អ្នកជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា ក្រសួងកសិកម្មត្រូវប្រាប់កសិករឱ្យដឹងពីព័ត៌មានរបស់ក្រសួង ហើយកសិករត្រូវធ្វើកិច្ចការអ្វីខ្លះទៀត ដើម្បីត្រៀមខ្លួនជាមួយនឹងក្រសួងកសិកម្ម ដើម្បីនាំយកផលិតផលផ្លែស្វាយទៅក្រៅប្រទេស។
លោកបណ្ឌិត យ៉ង សាំងកុមារ ជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបន្ថែមទៀតថា អាជ្ញាធរពាក់ព័ន្ធនៅក្នុងតំបន់គោលដៅដាំស្វាយ មានតួនាទីសំខាន់ក្នុងការចូលរួមសម្របសម្រួល ស្រង់ស្ថិតិក្នុងតំបន់ភូមិសាស្ត្រ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីងាយស្រួលសហការគ្នាពីតំបន់មួយទៅតំបន់មួយ និងដើម្បីឱ្យកម្ពុជាបានទទួលព័ត៌មានពិតប្រាកដពីទំហំនៃការដាំដុះ និងពីពេលវេលាដែលត្រូវប្រមូលផល។
សំឡេង« ជារួមយើងត្រូវរៀបចំប្រមូលព័ត៌មានពីផលិតផលកសិកម្មរបស់ពួកយើងហ្នឹង ហើយក្នុងហ្នឹងគឺស្វាយប្រព័ន្ធទិន្នន័យនៅទូទាំងប្រទេសចាប់ផ្ដើមប្រព័ន្ធទិន្នន័យពីឃុំ ពីស្រុក ពីខេត្តមក នៅក្នុងប្រទេសកម្ពុជា ហ្នឹងអ្នកដាំស្វាយពិតប្រាកដមានប៉ុន្មាននាក់ មានប៉ុន្មានហិកតារ នៅកន្លែងណខ្លះ។ ពេលណាចាប់ផ្ដើមប្រមូលផល ចាប់ពីពេលណាទៅ ? មានតំណាងសហគមន៍ របស់រដ្ឋាភិបាល ដើម្បីធ្វើការជាមួយក្រុមហ៊ុន»។
របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មកាលពីថ្ងៃទី១៦ ខែធ្នូ បង្ហាញថា បច្ចុប្បន្នផ្ទៃដីដាំដុះស្វាយសរុបចំនួនជាង ១លានហិកតារ (១២៤.៣១៩ហ.ត) ផ្ទៃដីប្រមូលផលមានចំនួនជាង ៩ម៉ឺនហិកតារ (៩១.៣៩៨ហ.ត) ទទួលបានទិន្នផលជាមធ្យមចំនួន ១៦តោន ក្នុងមួយហិកតារ ដែលមានបរិមាណផលសរុបចំនួនជាង ១លានតោន (១.៤៤៨.៦៧៧តោន)។
កសិករដាំស្វាយនៅស្រុកទឹកឈូ ខេត្តកំពត លោក ញឹម សារ៉ាយ មានប្រសាសន៍ថា ចាប់តាំងពីពេលលោកបានដាំស្វាយមក មិនដែលឃើញតំណាងក្រសួងកសិកម្ម មកណែនាំកសិករពីរៀបដាំស្វាយ និងប្រមូលផលលក់ឱ្យក្រុមហ៊ុនឯកជន ដើម្បីនាំស្វាយចេញទៅក្រៅប្រទេសនៅឡើយទេ។
លោកថា សព្វថ្ងៃនេះមានតែឈ្មួញកណ្ដាលជាអ្នកដើរប្រមូលទិញពីកសិករក្នុងតម្លៃមួយមិនកំណត់ច្បាស់លាស់ ហើយមានពេលខ្លះឈ្មួញទិញស្វាយក្នុងមួយគីឡូក្រាម ៥០០រៀល ហើយមានពេលខ្លះ ១ពាន់រៀលក៏មាន។
លោកស្នើសុំក្រសួងកសិកម្ម ឱ្យរៀបចំប្រព័ន្ធអ្នកដើរប្រមូលទិញស្វាយពីកសិករឱ្យបានច្បាស់លាស់ ដើម្បីឱ្យកសិករអាចលក់ផ្លែស្វាយបានថ្លៃសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ៖ «ចុងក្រោយ ខ្ញុំសូមសំណូមពរដល់រដ្ឋាភិបាលថ្នាក់លើៗ អ៊ីចឹង ប្រសិនបើមានក្រុមហ៊ុនណាគាត់ដាក់ទិញ ស្វាយរបស់ខ្មែរនាំចេញទៅក្រៅ។ ប្រជាជនក៏មានកម្លាំងចិត្ត ហើយក៏ខំបង្កបង្កើនផលទៅមុខទៀត ហើយប្រសិនបើជាអត់មានអ៊ីចឹងរហូត ប្រហែលជាទុកចម្ការស្វាយចោលហើយ»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់នៅក្នុងគេហទំព័រហ្វេសប៊ុក របស់លោកថា សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម កំពុងអនុវត្តសកម្មភាពមួយចំនួន នៅតាមទីតាំងចម្ការ ដែលបានដាក់ពាក្យស្នើសុំឱ្យបំពេញបាននូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។
លោកបញ្ជាក់ថា ដំណាំស្វាយកែវរមៀត គឺជាដំណាំកសិ-ឧស្សាហកម្មមួយប្រភេទ ក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀត ដែលមានសក្ដានុពលសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ប្រទេសចិន និងកូរ៉េ ជាលក្ខណស្រស់ និងក្រៀម។
អគ្គនាយកដ្ឋានកសិកម្ម កាលពីថ្ងៃទី១ កុម្ភៈ បានចេញរបាយការណ៍ថា ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ ផលិតផលផ្លែស្វាយកែវរមៀតស្រស់ជាលើកដំបូងរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់កូរ៉េខាងត្បូង (South Korea) បានចំនួន ៧៧តោន។ សម្រាប់ការនាំស្វាយទៅកាន់ប្រទេសចិនវិញ កម្ពុជាមានក្រុមហ៊ុនចំនួន៤ ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ក្រុងភ្នំពេញ និងខេត្តកោះកុង កំពុងប្រតិបត្តិការសាងសង់ទីតាំងវេចខ្ចប់ដោយមានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់ពងរុយចោះផ្លែស្វាយ និងម៉ាស៊ីនសម្លាប់សមាសភាពចង្រៃដោយប្រើចំហាយទឹកក្ដៅ។
ក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយរបស់ប្រទេសចិន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ដែលភាគីកម្ពុជារំពឹងថា នឹងបានដល់ ៥០ម៉ឺនតោននៅក្នុងមួយឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។