រដ្ឋាភិបាលកំពុងរិះរកយុទ្ធសាស្ត្រជំរុញកំណើនអ្នកទេសចរចិនឱ្យមកទស្សនាកម្ពុជា
2023.11.19
រដ្ឋាភិបាលកម្ពុជាបានសម្លឹងឃើញថា ប្រទេសចិនគឺជាទីផ្សារទេសចរណ៍ដ៏ធំមួយដែលអាចធ្វើឱ្យកម្ពុជារកចំណូលថវិកាជាតិច្រើនគួរសមតាមវិស័យទេសចរណ៍នេះ ប្រសិនបើអាចទាក់ទាញប្រជាជនចិន ឱ្យមកកំសាន្តនៅកម្ពុជាបានចំនួនច្រើន។ ក៏ប៉ុន្តែក្នុងរយៈពេល២ឆ្នាំក្រោយពីការរាតត្បាតដោយជម្ងឺកូវីដ១៩ មកថ្វីបើមានការបើកចំហទ្វារទេសចរណ៍ឡើងវិញក៏ដោយក៏ចំនួនអ្នកទេសចរណ៍ចិន ដែលធ្លាប់តែឈរលំដាប់លេខរៀងទី១នោះមិនបានវិលត្រឡប់មកវិញទេ។ បញ្ហានេះបានធ្វើឱ្យរដ្ឋាភិបាលកម្ពុជាកំពុងប្រឹងប្រែងជាថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនឱ្យមកកំសាន្តនៅកម្ពុជាមានកំណើនឡើងវិញ។
តើការប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរណ៍ចិននោះគឺមានយុទ្ធសាស្ត្រយ៉ាងណាខ្លះ.?
មន្ត្រីគ្រឹះស្ថានអង្គរដែលជាស្ថាប័នលក់សំបុត្រ សម្រាប់ភ្ញៀវទេសចរណ៍ចូលទស្សនារមណីយដ្ឋានអង្គរឱ្យដឹងថា ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរណ៍ ជនជាតិចិនដែល មកទស្សនាខេត្តសៀមរាបមានចំនួនប្រមាណ៥ម៉ឺននាក់។
ចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំ២០២២ ក្រោយពេលជំងឺកូវីដស្រាកស្រាន្តគឺមានការកើនឡើងប៉ុន្តែ បើប្រៀបធៀបទៅនឹងមុនពេលជំងឺកូវីដ១៩វិញ គឺបានថយចុះខ្លាំង។
អគ្គនាយកគ្រឹះស្ថានអង្គរលោក លី សែ មានប្រសាសន៍ថា ក្នុងរយៈពេល១០ខែឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរណ៍បរទេសដែលមកទិញសំបុត្រចូលទស្សនាអង្គរសរុបចំនួនប្រមាណ ៦០ម៉ឺននាក់ ហើយក្នុងចំនួនភ្ញៀវទេសចរបរទេសទាំងនោះ គឺតួលេខភ្ញៀវទេសចរជនជាតិចិនដែលធ្លាប់តែឈរនៅលំដាប់លេខរៀងទី១ បានធ្លាក់ចុះមកនៅលំដាប់លេខរៀងទី៥វិញ។
លោក លី សែ ឱ្យដឹងទៀតថា បច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងទេសចរណ៍និងស្ថាប័ន ពាក់ព័ន្ធកំពុងប្រឹងប្រែងរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ឱ្យមកកម្សាន្តនៅកម្ពុជាមានចំនួនច្រើនឡើងវិញ។
លោក លី សែ៖ «យើងមានវិធានការទាក់ទាញដោយបានទៅផ្សព្វផ្សាយនៅស្រុកចិនថា ភ្ញៀវមកនឹងមានសុវត្ថិភាពល្អ ហើយមានការតភ្ជាប់ជើងហោះហើរជាដើម។ ឥឡូវយើងបានបើកព្រលានយន្តហោះថ្មីដែលចិនសហការសាងសង់ហ្នឹង គឺភ្ញៀវទេសចរមានការហោះហើរច្រើន។ យើងបានខិតខំឱ្យមានជើងហោះហើរជាច្រើននៅតាមតំបន់ប្រទេសចិន ក៏ប៉ុន្តែត្រូវការពេលវេលាពីព្រោះបញ្ហាសំខាន់វាមានវិបត្តិសេដ្ឋកិច្ចជាន់ៗគ្នា ការដើរលេងជាជម្រើសចុងក្រោយ ឥឡូវស្ថានភាពភ្ញៀវចិននៅទាប»។
នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងវេទិកា ជួបជាមួយវិស័យឯកជនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដោយជំរុញឱ្យរដ្ឋបាលខេត្តសៀមរាប ក្រសួងស្ថាប័នអាជ្ញាធរ ពាក់ព័ន្ធត្រូវរៀបចំកែ លម្អ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបរិស្ថានពង្រឹងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរនៅតាមអាកាសយានដ្ឋានក្នុងក្រុងសៀមរាបនិងតំបន់គោលដៅទេសចរណ៍ផ្សេងទៀតដើម្បីទាក់ទាញទេសចរបរទេសឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។
