អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លើក​ឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​ប៉ះពាល់​លឿន​ជាង​ជំងឺ​កូវីត១៩

អ្នក​ឃ្លាំមើល​ពី​ការ​អភិវឌ្ឍន៍​កម្ពុជា លើក​ឡើង​ថា ការ​រាតត្បាត​ជំងឺ​កូវីត១៩ ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋ​កិច្ច​នៅ​លើ​ពិភព​លោក ក៏​ប៉ុន្តែ​សម្រាប់​នៅ​កម្ពុជា​វិញ ដែល​ជា​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស​ស្រាប់​​​នោះ កាន់តែ​ធ្វើ​ឲ្យ​ប្រទេស​អ្នក​បញ្ជា​ទិញ មាន​លេស​គ្រប់​គ្រាន់​ឈប់​បញ្ជាទិញ​ ទំនិញ​របស់​កម្ពុជា។ បញ្ហា​នេះ​បាន​ក្លាយ​ជា​បន្ទុក​មួយ​បន្ថែម​ទៀត លើ​វិស័យ​សំខាន់ៗ ដែល​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ។

អ្នក​ជំនាញ​ខាង​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម មើល​ឃើញ​ថា វិស័យ​ធំៗ មួយ​ចំនួន ដែល​ជា​សសរ​ទ្រូង​សេដ្ឋកិច្ច​ដ៏​នោះ កំពុង​រង​ផល​ប៉ះ​ពាល់​ជា​បន្ត​បន្ទាប់ ហើយ​ផល​ប៉ះពាល់​នេះ​មាន​សន្ទុះ​លឿន​ជាង​ជំងឺ​កូវីត១៩ ទៅ​ទៀត។

វិស័យ​ដែល​ប៉ះពាល់​ទាំង​នោះ រួម​មាន វិស័យ​ទេសចរណ៍ វិស័យ​កសិកម្ម វិស័យ​អប់រំ វិស័យ​សេវា​​កម្ម​កែ​កម្សាន្ត និង​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​ជា​ដើម។

អ្នក​ខាង​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា វិស័យ​ប៉ះពាល់​មុន​គេ​នោះ គឺ​វិស័យ​ទេសចរណ៍ និង​សណ្ឋាគារ។ លោក បន្ថែម​ថា ការ​ប្រកាស​សម្ដែង​ពី​ការ​ព្រួយ​បារម្ភ​របស់​សមាគម​រោងចក្រ​កាត់​ដេរ​ថា អ្នក​បញ្ជា​ទិញ​នឹង​ឈប់​ទិញ​ផលិតផល​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា​នេះ គឺ​ជា​បន្ទុក​មួយ​បន្ថែម​ទៀត ដែល​កម្ពុជា​មិន​មែន​ជា​ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប​ត្រូវ​អនុគ្រោះ​ជូន ពិសេស​ចាប់​តាំងពី​គណៈកម្មការ​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា​ដោយ​សារ​តែ​ការ​មិន​គោរព​សិទ្ធិមនុស្ស និង​មាន​លក្ខខណ្ឌ​ការងារ​មិន​ល្អ នោះ៖ «យើង​ទទួល​ស្គាល់​ថា កូវីត១៩ វា​ប៉ះពាល់ តែ​ការ​បាត់បង់ EBA 20% នោះ​ក៏​ប៉ះពាល់​ដែរ ដល់​រោងចក្រ​ដែរ តែ​រដ្ឋាភិបាល​ហាក់​បី​ដូច​ជា​កាយ​កប់​រឿង អ៊ីប៊ីអេ នេះ ដែល​យក​រឿង​កូវីត​នេះ មក​លុប»

