អ្នកវិភាគនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងប្រទេសចិន មិនអាចជួយសង្គ្រោះសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាបានទេ។ ពួកគេស្នើសុំឱ្យរដ្ឋាភិបាលបន្ទន់ឥរិយាបថ ស្តាសិទ្ធិមនុស្ស និងគោរពលិទ្ធប្រជាធិបតេយ្យ ដើម្បី បានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបឡើងវិញ។ មន្ត្រីរដ្ឋាភិបាលរំពឹងថា ការនាំទំនិញចេញពីកម្ពុជាទៅចិននឹងមានការកើនឡើងប្រមាណ ២៥% ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក បណ្ឌិត ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា រដ្ឋាភិបាលចរចាជាមួយសហគមន៍អឺរ៉ុប ដើម្បីកុំឲ្យផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ ហៅកាត់ថា អ៊ីប៊ីអេ (EBA) ប្រសើរជាងទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន។
លោកបញ្ជាក់ថា លោកមិនជំទាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិននោះទេ ប៉ុន្តែកម្ពុជាគួរតែមានគោលនយោបាយជាតិក្នុងការលើស្ទួយសេដ្ឋកិច្ចក្នុងប្រទេស បើមិនដូច្នេះទេ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះកម្ពុជាទទួលបានផលតិចតួច ជាងប្រទេសចិន។
លោកនិយាយថា ប្រទេសចិនមានលទ្ធភាពនាំចូលមកប្រទេសកម្ពុជានូវផលិតផលរបស់ខ្លួនចំនួន ១០០មុខ តែកម្ពុជាមិនទាន់មានទំនិញតាមស្តង់ដារ ដែលចិនចង់បានទេ។ ហេតុដូច្នេះ នេះជាការបាត់នូវលទ្ធភាពប្រកួតប្រជែងក្នុងការនាំចេញនាំចូល៖ « រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់រឿងការអនុគ្រោះពន្ធ អីប៊ីអេ ពីលោកខាងលិច។ ថ្វីត្បិតតែជាគោលការណ៍កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយចិនអ្វីក៏ដោយ។ យើងធ្វើទៅប៉ុន្តែគួរតែរក្សាអត្ថប្រយោជន៍ធំជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅមានដដែល ដើម្បីកុំឲ្យវាបាត់បង់ » ។
ការយល់ឃើញរបស់អ្នកវិភាគរូបនេះ ធ្វើឡើងក្រោយពីប្រទេសកម្ពុជា និងប្រទេសចិន បានបញ្ចប់ការពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីររវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្តិ និង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក ស៊ុង ហ្សាង (Zhong Shan) តាមរយៈកិច្ចប្រជុំរួមគ្នា វីដេអូ ខុន ហ្វើ រ៉េន (Video Conference) នៅថ្ងៃទី២១ កក្កដា។
ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានប្រកាសនៅលើគេហទំព័រ ហ្វេសប៊ុក របស់ខ្លួនថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាកម្លាំងជំរុញថ្មីមួយក្នុងការពន្លឿនការកសាងសហគមន៍ជោគវាសនារួម រវាងចិន និងកម្ពុជាប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។ ភាគីទាំងពីរនឹងអនុវត្តតាមនីតិវិធីក្នុងប្រទេសរៀងៗ ខ្លួន ដោយខិតខំសម្រេចឲ្យបានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃទ្វេភាគីឲ្យបានឆាប់រហ័ស។
