ប្រជាពលរដ្ឋជាង១០គ្រួសារនៅស្រុកសំឡូត ខេត្តបាត់ដំបងនាំគ្នាបង្កើតសហគមន៍ចិញ្ចឹមឃ្មុំយកទឹកលក់រកប្រាក់ចំណូលដោះស្រាយជីវភាព និងដើម្បីរួមគ្នាការពារព្រៃឈើនៅក្នុងសហគមន៍នៅតំបន់ព្រំដែនកម្ពុជាថៃឱ្យបានគង់វង្ស។ អង្គការ អឹម.ជេ.ភី (M.J.P) របស់តារាភាពយន្តហូលីវូដ Hollywood អ្នកស្រីអែនជេលីណា ជូលី Angelina Jolie ជាអ្នកបង្រៀនពួកគាត់ឱ្យចេះចិញ្ចឹមឃ្មុំនេះ។
តើអ្នកភូមិរួមគ្នាចិញ្ចឹមឃ្មុំបានដោយរបៀបណា?
ការរៀនចិញ្ចឹមឃ្មុំមិនចំណាយពេលយូរឡើយ។ ប្រជាពលរដ្ឋនៅស្រុកសំឡូតលើកឡើងថា ពួកគាត់ឆ្លងការបណ្ដុះបណ្ដាលពីរបៀបចិញ្ចឹមឃ្មុំបានប្រហែល ១ខែ ក៏អាចចាប់ផ្ដើមចិញ្ចឹមឃ្មុំសាកល្បងបាន។ ក៏ប៉ុន្តែការចិញ្ចឹមសាកល្បងចំណាយពេលអស់ជិត ១ឆ្នាំ ទើបពួកគាត់ចាប់ចិញ្ចឹមឃ្មុំជាមុខរបរចិញ្ចឹមជីវិតបានដោយមានគ្រូបង្គោលម្នាក់ពីអង្គការ អឹម.ជេ.ភី (M.J.P) ជួយផ្ដល់គំនិតក្នុងចិញ្ចឹម។
ប្រជាពលរដ្ឋម្នាក់រស់នៅស្រុកសំឡូត លោក ឌុក ម៉េង ថ្លែងថា សព្វថ្ងៃពួកគាត់ចិញ្ចឹមឃ្មុំប្រមាណ២០ កេស ដោយក្នុងមួយកេសមានពី ៨ ទៅ ១២បង្គង។ លោកបន្តថា អំឡុងពេលពួកគាត់ចិញ្ចឹមឃ្មុំសាកល្បងនោះមិនបានទឹកឃ្មុំលក់នោះទេ ដោយសារមិនទាន់ចេះពីរបៀបចិញ្ចឹមច្បាស់លាស់ និងជារដូវដើមឈើមិនសូវមានផ្កាធ្វើឱ្យពិបាកក្នុងការចិញ្ចឹម។ ពលរដ្ឋរូបនេះបន្តថា ចាប់ពីចិញ្ចឹមឃ្មុំជាផ្លូវការមកពួកគាត់ទើបតែប្រមូលផលបានម្ដងកាលពីចុងខែវិច្ឆិកា និងបានទឹកឃុំប្រមាណ៣០លីត្រ ប៉ុន្តែទឹកឃ្មុំទាំងនេះទុកប្រើប្រាស់នៅក្នុងសហគមន៍មិនបានលក់ចេញទៅខាងក្រៅនៅឡើយទេ៖ «វិធីសាស្ត្រធ្វើនៅក្នុងវាមានមេមានផ្លិតស្រេចហើយមានតុមួយ តុគ្រាន់តែកល់ឱ្យផុតពីដីដាក់ជើងវាដាក់ពិនតូធ្វើជើងចាក់ទឹកកុំឱ្យស្រមោចឡើង ហើយទុកចោលពីបួនថ្ងៃទៅមើលម្ដង។បើវាកើនផ្លិតច្រើនយើងថែមផ្លិតឱ្យវាទៀត ។សំខាន់យើងដាក់ទឹកពីលើហ្នឹងមួយហើយគ្រប់វាទៅឱ្យវាផឹកវាចូលផឹកទឹកណាស់។យើងត្រូវមើលវារហូតខ្លាចវាបង្កើតស្ដេចខ្លួនវាបាន ក្នុងមួយធុងមានស្ដេចតែមួយទេ បើមានស្ដេចឃ្មុំពីរវាហ្នឹងចេញពីសំបុកអស់ ស្ដេចវាមានតួនាទីបង្កើតកូននៅក្នុងនោះ ហើយកម្មករវាមិនមែនអ្នកពងទេ » ។
លោកបន្តថា ទឹកឃ្មុំដែលពួកគាត់ផលិតបានជាទឹកឃ្មុំសុទ្ធល្អដូចទឹកឃ្មុំធម្មជាតិដែរ និងមានតម្រូវការខ្ពស់នៅលើទីផ្សារ។