លោក ហ៊ុន ម៉ាណែត អះអាងថា កាលពីខែតុលាកន្លងទៅលោកធ្លាប់បានពិភាក្សាជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង (Xi Jinping) និងអតីតនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង (Li Quiang) ឱ្យជួយបង្កើនសកម្មភាពទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរពិសេសគឺការជំរុញអ្នកទេសចរជនជាតិចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើននៅឆ្នាំ២០២៤។
លោក ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តរដ្ឋបាលខេត្តយូណាន ប្រទេសចិនឱ្យរៀបចំកញ្ចប់ទស្សនកិច្ចមកកាន់ខេត្តសៀមរាបនៃប្រទេសកម្ពុជាដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍នានាឱ្យបានច្រើន ពីព្រោះខេត្តសៀមរាបនិងខេត្តយូណាន ជាខេត្តដែលចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាស្រាប់។
ទោះយ៉ាងណាវិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក និងប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បាននៅឡើយជុំវិញការប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើននេះ។
ជាមួយគ្នានេះដែររដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា នៅក្នុងជំនួបពិភាក្សាជាមួយប្រតិភូប្រព័ន្ធផ្សព្វផ្សាយស៊ី អ៊ឹម ជី(CMG) ប្រទេសចិនផ្នែកភាសាខ្មែរប្រចាំមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា បានស្នើសុំឱ្យចិន ជួយផ្សព្វផ្សាយអំពីវប្បធម៌ទំនៀមទំលាប់ និងវិស័យទេសចរណ៍ព្រមទាំងភាសាខ្មែរ ទៅដល់ប្រជាជនចិនដើម្បីឱ្យបានយល់ច្បាស់ពីប្រទេសកម្ពុជាក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគិន និងអ្នកទេសចរចិនឱ្យមករកស៊ីដើរលេងកម្សាន្តនៅកម្ពុជា។
យ៉ាងណាក៏ដោយអ្នកវិភាគមើលឃើញថា អ្នកទេសចរបរទេសនិងអ្នកទេសចរជនជាតិចិនទំនងជាមិនអាចមានកំណើនខ្លាំងនៅកម្ពុជាឡើងវិញ ក្នុងពេលនេះទេ ដោយសារតែវិបត្តិសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ បន្ទាប់ពីជំងឺកូវីដ១៩ ស្រាកស្រាន្តផង និងដោយសារតែភាពភ័យខ្លាចចំពោះសន្តិសុខរបស់ផ្ទាល់ខ្លួនផងនោះ។
អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ក្នុងមួយរយៈមកនេះ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យជនជាតិចិនចូលមកស្នាក់នៅក្នុងប្រទេសជាច្រើនដោយគ្មានការគ្រប់គ្រងឱ្យបានតឹងរ៉ឹងជាហេតុធ្វើឱ្យជនជាតិចិនមួយចំនួនប្រព្រឹត្តអំពើខុសច្បាប់ដូចជាការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងអំពើចាប់ជំរិតតាមប្រព័ន្ធអនឡាញដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាទាំងមូល។
បណ្ឌិត ឡៅ ម៉ុងហៃ៖ «ថ្មីៗនេះឃើញទេ ដូចរឿងភ្ញៀវទេសចរអីចឹងប៉ះពាល់ដោយសារអំពើទុច្ចរិតឬក៏បទល្មើសឧក្រិដ្ឋកម្ម របស់ជនជាតិចិនមករកស៊ីជំរិតមនុស្ស បង្ខំឱ្យធ្វើការវាយគេជំរិតគេ»។
