តើ​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​ការ​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម​ដែរ​ឬទេ?

0:00 / 0:00

នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​ព្រមាន​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​បន្ថែម​ទៀត រដ្ឋាភិបាល​កម្ពុជា​មិន​ត្រឹមតែ​មិន​បង្ហាញ​ជំហរ​ស្វែងរក​ការចរចា​ទេ គឺ​ថែមទាំង​វាយបក​ខ្លាំងៗ​ ទៅវិញ​។ ករណីនេះ​នាំ​ឱ្យ​អ្នក​ធ្វើ​ការងារ​ពាក់ព័ន្ធ​ព្រួយបារម្ភ​ថា ការ​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម​នេះ​នឹង​កើតឡើង ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ពលរដ្ឋ​និង​ជាតិ​បន្ថែម​ទៀត។

អ្នក​នយោបាយ អ្នកវិភាគ និង​មេដឹកនាំ​សហជីព​ព្រួយបារម្ភ​ដូចៗ ​គ្នា​ថា បើសិនជា​សហភាព​អឺរ៉ុប​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ បន្ថែម​ទៀត នឹង​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​កាន់តែ​រង​ផល​ប៉ះពាល់​ខ្លាំង ហើយ​នឹង​កើត​មាន​វិបត្តិ​ផ្សេងៗ​ទៀត​នៅ​ក្នុង​សង្គម។

កាលពី​ថ្ងៃទី​១៦ ខែ​មីនា សហភាព​អឺរ៉ុប​បាន​អនុម័ត​ជា​ផ្លូវការ​នូវ​សេចក្តី​សម្រេច​ថ្មី​មួយ​ដែល​មាន ៧​ចំណុច​ធំៗ។ ចំណុច​សំខាន់​មួយ​នៃ​សេចក្តី​សម្រេច​នេះ គឺ​ព្រមាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» (EBA) ពី​កម្ពុជា​បន្ថែម​ទៀត ប្រសិន​បើ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខែ​កក្កដា​ខាងមុខ​នេះ ធ្វើ​ឡើង​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឬ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​កើតមាន​ការរំលោភ​សិទ្ធិ​មនុស្ស​បន្ត​ទៀត។

ទន្ទឹម​នឹង​ការ​ចេញ​សារ​ព្រមាន​ពី​សហភាព​អឺរ៉ុប​នេះ កម្ពុជា​មិន​បាន​បន្ទន់​ឥរិយាបថ​ ដើម្បី​ចរចា​ទេ​គឺ​មានតែ​ការ​វាយបក​បន្ថែម​វិញ​។ នៅ​ថ្ងៃទី​១៦ ​ខែមីនា លោក ហ៊ុន សែន បញ្ជាក់​ថា អឺរ៉ុប​កាត់​ប្រពន្ធ​អនុគ្រោះ​ពន្ធ​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ​ដែល​កំពុង​បន្ត​រីកចម្រើន​នោះ​ទេ​។ លោក ហ៊ុន សែន ក៏​បាន​បញ្ចេញ​សំឡេង​ខ្លាំងៗ ​វាយបក​បណ្តា​ប្រទេស​លោក​សេរី រួម​ទាំង​សហភាព​អឺរ៉ុប និង​អាមេរិក​ដែល​បាន​ជួប​សួរសុខទុក្ខ​លោក កឹម សុខា ក្នុង​ពេល​កន្លងទៅ​នោះ​ថា ជា​យុទ្ធនាការ​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា ហើយក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​លោក កឹម សុខា ជាប់ទោស​កាន់តែ​ធ្ងន់។

នៅ​ថ្ងៃទី​១៧ ខែ​មីនា អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ប្រាប់​អាស៊ីសេរី​ថា កម្ពុជា​មិន​ខ្វល់​ពី​ការ​ព្រមាន​របស់​អឺរ៉ុប​ទេ ព្រោះ​កម្ពុជា​កំពុងតែ​អនុវត្តន៍​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​និង​គោលការណ៍​សិទ្ធិមនុស្ស ម្យ៉ាងទៀត​សេដ្ឋកិច្ច​កម្ពុជា​ក៏​កំពុងតែ​រីកចម្រើន​។

