ឆ្នុកទ្រូ គឺជាកំពង់ផែដោះដូរសេដ្ឋកិច្ច ជាពិសេសទិន្នផលកសិកម្ម និងផលនេសាទរវាងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ កសិករ និងអាជីវករ ស្នើឲ្យរដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច អភិវឌ្ឍផ្លូវកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតំបន់ឆ្នុកទ្រូ ដើម្បីប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេស ឬបណ្ដុំនៃការដោះដូរកសិផល។
នៅរដូវប្រាំង ឬពេលទឹកទន្លេសាបស្រកចុះ អាជីវករផ្សារឆ្នុកទ្រូ បានធ្វើផ្ទះ និងបោះតង់ផ្ទាល់ដី ដើម្បីលក់ដូរទំនិញជំនួសការដាក់តាំងលក់នៅលើទូក និងលើផ្លូវតូចចង្អៀតនៅតំបន់នោះ។
តំបន់ឆ្នុកទ្រូ មានសកម្មភាពដោះដូរបន្លែ ត្រីសាច់ និងស្រូវកាន់តែមមាញឹក គឺនៅរដូវប្រាំង។ ប្រភពស្រូវ និងបន្លែត្រីទាំងនេះ នាំចេញពីបណ្ដាឃុំជាប់បឹងទន្លេសាប នៃខេត្តពោធិ៍សាត់ កំពង់ធំ និងខេត្តកំពង់ឆ្នាំង ហើយឈ្មួញកណ្ដាលត្រូវទិញទៅលក់បន្តទៅខេត្តបាត់ដំបង ភ្នំពេញ និងខេត្តបន្ទាយមានជ័យ ជាដើម។ ប៉ុន្តែបច្ចុប្បន្ន អាជីវករពុំមានកន្លែងដាក់ទំនិញលក់បោះដុំ និងរាយត្រឹមត្រូវឡើយ។
អាជីវករបោះដុំបន្លែល្ពៅម្នាក់ លោក កៅ សុខ មានប្រសាសន៍ថា ក្នុងមួយរដូវលោកអាចប្រមូលទិញផ្លែល្ពៅពីកសិកររស់នៅតាមចម្ការក្បែរមាត់ទន្លេក្នុងឃុំផាត់សណ្ដាយ ខេត្តកំពង់ធំ បានប្រហែល ១៦តោន ហើយជួលគេដឹកជញ្ជូនតាមទូកមកដាក់នៅកំពង់ផែឆ្នុកទ្រូ។ លោក និងភរិយា បានប្រកបមុខរបរទិញបន្លែជាង ២០ឆ្នាំហើយ ដើម្បីយកមកដាក់លក់ដុំ និងរាយនៅកំពង់ផែផ្សារឆ្នុកទ្រូ៖ « បើបានមានកំពង់ផែ វាសម្បូរសប្បាយ ហើយទំនិញគ្រាន់មានតម្លៃ។ វាអត់មានតម្លៃសោះ ! ឥឡូវនេះបានផលមកលក់បានមួយគីឡូ ៧០០ ទៅ ៨០០រៀល។ លោក ជិន ជេដ្ឋា៖ ខាងណាខ្លះមកទទួលទិញល្ពៅពីពូ ? មកពីភ្នំពេញយើង ពោធិ៍សាត់ បាត់ដំបង »។
លោក កៅ សុខ យល់ថា បើកំពង់ផែផ្សារឆ្នុកទ្រូ បច្ចុប្បន្នត្រូវបានចាក់ដីឲ្យខ្ពស់ផុតពីទឹក ឬសង់ស្តង់ដាក់បន្លែត្រីសាច់ឲ្យបានត្រឹមត្រូវ ប្រហែលជាបន្លែដែលគាត់ម៉ៅ ឬប្រមូលទិញពីកសិករនោះ នឹងមានតម្លៃខ្ពស់ និងមានម៉ូយមកចាំទិញយកទៅលក់បន្តច្រើន។ លោកថា ពេលនោះការគ្រប់គ្រងកាកសំណល់ស្អុយរលួយ ថង់ប្លាស្ទិក និងការលក់ដូរគ្មានសណ្ដាប់ធ្នាប់នេះ នឹងមានភាពប្រសើរឡើង។
ទាក់ទងបញ្ហានេះ អភិបាលរងស្រុកបរិបូរណ៍ លោក រ៉ែម ដេត បញ្ជាក់ថា តំបន់ឆ្នុកទ្រូ នឹងត្រូវប្រើរយៈពេលយូរដើម្បីអភិវឌ្ឍទាំងកំពង់ផែ នាំអ្នករស់នៅលើផ្ទៃទឹកឡើងគោក និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ ជាក់ស្ដែង មន្ទីរសាធារណការ កំពុងបន្តធ្វើផ្លូវប្រវែងប្រមាណ ៨គីឡូម៉ែត្រចេញពីផ្លូវជាតិលេខ៥ ឆ្ពោះទៅឃុំឆ្នុកទ្រូ ឬទីតាំងថ្មីដែលអាជ្ញាធរខេត្តគ្រោងនឹងធ្វើកំពង់ផែនោះ៖ « ពិសេស គឺផលិតផលដូចជាស្រូវ និយាយរួមទៅមកពីគ្រប់ទិសទាំងអស់ដឹកចេញតាមហ្នឹង ហើយបន្លែផ្សេងដូចជាឪឡឹក ត្រឡាច ល្ពៅ ហើយផលិតផលមួយទៀត គឺត្រីនៅក្នុងបឹងទន្លេសាប គឺឡើងមកតំបន់នេះ។ អ៊ីចឹងតំបន់នេះជាតំបន់សេដ្ឋកិច្ចធំនៅក្នុងស្រុកបរិបូរណ៍ យើង »។
លោក រ៉ែម ដេត បញ្ជាក់ថា ផ្លូវលេខ៥២ ដែលកំពុងស្ថាបនាឆ្ពោះទៅកាន់កំពង់ផែផ្សារឆ្នុកទ្រូនេះ មានទំហំទទឹង ១៥ម៉ែត្រ និងកម្ពស់យ៉ាងតិច ៣ម៉ែត្រ ៦តឹក អាស្រ័យស្ថានភាពដី ឬកម្ពស់ទឹក។ ក្នុងរយៈពេល ៩ខែ គឺចាប់ពីរដូវប្រាំងឆ្នាំ២០១៧ នេះតទៅ ក្រុមការងាររបស់មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង បានកាយអាចម៍ដីអមសងខាងផ្លូវមកចាក់លើទ្រូងផ្លូវឲ្យបានខ្ពស់ និងបង្ហាប់ឲ្យហាប់ល្អជាមុនសិន៖ « យើងមានផែនការច្បាស់លាស់ ថាតើជំហានណាដែលយើងអាចក្រាលកៅស៊ូបាន ប៉ុន្តែផែនេះជាផែនការរបស់ខេត្ត »។
ចំណែកអភិបាលស្រុកបរិបូរណ៍ លោក ឃួន សៅរុំ ថាគម្រោងអភិវឌ្ឍន៍តំបន់ឆ្នុកទ្រូ បានដាក់បញ្ចូលនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរួចហើយ ប៉ុន្តែត្រូវអនុវត្តច្រើនដំណាក់កាល និងប្រើពេលយូរបន្តិច។ លោកថា ក្នុងនោះក៏មានវិធានការនាំអ្នករស់នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងឃុំឆ្នុកទ្រូ ឡើងមករស់នៅលើគោកដែរ ដើម្បីបញ្ចៀសបញ្ហាបំពុលទឹកដោយសារសកម្មភាពរស់នៅរបស់ពួកគេ៖ « រដ្ឋាភិបាលក្ដី ឬខេត្តក្ដី នឹងមានគោលការណ៍ឡើងមករស់នៅលើគោកវិញ មិនអាចនៅលើទឹកបានទេ ដើម្បីធ្វើឲ្យបរិស្ថានទឹកវាល្អឡើងវិញ »។
សកម្មភាពរស់នៅ ធ្វើអាជីវកម្មត្រីសាច់ និងជួសជុលគ្រឿងម៉ាស៊ីន អាចភាយសារធាតុគីមីចូលក្នុងទឹក បណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរសុខភាពមនុស្ស និងធនធានមច្ឆជាតិ ខណៈអ្នកភូមិដែលភាគច្រើនជាជនជាតិវៀតណាម បានរស់នៅ និងបញ្ចេញសំណល់ពុលចូលក្នុងទឹកក្នុងម្នាក់ៗប្រមាណកន្លះគីឡូក្រាមក្នុងមួយថ្ងៃៗ។ អាជ្ញាធរថាបញ្ហាទាំងនេះ នឹងត្រូវបញ្ចប់ពេលបន្លាស់ទីអ្នកភូមិឡើងគោក។
ទោះជាយ៉ាងណា អាជ្ញាធរស្រុកបរិបូរណ៍ អះអាងថា តំបន់ឆ្នុកទ្រូ នឹងត្រូវរៀបចំឲ្យមានផែត្រី ឬកន្លែងដោះដូរទំនិញត្រឹមត្រូវ និងមានអនាម័យមួយ បន្ទាប់ពីធ្វើផ្លូវតភ្ជាប់បណ្ដាញទឹក ភ្លើង និងបន្លាស់ទីអ្នកភូមិបណ្ដែតទឹកទាំងអស់ឲ្យឡើងរស់នៅលើគោកមិនឆ្ងាយប៉ុន្មានពីទន្លេ ហើយអាជ្ញាធរកំពុងគិតគូរពីទីតាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។