អ្នក​ជំនាញ​កសិកម្ម​ស្នើ​ក្រសួង​កសិកម្ម​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​នៅ​ទូទាំង​ប្រទេស មុន​នឹង​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន

ហេង រស្មី
2021-02-03
Share
អ្នក​ជំនាញ​កសិកម្ម​ស្នើ​ក្រសួង​កសិកម្ម​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​នៅ​ទូទាំង​ប្រទេស មុន​នឹង​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន មន្ត្រី​កសិកម្ម​កាល​ពី​ថ្ងៃ​ទី​ ១​កុម្ភៈ​ បាន​ចុះ​ទៅ​ពិនិត្យ ស្វាយ​កែវ ល្មៀត​ នៅ​​ក្រុម​ហ៊ុន​ឯកជន​មួយ​មុន​ នឹង​សម្រេច​នាំ​ចេះ​ទៅ​ក្រៅ​ប្រទេស​។
រូប​ថត៖​ គេហទំព័រ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម

អ្នក​ជំនាញ​កសិកម្ម​ លោកបណ្ឌិត​ យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា ក្រសួង​កសិកម្ម​ត្រូវ​ប្រាប់​កសិករ​ឱ្យ​ដឹង​ពី​ព័ត៌មាន​របស់ក្រសួង ​ហើយ​កសិករ​ត្រូវ​ធ្វើ​កិច្ច​ការ​អ្វី​ខ្លះ​ទៀត​ ដើម្បី​ត្រៀម​ខ្លួន​ជា​មួយ​នឹង​ក្រសួង​កសិកម្ម ដើម្បី​នាំ​យក​ផលិត​ផល​ផ្លែ​ស្វាយ​ទៅ​ក្រៅ​ប្រទេស។

 លោកបណ្ឌិត​ យ៉ង សាំងកុមារ ​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បន្ថែម​ទៀត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ក្នុង​តំបន់​គោល​ដៅ​ដាំ​ស្វាយ មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូល​រួម​សម្រប​សម្រួល​ ស្រង់​ស្ថិតិ​ក្នុង​តំបន់​ភូមិសាស្ត្រ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដើម្បី​ងាយ​ស្រួល​សហការ​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ដើម្បី​ឱ្យ​កម្ពុជា​បាន​ទទួល​ព័ត៌មាន​ពិត​ប្រាកដ​ពី​ទំហំ​នៃ​ការ​ដាំ​ដុះ​ និង​ពី​ពេល​វេលា​ដែល​ត្រូវ​ប្រមូល​ផល។​

សំឡេង«​ ជា​រួម​យើង​ត្រូវ​រៀប​ចំ​ប្រមូល​ព័ត៌មាន​ពី​ផលិត​ផល​កសិកម្ម​របស់​ពួក​យើង​ហ្នឹង​ ហើយ​ក្នុង​ហ្នឹង​គឺ​ស្វាយ​ប្រព័ន្ធ​ទិន្នន័យ​នៅ​ទូទាំង​ប្រទេស​ចាប់​ផ្ដើម​ប្រព័ន្ធ​ទិន្នន័យ​ពី​ឃុំ​ ពី​ស្រុក​ ពី​ខេត្ត​មក​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហ្នឹង​អ្នក​ដាំ​ស្វាយ​ពិត​ប្រាកដ​មាន​ប៉ុន្មាន​នាក់ មាន​ប៉ុន្មាន​ហិកតារ​ នៅ​កន្លែង​ណ​ខ្លះ។ ពេល​ណា​ចាប់​ផ្ដើម​ប្រមូល​ផល​ ចាប់​ពី​ពេល​ណា​ទៅ? មាន​តំណាង​សហគមន៍​ របស់​រដ្ឋាភិបាល​ ដើម្បី​ធ្វើ​ការ​ជា​មួយ​ក្រុម​ហ៊ុន»។

 របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កសិកម្ម​កាល​ពី​ថ្ងៃ​ទី១៦ ខែធ្នូ បង្ហាញ​ថា បច្ចុប្បន្ន​​ផ្ទៃដី​ដាំ​ដុះ​ស្វាយ​សរុប​ចំនួន​ជាង ១លាន​ហិកតារ (១២៤.៣១៩ហ.ត) ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន​ជាង ៩ម៉ឺន​ហិកតារ (៩១.៣៩៨ហ.ត) ទទួល​បាន​ទិន្នផល​ជា​មធ្យម​ចំនួន ១៦តោន ក្នុង​មួយ​ហិកតារ ដែល​មាន​បរិមាណ​ផល​សរុប​ចំនួន​ជាង ១លាន​តោន (១.៤៤៨.៦៧៧តោន)។

