មិត្តដែកថែបចិនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជាទីផ្សារធំបំផុតអាចឱ្យកម្ពុជានាំចេញទំនិញពាណិជ្ជកម្មទៅដាក់លក់ច្រើនជាងគេឡើយ។ ក៏ប៉ុន្តែមិត្តដែកថែបនេះគឺជាទីផ្សារដែលពូកែខាងឱ្យកម្ពុជាទិញទំនិញនាំចូលមកវិញ។
យោងតាម ស្ថិតិទំនិញពាណិជ្ជកម្មនាំចូលជាមួយប្រទេសសំខាន់ៗត្រឹមដំណាច់ឆ្នាំ២០២២ចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចិនគឺជាប្រទេសឈានមុខគេដែលកម្ពុជាទិញទំនិញឬនាំចូលក្នុងឆ្នាំ២០២២គឺស្មើនឹងជិត ៣៥% (៣៤,៩%) ឬមានតម្លៃសរុបជាង១០ពាន់លានដុល្លារ។ ក៏ប៉ុន្តែ ចិនគឺជាប្រទេសដែលកម្ពុជានាំចេញទំនិញទៅដាក់លក់វិញបានតិចតួចបំផុតគឺត្រឹមតែជាង ៥% (៥,៥%) ប៉ុណ្ណោះ ក្នុងឆ្នាំដដែលនេះពោលគឺស្មើនឹងតម្លៃសរុបជាង១ពាន់លានដុល្លារប៉ុណ្ណោះ។
ផ្ទុយទៅវិញកម្ពុជានៅតែបន្តពឹងផ្អែកខ្លាំងលើទីផ្សារសហរដ្ឋអាមេរិក។ស្ថិតិដដែលបង្ហាញថាសហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ដែលកម្ពុជានាំចេញទំនិញពាណិជ្ជកម្មទៅដាក់លក់បានច្រើនជាងប្រទេសណាៗទាំងអស់ពោលគឺស្មើនឹងជិតពាក់កណ្តាល ឬ ៤០% (៣៩,៩%) ដែលមានតម្លៃសរុបរហូតដល់ជាង ៨ពាន់លានដុល្លារ។ ក៏ប៉ុន្តែកម្ពុជាបានទិញទំនិញឬនាំចូលទំនិញពីអាមេរិកមកវិញបានត្រឹមតែ ១% ប៉ុណ្ណោះ ឬស្មើនឹងតម្លៃសរុបជាង៣រយលានដុល្លារ។
ក្រៅពីមិត្តដែកថែបចិនដែលជាប្រទេសពូកែខាងឱ្យកម្ពុជាទិញទំនិញឬនាំទំនិញចូលច្រើនជាងគេនោះប្រទេសវៀតណាម និងថៃ ឈរនៅលំដាប់ទីពីរនិងទីបីបន្ទាប់ពីចិន ពោលគឺ កម្ពុជានាំចូលទំនិញពីវៀតណាមស្មើនឹងជាង ១៣% (១៣,២%) ឬជាង ៣ពាន់៩រយលានដុល្លារ។ រីឯ កម្ពុជានាំចូលទំនិញពីថៃវិញស្មើនឹងជាង ១២% ឬជាង ៣ពាន់៨រយលានដុល្លារ។ ប្រទេសទាំងបី គឺ ចិន វៀតណាម និងថៃ គឺជាប្រទេសដែលឈរនៅលំដាប់កំពូលដែលកម្ពុជាទិញទំនិញឬនាំចូលទំនិញច្រើនជាងប្រទេសណាៗទាំងអស់គឺស្មើនឹងជិត ៦១%។ តម្លៃសរុបនៃការនាំចូលក្នុងឆ្នាំ២០២២ មានចំនួនជិត ៣០ពាន់លានដុល្លារ។ រីឯតម្លៃសរុបនៃការនាំទំនិញចេញរបស់កម្ពុជាវិញមានចំនួនជាង២២ពាន់លានដុល្លារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថាបើមិនឱ្យលោកពឹងចិនតើឱ្យលោកទៅពឹងអ្នកណា។ ក៏ប៉ុន្តែ ការពិតជាក់ស្តែងផ្អែកតាមស្ថិតិនេះកម្ពុជាពឹងផ្អែកស្ទើតែពាក់កណ្តាលទៅលើទីផ្សារសហរដ្ឋអាមេរិកសម្រាប់ការនាំចេញទំនិញខណៈមិត្តដែកថែបចិនអាចជួយកម្ពុជាបានត្រឹមតែជាង៥ភាគរយប៉ុណ្ណោះ។
កម្ពុជាបានសម្រុកដាក់ចេញយុទ្ធសាស្ត្រពង្រីកទីផ្សារពាណិជ្ជកម្មតាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាបន្តបន្ទាប់ជាមួយប្រទេសចិន កូរ៉េខាងត្បូង និងពិនិត្យលទ្ធភាពជាមួយប្រទេសធំៗដទៃទៀតក្រោយសហភាពអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធEBA ២០% ដោយសារតែតែការរំលាយប្រជាធិបតេយ្យនិងការរំលោភសិទ្ធិមនុស្ស«ធ្ងន់ធ្ងរជាប្រព័ន្ធ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។