អ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ មានប្រសាសន៍ថា ពាណិជ្ជកម្មសេរីជាមួយចិន គឺជាស្ពានសម្រាប់ជួសជុលស្ថានភាពសេដ្ឋកិច្ចដ៏ទន់ខ្សោយរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ វាមិនមានសារសំខាន់សម្រាប់ទ្រង់ទ្រង់សេដ្ឋកិច្ចកម្ពុជានោះទេ។ លោកបញ្ជាក់ថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់លើប្រព័ន្ធអនុគ្រោះពន្ធ អ៊ី ប៊ី អេ (EBA) ដោយសារតែ អ៊ីប៊ីអេ (EBA) ជាតម្រូវការចាំបាច់សម្រាប់សេដ្ឋកិច្ចជាតិកម្ពុជាទាំងមូល៖ « អ៊ីប៊ីអេ (EBA) ប្រៀបបីដូចជីវិតសេដ្ឋកិច្ចនាំចេញរបស់កម្ពុជាអ៊ីចឹង។ ប៉ុន្តែលក្ខខណ្ឌរបស់សហភាពអឺរ៉ុប សម្រាប់លោក ហ៊ុន សែនគឺជាគ្រោះសម្លាប់អំណាចរបស់គាត់ » ។
កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាបានចាប់ផ្ដើមឡើងកាលចុងឆ្នាំ២០១៩ ហើយដំណើរការ បានតែជាងពាក់កណ្ដាលឆ្នាំ ភាគីទាំងពីរក៏ឈានដល់ការឯកភាពគ្នា បញ្ចប់កិច្ចព្រមព្រៀងនេះតែម្ដង។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក សៀង ថៃ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជារំពឹងថា ការនាំចេញទំនិញពីកម្ពុជាទៅចិននឹងមានការកើនឡើងប្រមាណ ២៥% ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន។ លោកបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ បានបន្ថែមផលិតផលជាច្រើនមុខ លើសពីអ្វីដែលភាគីចិនបានផ្ដល់សម្បទានជូនកម្ពុជា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ចិន ដែលភាគីទាំងពីរជាហត្ថលេខី។
លោកនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាការអនុវត្តគោលនយោបាយរបស់កម្ពុជា ក្នុងការជំរុញ និងធ្វើពិពិធ កម្មទីផ្សារ។ កិច្ចព្រមព្រៀងនេះនឹងផ្ដល់ផលប្រយោជន៍បន្ថែមពីលើផលប្រយោជន៍ដែលកម្ពុជាទទួលបានពី EBA មិនមែនសម្រាប់ជំនួស EBA នោះទេ។
កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនេះ បានធ្វើឡើងស្របពេលដែល គណៈកម្មការសហភាពអឺរ៉ុបនៅថ្ងៃទី១២ សីហាខាងមុននេះ នឹងអនុវត្តការដកប្រព័ន្ធអនុគ្រោះពន្ធ ២០% ពីកម្ពុជា ដែលរំពឹងថាកម្ពុជាខាតបង់ទឹកប្រាក់ជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។
របាយការណ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មសេរី ទ្វេភាគីរវាងចិន និងកម្ពុជា ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ កន្លងទៅ មានចំនួនជាង ៧.០០៨ពាន់លានដុល្លារ
ប្រទេសកម្ពុជា បាននាំចេញទំនិញកសិកម្ម និងទំនិញផ្សេងៗទៀត ទៅកាន់ប្រទេសចិន សរុបជាទឹកប្រាក់ចំនួនជិត៩ រយលានដុល្លារ (៨៦៤លានដុល្លារ) ខណៈប្រទេសចិននាំទំនិញចូលមកកម្ពុជាវិញ មានទឹកប្រាក់ រហូតដល់ជាង ៦.១៤៨ពាន់លានដុល្លារអាមេរិក។
បើប្រៀបធៀបចំនួននេះ បង្ហាញថាការចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសចិនតិចជាង ៧ដង នៃទំនិញរបស់ប្រទេសចិននាំចូលមកកម្ពុជា។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃប្រទេសទាំងពីរនេះ មានន័យថា នាំទំនិញចូលមានភាពធូរជាងមុនដោយគ្មានរបាំងពាណិជ្ជកម្ម ដូចដែលកម្ពុជាធ្វើជាមួយបណ្ដាប្រទេសផ្សេងៗ មួយចំនួនទៀត។
អ្នកវិភាគនិយាយថា កម្ពុជាគួរតែពិចារណាគោរពសិទ្ធិមនុស្ស និងលិទ្ធប្រជាធិបតេយ្យឡើងវិញ ដើម្បីកុំអោយបាត់បង់ EBA។ បើទោះបីជាបានឈានដល់កិច្ចពិភាក្សាបញ្ចប់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនយ៉ាងណាក៏ដោយ ក៏មិនអាចជួយសេដ្ឋកិច្ចកម្ពុជាបានរីកចម្រើនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។