ប្រជាកសិករនៅស្រុកបវេល ខេត្តបាត់ដំបង ត្អូញត្អែរពីតម្លៃស្ពៃក្ដោបចុះថោក ធ្វើឱ្យពួកគាត់លក់មិនបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារ។ ពួកគាត់អះអាងថា សព្វថ្ងៃស្ពៃក្ដោបដែលឈ្មួញប្រមូលទិញពីកសិករតម្លៃ ៥០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។
ប្រជាកសិករនៅភូមិពង្រ ឃុំក្ដុលតាហែន ស្រុកបវេល លោក ប៉ោ យ៉ុន ឱ្យដឹងនៅថ្ងៃទី២០ ធ្នូថា ស្ពៃក្ដោបចាប់ផ្ដើមចុះថោក ប្រមាណ ២សប្ដាហ៍ហើយ ដោយពុំមានអាជ្ញាធរណាជួយរកទីផ្សារលក់កសិផលជួនពួកគាត់នៅឡើយទេ។ កសិកររូបនេះ បន្តថា លោកខ្ចីប្រាក់ពីធនាគារប្រមាណ ៣ពាន់ដុល្លារអាមេរិកធ្វើដើមទុនដាំស្ពៃក្ដោបនៅលើផ្ទៃ ១ហិកតារ ដោយរំពឹងថានឹងសងគេវិញនៅពេលប្រមូលផល។ លោកបន្តថា អ្វីៗ មិនបានដូចក្ដីស្រមៃឡើយ ព្រោះតម្លៃស្ពៃក្ដោបដែលឈ្មួញប្រមូលទិញពីកសិករ ចន្លោះពី ៤០០ ទៅ ៦០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ លោកថា តម្លៃនេះលក់មិនបានប្រាក់កម្រៃនោះទេ ព្រោះផ្ទៃដី ១ហិកតារដែលលោកដាំស្ពៃនោះ ចំណាយកម្លាំងមនុស្ស ៣នាក់ ក្នុងរយៈពេលជាង ៣ខែទើបប្រមូលផល។លោកបញ្ជាក់ថា តម្លៃស្ពៃក្ដោបអាចនឹងចុះថោកជាងនេះទៀត ព្រោះសព្វថ្ងៃកសិករទើបតែចាប់ផ្ដើមប្រមូល៖ «មិនបាច់ថាតែស្ពៃក្ដោបទេ ត្រសក់ននោង ត្រឡាច អីក៏ថោកទាំងអស់ ហើយដល់ពេលស្ពៃធ្លាក់អីចឹងមិនសូវមានឈ្មួញមកទិញទៀត។ កសិករត្អូញត្អែរគ្រប់គ្នាហ្នឹងឯង ឥឡូវម្នាក់ៗ ដាំហើយខាត ហើយអ្នកខ្លះបម្រុងរត់រកការងារធ្វើនៅក្រៅប្រទេស ព្រោះយើងចងការលុយគេមកធ្វើដំណាំ ដល់ពេលបានផលចុះថោកលក់មិនបានប្រាក់ទេ។ខ្ញុំចង់ឱ្យលោក ហ៊ុន សែន ជួយឱ្យស្ពៃក្ដោបឡើងថ្លៃ និងបន្លែស្រុកខ្មែរយើងសុំឱ្យឡើងថ្លៃទាំងអស់ បើតម្លៃទាបដូចសព្វថ្ងៃពួកខ្ញុំនឹងរត់ទៅស្រុកគេអស់ហើយ » ។
លោកបន្តថា ប្រសិនបើតម្លៃស្ពៃក្ដោបនៅតែបន្តចុះថោក នឹងធ្វើកសិករតំបន់ពួកគាត់ប្រមាណ ១០០គ្រួសារ ប្រឈមនឹងគ្មានអង្ករច្រកឆ្នាំ ដោយសារខាតដើមទុនពីការដាំដុះ និងគ្មានរបរផ្សេងក្រៅអំពីការធ្វើកសិកម្មនោះឡើយ។
