ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​រឿង​បើក​ទូលាយ​ចាយ​ប្រាក់​យ័ន​ចិន

0:00 / 0:00

ប្រជាពលរដ្ឋ និង​អ្នកវិភាគ​រិះគន់​រដ្ឋាភិបាល​ដែល​អនុញ្ញាត​ឱ្យ​ជនជាតិ ឬ​ទេសចរ​ចិន​ចូល​កម្ពុជា​អាច​ចាយវាយ​ប្រាក់​យ័ន​ចិន​បាន​។ ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​ធនាគារជាតិ​កម្ពុជា​អនុញ្ញាត​ឱ្យ​ជនជាតិ​ចិន​មកលេង​កម្ពុជា​ចាយប្រាក់​យ័ន​ចិន​តាម​ប្រព័ន្ធ​ឌីជីថល (Digital) ដោយ​ពុំ​ចាំបាច់​ប្ដូរ​ប្រាក់​រៀល ឬ​ប្រាក់​ដុល្លារ​ឡើយ។

ពលរដ្ឋ​មួយចំនួន និង​អ្នកវិភាគ​នយោបាយ​មើលឃើញ​ថា ការ​ដែល​ជនជាតិ​ចិន ឬ​ទេសចរ​ចិន​មក​លេង​កម្សាន្ត​កម្ពុជា​អាច​ចាយវាយ​ប្រាក់​យ័ន​ចិន គឺជា​ការពង្រីក​ឥទ្ធិពល​នយោបាយ​ចិន​មួយ​កម្រិត​ទៀត​លើ​ទឹកដី​ខ្មែរ និង​តំបន់​អាស៊ីអាគ្នេយ៍ ច្រើនជាង​ការ​ផ្ដល់​ផល​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។

ពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​សៀមរាប លោក សៀម វ៉ាន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ថា កម្ពុជា​នឹង​ប្រឈម​ផល​ប៉ះពាល់​សង្គម និង​ភាពស្មុគស្មាញ​ក្នុង​ការ​ទូទាត់​ប្រាក់​ជាមួយ​ជនជាតិ​ចិន ប្រសិនបើ​កម្ពុជា​គ្មាន​ការ​ត្រួតពិនិត្យ​លំហូរ​សាច់ប្រាក់​លើ​ប្រព័ន្ធ​ឌីជីថល​របស់​ភ្ញៀវ​ទេសចរ​ចិន​ឱ្យ​បាន​ច្បាស់លាស់​ទេ​នោះ។

លោក​ជឿជាក់​ថា ការ​ដែល​រដ្ឋាភិបាល​ឯក​បក្ស​អនុញ្ញាត​ឱ្យ​ជន​ជាតិចិន​ចាយប្រាក់​យ័ន​នៅ​កម្ពុជា​នៅ​លើ​ប្រព័ន្ធ​ឌីជីថល គឺជា​ការ​បង្ក​ភាព​ងាយស្រួល​មួយ​កម្រិត​ទៀត សម្រាប់​ជនជាតិ​ចិន​មួយចំនួន​ដែល​ពួកគេ​យក​លុយ​ខុសច្បាប់​មក​ចរាចរ​នៅ​ស្រុក​ខ្មែរ។

លោក សៀម វ៉ាន់៖ «​​មិន​គួរ​ណា​យក​លុយ​ចិន​មក​វាយ​ទេ យើង​នៅ​ស្រុក​ខ្មែរ​ត្រូវតែ​ចិន​ចាយប្រាក់​ខ្មែរ​។ ដូច​ថា​ច្បាប់​រដ្ឋាភិបាល​ធូររលុង បើក​កាស៊ីណូ បើក​ល្បែង​ពាលា ជនជាតិ​គេ​មកលេង​នៅ​លើ​ទឹកដី​ខ្មែរ អ៊ីចឹង​ឯង​ប្រទេស​ខ្មែរ​យើង​អាច​នឹង​មាន​គ្រោះថ្នាក់ អត់​មាន​សណ្ដាប់ធ្នាប់ កាលណា​អត់​មាន​សណ្ដាប់ធ្នាប់​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្មែរ​យើង វា​អុកឡុក​ខ្មែរ​យើង​មិនបាន​សុខ វា​ធ្វើ​ឱ្យ​យើង​បែកបាក់​គ្នា ដណ្ដើម​មុខរបរ​ខ្មែរ​អស់​ប៉ះពាល់​ធំ​ណាស់ វា​មិន​ឱ្យ​យើង​សុខ​ទេ វា​មក​បង្កើត​ទុក្ខ​ឱ្យ​យើង»។

