អ្នកឃ្លាំមើល​ស្នើ​រដ្ឋាភិបាល​បង្ហាញ​ភស្តុតាង​ដែល​ខិតខំ​បង្ក្រាប​ការ​លាង​លុយ​កខ្វក់

0:00 / 0:00

អ្នកឃ្លាំមើល​ថា ការ​រក្សា​ភាព​ស្ងាត់ស្ងៀម​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​លាង​លុយ​កខ្វក់ ធ្វើ​ឱ្យ​កម្ពុជា​នៅតែ​ជាប់​ក្នុង​បញ្ជី​ខ្មៅ ឬ​បញ្ជី​ប្រផេះ នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់​ដដែល​។ ការ​លើក​ឡើង​បែប​នេះ ខណៈ​គណៈកម្មការ​អឺរ៉ុប​នឹង​ប្រកាស​ជា​ផ្លូវការ​ថា កម្ពុជា​នឹង​ជាប់​ក្នុង​បញ្ជី​ខ្មៅ នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ ឬ​រួច​ផុត​ពី​ការចោទប្រកាន់​នេះ នា​ពេល​ឆាប់ៗ​នេះ។

អ្នកជំនួញ​ព្រួយបារម្ភ​ថា ប្រសិនបើ​កម្ពុជា​ជាប់​ក្នុង​បញ្ជី​ខ្មៅ នឹង​អាច​ធ្វើ​ឱ្យ​បាត់បង់​ទំនុក​ចិត្ត​ពី​អ្នក​វិនិយោគ​ស្អាតស្អំ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា សង្កេតឃើញ​ថា ទោះ​រដ្ឋាភិបាល​បាន​ធ្វើ​ច្បាប់​ទប់ស្កាត់​ករណី​លាង​លុយ​កខ្វក់​រួចហើយ​ក្ដី ប៉ុន្តែ​លោក​មិនទាន់​បាន​ឃើញ​រដ្ឋាភិបាល​បង្ហាញ​លទ្ធផល​ជា​សាធារណៈ​ពី​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​នៅ​ឡើយ​ទេ​។ លោក​បន្ត​ទៀត​ថា ចំណែក​សហភាព​អឺរ៉ុប ក៏​នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​មិនបាន​បង្ហាញ​ការ​ព្រួយបារម្ភ ឬ​អបអរ​ចំពោះ​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​នោះ​ដែរ៖ «យើង​អត់​ទាន់​បាន​ឃើញ ឬក៏​យើង​អត់​ទាន់​ទទួល​បាន​ព័ត៌មាន​អំពី​ការប្រកាស​ជា​សាធារណៈ​អំពី​ការ​ចាត់​វិធានការ ឬ​ការទប់ស្កាត់​ទៅលើ​នីតិវិធី​ដែល​សហភាព​អឺរ៉ុប​ចោទប្រកាន់​កន្លងមក អត់​ទាន់​មាន​លិខិត​អបអរ ឬ​សរសើរ​កម្ពុជា​នៅឡើយ អ៊ីចឹង​នៅ​ស្ទាក់ស្ទើរ អ៊ីចឹង​រដ្ឋាភិបាល​កម្ពុជា គួរ​បង្ហាញ ឬ​ចេញ​លិខិតបញ្ជាក់​បន្ថែម​ណាមួយ​ជា​ការ​ការពារ»។

កាល​ពី​ខែ​ឧសភា​កន្លងទៅ គណៈកម្មការ​អឺរ៉ុប​បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ ហើយ​បើ​គ្មាន​ការប្រែប្រួល​នៅ​ក្នុង​ខែ​តុលា​នេះ គណៈកម្មការ​អឺរ៉ុប​នឹង​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​ចូល​ជា​ធរមាន​នៃ​វិធានការ​នេះ។

ក្រោយ​គណៈកម្មការ​អឺរ៉ុប​ប្រកាស​បែបនេះ រដ្ឋាភិបាល​កម្ពុជា ប្រញាប់​ធ្វើ​ច្បាប់​ចំនួន​បី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់។ ច្បាប់​ទាំងនោះ​រួមមាន​៖​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ និង​ច្បាប់​ស្ដីពី​ការ​ជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន តែ​លោក​មិន​លើក​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​០៣ តុលា​។ ទោះជា​យ៉ាងណា លោក ផៃ ស៊ីផាន ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​បាន​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​ពី​ការទប់ស្កាត់ និង​បង្ក្រាប​ការ​ចរាចរណ៍​នៃ​ការ​លាង​លុយ​កខ្វក់​នេះ​ទៅ​សហភាព​អឺរ៉ុប​រួចរាល់​អស់ហើយ​។ លោក​រំពឹង​ថា ក្រោយ​រដ្ឋាភិបាល​បាន​ធ្វើ​ច្បាប់​ប្រឆាំង​អំពើ​លាង​លុយ​កខ្វក់ និង​បង្ក្រាប​បាន​បញ្ហា​ជាច្រើន​ករណី​រួច​មក​រំពឹង​ថា កម្ពុជា​នឹង​រួច​ផុត​ពី​បញ្ជី​ខ្មៅ និង​បញ្ជី​ប្រផេះ។

