ក្រុមហ៊ុន​​អូស្រ្តាលី ចាប់​ផ្តើម​​ចម្រាញ់​​រ៉ែមាស​​ដំបូង​​នៅ​ខេត្ត​មណ្ឌលគិរី

0:00 / 0:00

ក្រុមហ៊ុន​អូស្រ្តាលី ចាប់ផ្តើម​ចម្រាញ់​រ៉ែមាស​ដំបូង​នៅ​ការដ្ឋាន​ចម្រាញ់​រ៉ែមាស​នៅអូរខ្វាវ ក្នុង​​ខេត្ត​មណ្ឌលគិរី នៅថ្ងៃទី២១ ខែមិថុនា។ ក្រុមហ៊ុន​អូស្រ្តាលី ​ដែល​ធ្វើ​អាជីវកម្ម​រ៉ែមាស​នេះ​មាន​ឈ្មោះ​ថា រ៉ឺណេសង់ មីនីរ៉ល ខែមបូឌា (Renaissance Minerals Cambodia) ដែល​មាន​ក្រុមហ៊ុនមេ​ចុះបញ្ជីនៅ​ទីផ្សារ​ភាគហ៊ុន​របស់​​អូស្ត្រាលី ឈ្មោះ អេមីរ៉ល រីស៊សស៊ីស (Emerald resources)។

សេចក្តី​ថ្លែងការណ៍​របស់ក្រសួង​រ៉ែ និង​ថាមពល ផ្សាយថ្ងៃទី២១ ខែមិថុនា ឲ្យដឹងថា​ចំណូល​ពី​អាជីវកម្មរ៉ែមាស​នេះ នឹង​ចម្រាញ់​មាស​ដុំ​បាន​ប្រមាណ​ ៣ តោន​ក្នុង​មួយឆ្នាំ និង​ទាញយក​ចំណូល​ដុល​ប្រមាណ ១៨៥ លានដុល្លារ​ក្នុង​មួយឆ្នាំដែល​ក្នុង​នោះ​រដ្ឋ​បាន​ចំណូល​ពី​សួយសារ និង​សារពើ​ពន្ធប្រមាណ ៤០លានដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​រយៈពេល ៨ឆ្នាំ​ដំបូង។

ទោះ​ជាយ៉ាង​នេះក្ដី មិនទាន់​មាន​សេចក្តីរាយការណ៍​លម្អិត និង​ជាក់លាក់​ណា​មួយ​ អំពី​ការ​បែងចែក​ផលចំណេញ រវាង​ក្រុមហ៊ុន​អូស្រ្តាលី និង​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។ គ្រាន់​តែភាគី​ទាំងពីរបញ្ជាក់ថា ផលចំណេញ​ពី​អាជីវកម្ម​រ៉ែមាស​នេះ ​នឹង​ជួយ​សម្រាល​បន្ទុក​នៃវិបត្តិ​ដោយ​សារ​ជំងឺកូវីដ-១៩ បាន​មួយ​ចំណែក និង​ផ្តល់​ឱកាស​ការងារ​ដល់​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​បាន​ ៤២៧នាក់។

វិទ្យុអាស៊ីសេរី មិនទាន់​អាច​សុំការ​បំភ្លឺជុំវិញ​រឿង​នេះពីអ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​លោក យស់ មុនីរ៉ាត់ និង​ស្ថានទូត​អូស្រ្តាលីបាននៅ​ឡើយ​ទេ។

ជាង​នេះទៅ​ទៀតទាំង​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​អូស្រ្តាលី​នេះ​នៅមិន​ទាន់​បង្ហាញ​​របាយការណ៍ ស្តីពី​ការ​សិក្សានិង​វាយតម្លៃលើ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម ជុំវិញ​អាជីវកម្ម​រ៉ែមាស​នេះ​នៅឡើយ​នោះ​ដែរ។

កន្លង​មក​ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរីជាពិសេស​ជនជាតិ​ដើម​ភាគ​តិច​បាន​ទទូច​ឲ្យ​រដ្ឋាភិបាលយក​ចិត្តទុកដាក់​លើ​បញ្ហា​នៃ​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម​នេះ​ព្រោះ​មាន​អាជីវកម្ម​រ៉ែមាស​មួយចំនួន​ នៅក្នុង​ខេត្តនេះ​ដែល​បង្ហូរ​ជាតិ​គីមី​ចូល​ក្នុង​អូរធម្មជាតិធ្វើឲ្យ​មនុស្សស្លាប់​ជា​ច្រើន​នាក់ និង​ងាប់គោក្របី​រាប់​រយ​ក្បាលកាល​ពី​ឆ្នាំ២០១៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។