សហភាពការងារកម្ពុជារកឃើញថា បច្ចុប្បន្ននេះមានក្រុមហ៊ុនជាង ១.៣០០ ដែលភាគច្រើនថៅកែជាជនជាតិចិនកំពុងបើករោងចក្ររកស៊ីនៅក្នុងប្រទេសកម្ពុជា ដោយមានកម្មករខ្មែរប្រមាណជាង៨០ម៉ឺននាក់ កំពុងធ្វើការយកប្រាក់ឈ្នួលចិញ្ចឹមជីវិត។
បើទោះបីជានៅកម្ពុជាមាន ចំនួនរោងចក្រច្រើនបែបនេះក៏ដោយក៏វាមិនបានជួយឱ្យកម្មករខ្មែរមានកំរិតជីវភាពធូរធារ នឹងរស់នៅក្នុងជីវិតសមរម្យទេ។
តើកត្តានេះបណ្ដាលមកពីបញ្ហាអ្វីខ្លះ...?
កម្មករជាច្រើននៅតាមរោងចក្រនៃប្រទេសកម្ពុជាត្អូញត្អែរប្រហាក់ប្រហែលគ្នាថា ជីវភាពប្រចាំថ្ងៃមិនប្រសើរទេ ដោយសារតែប្រាក់ឈ្នួលរៀងរាល់ខែមានកំរិតតិចតួចហើយត្រូវយកទៅដោះស្រាយបំណុលផ្គត់ផ្គង់កូនរៀនសូត្រនិងចំណាយលើការរស់នៅប្រចាំថ្ងៃជាច្រើនទៀត។ ពួកគេនិយាយទៀតថា ធ្វើជាកម្មករនៅតាមរោងចករដូចសព្វថ្ងៃនេះមិនមានសល់អ្វីទុកជាក្តីសង្ឃឹមសម្រាប់អនាគតទេ គឺសន្សំបានតែជម្ងឺឱ្យមកនៅក្នុងខ្លួនប៉ុណ្ណោះ ដោយសារតែខំធ្វើការងារច្រើនហើយការហូបចុកមិនបានគ្រប់គ្រាន់។
កម្មកររោងចក្រខេនស្បតស៊ូ (Can Sport Shoes) នៅខេត្តកំពង់ឆ្នាំងលោកស្រី ហ៊ីនសុខគុណ មានប្រសាសន៍ថា គាត់ធ្វើការនៅរោងចក្រផលិតស្បែកជើងអេឌីតដាស (Adidas) ដែលមានថៅកែជាជនជាតិចិនដោយទទួលបានប្រាក់ឈ្នួល២២០-២៣០ដុល្លារ ក្នុងមួយខែ។ កំរិតប្រាក់ឈ្នួលនេះធ្វើឱ្យគាត់មានជីវភាពលំបាកខ្លាំងដោយត្រូវយកទៅសងបំណុលដែលជំពាក់មីក្រូហិរញ្ញវត្ថុ ត្រូវចំណាយឱ្យកូនទៅរៀន និងចំណាយលើថ្លៃម្ហូបអាហារ អង្ករដែលកំពុងតែឡើងថ្លៃ ព្រមទាំងចំណាយលើថ្លៃទឹកនិងភ្លើងអគ្គិសនីជាប្រចាំផងនោះ។
លោកស្រី ហ៊ីន សុខគុណ ព្រួយបារម្ភថា ប្រសិនបើរស់នៅក្នុងជីវភាពដូចសព្វថ្ងៃនេះ នៅពេលដែលធ្លាក់ខ្លួនឈឺគឺគាត់គ្មានប្រាក់ព្យាបាលទេ។
លោកស្រី ហ៊ីន សុខគុណ៖ «បើប្រាក់ខែប៉ុណ្ណឹងសង្ឃឹមមាំមួនអី?បានប៉ុណ្ណឹងមកគ្រាន់តែចំណាយលើការហូបចុក កូនរៀនកូនអីអត់គ្រាន់ផងហ្នឹង។ ធ្វើការទាំងពីរនាក់ប្ដីប្រពន្ធហើយនៅទប់ទល់មិនឈ្នះផងអត់សល់។ ១ខែៗអត់មានសល់លុយទេ កម្មកររោងចក្របើកលុយមកឃើញតែមួយភ្លែតសងគេទៅវិញអស់ ហូបចុកមិនដល់ខែផង»។
