មន្ត្រីការិយាល័យកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចិន-កម្ពុជា ប្រចាំស្ថានទូតចិននៅទីក្រុងភ្នំពេញលោក ហ្សាង ហ្ស៊ីន (Zhang Jin) មានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងចិន-កម្ពុជា គឺជាកិច្ចព្រមព្រៀងទីមួយដែលបញ្ចប់ កិច្ចចរចា តាមរយៈវីដេអូ រវាងប្រទេសទាំងពីរក្នុងពេលដែលពិភពលោកកំពុងផ្ទុះនូវជំងឺកូវិត១៩។
លោក បន្ថែមថា តាមរយៈកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកន្លងទៅនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ អាចនឹងកើនឡើងដល់១០ ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ខាងមុខ។
លោក ហ្សាង ហ្ស៊ីន (Zhang Jin) មានប្រសាសន៍ជាភាសាខ្មែរនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក ឈ្មោះ ប៊ីធីវី (BTV) កាលពីថ្ងៃទី១៦ វិច្ឆិកាថា ប្រទេសចិនគឺជាប្រភពទុនមកពីក្រៅប្រទេស និងជាប្រទេសដៃគូ ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ដ៏ធំជាងគេសម្រាប់ប្រទេសកម្ពុជា ដែលអាចជួយសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន៖«ការចុះហត្ថលេខានៃកិច្ចព្រមព្រៀង នេះបានកំណត់បង្ហាញពីការឈានចូលនៃយុគសម័យថ្មី នៃទំនាក់ទំនងភាគជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ ហើយជាព្រឹត្តិការថ្មីមួយក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដែលចាំបាច់សម្រាប់ជំរុញ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីនេះផងដែរ ឱ្យឈានដល់កម្រិតថ្មី មួយទៀត។»
ប្រទេសកម្ពុជា និងប្រទេសចិន កាលពីថ្ងៃទី១២ ខែតុលា កន្លងទៅនេះក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី (Wang Yi) មកកាន់កម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នា ហៅកាត់ថា CCFTA។ មន្ត្រីរដ្ឋាភិបាលធ្លាប់អះអាងថា តាមរយៈកិច្ចព្រមព្រៀងនោះ ទំនិញកម្ពុជាចំនួនជាង៣០០ មុខ នឹងនាំទៅកាន់ប្រទេសចិនដោយគ្មានការបង់ពន្ធ។ ចំណែកឯទំនិញនាំពីចិនចូលមកប្រទេសកម្ពុជា ត្រូវបង់ពន្ធជាធម្មតា។ យ៉ាងណា ទាំងរដ្ឋាភិបាលកម្ពុជា និងទាំងរដ្ឋាភិបាលចិន មិនដែលបញ្ចេញខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ ជាសាធារណៈឡើយ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក សៀង ថៃ ប្រាប់អាស៊ីសេរីថា បន្ទាប់ពីកម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមក មិនទាន់មានការដោះដូរទំនិញ រវាងប្រទេសទាំងពីរនៅឡើយទេ។លោកបញ្ជាក់ថា មកដល់ពេលនេះភាគីទាំងពីរកំពុង ខិតខំបំពេញ នីតិវិធីផ្ទៃក្នុងតែរៀងៗខ្លួន។ នៅពេលណាចប់សព្វគ្រប់ ប្រទេសទាំងពីរអាចផ្លាស់ប្ដូរលិខិតជាមួយគ្នា ហើយកិច្ចព្រមព្រៀងនោះចូលជាធរមាន ដែលនៅពេលនោះប្រទេសទាំងពីរអាចនាំទំនិញ ចេញចូលក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះបាន។
លោកបញ្ជាក់ថា ប្រទេសកម្ពុជា-ចិន រំពឹងថា នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មចូលជាធរមាននោះ កិច្ចព្រមព្រៀងនឹងអាចជួយរុញចំនួនតួលេខកើនឡើងតាមការរំពឹងទុក របស់ប្រទេសទាំងពីរ៖«ពីព្រោះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា - ចិន គឺជាកិច្ចព្រមព្រៀង មួយដែលមានលក្ខណៈ ទូលំទូលាយស្ទើរគ្រប់ជ្រុងជ្រោយ មានច្រើនវិស័យនៅជាមួយគ្នា មានពាណិជ្ជកម្មផ្នែកទំនិញ ដែលនិយាយពីការកាត់ពន្ធ មាននិយាយអំពីវិធានប្រភពដើមទំនិញ និយាយអំពីកិច្ចសហប្រតិបត្តិការនានា និយាយអំពីសេវាកម្ម និយាយអំពីវិនិយោគ និយាយអំពីភូតគាមអនាម័យ។ល។»
