កម្ពុជា​ស្នើ​ឱ្យ​ប្រទេស​ហ្វីលីពីន​ជួយ​ទិញ​អង្ករ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សុំប្រទេស​ហ្វីលីពីន ​(Philippines) ឱ្យ​ជួយ​ទិញ​អង្ករ​កម្ពុជា ឬ​វិនិយោគ​លើ​​ដំណាំ​ស្រូវ ដើម្បី​នាំចេញ​ទៅ​ប្រទេស​នេះ។

ការ​ស្នើ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន ជាមួយ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ថ្មី ប្រចាំ​នៅ​កម្ពុជា គឺ​អ្នកស្រី ម៉ារៀ អាមេលីតា (Maria Amelita C. Aquino) នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ ទី​១៧ កុម្ភៈ។

លោក ហ៊ុន សែន អះអាង​ថា ប្រទេស​កម្ពុជា​សល់​ស្រូវ​ប្រមាណ ៦​លាន​តោន​ក្នុង​មួយ​ឆ្នាំ ដូច្នេះ​កម្ពុជា ចង់​ស្នើសុំ​ឱ្យ​ហ្វីលីពីន​ពិនិត្យ​លទ្ធភាព​នាំ​អង្ករ​ពី​កម្ពុជា។

លោក ហ៊ុន សែន បន្ត​ថា វិនិយោគិន​ហ្វីលីពីន អាច​មក​វិនិយោគ​លើ​វិស័យ​ស្រូវ អង្ករ របស់​ប្រទេស​កម្ពុជា តាមរយៈ​ការ​កសាង​រោង​ម៉ាស៊ីន និង​ឃ្លាំង​ស្រូវ និង​បង្កើត​បណ្ដាញ​ដើម្បី​ទិញ​អង្ករ​សម្រាប់​នាំ​ចេញ​ទៅកាន់​ប្រទេស​ហ្វីលីពីន។

របាយការណ៍​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បង្ហាញ​ថា ក្នុង​រយៈពេល ៥ខែ​ដើម​ឆ្នាំ២០២០​ កន្លងទៅ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ជាង ៣៥​ម៉ឺន​តោន (៣៥៦.០៩៧) គឺ​កើន​ឡើង​ជាង ៤២% បើ​ប្រៀបធៀប​អំឡុង ពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩ ដែល​មាន​ចំនួន​ជាង ២៥​ម៉ឺន​តោន (២៥០.១៧២)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។