ការនាំចេញផលិតផលវាយនភណ្ឌរបស់កម្ពុជាកើនឡើង «តែរដ្ឋាភិបាលដំឡើងប្រាក់ខែកម្មករបានតិចតួច»
2024.10.14
ការនាំទំនិញចេញក្នុងវិស័យវាយនភណ្ឌរបស់កម្ពុជាទៅលក់នៅក្រៅប្រទេសទទួលបានប្រាក់ជិត ៩ពាន់លានដុល្លារ ក្នុងរយៈពេល៣ត្រីមាសដំបូងក្នុងឆ្នាំ២០២៤ ដែលកើនឡើងចំនួន ២៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ប៉ុន្តែសហជីព និងកម្មករលើកឡើងថា រដ្ឋាភិបាលបែរជាដំឡើងប្រាក់ខែឱ្យកម្មករមានចំនួនតិចតួចដែលមិនសមាមាត្រទៅនឹងប្រាក់ចំណេញរបស់ថៅកែទៅវិញ។ ពួកគាត់អះអាងថា បញ្ហានេះបង្កឱ្យមានការកេងប្រវ័ញ្ចកម្លាំងកម្មករនៅកន្លែងការងារ និងធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែលំបាក។
បើទោះបីជារដ្ឋាភិបាលបង្ហាញថា ការនាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរកើនឡើងក្ដី ក៏កម្មករកំពុងរស់នៅក្នុងសភាពលំបាកលំបិន និងប្រឈមការរំលោភសិទ្ធិការងារនៅកន្លែងធ្វើការ។
តំណាងកម្មករនៃរោងចក្រសិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) លោក កឹម សុភេន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ ខែតុលា ថា នៅរោងចក្ររបស់លោកធ្វើការមានការនាំចេញទំនិញច្រើនជាងឆ្នាំមុន ប៉ុន្តែប្រាក់ខែដែលកម្មករទទួលបានស្ទើរតែមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ លោកបន្តថា កម្មករគឺជាកម្លាំងស្នូលដែលជំរុញឱ្យមានកំណើននៃការនាំចេញទំនិញ ដូច្នេះរដ្ឋាភិបាលគួរតែគិតគូរពីសុខទុក្ខរបស់កម្មករពីព្រោះបច្ចុប្បន្នមានកម្មករខ្លះធ្លាក់ខ្លួនឈឺដោយសារការកាត់បន្ថយអាហារហូបចុក។
លោក កឹម សុភេន៖ «ពេលដែលចំណេញច្រើនស្នើឱ្យគាត់យល់យោគយល់ដល់កម្មករយើងផងពីព្រោះការនាំចេញមិនខាងក្រុមហ៊ុនគាត់អាចនាំចេញបានទៅដោយខ្លួនឯងទេ ទាល់តែមានការសហការជាមួយបងប្អូនកម្មករហើយចេញពីកម្លាំងញើសឈាមរបស់កម្មករយើងហ្នឹងហើយ។ អ៊ីចឹងការនាំចេញច្រើនសង្ឃឹមថា គាត់នាំចេញច្រើនហើយគាត់ហ្នឹងគិតគូរដល់កម្មកររបស់បងប្អូនយើងឱ្យបានគួរសម»។
ក្រៅពីកម្មករជួបបញ្ហាជីវភាពខ្វះខាតហើយនោះ ពួកគាត់ក៏កំពុងប្រឈមនឹងបញ្ហាសុខភាពទាំងផ្លូវចិត្ត និងកាយដោយសារគ្មានប្រាក់ទិញចំណីអាហារដែលមានជីវជាតិហូបចុក និងកម្មករខ្លះទៀតគ្មានប្រាក់បម្រុងទុកសម្រាប់មើលព្យាបាលជំងឺឡើយក្រោយពេលដែលពួកគាត់ធ្វើការអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែប្រាក់ខែដែលទទួលបាននោះគឺទុកសម្រាប់ទប់ទល់ថ្លៃផ្ទះជួល និងសងបំណុលធនាគារ។
ការលើកឡើងរបស់កម្មករនេះធ្វើឡើងបន្ទាប់ពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានចេញផ្សាយតារាងស្ថិតិទំនិញពាណិជ្ជកម្មនាំចេញ កាលពីថ្ងៃទី១០ ខែតុលា ដោយបង្ហាញថា ការនាំចេញសំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំទៅកាន់ទីផ្សារអន្តរជាតិ គិតចាប់ពីខែមករា ដល់កញ្ញា មានទំហំទឹកប្រាក់ជិត ៩ពាន់លានដុល្លារ (៨.៧៥៨,៦២) គឺកើនឡើងជិត ២៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបញ្ជាក់ថា ទំហំទឹកប្រាក់នៃការនាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌនេះ ស្មើនឹងចំនួនពាក់កណ្ដាលនៃទំនិញនាំចេញសរុបក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២៤ ដែលចំនួនទឹកប្រាក់នាំចេញសរុបគឺជាង ១៩ពាន់លានដុល្លារ (១៩.៨៣៣,២៨)។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ដើម្បីសួរបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃ១៣ ខែតុលា។
កាលពីថ្ងៃទី២០ ខែកញ្ញា រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលឱ្យកម្មករធ្វើការផ្នែកវាយនភណ្ឌសម្រាប់ឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារពោលគឺឡើង ចំនួន៤ដុល្លារ ខណៈសហជីពតំណាងឱ្យកម្មករទាមទារចំនួន១០ដុល្លារ។
ជុំវិញរឿងនេះ អនុប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កញ្ញា សាយ សុខនី មានប្រសាសន៍ថា ក្នុងមួយឆ្នាំៗថៅកែរោងចក្រសហគ្រាសចំណេញបានប្រាក់រាប់លានដុល្លារពីវិស័យកាត់ដេរ នេះនៅមិនទាន់គិតពីការនាំចេញផលិតផលអេឡិចត្រូនិកនៅឡើយទេ។ កញ្ញាសោកស្ដាយដែលរដ្ឋាភិបាល និងថៅកែមិនបានគិតគូរពីការរស់នៅរបស់កម្មករដែលធ្វើឱ្យពួកគាត់ក្លាយជាទាសករសម័យទំនើប ហើយបាត់បង់ជីវភាពរស់នៅសមរម្យ និងប្រឈមការជំពាក់បំណុលធនាគារវ័ណ្ឌក។
កញ្ញា សាយ សុខនី៖ «ខ្ញុំនិយាយតាមត្រង់ប្រាក់តិចហើយការដំឡើងប្រាក់ខែរឹតតែតិចតួចទៀត ប្រាក់ខែទាបការដំឡើងតិចតួចវាមិនសមធម៌សោះបើនិយាយអំពីមនុស្ស និងធុរកិច្ចបើនិយាយអំពីទំនួលខុសត្រូវសិទ្ធិការងារ សិទ្ធិមនុស្សមកពីការអត់សោះហ្មងវាពិតជាអយុត្តិធម៌មែនទែនសម្រាប់សាច់ដុំរបស់វណ្ណៈក្រីក្រកម្មកររោងចក្រកាត់ដេរនាងខ្ញុំ។ ហើយបានឃើញច្បាស់លាស់ដូចជាអង្គការអន្តរជាតិក៏ដូចម្ចាស់ជំនួយគេបានបង្កើតច្បាប់ជាច្រើនខាងស្លាក»។
កាលពីខែមិថុនា កន្លងទៅ អង្គការសង់ត្រាល់បានរកឃើញថា ទិន្នន័យនៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) រាយការណ៍ពីរោងចក្រនាំចេញសំលៀកបំពាក់ទាំងអស់មិនទាន់សុក្រឹត និងពុំឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងនោះទេ បញ្ហានេះធ្វើឱ្យមានការរំលោភសិទ្ធិសេរីភាពសហជីព និងកម្មករនៅកន្លែងធ្វើការ ហើយរារាំងដល់ការទទួលបានប្រាក់ខែសមរម្យ។
កម្មករ និងមន្ត្រីសហជីពជំរុញឱ្យរដ្ឋាភិបាលគិតគូរពីប្រយោជន៍របស់កម្មករជាធំពីព្រោះការបិទភ្នែកមិនអើពើពីស្ថាប័នពាក់ព័ន្ធបានធ្វើឱ្យកម្មកររស់នៅក្នុងស្ថានភាពលំបាកវេទនា និងកាន់តែជំរុញឱ្យមានការរំលោភច្បាប់ការងារនៅតាមរោងចក្រកាន់តែកើនឡើងដោយសារតែថៅកែមិនអនុលោមតាមច្បាប់ការងារដែលផ្ដល់ប្រាក់ខែសមរម្យជូនកម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។