ធនាគារអេស៊ីលីដា (ACLEDA) សាខាខេត្តកំពង់ឆ្នាំង ប្តឹងពលរដ្ឋមួយគ្រួសារទៅតុលាការក្នុងករណីមិនមានលទ្ធភាពសងបំណុលក្នុងទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លារ។ ករណីនេះ មន្ត្រីសង្គមស៊ីវិលជំរុញដល់ភាគីពាក់ព័ន្ធចរចារកដំណោះស្រាយតាមការអំពាវនាវរបស់រដ្ឋាភិបាល។
ធនាគារអេស៊ីលីដាខេត្តកំពង់ឆ្នាំង បានប្តឹងពលរដ្ឋដែលមិនមានលទ្ធភាពសងបំណុលទៅតុលាការហើយអាចឈានដល់ការរឹបអូសទ្រព្យសម្បត្តិ។
សាលាដំបូងខេត្តកំពង់ឆ្នាំងបានចេញដីកានៅថ្ងៃទី១៧ ខែមេសា តម្រូវឱ្យលោកស្រី មាស មាម្លិះ និងលោក ច័ន្ទ រង្ស៊ី ជាប្តីប្រពន្ធត្រូវចូលខ្លួនទៅតុលាការ នៅថ្ងៃទី២៦ ខែឧសភា ខាងមុខ ដើម្បីបន្តនីតិវិធីតាមបណ្តឹងរបស់ធនាគារអេស៊ីលីដា។
ប៉ុន្តែដោយសារតែមិនអាចរកប្តីប្រពន្ធនេះ ឃើញទើបតុលាការចេញសេចក្តីជូនដំណឹងមួយទៀតនៅថ្ងៃទី១៩ ខែមេសា ដោយផ្សព្វផ្សាយដីកានោះជាសាធារណៈ ហើយសន្មតថា សាមីខ្លួនបានទទួល។
នាយិកាធនាគារអេស៊ីលីដា ខេត្តកំពង់ឆ្នាំង អ្នកស្រី សៅ សុវណ្ណីដា មិនបកស្រាយលើដំណើរការរឿងនេះទេគ្រាន់តែបញ្ជាក់ថា ក្រុមការងាររបស់អ្នកស្រីពិតជាបានប្តឹងមែន។
ចំណែកប្រធានប្រតិបត្តិធនាគារអេស៊ីលីដាទូទាំងប្រទេសលោក អ៊ិន ចាន់នី ក៏មិនបកស្រាយពីដំណើររឿងក្តីនេះដែរ ដោយគ្រាន់តែបញ្ជាក់ថា ជារឿងធម្មតា ហើយប្រទេសណាក៏មានករណីធនាគារប្តឹងអតិថិជនដែរ។
លោក អ៊ិន ចាន់នី៖ «អាហ្នឹងជារឿងធម្មតារបស់ធនាគារតើសនៅក្នុងសកលលោកគេធ្វើអ៊ីចឹង»។
មន្ត្រីទំនាក់ទំនងសាធារណៈនៃសមាគមធនាគារកម្ពុជា លោក សុខ ចាន់ ថ្លែងថា លោកមិនបានដឹងករណីធនាគារអេស៊ីលីដា នៅកំពង់ឆ្នាំងប្តឹងពលរដ្ឋទៅតុលាការនេះទេ។ ចំពោះចំនួនបណ្តឹងដែលធនាគារជាសមាជិក សមាគមរបស់លោកប្តឹងពលរដ្ឋ ទៅតុលាការចំនួនប៉ុន្មានករណីក្នុងឆ្នាំ២០២៣នេះ ក៏លោកមិនបានដឹងដែរ។
បញ្ហាបំណុលក្លាយជាបញ្ហាធំមួយនៅក្នុងសង្គម ស្របពេលដែលកសិករដាំដំណាំ ហើយមិនមានទីផ្សារ កម្មកររោងចក្រកាត់ដេរបាត់បង់ការងារដោយសាររោងចក្របន្តបិទទ្វារ។
ចំណែកបុគ្គលិកស្ថាប័នផ្តល់កម្ចី ក៏តែងតែរងការចោទប្រកាន់ថា បានបំភិតបំភ័យគំរាមកំហែងពលរដ្ឋជាកូនបំណុលឱ្យលក់ផ្ទះជាទីជម្រកស្នាក់នៅដើម្បីសង គឺសូម្បីតែអំឡុងពេលវិបត្តិកូវីដក៏មានបញ្ហានេះដែរ។ ឥទ្ធិពលនៃបំណុលធ្វើឱ្យពលរដ្ឋមួយចំនួនរត់ចោលស្រុក ស្វែងរកការងារធ្វើនៅតំបន់ផ្សេងៗ ឬធ្វើពលករចំណាកស្រុក ហើយកូនៗពួកគេបាត់បង់ការសិក្សា។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា ថ្លែងថា លោកមិនដឹងថា ធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងខេត្តនេះ ប្តឹងពលរដ្ឋទៅតុលាការប៉ុន្មានករណីទេ គ្រាន់តែដឹងថា មានការប្តឹងបន្តបន្ទាប់។