បើ​ពិនិត្យ​លើ​ប្រតិកម្ម​របស់​សហភាព​អឺរ៉ុប និង​ឥរិយាបថ​របស់​រដ្ឋាភិបាល​កម្ពុជា​ គឺ​ដំណើរការ​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អាច​នឹង​កើតមាន​ជៀស​មិន​ផុត​ទេ។

នៅក្នុង​វេទិកា​អ្នក​ស្តាប់​របស់​អាស៊ីសេរី​ថ្ងៃទី​១៧ ខែមីនា ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​កម្មករ​ដែល​បាត់បង់​ការងារ​កំពុង​ប្រឹងប្រែង​ស្វែងរក​ការងារ​ថ្មី​ហើយ​មួយចំនួន​ ក៏​វិល​ទៅ​ស្រុកកំណើត​ទាំង​មិន​មាន​ចំណូល​។ លោក​បារម្ភ​ថា កម្មករ​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ ទាំង​ត្រូវការ​លុយ​ចំណាយ​លើ​ជីវិត​ប្រចាំថ្ងៃ និង​លុយ​សង​ធនាគារ។

លោក អាត់ ធន់៖ «ការ​ហូបចុក​តម្រូវ​ការ​សង្គម និង​ការ​បង់​ទៅលើ​មីក្រូហិរញ្ញវត្ថុ ឬក៏​ស្ថាប័ន​ធនាគារ​ផ្សេងៗ​នេះ​គឺជា​កាតព្វកិច្ច​ដែល​គាត់​មិន​អាច​មិន​ធ្វើ​បានទេ។ បើ​មិន​ដូច្នេះ​គឺ​នឹង​រឹបអូស​ទ្រព្យសម្បត្តិ ឬ​សម្ភារ​ផ្សេងៗ​ទៀត​ជាច្រើន»។

របាយការណ៍​ក្រសួង​ការងារ​បង្ហាញ​ថា នៅ​ចុងឆ្នាំ​២០២២ រោងចក្រ​ជាង​៤៩០ បិទទ្វារ​ប៉ះពាល់​កម្មករ​ជាង ​៥​ម៉ឺន​នាក់​។ ចំណែក​នៅ​ដើមខែ​មីនា ឆ្នាំ​២០២៣ រោងចក្រ​៧១​ បន្ថែម​ទៀត​បាន​បិទទ្វារ ប៉ះពាល់​កម្មករ​ជាង ៣​ម៉ឺន ២​ពាន់​នាក់។

អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក គីមសួរ ភីរិទ្ធ មាន​ប្រសាសន៍​ថា គណបក្ស​ភ្លើងទៀន​ព្រួយបារម្ភ បើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​បន្ថែម​ទៀត នឹង​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​ប៉ះពាល់​កាន់តែ​ខ្លាំង​។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​ ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ។

លោក គីមសួរ ភីរិទ្ធិ៖ «​ឥឡូវ​បើ​គេ​កាត់​EBAគេ​ត្រូវ​កាត់​ការងារ​យ៉ាងតិច ខ្ញុំ​ថា យ៉ាងតិច​ ៥០​ម៉ឺន ហើយ​រង្វង់​ឡើង​ដល់​លាន​ ព្រោះ​ពាក់ព័ន្ធ​គ្រួសារ​ពួកគាត់​ទៀត​។ អ៊ីចឹង ​ជីវភាព​របស់​ពួកគាត់​ធ្ងន់ធ្ងរ​មួយ​កម្រិត​ទៀតហើយ អ៊ីចឹង​សុំ​ឱ្យ​រដ្ឋាភិបាល គណបក្ស​ភ្លើងទៀន​នៅតែ​ទទូច​អ៊ីចឹង ​សូម​ឱ្យ​រដ្ឋាភិបាល​ពិចារណា ហើយ​គិតគូរ​ទៅដល់​ផលប្រយោជន៍​កម្មករ និង​ប្រជាពលរដ្ឋ» ។