កម្មកររោងចក្រស្បែកជើងCan Sport Shoes ម្នាក់ទៀតលោក សុខ នី មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា រូបគាត់បានទទួលប្រាក់ខែគោលតែ ២០០ដុល្លារបូកថែមទាំងប្រាក់ថ្លៃធ្វើដំណើរ១០ដុល្លារ និងប្រាក់ឧបត្ថម្ភ ១០ដុល្លារទៀត គឺបានតែ២២០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។កំរិតប្រាក់ឈ្នួលនេះមិនថា តែរូបគាត់និងកម្មករជាច្រើនទៀតនោះទេ គឺសុទ្ធតែមិនទាន់គ្រប់គ្រាន់សម្រាប់ជីវភាពដោយសារតែទំនិញទីផ្សារគ្រប់យ៉ាងឡើងថ្លៃព្រមទាំងមានបំណុលផងនោះ។
លោក សុខ នី៖ «និយាយទៅជីវភាពកម្មករទាំងរូបខ្ញុំពេលនេះ បានតែមួយរស់ទេ សល់គឺគ្មានទេ ពីព្រោះនៅរោងចក្រខ្ញុំខេត្តកំពង់ឆ្នាំង ជាទូទៅមុនកូវីដ១៩ គឺមានការថែមម៉ោង តែក្រោយពីការបោះឆ្នោតហើយគឺមានការថែមម៉ោងដោយកន្លែង។ កន្លែងណាLineណាធ្វើបានស្បែកជើង១២០គូក្នុង ១ម៉ោង គឺចិនគេឱ្យថែមម៉ោងកន្លែងណាធ្វើមិនបាន១២០គូ ក្នុង ១ម៉ោង គេមិនថែមឱ្យទេ គឺគេឱ្យចេញពីធ្វើការនៅម៉ោង ៤រសៀល»។
បច្ចុប្បន្ននេះ កម្មករខ្លះដែលផ្ទះនៅឆ្ងាយបានក្រោកតាំងពីយប់ធ្វើដំណើរមករោងចក្រ ដើម្បីធ្វើការ ដោយពួកគេមិនបានហូបអាហារពេលព្រឹកត្រឹមត្រូវទេ។ ដោយសារតែប្រាក់ខែតិចតួចកម្មករខ្លះទៀតខំត្បិតត្បៀតសន្សំសំចៃមិនហ៊ានចំណាយលើការហូបអាហារថ្ងៃត្រង់ផង។ ពួកគេបានទិញគ្រឿងកំប៉ុង ដែលគេហៅថា ជាភេសជ្ជៈប៉ូវកម្លាំងមកផឹក ជំនួសអាហារដោយគេយល់ថា ដើម្បីឱ្យពួកគេមានកម្លាំងធ្វើការ។
សហជីពកម្មករបានទទួលស្គាល់ថា កម្មករភាគច្រើនបាននិយមផឹកភេសជ្ជៈកំប៉ុងទាំងនោះមែន ដោយសារតែពួកគេយល់ថា គ្រឿងកំប៉ុងទាំងនោះ ជួយឱ្យពួកគេមិនងងុយដេក និងមិនអស់កម្លាំងហើយធ្វើការមិនចេះនឿយហត់។ ក៏ប៉ុន្តែគេព្រួយបារម្ភថា នៅពេលខាងមុខកម្មករភាគច្រើននឹងមានបញ្ហាសុខភាពដូចជាជំងឺក្រពះ និងជម្ងឺទឹកនោមផ្អែមជាដើម ដែលបណ្ដាលមកពីការប៉ះពាល់ដោយសារធាតុគីមីនៅក្នុងគ្រឿងកំប៉ុងទាំងនោះ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលោកស្រី ទូច សើ មានប្រសាសន៍ថា បច្ចុប្បន្នស្ថានភាពកម្មករគឺលំបាកខ្លាំងដោយសារតែនៅតាមរោងចក្រនីមួយៗថៅកែចិនបានដាក់កំហិតឱ្យធ្វើការងារកាន់តែច្រើនមិនមានគោលការណ៍ផ្ដល់ប្រាក់បន្ថែមម៉ោងទេ។