កាលពីខែកញ្ញា សារព័ត៌មានបរទេសឈ្មោះ ណៃគី អេស៊ា (Nikkei Asia) ធ្លាប់ចុះផ្សាយថា ប្រទេសកម្ពុជាគឺជាជម្រកសម្រាប់ក្រុមជនឆបោកតាមអ៊ីនធឺណិត ដែលមានទាំងការជួញដូរមនុស្ស អំពើចាប់ជំរិតមនុស្សទារប្រាក់ ព្រមទាំងការបាញ់សម្លាប់មនុស្សជាដើម។ បន្ថែមលើនេះភាពយន្តចិនក៏បានផលិតរឿងមួយដែលមានចំណងជើងថា (No More Bets) ក៏បាននិយាយអាក្រក់ពីកម្ពុជានិងចាត់ទុកកម្ពុជាជាប្រទេសម៉ាហ្វៀ (MAFIA) ជាកន្លែងចាប់ជំរិតនិងធ្វើទារុណកម្មមនុស្ស គួរឱ្យភ័យខ្លាច ដែលបញ្ហាទាំងនេះកំពុងធ្វើឱ្យកម្ពុជាជាប់កេរ្តិ៍ឈ្មោះយ៉ាងអាក្រក់ ព្រមទាំងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការស្ដារវិស័យឧស្សាហកម្មទេសចរណ៍ឡើងវិញផង។
មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាចិនម្នាក់លោក យិង ហ្វាត មានប្រសាសន៍ថា បច្ចុប្បន្ននេះភ្ញៀវទេសចរជនជាតិចិនដែលមកទស្សនាអង្គរបានថយចុះយ៉ាងខ្លាំងបើប្រៀបធៀបទៅនិងពេលមុនកើតជម្ងឺកូវីដ១៩។ មគ្គុទ្ទេសក៍ទេសចរណ៍ដដែលឱ្យដឹងទៀតថា បច្ចុប្បន្ននេះក្រុមមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាចិនជាច្រើននាក់ បាត់បង់ចំណូលទាំងស្រុងហើយបោះចោលការងារនាំភ្ញៀវទេសចរណ៍ដោយទៅរកការងារផ្សេងៗ ដើម្បីបានកម្រៃសម្រាប់រស់នៅប្រចាំថ្ងៃវិញ។
លោក យិង ហ្វាត៖ «ភ្ញៀវចិននៅអត់ទាន់សំបូរទេណា!។ មគ្គុទ្ទេសក៍ភាសាចិនកំពុងជួបលំបាកច្រើនណាស់ឥឡូវរត់ទៅធ្វើការផ្សេងអស់ហើយ។ ចំណែកខ្ញុំមនុស្សចាស់ក៏ធ្វើអីទៅណាមិនកើតក៏ចេះតែនៅប្រចាំមុខអង្គរវត្ត ចេះតែបានកម្រៃតិចតួចទៅណា។ ចំពោះតែខ្ញុំទេ បើមគ្គុទ្ទេសក៍ក្មេងៗកំពុងជួបការលំបាកច្រើនណាស់»។
ការធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេស និងភ្ញៀវទេសចរចិនមកទស្សនាអង្គរនេះ មិនត្រឹមតែធ្វើឱ្យក្រុមមគ្គុទ្ទេសក៍ទេសចរណ៍បាត់បង់ការងារប៉ុណ្ណោះទេ វាក៏បានធ្វើឱ្យអ្នកបំរើសេវាកម្មផ្នែកទេសចរណ៍រាប់ម៉ឺននាក់បាត់បង់ការងារ និងប្រាក់ចំណូលដែរ។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា(CTSWF) លោក ម៉ម រិទ្ធី មានប្រសាសន៍ថា រយៈពេល៣-៤ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋប្រមាណ១០ម៉ឺននាក់នៅខេត្តសៀមរាប ដែលជាអ្នកដឹកជញ្ជូនភ្ញៀវទេសចរ អ្នកបំរើសេវាកម្មទេសចរណ៍នៅតាមសណ្ឋាគារនិងភោជនីយដ្ឋាន ព្រមទាំងអ្នកលក់ដូររកកម្រៃពីទេសចរណ៍បានបាត់បង់ការងារនិងប្រាក់ចំណូលប្រចាំថ្ងៃធ្វើឱ្យពួកគេប្រឈមមុខនិងបញ្ហាជីវភាពខ្វះខាតយ៉ាងខ្លាំង។
លោក ម៉ម រិទ្ធី៖ «តាមការសង្កេតរបស់ខ្ញុំគឺសណ្ឋាគារ ផ្ទះសំណាក់នៅមិនទាន់បើកបំរើសេវាកម្មភ្ញៀវទេសចរណ៍១០០%នៅឡើយទេ គឺបើកត្រឹមតែ២០-៣០%ទេ។ ឯការរើសបុគ្គលិកចូលបំរើការងារនៅតាមកន្លែងសណ្ឋាគារ ផ្ទះសំណាក់និងភោជនីយដ្ឋានវិញនោះ ក៏មិនបានពេញលេញដែរគឺបានត្រឹមតែ៣០ទៅ៤០%ទេ មិនពេញដូចដើមឡើយ។ដូច្នេះចំនួនអ្នកដែលមិនទាន់មានការងារធ្វើវាអាចនៅខ្ទង់៧០%ឯណោះ ស្ថានភាពជីវភាពគឺធ្ងន់ធ្ងរហើយទាំងបំណុលធនាគារនិងការចំណាយផ្សេងៗប្រចាំថ្ងៃ»។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាកំពុងរំពឹងថា នៅក្នុងឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្ពុជាអាចមានចំនួនជាង ៤លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។