ប្រជាពលរដ្ឋនៅស្រុកសំឡូតម្នាក់ទៀត លោក អ៊ុំ សារី មានប្រសាសន៍ថា ពួកគាត់ជាក្រុមអ្នកថែរក្សាព្រៃឈើនៅតំបន់ព្រំដែនស្រុកសំឡូតមានគ្នា ១៥នាក់ បានបង្កើតជាសហគមន៍ចិញ្ចឹមឃ្មុំនេះឡើង ដើម្បីរកប្រាក់ចំណូលបន្ថែមដោះស្រាយជីវភាពក្នុងសហគមន៍ ក្រោយពីពេលទំនេរពីការងារការពារព្រៃឈើ។ លោករៀបរាប់ទៀតថា សំបុកឃ្មុំជាង ២០កេស ដែលពួកគាត់ចិញ្ចឹមនោះ បែងចែកជាពីរក្រុម គឺមួយកន្លែងមានឃ្មុំ ១០កេស យកទៅដាក់នៅតាមដីចម្ការរបស់អ្នកស្រុក ដែលមានដើមឈើដំណាំមានផ្កាច្រើន ដើម្បីឱ្យឃ្មុំទៅក្រេមលំអងផ្កា។ លោកបន្តថា នៅពាក់កណ្ដាលខែធ្នូខាងមុខនេះ ពួកគាត់នឹងប្រមូលផលទឹកឃ្មុំជាលើកទី២ ហើយរំពឹងថា បានទឹកឃ្មុំច្រើនជាងពេលមុន ព្រោះជារដូវសំបូរផ្កាឈើ ធ្វើឱ្យឃ្មុំមានចំណីអាហារគ្រប់គ្រាន់ក្នុងការផលិតទឹកឃ្មុំ៖ «ដាក់វាក្នុងចម្ការតាង៉ែន ចម្ការស្វាយ និងចម្ការដំឡូងមី។ បានរបរមួយមុខទៀតធ្វើឱ្យបង្កើនចំណូលជាថវិកាមួយមុខទៀតក្រៅពីដំណាំកសិកររបស់យើង។ទឹកឃ្មុំឥឡូវនេះយើងលក់នៅក្នុងស្រុកមិនគ្រប់ឱ្យគេផង ដោយសារគេឃើញទឹកឃ្មុំយើងសុទ្ធល្អហើយប្រៀបធៀបទឹកឃ្មុំដែលគេដើរលក់មិនសូវល្អ ដូច្នេះហើយបានជាគេមកទិញទឹកឃ្មុំពួកខ្ញុំ » ។
អ្នកការពារព្រៃឈើទាំង ១៥នាក់នេះ ជាប្រជាពលរដ្ឋរស់នៅឃុំសំឡូត ឃុំតាសាញ និងឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងនោះទីតាំងដែលអ្នកភូមិចិញ្ចឹមឃ្មុំច្រើនជាងគេ គឺនៅភូមិរុន ឃុំសំឡូត។ លោក អ៊ុំ សារី ថ្លែងថា អង្គការ អឹម.ជេ.ភី (M.J.P) របស់តារាភាពយន្តហូលីវូដ Hollywood អ្នកស្រីអែនជេលីណា ជូលី (Angelina Jolie) បានបណ្ដុះបណ្ដាលដល់ពួកគាត់ឱ្យចេះពីរបៀបចិញ្ចឹមឃ្មុំ ដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ ដោយសារនៅតំបន់ពួកគាត់សំបូរព្រៃឈើ និងដំណាំឈើហូបផ្សាររបស់កសិករមានផ្កាច្រើន។ លោកបន្តថា របបចិញ្ចឹមឃ្មុំនេះក៏ត្រូវចំណាយដើមទុនទិញកេះចិញ្ចឹមឃ្មុំ ដោយកេះមួយតម្លៃ ១៤០ដុល្លារអាមេរិក ហើយខាងអង្គការ អឹម.ជេ.ភី (M.J.P) ជួយរកពូជឃ្មុំឱ្យពួកគាត់ចិញ្ចឹម។
គ្រូបង្គោលនិងជាបុគ្គលិកអង្គការ អឹម.ជេ.ភី (M.J.P) ម្នាក់ លោក កែវ សុធន់ ប្រាប់អាស៊ីសេរីថា លោកបង្រៀនពលរដ្ឋទាំងនោះជារៀងរាល់ខែ ដើម្បីឱ្យពួកគាត់ចេះចិញ្ចឹមឃ្មុំផលិតទឹកបានច្រើន។ លោកបន្តថា ពូជឃ្មុំដែលប្រជាពលរដ្ឋយកទៅចិញ្ចឹមនោះនាំចូលពីក្រៅប្រទេស ហើយយកមកបង្កាត់ជាមួយឃ្មុំព្រៃ។ លោកបន្ថែមថា នៅរដូវប្រាំងសំបូរផ្កាឈើប្រមូលផលទឹកឃ្មុំម្ដងរយៈពេលពី ១៥ថ្ងៃទៅ ១ខែ។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះបញ្ជាក់ថា