រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្ចីបុលធនាគារពិភពលោក (World Bank) ១០០លានដុល្លារ យកមកកែលម្អផ្លូវនៅតំបន់ជនបទ។ កម្ចីឥណទាន ១០០លានដុល្លារនេះ ត្រូវធនាគារពិភពលោក ប្រកាសអនុម័តផ្តល់ឲ្យកាលពីថ្ងៃទី១៦ កក្កដា។ ធនាគារពិភពលោកថា កម្ចីនេះ នឹងជួយឲ្យពលរដ្ឋ និងសហគមន៍ជនបទ កាត់បន្ថយថ្លៃចំណាយលើការដឹកជញ្ជូន និងគ្រោះថ្នាក់ដោយសារតែផ្លូវខូច ហើយអាចមានលទ្ធភាពទទួលបានសេវាចាំបាច់នានា ដូចជា មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សាលារៀន និងទីផ្សារ ជាដើម។ គម្រោងនេះ ក៏នឹងជួយសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ផងដែរ។
ធនាគារពិភពលោកថា ការចំណាយលើការដឹកជញ្ជូននៅកម្ពុជា នៅមានកម្រិតខ្ពស់នៅឡើយ។ ក្នុងចំណោមផ្លូវជនបទជាង ៧៥% នៃបណ្ដាញផ្លូវសរុបនៅទូទាំងប្រទេស មានផ្លូវជនបទតែ ៥% ប៉ុណ្ណោះដែលក្រាលកៅស៊ូ។ កន្លងមក ការខ្ចីបុលលុយបរទេសយកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ផ្លូវថ្នល់តែម្តង រងការរិះគន់ខ្លាំងថា មានការប្រព្រឹត្តិអំពើពុករលួយដល់ឆ្អឹង ដូចជាថា «ចាក់ស្ដើង ស៊ីក្រាស់ ឬចាក់ក្រាស់ ស៊ីស្ដើង» និងថា ផ្លូវថ្នល់នៅកម្ពុជា ជួលជុលមិនចេះចប់ ដោយសារតែ «ធ្វើមុខ ខូចក្រោយ ឬធ្វើក្រោយខូចមុខ» ជាដើម។
ការខ្ចីបុល ១០០លានដុល្លារពីធនាគារពិភពលោកនេះ កើតមានឡើងនៅមិនដល់ ២សប្តាហ៍ផង ក្រោយរដ្ឋាភិបាលបានខ្ចីធនាគារអភិវឌ្ឍន៍អាស៊ី ២៥០លានដុល្លារ កាលពីថ្ងៃទី០៨ កក្កដា យកមកដោះស្រាយវិបត្តិកូវីដ១៩។ អ្នកជំនាញ និងមន្ត្រីអង្គការសង្គមស៊ីវិល យល់ឃើញស្របគ្នាថា ការបន្តអូសបន្លាយនៃវិបត្តិកូវីដ១៩ អាចនឹងធ្វើឲ្យកម្ពុជាចៀសមិនផុតពីការធ្លាក់ខ្លួនឈានទៅខ្ចីបុលលុយពីបរទេសបន្ថែមទៀត ដើម្បីយកមកស្រោចស្រង់សេដ្ឋកិច្ច ដែលកំពុងតែត្រដរខ្យល់ស្រាប់។ ពួកគេថា រដ្ឋាភិបាលអាចយកកម្ចីទាំងនោះទៅប្រើប្រាស់មិនបានចំគោលដៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។