លោកស្រី ទូច សើ៖ «ការចំណាយរបស់គាត់ច្រើន កាលណាគាត់ចំណាយច្រើន ហើយមិនបានធ្វើការថែមម៉ោងថ្ងៃបុណ្យ ឬក៏ថ្ងៃអាទិត្យ ឬមួយក៏ថ្ងៃធម្មតាទៀតកាន់តែធ្វើឱ្យគាត់ទ្រទ្រង់ជីវភាពមិនគ្រប់។ ដូចជាក់ស្ដែងប្រាក់ខែឡើង ៤ដុល្លារ ហើយទំនិញឡើងថ្លៃ សូម្បីតែឱ្យលុយ២០០០កូនទៅរៀនកូនមិនដឹងថា ទិញអីបានផងវាពិបាកអីចឹង!»។
ប្រធានសហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលោក អាត់ ធន់ ឱ្យដឹងថា នៅក្នុងបញ្ជីបង់ពន្ធរបស់រដ្ឋបច្ចុប្បន្នមានរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រស្បែកជើង រោងចក្រកាបូប និងរោងចក្រកង់ឡានជាដើមប្រមាណជាងមួយពាន់បីរយ (១.៣០០) ក្រុមហ៊ុនដែលថៅកែភាគច្រើនជាជនជាតិចិន។ ក៏ប៉ុន្តែលោកជឿថា ចំនួនរោងចក្រអាចច្រើនជាងនេះដោយសារតែរោងចក្រខ្លះមិនស្ថិតក្នុងបញ្ជីបង់ពន្ធនៅឡើយ។
លោក អាត់ ធន់ ឱ្យដឹងទៀតថា ការនាំចេញផលិតផលរបស់រោងចក្រទាំងនោះក្នុងឆ្នាំ២០២៣ គឺមានទឹកប្រាក់ប្រមាណ១៣ពាន់ពាន់លានដុល្លារអាមេរិក ក៏ប៉ុន្តែបើពិនិត្យទៅលើប្រាក់ខែកម្មករវិញគឺនៅក្នុងរង្វង់ទឹកប្រាក់ពីរពាន់ប្រាំរយ(២.៥០០)លានដុល្លារទេ មានន័យថាទឹកលុយដែលនៅសល់ជាងពាក់កណ្ដាលទៀតគឺថៅកែចំណេញហើយនាំយកត្រឡប់ទៅប្រទេសចិនវិញ។
លោក អាត់ ធន់ មានប្រសាសន៍ទៀតថា វាជាការពិបាកណាស់ក្នុងការទាមទារដំឡើងប្រាក់ខែឱ្យកម្មករថែមទៀតនៅក្នុងពេលនេះ ចាប់តាំងតែពីរដ្ឋាភិបាលបានបង្កើតច្បាប់កាត់បន្ថយសិទ្ធិសហជីពហើយកម្មករក៏ពិបាកប្រើប្រាស់សិទ្ធិក្នុងការធ្វើបាតុកម្ម និងកូដកម្មទាមទារដែរនោះ។