លោក សំ ចាន់គា ជំរុញឱ្យពលរដ្ឋជាកូនបំណុល និងស្ថាប័នផ្តល់កម្ចីព្យាយាម ចរចារកដំណោះស្រាយ។ លោកបារម្ភថា ក្នុងស្ថានភាពសេដ្ឋកិច្ចលំបាក នេះ បើមានការប្តឹងផ្តល់ឈានដល់ការរឹបអូសទ្រព្យសម្បត្តិធ្វើឱ្យជីវភាពពលរដ្ឋកាន់តែលំបាកវេទនា។
លោក សំ ចាន់គា៖ «គាត់អាចលក់ឡាយឡុងទ្រព្យសម្បត្តិគាត់ដើម្បីសងបំណុលគេ អ៊ីចឹងគាត់ត្រូវបាត់ជម្រកហើយ។ ទី២ក្រុមគ្រួសារគាត់ត្រូវបានបែកបាក់ព្រាត់ប្រាស់មួយទៅឆ្វេង មួយទៅស្តាំ ។ ទី៣នៅពេលគ្រួសារបែកបាក់កូនចៅត្រូវបោះបង់សាលា កូនក្មេងដែលត្រូវការរៀនសូត្រនោះត្រូវបាត់បង់ហើយ»។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើមខែមេសា ឆ្នាំ២០២៣ លោក ហ៊ុន សែន ក៏បានអំពាវនាវកុំឱ្យស្ថាប័នផ្តល់កម្ចីរឹបអូសទ្រព្យសម្បត្តិពលរដ្ឋក្នុងស្ថានភាពសេដ្ឋកិច្ចជួបការលំបាកនេះ។
លោក ហ៊ុន សែន៖ «ទាក់ទិននឹងការអំពាវនាវឱ្យមីក្រូហិរញ្ញវត្ថុ កុំមានការរឹបអូស កុំមានការចាប់ចងស្អីៗ សម្រាប់ប្រជាពលរដ្ឋដែលមានការខ្វះខាត»។
ជុំវិញករណីប្តឹងពលរដ្ឋទៅតុលាការនៅខេត្តកំពង់ឆ្នាំង សាស្ត្រាចារ្យ និងជាទីប្រឹក្សាច្បាប់ លោក ស៊ឹម វិបុល លើកទឹកចិត្តឱ្យពលរដ្ឋជាកូនបំណុលចេញមុខតតាំងនៅតុលាការដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
លោក ស៊ឹម វិបុល៖ «ក្នុងរឿងកិច្ចសន្យាខ្ចីប្រាក់ជារដ្ឋប្បវេណីទេ ខ្ញុំថា គួរចូលតែបើអត់ចូលគេចខ្លួនទៅជាបទល្មើសមួយទៀត។ អ៊ីចឹងគួរតែតតាំងទៅសុំតុលាការអ៊ីចឹង ទៅបង្ហាញគេទៅថាយើងនៅតែមានចេតនាក្នុងការសង»។
ក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) បានចេញរបាយការណ៍សិក្សាមួយ កាលពីខែកញ្ញា ឆ្នាំ២០២២ ថា ពលរដ្ឋកម្ពុជា ចំនួនជាង ១សែន ៦ម៉ឺននាក់ (១៦៧.០០០) បានលក់ដីសងបំណុល ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ របាយការណ៍បញ្ជាក់ថា គិតជាមធ្យម រយៈពេល ១៦នាទីមានការបង្ខំឱ្យពលរដ្ឋខ្មែរលក់ដីសងបំណុល ១គ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។