កម្ពុជា​រឹត​ចំណង​មិត្តភាព​ជាមួយ​ចិន​កាន់តែ​ខ្លាំង ចិន​នាំ​ចូល​ផលិតផល​មក​លក់​នៅ​កម្ពុជា​កាន់​តែ​ច្រើន

ដោយ ទីន ហ្សាការីយ៉ា
2024.09.26
កម្ពុជា​រឹត​ចំណង​មិត្តភាព​ជាមួយ​ចិន​កាន់តែ​ខ្លាំង ចិន​នាំ​ចូល​ផលិតផល​មក​លក់​នៅ​កម្ពុជា​កាន់​តែ​ច្រើន (ពីឆ្វេង) លោក ហ៊ុន ម៉ាណែត ​លោក ហ៊ុន សែន ​និង​​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) ក្នុង​ជំនួបពេល​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី១០ កុម្ភៈ ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

រដ្ឋាភិបាល​កម្ពុជា​កំពុង​រឹត​ចំណង​មិត្តភាព និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ស្ទើរ​គ្រប់​វិស័យ​ជាមួយ​ប្រទេស​ចិន ប៉ុន្តែ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន រយៈពេល ៥ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ចិន​ចំណេញ​កប់​ក្ដោង​តាមរយៈ​ការ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​មក​កម្ពុជា​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ។ ទោះ​បី​ជា​កម្ពុជា​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ខាតបង់​ច្រើន ឬ​មាន​ឱនភាព​ខ្លាំង​នៃ​ទំហំ​ជញ្ជីង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ក្ដី ក៏​រដ្ឋាភិបាល​ត្រកូល ហ៊ុន តែង​បកស្រាយ​ថា នេះ​គឺ​ជា​ភាព​ជោគជ័យ​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មិត្ត​ដែកថែប​ចិន។

មន្ត្រី​សហជីព និង​អ្នកឃ្លាំមើល​បញ្ហា​សង្គម​ចង់​ឃើញ​រដ្ឋាភិបាល​កៀរគរ​វិនិយោគិន​ដែល​មាន​សក្ដានុពល​មក​បណ្ដាក់ទុន​វិនិយោគ និង​ពង្រីក​រោងចក្រ​សហគ្រាស​សម្រាប់​ផលិត​វត្ថុធាតុ​ដើម​នៅ​កម្ពុជា​ដោយ​ខ្លួន​ឯង ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លុយ​ក្នុង​មួយ​ឆ្នាំៗ​រាប់​ពាន់​លាន​ដុល្លារ​ទិញ​វត្ថុ​ធាតុ​ដើម​នាំ​ចូល​ពី​ប្រទេស​ចិន សម្រាប់​កែច្នៃ​ផលិតផល​ឧស្សាហកម្ម​នាំចេញ​ទៅ​លក់​នៅ​តាម​ទីផ្សារ​អន្តរជាតិ។

អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៥ ខែ​កញ្ញា​ថា ទំហំ​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កាន់​តែ​មាន​ឱន​ភាព​ខ្លាំង ព្រោះ​ចិន​គឺ​ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​ការ​នាំចូល​ទំនិញ​សម្រាប់​ផ្គត់ផ្គង់​លើ​វ័យ​វាយនភណ្ឌ និង​សំលៀកបំពាក់​នៅ​កម្ពុជា។ លោក​បន្ថែម​ថា ក្រោយ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន (Cambodia-China Free Trade Agreement) ចូល​ជា​ធរមាន​ចិន​មាន​ទីផ្សារ​នៅ​កម្ពុជា​ហាក់​កាន់​តែ​ទូលាយ ព្រោះ​លោក​ថា ចិន​មិន​ត្រឹមតែ​នាំ​ចូល​វត្ថុធាតុដើម​ផ្នែក​វិស័យ​កាត់​ដេរ​ចូល​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នាំ​ចូល​គ្រឿង​សម្ភារៈ​សំណង់ ភេសជ្ជៈ និង​សម្ភារៈ​ក្មេង​លេង​ជាដើម។

