បុគ្គលិកធនាគារមួយបានបង្ខំឲ្យកូនបំណុលរបស់ខ្លួន លក់ទ្រព្យសម្បត្តិ យកលុយទៅសងខាងធនាគារវិញ និងព្រមានរឹបអូសទ្រព្យសម្បត្តិផ្សេងទៀតក្រៅពីប្លង់ដីនឹងផ្ទះ។ រីឯសមាគមមីក្រូហិរញ្ញវត្ថុ និងអង្គការសង្គមស៊ីវិល ចាត់ទុកករណីនេះថា ជាការរំលោភបំពានលើសិទ្ធិពលរដ្ឋជាកូនបំណុល។
មន្ត្រីបុគ្គលិកធនាគារមួយនៅខេត្តកណ្ដាល បានបង្ខំនិងគំរាមកំហែងកូនបំណុលរបស់ខ្លួនឲ្យលក់ទ្រព្យសម្បត្តិដើម្បីយកប្រាក់សងទៅធនាគារវិញ បន្ទាប់ពីកូនបំណុលរបស់ខ្លួនអស់លទ្ធភាពក្នុងការសងប្រាក់ទៅធនាគារវិញ ។ ពលរដ្ឋលើកឡើងថា ការធ្វើបែបនេះហាក់ជំរុញឲ្យពួកគាត់ទាល់ច្រក និងអាចធ្វើឲ្យពួកគេគិតខ្លីម្ដងម្កាល។ ពួកគាត់ស្នើទៅអាជ្ញាធរពាក់ព័ន្ធជួយស្វែងរកដំណោះស្រាយដល់ពួកគេ។
ពលរដ្ឋម្នាក់រស់នៅសង្កាត់ព្រែកស្តី ក្រុងសំពៅពូន លោកស្រី រឿន នី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ខែតុលាថា មន្ត្រីបុគ្គលិកធនាគារដែលលោកស្រីបានខ្ចីប្រាក់ បង្ខំឲ្យលោកស្រីលក់ទ្រព្យសម្បត្តិដែលមាននៅក្នុងផ្ទះ ដើម្បីយកលុយទៅសងបំណុលដែលលោកស្រីបានខ្ចីពីធនាគារ។ លោកស្រី បានខ្ចីប្រាក់ពីធនាគារ ហត្ថា ចំនួន ២ម៉ឺនដុល្លារ ដើម្បីយកមករកស៊ី ដោយលោកស្រីសុំមិនបង្ហាញពីការរកស៊ីនេះនោះទេ ប៉ុន្តែក្រោយមកការរកស៊ីរបស់លោកស្រីមិនអាចរកប្រាក់ចំណេញ ទើបធ្វើឲ្យលោកស្រីមិនមានប្រាក់គ្របគ្រាន់សងទៅធនាគារ។ ស្ត្រីវ័យ៤៥ឆ្នាំរូបនេះឱ្យបន្ថែមថា លោកស្រីក៏បានសម្រេចឱ្យកូនស្រីច្បង ដែលកំពុងរៀនថ្នាក់ទី១២ ឈប់រៀនទៅធ្វើការនៅក្រុងសំពៅពូន ជាប់ព្រំដែនវៀតណាម ដើម្បីជួយរកប្រាក់មកសងបំណុល ដោយក្នុង១ខែ លោកស្រីត្រូវបង់ចំនួន ៤០០ដុល្លារ។
លោកស្រី រឿន នី៖ «សូមគេដំឡើងឆ្នាំគេអត់ដំឡើងឱ្យ អ៊ីចឹងខ្ញុំសូមថា ឥឡូវខែ៩ហ្នឹងគឺអត់បង់ម៉ងសូមអត់បង់ហ្នឹងម៉ង ព្រោះខ្ញុំរកអត់បាន មកសំឡូតខ្ញុំរាល់ថ្ងៃ គិតទៅមក ៣នាក់មិនដែលនិយាយល្អទេ និយាយតែគំរាមយើងថា អត់គិតរកលុយបង់គេម៉ងហា៎!ឱ្យខ្ញុំលក់គោមួយ ១លានៗទៅសងគេខ្ញុំថា គោហ្នឹងទុកចិញ្ចឹមកូនតទៅមុខទៀត»។
ឆ្លើយតបការលើកឡើងនេះបុគ្គលិករបស់ធនាគារហត្ថា លោក ពៅ ជីវ័ន មានប្រសាសន៍ថា រូបលោកគ្រាន់តែធ្វើទៅតាមតួនាទីនិងគោលការណ៍របស់ធនាគាររបស់ខ្លួនតែប៉ុណ្ណោះ ។ ចំណែកអគ្គនាយកធនាគារហត្ថា លោក ហួត អៀងតុង សុំមិនអត្ថាធិប្បាយលើករឿងនេះនោះទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានទេនៅថ្ងៃទី១ ខែតុលានេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ជំរុញឱ្យខាងស្ថាប័នធនាគារ និងពលរដ្ឋជាកូនបំណុលចរចាគ្នា ដើម្បីស្វែងរកដំណោះស្រាយឯកភាពគ្នាជារួម ជៀសវាងការប្រើប្រាស់ពាក្យគំរាមកំហែងដែលខុសពីក្រមសីលធម៌និងការប្រើប្រាស់អំពើហិង្សា។ លោកបន្តថា បើផ្អែកតាមច្បាប់ គឺមានតែស្ថាប័នតុលាការមួយប៉ុណ្ណោះដែលមានសិទ្ធិរឹបអូសទ្រព្យសម្បត្តិពីអតិថិជនជាកូនបំណុល ចំណែកធនាគារ ឬបុគ្គលិកធនាគារមិនមានសិទ្ធិនោះទេ។
លោក កាំង តុងងី៖ «អតិថិជនគាត់អាចរកអន្តរាគមន៍នៅសមាគមបន្ថែមទៀត ដើម្បីពិនិត្យមើលទៅលើករណីហ្នឹង ប្រសិនបើមន្ត្រីឥណទានហ្នឹងធ្វើការគំរាមកំហែង បង្ខំអ្វីហ្នឹង នេះជាទង្វើមិនមានក្រមសីលធម៌ទេ ជាទង្វើដែលអត់ឱនទេ សូមឱ្យគាត់ប្តឹងទៅសមាគម ឬក៏អ្នកពាក់ព័ន្ធដើម្បីចាត់វិធានការ»។
ជុំវិញរឿងនេះដែរ នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី យល់ឃើញថា ក្នុងដំណាក់កាលស្ថានភាពសេដ្ឋកិច្ចពេលបច្ចុប្បន្ននេះ មិនមែនមានករណីបុគ្គលិកធនាគារ ដើរគំរាមកំហែងនិងរឹបអូសទ្រព្យសម្បត្តិ របស់អតិថិជន តែមួយកន្លែងនោះទេ ពោលគឺកើតឡើងសឹងគ្រប់ទីកន្លែង។ លោក អៀង វុទ្ធី បានណែនាំឲ្យពលរដ្ឋជាជនរងគ្រោះទាំងអស់នោះ ធ្វើការប្ដឹងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យជួយអន្តរាគមន៍ដល់ពួកគាត់បាន។
លោក អៀង វុទ្ធី៖ «តំបន់ខ្លះគឺគាត់បាត់បង់ស្រែរបស់គាត់ តំបន់នៅរាជធានីភ្នំពេញហ្នឹងក៏មានការបង្ខំឱ្យលក់ផ្ទះជាដើម អ៊ីចឹងវាបាត់បង់លំនៅឋាន កាលណាដែលយើង បើបាត់បង់ស្រែចម្ការរបស់ពួកគាត់ វាបាត់បង់នូវប្រាក់ចំណូលផ្គត់ផ្គង់ទៅដល់គ្រួសារមិនអ៊ីចឹង ហើយកាលណាដែលយើងបាត់បង់ផ្ទះ បានន័យថា គាត់នឹងប្រឈមកាន់តែច្រើនហើយ»។
កាលពីឆ្នាំ២០២២ សមាគមធនាគារ និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា បានរួមគ្នាចេញក្រមប្រតិបត្តិមួយចំនួន តម្រូវឲ្យ បុគ្គលិកធនាគារ និងស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវមានក្រមសីលធម៌ខ្ពស់ និងមិនត្រូវមានការគំរាមកំហែងទៅលើអតិថិជនឡើយ។
ការសិក្សាមួយធ្វើឡើងដោយក្រុមសហជីពឯករាជ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកញ្ញា បានបង្ហាញថា កម្មករ៩១%កំពុងជំពាក់បំណុលធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងឯកជន ភាគច្រើននៃបំណុលទាំងអស់នោះកើនឡើងដោយសារវិបត្តិកូវីដ១៩ និងផ្អាកដំណើរការ រោងចក្រ ហើយកម្មករបាត់បង់ការងារ បណ្ដាឱ្យមានការថយចុះប្រាក់ចំណូល និងការកើនឡើងនៃចំណាយក្នុងការរស់នៅប្រចាំថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។