គោលបំណងនៃការបង្រៀនពលរដ្ឋនេះ ដោយសារចង់ឱ្យសហគមន៍ការពារព្រៃឈើទាំងនោះមានការងារធ្វើរកប្រាក់ចំណូលក្នុងព្រៃតំបន់ពួកគាត់គ្រប់គ្រង ដើម្បីឱ្យពួកគាត់នៅការពារព្រៃជាប់លាប់ ដោយមិនបាច់ធ្វើចំណាកស្រុកផងនិង ដើម្បីឱ្យដើមឈើដំណាំហូបផ្លែរបស់កសិករនៅតំបន់នោះហុចផលបានច្រើនផង។ លោកបញ្ជាក់ថា កាលណាឃ្មុំទៅក្រេបលំអងផ្កាធ្វើឱ្យដើមឈើកាន់ផ្លែបានល្អ៖ «មួយវិញទៀតការចិញ្ចឹមឃ្មុំវាចូលរួមចំណែកសម្រាប់គ្រួសារដែលគាត់អត់មានមុខរបរ ដោយសារពីមុខគាត់ធ្លាប់អាស្រ័យផលព្រៃឈើអីចឹងទៅ ហើយឃ្មុំព្រៃកាន់តែខ្សត់។អីចឹងនៅពេលពួកគាត់ចេះចិញ្ចឹមមិនបាច់ត្រូវឡើងទៅព្រៃទៅភ្នំទៀតទេ។មួយទៀតឃ្មុំបើដាក់នៅចម្ការទីណាធ្វើឱ្យការរោយលំអងរបស់រុក្ខជាតិបានល្អច្រើន ដោយមិនបាច់ប្រើអ័រម៉ូនមិនបាច់ប្រើអីជួយទៅលើផ្កាទេ។ការបង្កាត់យើងដាក់ឃ្មុំលាយគ្នាជាមួយឃ្មុំពូជដែលយើងទិញមកជាមួយឃ្មុំព្រៃ » ។
លោកបន្តថា ទឹកឃ្មុំដែលប្រជាពលរដ្ឋចិញ្ចឹមលក់តម្លៃបោះដុំ ៧ម៉ឺនរៀល (៧០.០០០) ក្នុងមួយលីត្រ ហើយងាយស្រួលរកទីផ្សារលក់ទឹកឃុំ ព្រោះនៅស្រុកខ្មែរមិនសូវមានអ្នកប្រកបរបរនេះច្រើននៅឡើយទេ ស្របពេលដែលទីផ្សារមានត្រូវការខ្ពស់។ លោកបន្ថែមថា ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងជាច្រើននាក់ចាប់អារម្មណ៍ចិញ្ចឹមឃ្មុំ ហើយបានទូរស័ព្ទសុំឱ្យលោកជួយបង្រៀនពីរបៀបចិញ្ចឹមឃ្មុំនេះ៖ «យើងធ្វើការយើងធ្វើតាមផែនការណ៍ដែលយើងមាន ដូចជាឆ្នាំនេះគួរជួយប៉ុន្មានគ្រួសារហើយឆ្នាំក្រោយមានប៉ុន្មានអីចឹង។ ប៉ុន្តែបើឃុំផ្សេងចាប់អារម្មណ៍ក៏យើងមិនថាអីដែរ គាត់ទូរស័ព្ទមកសួរដោយស្គាល់ខ្ញុំតាមហ្វេសប៊ុក។ មានកសិដ្ឋានជាច្រើនកន្លែងដែលធ្វើឃ្មុំ ប៉ុន្តែគេធ្វើដើម្បីអាជីវកម្មរបស់គេ តែខ្ញុំអត់ទេ គឺធ្វើដើម្បីឱ្យមានការរីកសហគមន៍រីកចម្រើននៅក្នុងសហគមន៍ » ។
លោកបន្តថា រដូវសំបូរផ្កាឈើ ប្រសិនបើឃ្មុំកើតល្អនៅក្នុងរដូវប្រាំង គឺចិញ្ចឹមឃ្មុំមួយកេស ប្រមូលផលម្ដងបានទឹកឃ្មុំពី ៣ ទៅ ៥លីត្រ។
អ្នកស្រុកសំឡូត គ្រោងពង្រីកការចិញ្ចឹមឃ្មុំរបស់ខ្លួនឱ្យបានច្រើនកេសបន្ថែមទៀត ដើម្បីលក់ទឹកឃ្មុំរកប្រាក់ចំណូលឱ្យបានច្រើន ដោះស្រាយជីវភាពគ្រួសារ ដោយមិនបាច់ធ្វើចំណាកស្រុកចោលផ្ទះសម្បែង និងអាចជួយឱ្យពួកគាត់មានលទ្ធភាពនៅការពារព្រៃឈើនៅក្នុងសហគមន៍ឱ្យបានគង់វង្សជាងមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។