លោក អាត់ ធន់ លើកឡើង​ថា ដើម្បី​កាត់​បន្ថយ​ឱន​ភាព​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន កម្ពុជា​គួរ​តែ​ដាក់​ចេញ​វិធានការ​ដំឡើង​ពន្ធ​លើ​មុខ​ទំនិញ​របស់​ចិន​នាំ​ចូល​កម្ពុជា និង​រិះរក​មធ្យោបាយ​អភិវឌ្ឍ​លើ​វិស័យ​ដែល​ចាំ​បាច់​ដូចជា វិស័យ​កសិកម្ម​ជាដើម និង​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ផ្នែក​អាហារ​ទៅ​ប្រទេស​ចិន​ឱ្យ​បាន​ច្រើន។

លោក អាត់ ធន់៖ «វិស័យ​ដែល​អាច​មាន​សក្ដានុពល​អាច​នាំ​ទៅ​ចិន​អាច​នាំ​ប្រយោជន៍​ដល់​កម្ពុជា​បាន​ច្រើន​ប្រសិន​ជា​យើង​អាច​កែច្នៃ ស្រូវ ពោត សណ្ដែក អង្ករ ឬ​ស្វាយចន្ទី ស្វាយ ឬ​សម្ភារៈ​កសិកម្ម ផ្សេងៗ​ទៀត​បាន​ជោគជ័យ​នាំ​ចេញ​ទៅ​ខ្ញុំ​គិត​ថា យើង​មាន​ប្រយោជន៍ តែ​យើង​អត់​អាច​ធ្វើ​បាន​ជោគជ័យ ហើយ​យើង​ក៏​មិន​ដឹង​ថា ប្រើ​រយៈពេល​ប៉ុន្មាន ដើម្បី​ធ្វើ​ការងារ​នេះ​អាច​នាំ​សម្ភារៈ​ទាំងនេះ​ទៅ​ប្រទេស​ចិន​ជួយ​ដល់​សេដ្ឋកិច្ច​យើង​បាន​ច្រើន។ អ៊ីចឹង​យើង​មាន​បញ្ហា​ច្រើន​នៃ​ការ​ផលិត ការ​នាំ​ចេញ​លើ​ផ្នែក​ហ្នឹង អ៊ីចឹង​ហើយ​ទោះ​បី​ជា​រយៈពេល​យូរ​ទៀត​ជញ្ជីង​ពាណិជ្ជកម្ម​វា​មិន​មាន​អី​ប្រែប្រួល​ទេ»

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បង្ហាញ​ថា រយៈពេល ២ឆ្នាំ​ចុងក្រោយ​នេះ ពោល​គឺ​នៅ​ឆ្នាំ២០២២ និង​ក្នុង​ឆ្នាំ២០២៣ ការ​នាំចេញ​ផលិតផល​សរុប​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​មាន​ទំហំ​ទឹក​ប្រាក់​ជាង ៤៦ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំចូល​មាន​ជាង ៤៩ពាន់​លាន​ដុល្លារ។ ក្នុង​នោះ ចិន​គឺ​ជា​ប្រទេស​ឈាន​មុខគេ​ក្នុង​ការ​នាំ​ចូល​ផលិតផល​របស់​ខ្លួន​មក​កម្ពុជា​ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ២១ពាន់​លាន​ដុល្លារ ខណៈ​កម្ពុជា​នាំ​ចេញ​ផលិតផល​ទៅ​ចិន​វិញ​បាន​តិចតួច ឬ​ស្មើ​ទំហំ​ទឹក​ប្រាក់​ជាង ២ពាន់​លាន​ដុល្លារ។

ដោយឡែក សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ទីផ្សារ​ដ៏​ធំ​ក្នុង​ការ​ទទួល​បញ្ជា​ទិញ​ផលិត​របស់​កម្ពុជា​ដោយ​ក្នុង​រយៈពេល ២ឆ្នាំ​មក​ចុង​ក្រោយ​នេះ​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​ទៅ​សហរដ្ឋអាមេរិក​ក្នុង​ទំហំ​ទឹក​ប្រាក់​សរុប​ជាង ១៧ពាន់​លាន​ដុល្លារ ខណៈ​អាមេរិក​វិញ​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​មក​កម្ពុជា​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ៥រយ​លាន​ដុល្លារ។

ទោះ​បី​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​មាន​ឱនភាព​ខ្លាំង​នៃ​ទំហំ​ជញ្ជីង​ពាណិជ្ជកម្ម​ក្ដី ក៏​រដ្ឋាភិបាល​ត្រកូល ហ៊ុន និង​មន្ត្រី​គ្រាក់ៗ​តែង​បក​ស្រាយ​ថា នេះ​គឺ​ជា​ភាព​ជោគជ័យ​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មិត្ត​ដែក​ថែប​ចិន​ដែល​បាន​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។

ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​លោក វង្សី វិស្សុត កំពុង​មាន​ជំនួប​ជាមួយ​ក្រុម​មន្ត្រី​ថ្នាក់​ដឹកនាំ​ចិន​ជា​បន្តបន្ទាប់ ក្នុងពេលដែល​ចូល​រួម​ពិព័រណ៍​ចិន-អាស៊ាន​លើក​ទី២១ នៅ​ប្រទេស​ចិន លោក វង្សី វិស្សុត សរសើរ​ចិន​មិន​ដាច់​ពី​មាត់​អំពី​គុណ​សម្បត្តិ​ដែល​ចិន​បាន​ឱ្យ​ប្រាក់​កម្ចី​កសាង​ហេដ្ឋារចនាសម្ពន្ធ ដឹក​ជញ្ជូន​ថាមពល វិស័យ​សុខាភិបាល ប្រព័ន្ធ​ធារាសាស្ត្រ វិស័យ​អប់រំ កសិកម្ម ជំរុញ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង លោក វង្សី វិស្សុត និង​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៥ ខែ​កញ្ញា។

អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ លើកឡើង​ថា កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល ហ៊ុន គ្មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដើម្បី​ជំរុញ​ឱ្យ​ជាតិ​រីកចម្រើន​ឡើយ ខណៈ​ចិន​ទទួល​បាន​ផល​ចំណេញ​កប់​ក្ដោង​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា។

លោក វង្សី វិស្សុត៖ «បើ​និយាយ​ពី​ការ​ខាតបង់​ចំពោះ​កម្ពុជា​វិញ​មិនមែន​ខាត​ព្រោះ​ធ្វើ​សេដ្ឋកិច្ច​ជាមួយ​ចិន​ទេ ក៏​ប៉ុន្តែ​ខាត​ព្រោះ​តែ​ចំណាត់​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន តែ​ម្ដង។ អំពើ​ពុករលួយ​ហួសហេតុ​ពេក​នាំ​ឱ្យ​ពួក​ម៉ាហ្វីយ៉ា (Mafia) ចិន​អាច​ធ្វើ​ជំនួញ​លាង​លុយ​កខ្វក់​បង្ក​ភាព​ច្របូកច្របល់ និង​ឧក្រិដ្ឋកម្ម​រាលដាល​ពេញ​សង្គម​ខ្មែរ ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាត់​ចំណូល​ជាតិ និង​បាត់​ការងារ​ប្រជាពលរដ្ឋ​ច្រើន​ណាស់ ពី​ព្រោះ​អ្នក​ជំនួញ​ពី​បស្ចិម​ប្រទេស​គេ​មិន​ហ៊ាន​ទៅ​រកស៊ី​ប្រកួតប្រជែង​ជាមួយ​អ្នកជំនួញ​ចិន​ក្នុង​ស្ថានភាព​កម្ពុជា​ស្ទើរ​តែ​ក្រឡាស់​ហល់​ទៅ​ហើយ​ហ្នឹង»

អ្នក​ឃ្លាំមើល​ថា ដោយសារ​តែ​មាន​ចិន​ជា​ខ្នង​បង្អែក​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅតែ​ញៀន​ញ៉ាម​តាម​បង្ក្រាប​សំឡេង​អ្នក​រិះគន់ ហើយ​ជា​រឿយៗ​ថែម​ទាំង​គឃ្លើន​ជាមួយ​សហភាព​អឺរ៉ុប ដោយ​មិន​ខ្វល់​អំពី​ការ​បាត់បង់​ទាំង​ស្រុង​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ (EBA) នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។