ប្រធាន​គណបក្ស​បំណង​ពលរដ្ឋ​លោក អ៊ិត សារម្យ មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​ខ្មែរ​ដល់​ពេល​ដែល​ត្រូវ​ជជែក​គ្នា​ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ជាជាង​ការ​ប្រើ​អំណាច​ធ្វើបាប​គ្នា​ដោយ​បំពាន​ច្បាប់។ លោក អ៊ិត សារម្យ ចាត់ទុក​ថា ការ​កាត់ទោស​លោក កឹម សុខា ជា​ករណី​ជាក់ស្តែង​មួយ​ចុងក្រោយ​ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​មើលឃើញ​ថា ជា​ទង្វើ​អយុត្តិធម៌​។​

ទន្ទឹម​នឹង​ការជំរុញ​ដល់​អ្នកនយោបាយ​មាន​ឥទ្ធិពល​នោះ លោក អ៊ិត សារម្យ ក៏​ជំរុញ​ឱ្យ​ពលរដ្ឋ​ចូលរួម​សកម្មភាព ​ដើម្បី​ប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម។

លោក អ៊ិត សារម្យ៖ «ទោះជា​នៅក្នុង​ការភ័យខ្លាច ការ​អី​ក៏ដោយ​ចង់ឱ្យ​ប្រជាពលរដ្ឋ​ស្រលាញ់​យុត្តិធម៌ ឱ្យ​ចេះ​មើល​នូវ​ទង្វើ​ទាំងឡាយ​ណា​ត្រឹមត្រូវ ណា​មិន​ត្រឹមត្រូវ ទង្វើ​ណា​រំលោភបំពាន​។ ទោះ​យើង​មិន​អាច​សម្ដែង​ឆន្ទៈ តាម​គោល​ការ​ប្រជាធិបតេយ្យ​ ដែល​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​មួយចំនួន ការ​ធ្វើ​បាតុកម្ម ការ​ធ្វើ​អី​មែន ប៉ុន្តែ​យើង​មាន​ឱកាស​តែ​មួយ​គត់ សង្ឃឹម​តូច​មួយ គឺ​ការបោះឆ្នោត»។

សហភាព​អឺរ៉ុប​កាត់​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ EBA លើក​ទី​១ ពី​កម្ពុជា កាល​ពី​ខែ​សីហា ​ឆ្នាំ​២០២០ ចំនួន ​២០​ភាគរយ បាន​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ​ ៧០​ម៉ឺន​នាក់​ដោយ​ផ្ទាល់ និង​ប៉ះពាល់​ពលរដ្ឋ​ដោយ​ប្រយោល​ប្រមាណ ៣​លាន​នាក់។

ជា​មធ្យម​សហភាព​អឺរ៉ុប​ទិញ​ទំនិញ​ពី​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៥​ពាន់​លាន​ដុល្លារ ក្នុង ​១​ឆ្នាំ​។ ការ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​បាន​ទាក់ទាញ​អ្នក​វិនិយោគ​ទាំង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ រោងចក្រ​ឧស្សាហកម្ម​ផ្សេង​ទៀត និង​វិស័យ​កសិកម្ម ឱ្យមក​បណ្ដាក់ទុន​នៅ​កម្ពុជា ព្រោះ​ពួកគេ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន ពេល​នាំទៅ​អឺរ៉ុប​ដោយ​មិន​ជាប់ពន្ធ។

