កម្មករ​រោងចក្រ វ៉ាយ អេន ដាប់បែលយូរ (Y&W) ប្រមាណ ៥០០នាក់ ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ

0:00 / 0:00

កម្មករ​រោងចក្រ​កាត់ដេរ វ៉ាយ អែន ដាប់បែលយូរ (Y&W) ប្រមាណ ៥០០នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១២ មីនា បាន​ជួបជុំ​គ្នា​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​មុខ​រោងចក្រ ដែល​ស្ថិត​នៅខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កម្មករ ដែល​ថៅកែ​បាន​រត់ចោល​រោងចក្រ ដោយ​មិន​បាន​ទូទាត់​ប្រាក់ឈ្នួល។

កម្មករ​រោងចក្រ​កាត់ដេរ វ៉ាយ អែន ដាប់បែលយូរ (Y&W Garment) ប្រមាណ ៥០០នាក់ បាន​ធ្វើ​កូដកម្ម​អហិង្សា​នៅ​មុខ​រោងចក្រ ដោយ​នាំ​គ្នា​ឈរ​បិទ​ផ្លូវ​លេខ ២១៧ ដែល​ស្ថិត​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

កម្មករ​រោងចក្រ វ៉ាយ អែន ដាប់បែលយូរ លោកស្រី ដុន ចាន់ថន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១២ មីនា​ថា គោលបំណង​នៃ​កូដកម្ម​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​ការងារ ដោះស្រាយ​វិវាទ​ការងារ ដែល​ថៅកែ បាន​រត់ចោល​រោងចក្រ ដោយ​មិន​ទូទាត់​ប្រាក់ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ឲ្យ​កម្មករ។

លោកស្រី ដុន ចាន់ថន៖«ចង់​បាន​តែ​ឲ្យ​គិត​លុយ​ឲ្យ​កម្មករ​ប្រាំ​ចំណុច​ហ្នឹង​សិន​មក​ ព្រោះ​អី​កម្មករ​អត់​មាន​លុយ​ទេ​ ហើយ​បើ​សិន​គាត់​បើក​លុយ​ឲ្យ​កម្មករ​នៅ​ថ្ងៃ​ទី​២០ តែ​បើ​ម្ចាស់​ផ្ទះ​ជួល​ខ្លះ​ត្រឹម​ថ្ងៃ​ទី១៥​ ទេ គេ​ឈប់​ឲ្យ​នៅ​ហើយ»។

កម្មករ​ទាមទារគោលការណ៍ចំនួន ៥ចំណុច រួមមាន ប្រាក់ឈ្នួល​ចុង​ក្រោយ ប្រាក់​ជួសជុល​ការ​សម្រាក​ប្រចាំ​ឆ្នាំ ប្រាក់​បំណាច់​អតីតភាព​ការងារ ប្រាក់​ជូន​ដំណឹង​មុន​កុងត្រា និង​ប្រាក់​សោហ៊ុយ ជំងឺ​ចិត្ត។

ចំណែក​ឯ​កូដកម្ម​នៅ​ថ្ងៃ​នេះ កម្មករ​ចាប់​ផ្ដើម​ជួបជុំ​គ្នា​នៅ​ម៉ោង ៧កន្លះ​ព្រឹក និង​រំសាយ​ទៅ​វិញ នៅ​ម៉ោង ១១ថ្ងៃត្រង់ ហើយ​មាន​តំណាង​មក​ពី​ក្រសួង​ការងារ​ចុះ​សម្របសម្រួល​ជាមួយ​កម្មករ ដោយ​សន្យា​ថា ក្រសួង​នឹង​ចាត់ចែង​ប្រាក់ខែ​ចុង​ក្រោយ​សម្រាប់​កម្មករ​ទាំង​អស់ និង​បន្ត​ដោះ​ស្រាយ​បញ្ហា​វិវាទ​ការងារ​នេះ ។ តំណាង​ក្រសួង ក៏​បាន​ដាក់​ភ្នាក់ងារ​ជាតិ​មុខរបរ ដើម្បី​ឲ្យ​ក្រុម​កម្មករ​ទាំង​នោះ អាច​ស្វែងរក​ការងារ​នៅ​កន្លែង​ផ្សេង​បាន ដើម្បី​រក្សា​សុពលភាព​បណ្ណ​សមធម៌​សង្គម ឬ​បណ្ណ ប.ស.ស។

«ខ្ញុំ​តាម​ដាន​រឿង​នេះ​រហូត​ ហើយ​អ្នក​ឯកឧត្ដម​រដ្ឋមន្ត្រី​កំពុង​តែ​ដោះស្រាយ​រឿង​ហ្នឹង សូម​ឲ្យ​បង​ប្អូន​ទាំងអស់ មាន​សណ្ដាប់​ធ្លាប់​ ហើយ​កុំ​ឲ្យ​ខុស​នឹង​ច្បាប់»។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ កម្មករ​ឲ្យ​ដឹង​ថា ប្រាក់​ខែ​ចុង​ក្រោយ ដែល​ពួក​គាត់​ទទួល​បាន ប្រមាណ ១០០ដុល្លារ​ប៉ុណ្ណោះ មិន​អាច​ទប់ទល់​ការ​ចំណាយ​ជា​ច្រើន រួមមាន ថ្លៃ​បន្ទប់​ជួល ទឹក ភ្លើង អាហារ​ហូបចុក និង​សង​បំណុល​ធនាគារ​ជា​ដើម បានទេ ដោយសារ​តែ​មុន​ពេល​ថៅកែ​រត់​ចោល​រោងចក្រ ថៅកែ​បាន​ឲ្យ​កម្មករ​ធ្វើការ​ត្រឹមតែ​កន្លះ​ថ្ងៃ ដើម្បី​ទទួល​បាន​ប្រាក់​ឈ្នួល ៥០ភាគរយ។