អាជីវករ​ម្នាក់ទៀត​រស់នៅ​ខេត្ត​កណ្ដាល​លោកស្រី ចាន់ សុខរី ថ្លែង​ថា ពលរដ្ឋ​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ប្រើប្រាស់ លុយ​យ័ន​ចិន។ លោកស្រី​ព្រួយ​បារម្ភ​ថា សេដ្ឋកិច្ច​ពលរដ្ឋ​អាច​មិន​រីកចម្រើន​នោះ​ទេ ប្រសិនបើ​ឥទ្ធិពល​ប្រាក់​យ័ន​ចិន​កាន់តែ​រីក​សាយភាយ​ទូលំទូលាយ។

លោកស្រី ចាន់ សុខរី៖ «ពិបាក​ដែរ​សម្រាប់​ខ្ញុំ ណាមួយ​លុយ​ប្រទេស​ខុសគ្នា យើង​ធ្លាប់​ចាយ​លុយ​រៀល បើ​ចាយ​លុយ​ចិន​ពិបាក​ដែរ»។

ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​អនុញ្ញាត​ឱ្យ​ទេសចរ​ចិន ឬ​អ្នក​វិនិយោគ​ចិន​ដែល​មកលេង​កម្សាន្ត​នៅ​កម្ពុជា​អាច​ចាយប្រាក់​យ័ន​តាម​ប្រព័ន្ធ​ឌីជីថល ឬ​តាមរយៈ​ប្រព័ន្ធ​ធនាគារ​នានា​របស់​ជន​ជាតិចិន​ដែល​និយម​ប្រើប្រាស់ ដោយ​ពុំ​ចាំបាច់​យក​ប្តូរ​ប្រាក់​រៀល ឬ​ប្រាក់​ដុល្លារ​ពី​ធនាគារជាតិ​កម្ពុជា​ឡើយ។

កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣ ធនាគារជាតិ​នៃ​កម្ពុជា​អះអាង​ថា អនុស្សរណៈ​យោគយល់​គ្នា ស្ដីពី កិច្ច​សហប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​ឆ្លងដែន​តាម​ឃ្យូអរ​កូដ (QR Code) ជាមួយ​ក្រុមហ៊ុន​ចិន UnionPay International គឺ​ដើម្បី​លើកកម្ពស់​ដល់​ប្រតិបត្តិ​ការ​ទូទាត់​ឆ្លង​ប្រទេស​រវាង​ប្រព័ន្ធ​បាគង​ជាមួយនឹង​បណ្ដាញ​ទូទាត់ QR Code របស់​ក្រុមហ៊ុន UnionPay International របស់​ក្រុមហ៊ុន​ចិន។

ទាក់ទង​នឹង​រឿង​នេះ អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័គ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កម្ពុជា​លើកទឹកចិត្ត​ឱ្យ​ជនជាតិ​ចិន​ចាយវាយ​ប្រាក់​យ័ន​ចិន​តាម​ប្រព័ន្ធ​ឌីជីថល ដោយ​ពុំ​អនុញ្ញាត​ឱ្យ​ចរាចរ​ប្រាក់​យ័ន​ចិន​ដោយ​ផ្ទាល់​ឡើយ​។ លោក​បញ្ជាក់​ថា ការសម្រួល​ឱ្យ​ទេសចរ​ចិន​ចាយប្រាក់​យ័ន​គឺជា​ការ​ទាក់ទាញ ឱ្យ​ទេសចរ​ចិន​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន​។ លោក​អះអាង​ទៀត​ថា ការ​ទូទាត់​ប្រាក់​យ័ន​តាម​ប្រព័ន្ធ​អនឡាញ ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​ផ្ទាល់ ក៏​កាត់បន្ថយ​ហានិភ័យ​ការ​ឆបោក​ក្រដាសប្រាក់​ក្លែងក្លាយ​ផង​ដែរ។

