​ស្ថានភាព​នយោបាយ​អាក្រក់​នៅ​កម្ពុជា។

នៅ​ខណៈ​អាមេរិក និង​សហគមន៍​អឺរ៉ុប​ព្រមាន​បិទ​ការ​អនុគ្រោះ​ពន្ធ​ទំនិញ​កម្ពុជា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​របស់​លោក​កាលពី​ថ្ងៃ​ទី​១៧ មីនា នៅ​ទីក្រុង​ស៊ីដនី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ជួយ​ទិញ​ផលិតផល​កម្ពុជា​ប្រើប្រាស់។ លោក ហ៊ុន សែន សំដែង​មោទនភាព​ថា វិស័យ​កសិឧស្សាហកម្ម​នៅ​កម្ពុជា​កំពុងតែ​រីកចម្រើន៖ «កសិកម្ម​របស់​យើង​សព្វថ្ងៃ​នេះ​មិនមែន​កសិកម្ម​គ្រាន់តែ​ចិញ្ចឹម​ក្រពះ​ដូច​កាលពីមុន​ទេ គឺ​កសិកម្ម​ឧស្សាហកម្ម កសិពាណិជ្ជកម្ម សូម​ទិញ​ផលិត​របស់​កម្ពុជា​ផង ឥលូវ​នេះ​គ្រាន់តែ​ម្រេច មាន​ម្រេច​កំពត មណ្ឌលគិរី រតនគីរី...»

ក្រៅពី​ការ​ស្នើ​ឲ្យ​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​ទៅ​ក្នុង​ច្បាប់​២៤១២ អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកកាំង ក៏​ដាក់​សំណើ​ឲ្យ​ភាគី​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឲ្យ​ធ្វើ​សកម្មភាព​ថ្កោលទោស​របប​ក្រុងភ្នំពេញ​ដែរ ព្រោះថា ទង្វើ​របស់​លោក ហ៊ុន សែន កំពុងតែ​អនុវត្ត​ផ្ទុយ​ពី​កិច្ច​ព្រម​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ខ្លឹមសារ​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ដាក់បញ្ចូល​ទៅជា​ច្បាប់​កំពូល​របស់​រដ្ឋ គឺ​រដ្ឋធម្មនុញ្ញ​ហើយ​នោះ៖ «របប​លោក ហ៊ុន សែន ត្រូវតែ​ដូរ​ចេញ បើ​មិន​ដូច្នោះ​ទេ ដូច​ជំងឺ​បូស​ឬ​មហារីក​អ៊ីចឹង បើ​មិន​វះ​ចេញ​ទេ នឹង​រាក​រាលដាល​កាន់​តែ​ខ្លាំង ហើយ​អាមេរិក​នឹង​ពន្យារ​ទៀត នៅ​ដើមខែ​មេសា​នេះ គេ​នឹង​ចាប់ផ្ដើម​អនុវត្ត​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន»

លោក ទូច វិបុល បញ្ជាក់​ថា ខាង​រដ្ឋាភិបាល​អាមេរិក​បាន​ប្រាប់​ថា អាមេរិក​បានសម្រេច​រួច​ហើយ គឺ​ការកំណត់​បញ្ជី​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល ក្រុម​ឈ្មួញ បាន​អភិវឌ្ឍន៍​ជិះជាន់​ពលរដ្ឋ​ក្រីក្រ និង​បាន​ចូលរួម​បំផ្លាញ​ប្រជាធិបតេយ្យ​ជាមួយ​លោក ហ៊ុន សែន នោះ គឺ​នឹង​បង្ក​ទ្រព្យសម្បត្តិ​មន្ត្រី​ទាំងនោះ និង​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល