ពាណិជ្ជកម្ម​កម្ពុជា-ចិន មាន​ការ​កើន​ឡើង ៨% ក្នុង​ពេល​មាន​វិបត្តិ​កូវីដ១៩

ដោយ ហេង រស្មី
2021.02.24
ពាណិជ្ជកម្ម​កម្ពុជា-ចិន មាន​ការ​កើន​ឡើង ៨% ក្នុង​ពេល​មាន​វិបត្តិ​កូវីដ១៩ (ឆ្វេង) ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក ស៊ី​ ជីន​ពីង​ ប្រធានាធិបតីចិន
រូបថត៖ ​ហ្វេសប៊ុក​លោក ហ៊ុន សែន

ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា និង​ចិន មិន​មាន​អ្វី​ប៉ះពាល់​ទេ បើ​ទោះ​បី​ជា​កម្ពុជា និង​ពិភព​លោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ក៏​ដោយ។

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​ប្រទេស​ចិន កាល​ពី​ឆ្នាំ ២០២០ កន្លង​ទៅ​នេះ បាន​កើន​ឡើង​ជាង ៨ភាគ​រយ ដែល​មាន​ចំនួន​ទឹក​ប្រាក់​សរុប ១.០៨៦លាន​ដុល្លារ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ២០១៩ ដែល​មាន​ចំនួន​តែ ១.០០៤លាន​ដុល្លារ​ប៉ុណ្ណោះ។ ចំណែក​ការ​នាំ​ចូល​សរុប​ពី​ប្រទេស​ចិន​មក​កម្ពុជា​វិញ បាន​ធ្លាក់​ចុះ​ប្រហែល ១០ភាគ​រយ​ គឺ​ជាង ៧ពាន់​លាន​ដុល្លារ។

អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​លោក ប៉ែន សុវិជាតិ ប្រាប់​អាស៊ី​សេរី​ថា ចំពោះ​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា-ចិន បើ​ទោះបីជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពុំ​ទាន់​ចូល​ជា​ធរមាន និង​មាន​ការ​រាំង​ស្ទះ​ខ្លះៗ ដោយសារ​ផល​ប៉ះពាល់​ជំងឺ​កូវីត-១៩ ក៏ដោយ។ ប៉ុន្តែ​ការ​នាំ​ចេញ​នាំ​ចូល​នៅ​មាន​ចរន្ត​សកម្ម​នៅ​ឡើយ។

លោក​ថា ការ​នាំ​ចូល​នេះ​ធ្វើ​ឡើង​ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​នានា ដែល​បាន​ចូល​ជា​ធរមាន​រួច​ហើយ ដូច​ជា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន ក្របខ័ណ្ឌ​នៃ​ការ​ផ្តល់​ភាព​អនុគ្រោះ​របស់​ចិន​ ចំពោះ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ជា​ដើម។

លោក​បន្ថែម​ថា អាស្រ័យ​ដោយ​តម្រូវ​ការ​ទីផ្សារ​របស់​ប្រទេស​ទាំងពីរ​ និង​ប្រភេទ​ទំនិញ​ ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ផលិត​សមស្រប​នឹង​តម្រូវ​ការ​ទីផ្សារ​ ជា​ពិសេស​តម្រូវការ​កសិផល​កម្ពុជា​នៅ​ទីផ្សារ​ចិន​នៅ​តែ​មាន។ ដូច្នេះ ការ​បញ្ជា​ទិញ​នៅ​តែ​បន្ត​កើន​ឡើង ចំពោះ​ផលិតផល​អង្ករ ដំឡូង​មី ផ្លែឈើ ដូច​ជា ស្វាយ មៀន​ប៉ៃលិន ចេក និង​គ្រាប់​ធញ្ញជាតិ​ផ្សេង​ទៀត ម្សៅ​ធញ្ញជាតិ​កែច្នៃ​រួច ប្រេង​ធញ្ញជាតិ ខ្លាញ់ ប្រេង​ដែល​ចំហៀវ​រួច សាច់ គ្រឿង​សមុទ្រ​កែច្នៃ ស្បែក​ដែល​សម្លាប់​រួច ហើយ​ក្រៅ​ពី​នោះ មាន​ទំនិញ​ប្រើប្រាស់​ផ្សេង​ទៀត វត្ថុ​ធាតុ​ដើម​កែច្នៃ ថ្មម៉ាប វត្ថុ​ធ្វើ​ពី​ស្បែក ផលិតផល​វាយនភណ្ឌ និង​សំលៀកបំពាក់ គ្រឿង​បង្គំ​ពី​ឧស្សាហកម្ម​ធន់ ស្រាល ក៏​នៅ​បន្ត​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ។

ចំណែក​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន​វិញ គឺ​មាន​ផលិតផល​អេឡិចត្រូនិក រថយន្ត គ្រឿង​បន្លាស់ សម្ភារៈ​សំណង់​គ្រឿងយន្ត​កសិកម្ម គ្រឿងចក្រ​សម្រាប់​ការងារ​សំណង់ និង​គ្រឿង​សង្ហារិម​ជា​ដើម។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​លោក លឹម​ ហេង​ មាន​ប្រសាសន៍​ថា​ ការ​នាំ​ទំនិញ​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន កាល​ពី​ឆ្នាំ២០២០ កន្លង​ទៅ​នេះ បាន​ល្អ​ប្រសើរ​ដោយ​សារ​ប្រទេស​ចិន​បាន​ទិញ​ផលិត​ផល​កសិកម្ម​ច្រើន​ពី​កម្ពុជា ដែល​ធ្វើ​ឱ្យ​កម្ពុជា​ជា​ប្រទេស​ផលិត​វត្ថុធាតុ​ដើម​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

លោក​ថា នៅ​ពេល​ដែល​កម្ពុជា​ចាប់​ផ្ដើម​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន នោះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ឱកាស​ដល់​អ្នក​វិនិយោគ​ផ្សេងៗ ដែល​អាច​មាន​លទ្ធភាព​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​ ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​កាន់​តែ​ច្រើន​បន្ថែម​ទៀត៖ «ដូច្នេះ​ខ្ញុំ​គិត​ថា​ ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ចិន​នេះ​ វា​ជា​ឱកាស​មួយ​ដែរ ដែល​យើង​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​មួយ​ចិន​នេះ​ ដែល​អាច​ឱ្យ​បណ្ដា​សហគ្រាស​ មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ ទៀត មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​កែច្នៃ​ផលិត​ផល​កសិកម្ម​យើង​នាំ​ចេញ​ទៅ​ចិន​ឱ្យ​កាន់​តែ​ច្រើន​ផង​ដែរ»។

ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី១២ តុលា ឆ្នាំ២០២០ បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​ចេញ​ទំនិញ​ចំនួន ៥០មុខ ទៅ​កាន់​ប្រទេស​ចិន ដែល​រួម​មាន​ទំនិញ​ផលិតផល​ត្រី​សាច់​គ្រប់​ប្រភេទ កសិផល បន្លែ​ផ្លែ​ឈើ ផលិតផល​កែច្នៃ​សិប្បកម្ម​ និង​ផលិតផល​ជា​ច្រើន​ទៀត ដែល​កម្ពុជា​អាច​ផលិត​បាន​ស្រប​តាម​លក្ខខណ្ឌ​អនាម័យ​របស់​ប្រទេស​ចិន។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក សៀង ថៃ ប្រាប់​អាស៊ី​សេរី​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ ចិន​ មិន​ទាន់​បាន​ចូល​ជា​ធរមាន​នៅ​ឡើយ​ទេ គឺ​ដោយ​សារ​តាម​នីតិវិធី​ដែល​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​នោះ គឺ​បន្ទាប់​ពី​ចុះ​ហត្ថលេខា​ហើយ ភាគី​នីមួយៗ ត្រូវ​បំពេញ​នីតិវិធី​ផ្ទៃ​ក្នុង​របស់​ខ្លួន។ លោក​បន្ត​ថា សម្រាប់​កម្ពុជា​ រាជរដ្ឋាភិបាល​នឹង​បញ្ជូន​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​ឧបសម្ពន្ធ​ទៅ​ស្នើសុំ​ពី​រដ្ឋសភា​ ពី​ព្រឹទ្ធសភា​ និង​ឡាយ​ព្រះ ហត្ថលេខា​ដោយ​ព្រះ​មហាក្សត្រ​បន្ទាប់​មក​ក្រសួង​ការ​បរទេស​នឹង​បញ្ជូន​លិខិត​ជូន​ដំណឹង​មួយ​ទៅ​ភាគី​ចិន ដើម្បី​បញ្ជាក់​ថា កម្ពុជា​បាន​បញ្ចប់​នីតិវិធី​ផ្ទៃ​ក្នុង​របស់​ខ្លួន​ហើយ ចំណែក​ភាគី​ចិន ក៏​ធ្វើ​ដូច​គ្នា​នេះ​ដែរ។

បើ​ទោះ​បី​ជា​មន្ត្រី​រដ្ឋាភិបាល​អះអាង​ពី​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ ចិន ក៏​ដោយ​ ក៏​​អ្នក​តាម​ដាន​សង្គម​មើល​ឃើញ​ថា​ ដើម្បី​ឱ្យ​ការ​ប្ដូរ​​ពាណិជ្ជកម្ម​កម្ពុជា​ កាន់​តែ​​ល្អ​ប្រសើរ​ បន្ថែម​ទៀត​​រដ្ឋាភិបាល​​គួរ​តែ​គិត​គូរ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហគមន៍​អឺរ៉ុប ឬ​ប្រទេស​លោក​ខាង​លិច ដើម្បី​ចៀសវាង​វិបត្តិ​សេដ្ឋកិច្ច។

អ្នក​វិភាគ​នយោបាយ​ និង​សង្គម​លោក​ បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា តួលេខ​នៃ​ការ​នាំ​ទំនិញ​ទៅ​កាន់​ប្រទេស​ចិន​កន្លង​ទៅ​នេះ គឺ​ជា​សញ្ញា​ល្អ​មួយ។ ប៉ុន្តែ បើ​រដ្ឋាភិបាល​អាច​សម្របសម្រួល​ លក្ខខណ្ឌ​របស់​សហគមន៍​អឺរ៉ុប ដើម្បី​ទទួល​បាន​លក្ខខណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម​ទៀត​ និង​បង្កើន​ការ​នាំ​ចេញ​ទៅ​ប្រទេស​លោក​ខាង​លិច ដូច​ជា សហរដ្ឋ​អាមេរិក និង​ប្រទេស​អង់គ្លេស​កាន់​តែ​ច្រើន​ទៀត នោះ​កាន់​តែ​ល្អ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស ក្នុង​ដំណាក់​កាល​ដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩៖ «សម្រាប់​ខ្ញុំ​នៅ​តែ​មើល​ឃើញ​ថា​ កម្ពុជា​នៅ​តែ​មាន​សមត្ថភាព​តិច​តួច​នៅ​ក្នុង​ការ​ផលិត​ផល​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ ជា​ពិសេស ផលិតផល​កសិកម្ម ដោយ​សារ​តែ​ទំហំ​ដីធ្លី​ធ្វើ​កសិកម្ម​នៅ​កម្ពុជា​ មាន​ការ​ថយ​ចុះ​​ដែល​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ។ ទី​ពីរ​ជំនាញ​ខាង​កសិកម្ម​ហ្នឹង​ នៅ​ធ្វើ​របៀប​បុរាណ​ក្នុង​ការ​ធ្វើ​កសិកម្ម​នោះ​ឡើយ។ ទី​បី សមត្ថភាព​នៅ​ក្នុង​ការ​កែ​ច្នៃ​ ហើយ​នឹង​សមត្ថភាព​នៅ​ក្នុង​ការ​យល់​ដឹង​ពី​ការ​នាំ​ចេញ ឬ​ក៏​ទីផ្សារ​ គឺ​នៅ​មាន​កម្រិត​ដែរ​បាទ»។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​ បណ្ឌិត សេង សារី ថ្លែង​ថា ពាណិជ្ជកម្ម​រវាង​កម្ពុជា​ចិន គឺ​ភាគី​ចិន​មាន​ប្រៀប​ជាង​​កម្ពុជា ដោយ​សារ​តែ​បើ​ពិនិត្យ​ទៅ​លើ​ចំនួន​តួលេខ​នៃ​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ គឺ​មាន​ទំហំ​ខុស​គ្នា​ឆ្ងាយ​ណាស់។ ទោះ​ទៅ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​កម្ពុជា​មិន​មែន​មាន​តែ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​តែ​ប្រទេស​ចិន​នោះ​ទេ គឺ​កម្ពុជា​ក៏​បាន​បញ្ចប់​ការ​ចរចា​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​នឹង​ត្រៀម​ចុះ​ហត្ថលេខា​នៅ​ពាក់​កណ្ដាល​ឆ្នាំ២០២១ នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។