ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិអំពាវនាវដល់ក្រុមហ៊ុនអចលនទ្រព្យទាំងអស់បន្ធូរបន្ថយលក្ខខណ្ឌដល់អតិថិជន
2021.03.23
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ បានអំពាវនាវដល់ក្រុមហ៊ុនអចលនទ្រព្យទាំងអស់បន្ធូរបន្ថយលក្ខណ្ឌបង់រំលស់ និងមិនត្រូវផាកពិន័យរាល់ការបង់រំលស់យឺតយ៉ាវរបស់អ្នកទិញនៅតាមបូរីនិងសំណង់អគារស្នាក់នៅរួមទាំងឡាយ។
សេចក្ដីប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ កាលពីថ្ងៃទី២២ ខែមីនា ម្សិលម៉ិញបញ្ជាក់ថា នេះជាវិធានការជួយទៅដល់អ្នកទិញអចលនទ្រព្យ ឬផ្ទះ និងសំណង់ផ្សេងទៀតនៅក្នុងអគារសហកម្មសិទ្ធិ ឬកម្មសិទ្ធិរួមគ្នា នៅពេលដែលពលរដ្ឋរងផលប៉ះពាល់ខ្លាំងដល់ជីវភាពដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សេចក្ដីប្រកាសនោះអំពាវនាវ និងលើកទឹកចិត្តអោយម្ចាស់បូរី និងសំណង់អគារធំៗ ពិនិត្យលទ្ធភាពបន្ធូរបន្ថយ លក្ខណ្ឌបង់រំលស់ តាមស្ថានភាពជាក់ស្ដែងរបស់អ្នកទិញ លើកលែងការផាកពិន័យ និងពិន័យបន្ថែមករណីមិនបានបង់ប្រាក់តាមកាលកំណត់ ឬបង់យឺតយ៉ាវ។ ស្ថាប័នទាំងពីរក៏អំពាវនាវឱ្យក្រុមហ៊ុនអចលនទ្រព្យដាក់ចេញនូវគោលនយោបាយគាំពារនានាដល់អតិថិជនផងដែរ និងបញ្ជាក់ថា វិធានការនេះ ត្រូវអនុវត្តចាប់ពីពេលនេះរហូតដល់ដំណាច់ ខែមីនា ឆ្នាំ២០២២ ខាងមុខ។
ទោះជាយ៉ាងណា មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានលោកបណ្ឌិត យ៉ង សាំងកុមារ មើលឃើញថា រដ្ឋាភិបាលនៅមិនទាន់មានវិធានការជាក់លាក់ជួយទៅដល់ពលរដ្ឋនៅឡើយ ដែលមិនគួរចេញត្រឹមវិធានការជាការអំពាវនាវ ឬលើកទឹកចិត្តបែបនេះឡើយ៖ «កាលពីមុនគាត់មានសេចក្ដីសម្រេចថា អោយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ជួយមានភាពបត់បែនទន់ភ្លន់ក្នុងការបង់សងត្រឡប់ ឥឡូវគាត់អោយវិស័យអចលនទ្រព្យ ខាងផ្ទះល្វែងអីហ្នុង តាមបែបទន់ភ្លន់ដែរ ក្នុងការជួយអីហ្នឹង គឺត្រឹមថ្នមៗប៉ុណ្ណឹង។ ប៉ុន្តែអ្វីដែលយើងត្រូវការចង់ឃើញនោះ គឺចង់បានផែនការមេមួយជាក់លាក់ក្នុងការដោះស្រាយរឿងហ្នឹងហើយគ្មាននរណាមានសិទ្ធិអំណាចជាងរដ្ឋាភិបាលសព្វថ្ងៃទេ ព្រោះគាត់ក្ដាប់ក្រសួងទាំងអស់ គាត់ក្ដាប់ថវិកាជាតិ គាត់មានសិទ្ធិអំណាចក្នុងការខ្ចីថវិកា គាត់មានសិទ្ធិអំណាចក្នុងការប្រើប្រាស់ទុនបម្រុងរបស់ជាតិមានមាស មានដុល្លារជាដើមហ្នឹង។ អ៊ីចឹង ពេលវេលាមកដល់ហើយ ដែលគាត់ត្រូវតែធ្វើអីមួយ ដើម្បី ទី១ជួយសង្រ្គោះ ទី២ ជួយត្រៀម ដើម្បីស្ដារឡើងវិញ»។
សេចក្ដីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុ និងធនាគារជាតិអះអាងថា នឹងបន្តតាមដានការវិវត្តសភាពការណ៍ថ្មីៗទៀត ថែមទាំងសន្យាថានឹងផ្ដល់កិច្ចសហការណ៍ជាមួយក្រុមហ៊ុនម្ចាស់បូរី និងផ្នែកអចលនទ្រព្យទាំងឡាយ ដើម្បីអនុវត្តវិធានការនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។