ទាក់ទងនឹងបញ្ហានេះអភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ ប្រាប់អាស៊ីសេរីថា លោកមិនទាន់ទទួលដំណឹងអំពីតម្លៃស្ពៃក្ដោបចុះថោកនេះនៅឡើយ។ ទោះជាយ៉ាងណាលោកបញ្ជាក់ថា តម្លៃស្ពៃចុះថោកបណ្ដាលមកពីកសិករប្រមូលផលព្រមគ្នាជាច្រើនកន្លែង ក្នុងរដូវប្រមូលរបស់កសិករ៖ «ព័ត៌មានហ្នឹងបើថ្ងៃក្រោយយើងអាចដោះស្រាយបានយើងហ្នឹងជួយគាត់ហើយ។ត្រសក់ក៏អីចឹងដែរ យើងមិនអាចទុកយូរបានទេ ឱ្យតែវាចាស់បន្តិចទៅគេលែងញាំហើយ។ថ្ងៃមុនចុះថោកតែ ៣ថ្ងៃទេ ដល់ ៣ថ្ងៃក្រោយមក តម្លៃត្រសក់ឡើងដល់ ៧០០រៀលក្នុងមួយគីឡូក្រាម ហើយមកដល់ស្ពៃក្ដោបទៀត ចាំមើលខ្ញុំស្វែងយល់រឿងហ្នឹងទៀត។នៅសហគមន៍ចំណុចណា ដើម្បីឱ្យអ្នកទីផ្សារទៅជម្រាបគាត់កុំឱ្យទាន់កាត់ឱ្យព្រមគ្នាអី » ។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សារឿន មានប្រសាសន៍ថា នៅពេលដល់រដូវប្រមូលដំណាំម្ដងៗ ប្រជាកសិករតែងជួបបញ្ហាតម្លៃចុះថោកជារៀងរាល់ឆ្នាំ។ លោកបន្តថា មូលហេតុដែលបន្លែចុះថោក ដោយសារតែអាជ្ញាធរពាក់ព័ន្ធមិនមានផែនការច្បាប់ ដើម្បីជួយរកទីផ្សារលក់កសិផលជូនកសិករ ស្របពេលដែលបន្លែពីប្រទេសជិតខាងនាំចូលមកកម្ពុជាជាបន្តបន្ទាប់។ លោកបញ្ជាក់ថា បញ្ហានេះប្រសិនបើរដ្ឋាភិបាលមិនឆាប់ជួយដល់កសិករទេ នឹងធ្វើឱ្យពួកគាត់បោះបង់ការដាំដុះ ហើយនាំគ្នាធ្វើចំណាកស្រុកទៅក្រៅប្រទេសកាន់តែច្រើន ដើម្បីរកប្រាក់សងធនាគារ៖ «អីចឹងកសិករហ្នឹងខាត ហើយពួកគាត់នឹងជំពាក់បំណុលធនាគារ ដែលបានខ្ចីប្រាក់ធ្វើដើមទុននោះ ពីព្រោះរដ្ឋមិនបានផ្ដល់ថវិកាជួយដល់ពួកគាត់ទេ។ អ៊ីចឹងខ្ញុំស្នើឱ្យក្រសួងពាក់ព័ន្ធធ្វើយ៉ាងណាជួយដល់កសិករហ្នឹង ហើយត្រូវតែមានផែនការជាក់លាក់ដោះស្រាយបញ្ហារយៈពេលវែងតែម្ដង មិនចាំតែមានបញ្ហាកើតឡើងបានចុះទៅជួបពួកគាត់នោះទេ » ។
រដ្ឋធម្មនុញ្ញ មាត្រា៦២ ចែងថា រដ្ឋយកចិត្តដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផល ជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់កសិផល។
កសិករនៅស្រុកបវេលឱ្យដឹងថា កសិករនៅឃុំក្ដុលតាហែន និយមដាំស្ពៃក្ដោបប្រមាណ ១០០គ្រួសារ ដាំដុះនៅលើផ្ទៃដីជិត ២០០ហិកតារ ហើយបានទិន្នផលចន្លោះពី ៥០ ទៅ ៦០តោនក្នុងមួយហិកតារ។ ដំណាំស្ពៃក្ដោបរបស់កសិករនៅស្រុកបវេល នឹងដល់ពេលប្រមូលផលព្រមៗ គ្នាយ៉ាងយូរ ២សប្ដាណ៍ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។