ប៉ុន្តែ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់​ថា ជោគ​វាសនា​របស់​កម្ពុជា ប្រហែលជា​មិន​អាច​គេច​ផុត​ពី​ការចោទប្រកាន់​របស់​អឺរ៉ុប​ទាំងស្រុង​នោះ ហើយ​លោក​ថា ប្រសិន​កម្ពុជា​ធ្វើ​បាន​ល្អ​ក្នុង​ការ​ទប់ស្កាត់​ការ​លាង​លុយ​កខ្វក់ កម្ពុជា​អាច​ត្រឹម​ធ្លាក់​ពី​បញ្ជី​ខ្មៅ​មក​ត្រឹម​បញ្ជី​ប្រផេះ​ប៉ុណ្ណោះ។

អាស៊ីសេរី បាន​ព្យាយាម​សាកសួរ​រឿង​នេះ​ពី​មន្ត្រី​សំខាន់ៗ​មួយ​ចំនួន​ទៀត ដូចជា​អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យិនទៀង និង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប៉ុន្តែ​ពួក​លោក​មិន​ទទួល​ទូរស័ព្ទ។

រីឯ សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន វិញ ប្រាប់​ថា កិច្ចការងារ​នេះ​ក្រសួងមហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជា​អ្នក​ទទួល​បន្ទុក អ្វី​លើស​ពី​នេះ​លោកសុំមិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ។

ទាក់ទង​បញ្ហា​នេះ អ្នក​វិនិយោគ និង​ជា​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​លោក ង៉ែត ជូ និយាយ​ថា សព្វថ្ងៃ​កម្ពុជា​មាន​អ្នក​បរទេស​ច្រើន​មក​រក​ស៊ី​នៅ​កម្ពុជា​។ លោក​យល់​ថា បើ​កម្ពុជា​ត្រូវ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ នឹង​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​អន្តរជាតិ​មើល​មក​កម្ពុជា​ក្នុង​ផ្លូវ​អវិជ្ជមាន៖ «អ៊ីចឹង​អាច​ប៉ះពាល់​ភ្ញៀវ​អ្នក​វិនិយោគ​ក្រៅ​ស្រុក ហើយ​ដែល​គេ​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​យើង​បន្ទាប់​មក​ទៀត​ប៉ះពាល់​ដល់​ជាពិសេស​វិស័យ​ហិរញ្ញវត្ថុ​របស់​យើង​ដែល​ជា​ទូទៅ​យើង​មាន​អ្នក​វិនិយោគ​បរទេស​ច្រើន​ដែរ ដែល​គេ​វិនិយោគ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ហើយ​ជា​ធម្មតា​បើ​ប៉ះពាល់​ដល់​វិស័យ​ហិរញ្ញវត្ថុ សេដ្ឋកិច្ច​ប្រទេស​មួយ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ច្រើន​ទៀត»។

របប​លោក ហ៊ុន សែន កំពុង​រង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​ស្រាប់​ទៅ​ហើយ​។ នោះ​គឺ​ការ​ដក​ហូត​ឋានៈ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០% លើ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​។ ទណ្ឌកម្ម​នេះ កើតឡើង​ដោយសារតែ​របប​ក្រុងភ្នំពេញ រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ ដែល​មិន​អាច​ឱ្យ​សហភាព​អឺរ៉ុប​អត់ឱន​ឱ្យ​បាន​។ ក្រុម​អ្នក​សង្កេតការណ៍​ជឿ​ថា បើ​របប​នេះ​នៅតែ​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ពេញលេញ​ទេ នោះ​សហភាព​អឺរ៉ុប​នឹង​កាត់​ផ្តាច់​ឋានៈ​អនុគ្រោះ​ពន្ធ​ទាំងស្រុង ហើយ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​នឹង​បន្ត​ធ្លាក់​មក​ជា​បន្ត​បន្ទាប់ពី​ក្រុម​ប្រទេស​លោក​ខាង​លិច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។