របាយការណ៍​របស់​អង្គការ​សង់ត្រាល់​បង្ហាញ​ថា គិត​ត្រឹម​ដើម​ឆ្នាំ​២០២៣ ពលរដ្ឋ​កម្ពុជា​ជាង ២​លាន​នាក់​កំពុង​តែ​ធ្វើការងារ​ជា​ពលករ​នៅក្នុង​ប្រទេស​ថៃ។ ពលករ​ទាំង​នោះ​ប្រមាណ​ពាក់កណ្តាល ឬ​ស្មើ ១​លាន​នាក់​មិន​មាន​ឯកសារ​ស្របច្បាប់​ត្រឹមត្រូវ ប្រឈម​ការ​កេងប្រវ័ញ្ច​ពលកម្ម ការ​ជួញដូរ ឬ​ការ​ចាប់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច​ថៃ។ ពលរដ្ឋ​ខ្មែរ​ដែល​សម្រេចចិត្ត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទាំង​ជួប​ការ​លំបាក​នោះ​ដោយសារ​ពិបាក​រក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ហើយ​មួយ​ចំនួន​ជាប់​បំណុល​ធ្ងន់ធ្ងរ។

ដូច្នេះ​ការ​អះអាង​របស់​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​ថា មិន​ប៉ះពាល់​ពី​វិធានការ​របស់​សហគមន៍​អន្តរជាតិ​នោះ គឺ​អាច​មិន​ប៉ះពាល់​តែ​ក្រុម​លោក​តែប៉ុណ្ណោះ ចំណែក​ពលរដ្ឋ​ពិត​ជា​ប៉ះពាល់​ដល់​ជីវភាព ហើយ​ជាតិ​ទាំងមូល​ប្រឈម​ការ​បែកបាក់​ដោយសារ​តែ​អំពើ​អយុត្តិធម៌​កាន់តែ​រីក​ធំឡើង​នៅ​ក្នុង​សង្គម។

អ្នកជំនាញ​កិច្ចការ​នយោបាយ​លោក ហ៊ុន កុសល លើកឡើង​ថា សហភាព​អឺរ៉ុប​បាន​ក្រើន​រំឭក និង​ផ្តល់​ពេល​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ប្រមាណ​ ៥​ឆ្នាំ​មក​នេះ។ ប៉ុន្តែ​លោក​ថា ជាក់ស្តែង​ប្រជាពលរដ្ឋ និង​អ្នកនយោបាយ នៅតែ​រង​ការបំពាន​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។

លោក ហ៊ុន កុសល៖ «ការ​បិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ បិទ​សិទ្ធិ​សេរីភាព​របស់​អ្នក​នយោបាយ​ដទៃ​ពិសេស​អ្នកនយោបាយ​របស់​គណ​បក្ស​ប្រឆាំង គឺ​ដល់ពេល​វេលា​ដែល​រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ​ហើយ ព្រោះ​អ្នកនយោបាយ​របស់​គណបក្ស​ប្រឆាំង​បាន​បាត់បង់​នូវ​ប្រយោជន៍​នយោបាយ​របស់​ខ្លួន​ជាច្រើន​ឆ្នាំ»។

លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ដែល​ទាមទារ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស និង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ មិន​បាន​បង្ហាញ​ពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ទាញ​យក​ផល​ចំណេញ​ពី​កម្ពុជា​នោះ​ទេ តែ​ផ្ទុយទៅវិញ​គឺ​ផ្តល់​ការផ្សះផ្សា​ជាតិ​ដោយ​ធ្វើ​ឱ្យ​មាន​ការបោះឆ្នោត​ត្រឹមត្រូវ មិន​មាន​ជម្លោះ អ្នក​មាន​អំណាច​មិន​បញ្ជា​លើ​តុលាការ ធ្វើ​ឱ្យ​ពលរដ្ឋ​គ្រប់គ្នា​រស់នៅ​ដោយ​យុត្តិធម៌ មិន​ចាំបាច់​មាន​ជម្លោះ​ផ្សេងៗ​ត្រូវ​ពឹង​លោក ហ៊ុន សែន គ្រប់គ្នា​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។