យោងតាមតួលេខក្រសួងពាណិជ្ជកម្មចិន នៅក្នុងឆ្នាំ២០១៩កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងចិន-កម្ពុជា បានកើនឡើងដល់ ជាង៩ ពាន់លានដុល្លារ(៩០៤៣លានដុល្លារ) បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ គឺបានកើនឡើងប្រមាណ ជិត២៨%( ២៧,៧%)។ បើគិតដល់ចុងឆ្នាំ២០២០ ទំហំវិនិយោគទុនចិន មានចំនួនជិត ៩ពាន់លានដុល្លារ។ ពាណិជ្ជកម្មនេះគឺគ្របដណ្ដប់លើវិស័យអគ្គិសនី ឧស្សាហកម្ម ព័ត៌មាន កសិកម្ម និងទូរគមនាគមន៍។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនយោបាយ និងសង្គមលោកបណ្ឌិត សេង សារី ចោទជាសំណួរថា បើទោះបីជាទំហំពាណិជ្ជកម្ម មានទំហំប៉ុណ្ណាក៏ដោយ តើភាគីកម្ពុជាទទួលបានផលចំណេញទៅតាមស្តង់ដារជំនួញដែរឬទេ?។
លោកបន្តថា បើនិយាយពីទំហំពាណិជ្ជកម្ម កម្ពុជាទទួលបានផលប្រយោជន៍តិចតួចពីទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន។ ដូច្នេះលោក សេង សារី មិនរំពឹងថា ទំហំពាណិជ្ជកម្មអាចកើនឡើងដល់ជាង១០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះទេ៖«បើសិនមើលពីទំហំសាច់ប្រាក់នៃទំហំពាណិជ្ជកម្មនេះគឺ ខ្ញុំមិនទាន់ជោះ១០០ % ទេគឺដោយសារតែ វាទាក់ទងទៅនឹងស្ថានភាពនយោបាយរបស់សហរដ្ឋអាមេរិក ពីព្រោះសហរដ្ឋអាមេរិកគឺជាទីផ្សារធំរបស់ចិន ហើយគឺជាទីផ្សារធំរបស់កម្ពុជាផងដែរ។»
ចំណែកឯអ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា វិញមើលឃើញថា ភាគច្រើនពាណិជ្ជករដែលនាំទំនិញចេញពីកម្ពុជា គឺសុទ្ធសឹងជាក្រុមហ៊ុនចិនដែលបានមកបើកក្រុមហ៊ុន និងសិប្បកម្មកែច្នៃនៅកម្ពុជា ហេតុដូច្នេះហើយអត្ថប្រយោជន៍នៃការនាំចេញ និងការផ្លាស់ប្ដូរពាណិជ្ជកម្ម កម្ពុជាកើនឡើងតិចតួច ដោយសារពាណិជ្ជករជនជាតិចិន អាចមកបង្កើនទុនវិនិយោគនៅកម្ពុជាផ្ទាល់ដូចជា ដាំចេក ចិញ្ចឹមត្រី ជាដើម។ លោកបន្ថែមថា កម្ពុជាត្រូវការបច្ចេកទេសបន្ថែមទៀត ដើម្បីឱ្យការនាំចេញទំនិញបានទៅស្តង់ដារអន្តរជាតិ៖«នៅមានកង្វះខាតទុន និងកង្វះខាតបច្ចេកទេស មិនអាចមានលក្ខណៈប្រកួតប្រជែង ឬក៏នាំចេញទៅតាមស្តង់ដារទីផ្សារចិនបានទេ មានតែពួកក្រុមចិនគេមកបាន។ អញ្ចឹងយើងអាចមើលឃើញមានការកើនឡើង ប៉ុន្តែអត្ថប្រយោជន៍នៃការទទួលបានហ្នឹង យើងមិនសង្ឃឹមកើនច្រើនតាមទំហំនៃការនាំចេញ នាំចូលនោះទេ។»
អ្នកជំនាញធ្លាប់ព្រមានថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងប្រទេសចិន មិនអាចជួយសង្គ្រោះសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាបានទេ ដោយសារតែកម្ពុជា នៅខ្វះបច្ចេកទេស ហើយកសិករនៅខ្វះដើមទុននៅក្នុងការផលិត កសិកម្មកែច្នៃ និងវេចខ្ចប់ដើម្បីនាំចេញជាដើម។ ពួកគេស្នើសុំឱ្យរដ្ឋាភិបាលបន្ទន់ឥរិយាបថ ស្តាសិទ្ធិមនុស្ស និងគោរពលិទ្ធប្រជាធិបតេយ្យ ដើម្បី បានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបឡើងវិញ ប្រសើរជាង មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។