លោក តុប សុភ័គ៖ «អ្វី​ដែល​ជា​ចំណុច​សំខាន់ ជា​អត្ថប្រយោជន៍​កាលណា​យើង​ទូទាត់​ប្រព័ន្ធ​កាត​ធនាគារ ឬ​តាម​ទូរស័ព្ទ​ដែល​យើង​ប្រើ(QR Code)ហ្នឹង​ទោះបី​ទំនិញ ឬ​សេវាកម្ម​នោះ​ជា​រូបិយប័ណ្ណ​ប្រាក់​រៀល ឬ​ប្រាក់​ដុល្លារ​ក៏​អាច​ទូទាត់​បាន​ដែរ​។ ទេសចរ​ចិន​ដែល​គាត់​មក គាត់​ទូទាត់​ទៅ​ទោះ​បីថា ចាយប្រាក់​រៀល ដុល្លារ​អី​ទូទាត់​បាន​ដូចគ្នា​ទៅតាម​ប្រព័ន្ធ​ឌីជីថល»។

ទោះជា​បែបនេះ​ក្ដី អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើក​ឡើង​ថា មូលហេតុ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកតម្កើង​ប្រាក់​យ័ន​ចិន​នៅ​ពេល​នេះ គឺ​ដើម្បី​ទប់​ទល់នឹង​ទណ្ឌកម្ម​ប្រទេស​លោក​សេរី​ក្រោយ​ការបោះឆ្នោត​ថ្នាក់​ជាតិ ខណៈ​សហភាព​អឺរ៉ុប​បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​កម្ពុជា​បន្ថែម ប្រសិនបើ​រក​ឃើញ​ថា ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ចុងខែ​កក្កដា​ខាងមុខ​នេះ ប្រព្រឹត្តទៅ​មិន​ត្រឹមត្រូវ សេរី និង​យុត្តិធម៌​នោះ។

លោក គឹម សុខ៖ «រឿង​មួយទៀត​នៅ​ពីក្រោយ​រឿង​ហ្នឹង​វា​អាច​ជា​ផែនការ​មួយ​ដែរ ព្រោះ​យើង​អត់​ទាន់​ដឹង​នៅឡើយ​ថា ការប្រើ(QR Code)ហ្នឹង​អាច​ផ្ទេរ​លុយ​បាន​បរិមាណ​ប៉ុន្មាន​?មួយថ្ងៃ​បាន​ត្រឹម ១​ពាន់​យ័ន ឬ​១​ម៉ឺន​យ័ន ឬ​១​លាន​យ័ន។ ចុះ​ឧបមា​ថា គេ​ដាក់​ក្នុង​បរិមាណ​ច្រើន ១​លាន​យ័ន អ៊ីចឹង​មានន័យថា ចិន​អាច​ជួយ ហ៊ុន ម៉ាណែត ជួយ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​យ៉ាង​ងាយ​តាមរយៈ(QR Code)ហ្នឹង​រុញ​លុយ​មក​យ៉ាង​លឿន»។

អ្នកឃ្លាំមើល​លើកឡើង​ថា មូលហេតុ​ដែល​កម្ពុជាទ​ទួល​រង​ឥទ្ធិពល​ចិន​ស្ទើរ​គ្រប់​វិស័យ​ដោយសារតែ​រដ្ឋាភិបាល​លម្អៀង​នយោបាយ​ការបរទេស​ទៅ​រក​ប្រទេស​ចិន​ដើម្បី​ឱ្យ​ជួយ​ការពារ​អំណាច ខណៈ​លោក ហ៊ុន សែន ក៏​ហាក់​ដឹងខ្លួន​ឯង​ថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក​ទំនង​រស់នៅ​ខ្វះ​ចិន​ពុំបាន​នោះ​ទេ ដោយសារតែ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ការបំផ្លាញ​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។