H031224-RFAThumbnail-GarmentWorkerKH.jpg
កម្មករ​រោងចក្រ​កាត់ដេរ វ៉ាយ អែន ដាប់បែលយូរ (Y&W Garment) ប្រមាណ ៥០០នាក់ បាន​ធ្វើ​កូដកម្ម​អហិង្សា​នៅ​មុខ​រោងចក្រ ដោយ​នាំ​គ្នា​ឈរ​បិទ​ផ្លូវ​លេខ ២១៧ ដែល​ស្ថិត​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០២៤។ រូប៖ រដ្ឋបាលសង្កាត់ស្ពានថ្ម

កម្មករ​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ ឲ្យ​ពន្លឿន​នីតិវិធី​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ឲ្យ​បាន​ឆាប់។

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ន ដើម្បី​សុំ​ការ​ឆ្លើយតប​សំណើ​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១២ មីនា។

ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ការ​ទូទាត់​អត្ថប្រយោជន៍​ផ្សេងៗ សម្រាប់​កម្មករ គឺ​ត្រូវ​ការ​ចំណាយ​ពេល​វេលា ដើម្បី​គណនា​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរតែ​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ​ណា​មួយ ដើម្បី​ដោះ​ស្រាយ​បញ្ហា ចំពោះ​មុខ​របស់​កម្មករ។

លោក ឃុន ថារ៉ូ៖ « បើ​សិន​ជាខាង​គណៈកម្មាធិការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​គ្រប់​មុខ​សញ្ញា​នេះ ជំរុញ​នីតិវិធី​ឲ្យ​បាន​លឿន ខ្ញុំ​គិត​ថា ដំណើរ​ការ​នីតិវិធី​តាម​ផ្លូវ​តុលាការ​ឈាន​ដល់​ការ​លក់​ឡាយឡុង​នេះ វា​អាច​ដោះស្រាយ​នៅ​ក្នុង​ថេរវេលា​កំណត់​ណាមួយ។ ប៉ុន្តែ​ចំពោះ​មុខ​ វា​ជា​សេចក្ដី​ត្រូវ​ការ​របស់​កម្មករ​និយោជិត ខ្ញុំ​គិត​ថា រដ្ឋ​គួរតែ​ពិចារណា​នៅ​ក្នុង​ការ​ពិនិត្យ​មើល​អំពី​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​កញ្ចប់​បុរេប្រទាន​ណាមួយ​របស់​រាជរដ្ឋាភិបាល ដែល​កន្លងមក​ក្រសួង​តែងតែ​មាន​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង ដោយ​ស្នើ​ឲ្យ​មាន​ការ​ប្រើប្រាស់​នូវ​កញ្ចប់​បុរេប្រទាន​ កញ្ចប់​ថវិកា​ជាតិ​ណាមួយ​ ដើម្បី​ទម្លាក់​ទៅ​ឲ្យ​កម្មករ​និយោជិត »

រោងចក្រ​កាត់ដេរ វ៉ាយ អែន ដាប់បែលយូរ មាន​កម្មករ​ជិត ៤ពាន់​នាក់ (៣.៧៥៦នាក់) ហើយ​ក្នុង​នោះ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ជិត ៥រយ​នាក់។

នៅថ្ងៃទី៧ មីនា ថៅកែ​រោងចក្រ​កាត់ដេរ វ៉ាយ អេន ដាប់បែលយូ ពុំ​មាន​លទ្ធភាព​បើក​ប្រាក់​ឈ្នួល​លើក​ទី២ ជូន​កម្មករ និង​មិន​បាន​បង់​ប្រាក់​វិភាគ​ទាន ប.ស.ស សម្រាប់​ខែមករា និង​ខែកុម្ភៈ ឆ្នាំ២០២៤។ នៅ​ថ្ងៃ​ដដែល​នោះ កម្មករ​រោងចក្រ​កាត់ដេរ វ៉ាយ អេន ដាប់បែលយូ ជិត៣ពាន់នាក់ (២.៦២៥) ដាក់​ពាក្យ​បណ្ដឹង​ទៅ​នាយកដ្ឋាន​ដោះ​ស្រាយ​វិវាទ​ការងារ នៃ​ក្រសួង​ការងារ ដើម្បី​ស្នើ​ដល់​ក្រសួង​ឱ្យ​ដោះ​ស្រាយ​វិវាទ​ការងារ​រួម​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ​នេះ ក្រោយ​ពី​ថៅកែ​មិន​បើក​ប្រាក់ឈ្នួល​លើក​ទី២។

នេះ​ជា​លើក​ទី២ ហើយ ដែល​កម្មករ​រោងចក្រ វ៉ាយ អេន ដាប់បែលយូ (Y&W GARMENT) ជួបជុំ​គ្នា​តវ៉ា​រក​ដំណោះស្រាយ​ការងារ​ពី​រោងចក្រ និង​ក្រសួង​ការងារ។ កាល​ពី​ព្រឹក​ថ្ងៃ​ទី៩ មីនា កម្មករ នៃ​រោងចក្រ​នេះ ជិត​មួយ​ពាន់​នាក់ បាន​ប្រមូលផ្ដុំ​គ្នា ដើម្បី​ដង្ហែ​ញត្តិ​ទៅ​កាន់​ក្រសួង​ការងារ ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ​នេះ។

កម្មករ​រោងចក្រ វ៉ាយ អេន ដាប់បែលយូ បញ្ជាក់​ថា ពួក​គាត់​នឹង​បន្ត​ការ​តវ៉ា​នេះ នៅ​ថ្ងៃ​ស្អែក​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។