លោក អាត់ ធន់៖ «បើទៅសួរថៅកែម្នាក់ណាក៏ឆ្លើយថា ខាតដែរ ប៉ុន្តែជារៀងរាល់ឆ្នាំគាត់ពង្រីករោងចក្រ គាត់បង្កើតរោងចក្រគ្រប់កន្លែង។ គាត់មិនខាតទេ ប៉ុន្តែគាត់កុហក។ តាមពិតចំពោះប្រាក់ខែកម្មករគឺសហជីពមានគំរោងទាមទារដំឡើងរហូតដល់ ២៥០ដុល្លារដើម្បីឱ្យជីវភាពកម្មករអាចទប់ទល់ និងការចំណាយ ប៉ុន្តែស្ថានភាពជាក់ស្ដែងយើងចរចាជួយកម្មករបានតិចតួច ៥ដុល្លារ១០ដុល្លារ ៤ដុល្លារ និង២ដុល្លារប៉ុណ្ណឹង។ សួរថា ហេតុអ្វីក៏ទាមទារដំឡើងប្រាក់ខែមិនបាន?វាឡើងបានវាទាល់តែកម្មករមានអំណាចដូចកាលពីឆ្នាំ២០១៣ ពេលគាត់កូដកម្មគេដំឡើងឱ្យគាត់២០ដុល្លារ»។
ទោះយ៉ាងណាវិទ្យុអាស៊ីសេរីមិនអាចសុំការអធិប្បាយជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក កត្តា អ៊ន បានទេនៅថ្ងៃទី២ ខែធ្នូ។
ចំណែកប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី មើលឃើញថា ក្រុមអ្នកវិនិយោគទុនចិនមួយផ្នែកធំដែលកំពុងរកស៊ីនៅកម្ពុជាមិនបានផ្ដល់ផលប្រយោជន៍ និងជួយលើកស្ទួយកំរិតជីវភាពកម្មករឱ្យប្រសើរទេ។ ប៉ុន្តែក្រុមអ្នកវិនិយោគចិនទាំងនោះបែរជា ផ្ដល់ផលប្រយោជន៍ច្រើនទៅឱ្យមន្ត្រីដែលកំពុងតែមានអំណាចនៅក្នុងជួររដ្ឋាភិបាលដែលពាក់ព័ន្ធ និងអំពើពុករលួយ។
លោក ស៊ុន ចន្ធី៖ «អ្នកវិនិយោគទុនជាជនជាតិចិនមកបើករោងចក្រនៅស្រុកខ្មែរច្រើនពិតមែនក៏ប៉ុន្តែមិនអាចផ្ដល់ឱ្យកម្មករមានជីវភាពធូរធារបានទេ ពីព្រោះប្រាក់ឈ្នួលដែលទទួលបាននៅមានកំរិតនៅឡើយ។ ខ្ញុំសំណូមពរឱ្យរដ្ឋាភិបាលត្រូវពិចារណាដំឡើងប្រាក់ខែគោលជូនកម្មករឱ្យបានខ្ពស់ជាងបច្ចុប្បន្នដើម្បីឱ្យកម្មករមានជីវភាពធូរធារទៅបាន»។
អ្នកសិក្សាការអភិវឌ្ឍសង្គមមើលឃើញថា កម្ពុជាប្រសិនបើមានតែអ្នកវិនិយោគទុនចិនចូលមករកស៊ីនោះគឺមិនបានធ្វើឱ្យសេដ្ឋកិច្ចជាតិប្រសើរ និងជីវភាពកម្មករធូរធារទេ។ រដ្ឋាភិបាលកម្ពុជាត្រូវតែបើកលំហូរប្រជាធិបតេយ្យ សិទ្ធិនយោបាយនិងសិទ្ធិសេរីភាពឡើងវិញដើម្បីឱ្យបណ្ដាប្រទេសលោកសេរីផ្ដល់ការអនុគ្រោះពន្ធនាំចេញឱ្យប្រសើរទើបអាចទាក់ទាញក្រុមអ្នកវិនិយោគទុន ពីប្រទេសសេរីឱ្យចូលមកបង្កើនការបណ្ដាក់ទុនដែលអាចធ្វើឱ្យកម្មករមានប្រាក់ខែខ្ពស់ និងជីវភាពប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។