សាលារាជធានីភ្នំពេញប្រកាសបន្តបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីនេះរយៈពេល ៧ថ្ងៃទៀត គឺចាប់ពីថ្ងៃទី៨ ខែឧសភានេះរហូតដល់ថ្ងៃទី១៤ ឧសភាខាងមុខ។
សេចក្ដីសម្រេចរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ចេញកាលពីយប់ថ្ងៃទី៦ ខែឧសភា ឱ្យដឹងថា ការសម្រេចនេះយោងតាមតម្រូវការចាំបាច់ចំពោះមុខ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
សាលារាជធានីភ្នំពេញបានចេញសេចក្ដីសម្រេចម្ដងរួចមកហើយ កាលពីយប់ថ្ងៃទី២៣ ខែមេសា ដោយបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងរយៈពេល១៤ ថ្ងៃ ហើយដែលត្រូវបញ្ចប់ត្រឹមថ្ងៃទី៧ ខែឧសភា។ កាលណោះសាលារាជធានីភ្នំពេញអះអាងថា ដោយសារការឆ្លងរាលដាលជំងឺកូវីដ-១៩បានកើនឡើងខ្លាំងនៅតាមផ្សារនានា នៅក្នុងក្រុងនេះ ព្រមទាំងរំពឹងថាវិធានការនេះនឹងជួយទៅដល់ការកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺនេះនៅក្នុងសហគមន៍។ តែទៅជាយ៉ាងពលរដ្ឋត្អូញត្អែរថា ពួកគាត់ពិបាករកទិញអាហារហូបចុក រីឯអាជីវករក៏ត្អូញត្អែរថា បាត់បង់ចំណូលដោយមិនបានចេញលក់ដូរដូចមុន ជាមួយគ្នានេះកសិករក៏មិនអាចប្រមូលផល ដោយទុកផលដំណាំឱ្យខូចចោលក្នុងចម្ការ ព្រោះគ្មានទៅយកមកលក់ក្នុងទីក្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។