តំណាង​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​បញ្ជាទិញ​បាន​ផ្អាក​ទិញ​ទំនិញ​កម្ពុជា ហើយ​ពួក​គេ​បាន​​ប្រាប់​ឱ្យ​រោងចក្រ​ត្រូវ​ផ្អាក​ផលិត​ជា​បណ្ដោះអាសន្ន​សិន ដោយសារតែផលប៉ះពាល់ពីជំងឺកូវីត១៩នេះ។ អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់ដេរ លោក ខេន លូ បញ្ជាក់​ថា ខាង​ថៅកែ​រោងចក្រ​មិន​មាន​លទ្ធភាព​បើក​ប្រាក់​ឈ្នួល៤០% ឱ្យ​កម្មករ​ដែល​ត្រូវ​ព្យួរ​ពី​ការងារ​ តាម​ការ​កំណត់​របស់​រដ្ឋាភិបាល​នោះ​ទេ។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​មួយ​រួប​ទៀត លោក បណ្ឌិត មាស នី លើក​ឡើង​ថា កម្ពុជា​ជួប​ទ្វេ​គ្រោះ បើ​សិន​ជា​រោងចក្រ​នៅ​កម្ពុជា​នឹង​បិទ​ទ្វារ​កាន់​តែ​ច្រើន​ថែម​ទៀត​នោះ ពី​ព្រោះ​ថា អ្នក​ធ្វើ​ការ​ខាង​វិស័យ​ទេសចរណ៍ និង​សេវា​កម្សាន្ត​កំពុង​តែ​ឥត​ការងារ​ធ្វើ ស្រាប់​ទៅ​ហើយ​នោះ៖ «ចំនួន​បាត់បង់ អ៊ីប៊ីអេ នៅ​ពេល​មុន​រដ្ឋាភិបាល​ថា មិន​ប៉ះពាល់​ទេ តែ​ស្ថានភាព​ពេល​នេះ​វិញ កូវីត​មក​រីក​រាល​ដាល ទោះ​ជា​យើង​មើល​ឃើញ​ថា ការប៉ពាល់ជាង១០០នាក់ មិន​ទាន់​ធំធេង​បើ​ប្រៀបធៀប និង​ប្រទេស​ជិត​ខាង​ក្ដី តែ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​របស់​កម្ពុជា​វិញ គឺ​លឿន​ជាង​កូវីត​ទៅ​ទៀត »

វិស័យ​វាយនភណ្ឌ​កាត់​ដេរ​បាន​ចូលរួម ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ជាង ១ទសវត្សរ៍​មក​ហើយ ដែល​ផ្ដល់​ការងារ​ឲ្យ​កម្មករ​ជាង ៧សែន​នាក់។ របាយការណ៍​ពី​សមាគម​រោងចក្រ​កាត់​ដេរ​បង្ហាញ​ថា ទំនិញ​ពី​វិស័យ​ឧស្សាហកម្ម​រោងចក្រ​កាត់​ដេរ នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ប្រមាណ ៧៥% នៃ​ទំនិញ​នាំចេញ​សរុប​របស់​កម្ពុជា ប្រមាណ ៩០% គឺ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប។ ហើយ​ចំណូល​ពី​វិស័យ​នេះ​មាន​ទំហំ​ទឹក​ប្រាក់​ជាង ៥ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ ប្រាក់​ចំណូល​ប្រាក់ចំណូល វិស័យ​​ទេសចរណ៍​ បាន​ជាង​ជិត ៥ពាន់​លាន​ដុល្លារ (៤,៩១) ក្នុង​ឆ្នាំ២០១៨។ ក៏​ប៉ុន្តែ​វិស័យ​ទេសចរណ៍​នេះ ប៉ះពាល់​មុន​គេ​នៅ​ឆ្នាំ២០២០ ចាប់​តាំង​ពី​ជំងឺ​កូវីត១៩ បាន​រាតត្បាត​នៅ​កម្ពុជា​មក គឺ​តំបន់​ទេសចរណ៍​សំ​ខាន់ៗ ដូច​នៅ​ខែត្រ​ព្រះសីហនុ និង​ខែត្រ​សៀមរាប​ស្ងាត់​ជ្រងំ។ មក​ទល់​ពេល​នេះ សណ្ឋាគារ​និង​ផ្ទះ​សំណាក់​បាន​បិទ​ទ្វារ​ជាង ១៥០កន្លែង។

ចំពោះ​វិស័យ​កសិកម្ម ដែល​ជា​វិស័យ​តែ​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​​ ដែល​ប្រជា​ពលរដ្ឋ​ប្រមាណ ៤០% នៅ​ប្រកប​របរ​កសិកម្ម​នោះ ក៏​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ ពិសេស​នៅ​ពេល​ប្រទេស​ជិត​ខាង​បាន​បិទ​ព្រំដែន​រៀងៗ ខ្លួន ហើយ​កម្ពុជា​ពឹង​ផ្អែក​សំខាន់ ទៅ​លើ​វត្ថុ​ធាតុ​ដើម​នាំ​ចូល​ពី​ខាង​ក្រៅ ហើយ​ផលិតផល​ពឹង​លើ​ទីផ្សារ​ខាង​ក្រៅ​នោះ។

លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ជាង​ពេល​ណាៗ ទាំង​អស់ ពី​ព្រោះ​ថា កាល​ពី​មុន​នៅ​ពេល​រោងចក្រ​បិទ​ទ្វារ ឬ​ពលរដ្ឋ​អត់​ការងារ​ធ្វើ នាំ​គ្នា​សម្រុក​ចេញ​ក្រៅ ឬ​ធ្វើ​ចំណាក​ស្រុក តែ​បច្ចុប្បន្ន​នេះ​ខុស​ពី​មិន​អាច​ធ្វើ​ចំណាក​ស្រុក​បាន​ទេ បើ​សិន​ជា​ជំងឺ​កូវីត១៩ នៅ​តែ​បន្ត​ឆ្លង​នេះ៖ «ទំនាក់ទំនង​សេដ្ឋកិច្ច​នេះ នៅ​ក្នុង​ប្រទេស​មួយ មិន​ថា​កម្ពុជា​តែ​មួយ​នោះ​ទេ បើ​យើង​មើល​ពី​វិស័យ​កាត់ដេរ​នេះ បើ​មើល​ពី​ដើម​មក បើ​បិទ​រោងចក្រ​កម្មករ​អាច​រត់​ទៅ​ក្រៅ តែ​ឥឡូវនេះ គ្មាន​ជម្រើស​ទៀត​ទេ ដោយ​ការ​បិទ​ព្រំដែន​នេះ»

លោក បណ្ឌិត សេងសារី លើក​ឡើង​ថា ដោយសារ​តែ​កម្ពុជា បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០% ផង និង​ផល​ប៉ះពាល់​ជំងឺ​កូវីត១៩ ផង​នោះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ជា​ប្រព័ន្ធ ដែល​នឹង​ធ្វើ​ឲ្យ​សង្គម​ជាតិ​មាន​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​ធ្ងន់ធ្ងរ។ ចំពោះ​យុទ្ធសាស្ត្រ​ទប់​ស្កាត់ និង​ដោះ​ស្រាយ​វិញ លោក បណ្ឌិត សេង សារី អះអាង​ថា រដ្ឋាភិបាល​មិន​មាន​យុទ្ធសាស្ត្រ ឬ​វិធានការ​ទប់​ស្កាត់​មុន​ច្បាស់លាស់​ទេ គឺ​វិធានការ​របស់​រដ្ឋាភិបាល គឺ​ប្រៀប​ដូច​ជា​វិធានការ​ព្យាបាល មិន​មាន​វិធានការ​ការពារ​មុន​នោះ​ទេ៖ «គេ​ព្យាយាម​ប្រើ​យុទ្ធសាស្ត្រ​ការពារ​ប្រើ​ជាង​ព្យាបាល តែ​យើង​គ្មាន​យុទ្ធសាស្ត្រ​ទេ គឺ​យើង​ជួប​អី​ដោះ​ហ្នឹង រដ្ឋាភិបាល​អត់​ទាន់​ឃើញ​ច្បាស់​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​ទប់​ស្កាត់ និង​ដោះ​ស្រាយ​ពី​ករណី​កូវីត១៩ នេះ»

ក្រុម​វិភាគ​ព្រួយ​បារម្ភ​ថា អ្វី​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត​នោះ ក្រុម​គ្រួសារ​របស់​កម្មករ​ពលករ ជំពាក់​បំណុល​ធនាគារ​នៅ​ស្រប​ពេល​កម្មករ និង​ពលរដ្ឋ​អត់​ការងារ​ធ្វើ​ទៀត​នោះ។ បន្ថែម​ពី​នេះ ពលរដ្ឋ​កម្ពុជា​នៅ​តាម​បណ្ដា​ភូមិ​នីមួយៗ ប្រមាណ ៨០% ជំពាក់​បំណុល​ធនាគារ។

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​លីកាដូ និង​សមាគម​ធាង​ត្នោត កាល​ពី​ឆ្នាំ២០១៩ រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ជិត ២លាន ៤សែន​គ្រួសារ កំពុង​ជំពាក់​បំណុល​មីក្រូ​ហិរញ្ញវត្ថុ ដែល​គិត​ជា​ប្រាក់​សរុប​ស្មើ​នឹង​ប្រមាណ​ជាង ៨ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ឆ្នាំ២០១៨។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ព្យាករ​កាល​ពី​ពេល​ថ្មីៗ នេះ​ថា ប្រជាពលរដ្ឋ​កម្ពុជា រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ផ្នែក​សេដ្ឋកិច្ច​ ធៀប​នឹង​បណ្ដា​ប្រជាពលរដ្ឋ​ជា​សមាជិក​អាស៊ាន​ដូច​គ្នា។ ADB ​បាន​ប៉ាន់ប្រមាណ​ថា កម្ពុជា​នឹង​ខាតបង់​ជាង​ ៣៩០ លាន​ដុល្លារ​ ពី​ការ​រីក​រាល​ដាល​កូវីដ១៩ ដែល​កំណើន​សេដ្ឋកិច្ច​នឹង​ធ្លាក់​ចុះ​ជិត ១,៦% (១,៥៩%) នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅ​ឆ្នាំ២០២០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។