 កសិករ​ដាំ​ស្វាយ​នៅ​ស្រុក​ទឹក​ឈូ ខេត្ត​កំពត លោក ញឹម សារ៉ាយ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ពេល​លោក​បាន​ដាំ​ស្វាយ​មក មិន​ដែល​ឃើញ​តំណាង​ក្រសួង​កសិកម្ម មក​ណែ​នាំ​កសិករ​ពី​រៀប​ដាំ​ស្វាយ និង​ប្រមូល​ផល​លក់​ឱ្យ​ក្រុមហ៊ុន​ឯក​ជន ដើម្បី​នាំ​ស្វាយ​ចេញ​ទៅ​ក្រៅ​ប្រទេស​នៅ​ឡើយ​ទេ។

លោក​ថា សព្វ​ថ្ងៃ​នេះ​មាន​តែ​ឈ្មួញ​កណ្ដាល​ជា​អ្នក​ដើរ​ប្រមូល​ទិញ​ពី​កសិករ​ក្នុង​តម្លៃ​មួយ​មិន​កំណត់​ច្បាស់​លាស់ ហើយ​មាន​ពេល​ខ្លះ​ឈ្មួញ​ទិញ​ស្វាយ​ក្នុង​មួយ​គីឡូក្រាម ៥០០រៀល ហើយ​មាន​ពេល​ខ្លះ ១ពាន់​រៀល​ក៏​មាន។

 លោក​ស្នើសុំ​ក្រសួង​កសិកម្ម ឱ្យ​រៀប​ចំ​ប្រព័ន្ធ​អ្នក​ដើរ​ប្រមូល​ទិញ​ស្វាយ​ពី​កសិករ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ឱ្យ​កសិករ​អាច​លក់​ផ្លែ​ស្វាយ​បាន​ថ្លៃ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ៖ «ចុង​ក្រោយ ខ្ញុំ​សូម​សំណូម​ពរ​ដល់​រដ្ឋាភិបាល​ថ្នាក់​លើៗ អ៊ីចឹង ប្រសិន​បើ​មាន​ក្រុមហ៊ុន​ណា​គាត់​ដាក់​ទិញ ស្វាយ​របស់​ខ្មែរ​នាំ​ចេញ​ទៅ​ក្រៅ។ ប្រជាជន​ក៏​មាន​កម្លាំង​ចិត្ត ហើយ​ក៏​ខំ​បង្ក​បង្កើន​ផល​ទៅ​មុខ​ទៀត ហើយ​ប្រសិន​បើ​ជា​អត់​មាន​អ៊ីចឹង​រហូត ប្រហែល​ជា​ទុក​ចម្ការ​ស្វាយ​ចោល​ហើយ»។

 លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​បញ្ជាក់​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក របស់​លោក​ថា សម្រាប់​ការ​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន អគ្គ​នាយកដ្ឋាន​កសិកម្ម​ កំពុង​អនុវត្ត​សកម្មភាព​មួយ​ចំនួន នៅ​តាម​ទីតាំង​ចម្ការ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ឱ្យ​បំពេញ​បាន​នូវ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន។

លោក​បញ្ជាក់​ថា ដំណាំ​ស្វាយ​កែវ​រមៀត គឺ​ជា​ដំណាំ​កសិ-ឧស្សាហកម្ម​មួយ​ប្រភេទ ក្នុង​ចំណោម​ដំណាំ​កសិ-ឧស្សាហកម្ម​ផ្សេង​ទៀត ដែល​មាន​សក្ដានុពល​សម្រាប់​ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ជា​ពិសេស ប្រទេស​ចិន និង​កូរ៉េ ជា​លក្ខណ​ស្រស់ និង​ក្រៀម។

 អគ្គនាយកដ្ឋាន​កសិកម្ម កាល​ពី​ថ្ងៃ​ទី១ កុម្ភៈ បាន​ចេញ​របាយការណ៍​ថា ចាប់​ពី​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២០ ដល់​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ២០២០ កន្លង​ទៅ​នេះ ផលិតផល​ផ្លែ​ស្វាយ​កែវ​រមៀត​ស្រស់​ជា​លើក​ដំបូង​របស់​កម្ពុជា ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង (South Korea) បាន​ចំនួន ៧៧តោន។ សម្រាប់​ការ​នាំ​ស្វាយ​ទៅ​កាន់​ប្រទេស​ចិន​វិញ​ កម្ពុជា​មាន​ក្រុមហ៊ុន​ចំនួន៤ ដែល​មាន​ទី​តាំង​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ក្រុង​ភ្នំពេញ​ និង​ខេត្ត​កោះកុង កំពុង​ប្រតិបត្តិការ​សាងសង់​ទីតាំង​វេចខ្ចប់​ដោយ​មាន​បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​កម្ចាត់​ពង​រុយ​ចោះ​ផ្លែ​ស្វាយ និង​ម៉ាស៊ីន​សម្លាប់​សមាសភាព​ចង្រៃ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្ដៅ។

 ក្រសួង​កសិកម្ម​ និង​អគ្គ​រដ្ឋបាល​គយ​របស់​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ២០២០ បាន​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ស្ដីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការ​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ដែល​ភាគី​កម្ពុជា​រំពឹង​ថា នឹង​បាន​ដល់ ៥០ម៉ឺន​តោន​នៅ​ក្នុង​មួយ​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល