សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​បង្កើត​ការងារ​ក្នុងស្រុក ជា​ជាង​ឱ្យ​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក

0:00 / 0:00

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កំណត់​ក្រុមហ៊ុន​ស្របច្បាប់​ដែល​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដើម្បី​លុបបំបាត់​នូវ​ក្រុមហ៊ុន​ដែល​ឆបោក​ពលករ​កន្លង​មក។ ទោះជា​យ៉ាងណា សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរ​ស្ដារ​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ក្នុងស្រុក ជាជាង​ឱ្យ​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​០២ ខែ​មករា បាន​ជ្រើសរើស​ប្រមាណ ៤​រយ​ក្រុមហ៊ុន​ឯកជន ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ជ្រើសរើស​បណ្ដុះបណ្ដាល​បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​រួមមាន ប្រទេស​ជប៉ុន ប្រទេស​ថៃ និង​អារ៉ាប់ប៊ីសាអូឌីត (Saudi Arabia) ជាដើម​។ ក្រសួង​ការងារ ថា​រាល់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទាំងឡាយ​ណា​ដែល​ពុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​ក្រសួង​គឺ​ចាត់ទុក​ថា ជាទី​ភ្នាក់ងារ​ងារ​ជ្រើសរើស​ឯកជន​ខុសច្បាប់។

ប្រធាន​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើង​ថា ការ​ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន ឬ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​របស់​ក្រសួង​ការងារ​នេះ គឺជា​ផ្នែក​មួយ​ក្នុង​ការ​ទប់ស្កាត់​ក្រុមហ៊ុន ឬ​ទីភ្នាក់ងារ​នាំ​ពលករ​ទៅ​ក្រៅប្រទេស​ខុសច្បាប់​ប៉ុណ្ណោះ។

លោក ឌី ថេហូយ៉ា បន្ត​ថា នៅ​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​ធ្លាក់ចុះ​នាំ​ឱ្យ​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​កាន់តែ​ឡើង ហើយ​ពលករ​មួយចំនួន​បាន​ជ្រើសរើស​រើស​ក្រុមហ៊ុន​ខុសច្បាប់​ដែល​យក​តម្លៃ​សេវា​តិច​ដដែល។

លោក ឌី ថេហូយ៉ា៖ «ច្បាស់​ណាស់​ពាក់ព័ន្ធ​នឹង​កត្តា​សេដ្ឋកិច្ច វា​អត់​ប្រសើរ​ឡើង វា​ដុនដាប អត្រា​ការងារ​ធ្វើ​ធ្លាក់​ចុះ អ៊ីចឹង​ហើយ​ពលរដ្ឋ​ត្រូវ​ការ​រក​ការងារ​ធ្វើ​ដើម្បី​បាន​ប្រាក់​ចំណូល អ៊ីចឹង​គាត់​ត្រូវ​ចំណាកស្រុក​បន្ថែម​ហើយ»។

ទិន្នន័យ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្ហាញថា​ក្នុង​ឆ្នាំ ២០២២ ថា មាន​ពលករ​កម្ពុជា ជាង ១​លាន បី​សែន​នាក់ កំពុង​បម្រើ​ការងារ​នៅក្នុង​ប្រទេស​គោលដៅ​ចំនួន ៧ ដែល​ក្នុង​នោះ​មាន​ប្រទេស​ថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី តំបន់​រដ្ឋបាល​ពិសេស​ហុងកុង និង​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត។

ទោះជា​យ៉ាងណា​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣ ថា​យ៉ាង​តិច​ណាស់​មាន​ពលករ​ខ្មែរ​ជាង ២​លាន​នាក់ កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​ដែល​ភាគច្រើន​មិនបាន​ទៅ​តាម​ក្រុមហ៊ុន ឬ​មាន​ឯកសារ​ស្របច្បាប់​។ របាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា ភាគច្រើន​នៃ​ពលករ​កម្ពុជា ត្រូវ​ចំណាកស្រុក​ដោយសារ​តែ​គ្មាន​ជម្រើស ឬ​ដោយសារ​ស្ថានភាព​បង្ខំ ដូចជា កង្វះខាត​ឱកាស​ការងារ​សមរម្យ និង​ទៀងទាត់​នៅក្នុង​ស្រុក ការ​ជំពាក់​បំណុល ទិន្នផល​កសិកម្ម​ធ្លាក់ចុះ និង​ខ្វះ ឬ​គ្មាន​ទីផ្សារ​លក់​ផលិតផល​ជាដើម។

របាយការណ៍​ដដែល​ឱ្យ​ដឹង​ថា កត្តា​ទាំងនេះ​បាន​រុញច្រាន​ពលករ​ចំណាកស្រុក​ពិសេស ពលករ​ជា​ស្ត្រី និង​កុមារ ក្លាយជា​ក្រុម​ងាយ​ធ្លាក់ខ្លួន​ទៅ​ក្នុង​ស្ថានភាព​រងគ្រោះ​កាន់តែ​ខ្លាំង ដូចជា​ចាញ់បោក​មេខ្យល់ ទទួលរង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ និង​រងគ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស។

ជុំវិញ​រឿង​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ មានប្រសាសន៍​ថា រោងចក្រ​ប្រមាណ​៤០ បាន​បិទទ្វារ​កាលពី​ឆ្នាំ​២០២៣ ដែល​បាន​ធ្វើ​ឱ្យ​កម្មករ​បាត់បង់​ការងារ នឹង​មាន​កម្មករ​មួយ​ចំនួន​ទៀត​សម្រេចចិត្ត​ចំណាកស្រុក​ដើម្បី​ជីវភាព និង​ដោះបំណុល​គ្រួសារ​។ លោក អាត់ ធន់ លើកឡើង​ថា សម្រាប់​កម្ម​ករ​មិន​ចង់​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​ដែល​មាន​ប្រាក់​ឈ្នួល​ប្រហាក់ប្រហែល​នឹង​ការងារ​ក្នុងស្រុក​នោះ​ទេ។

លោក អាត់ ធន់៖ «បាទ​ជា​ការ​ពិត នៅ​ពេល​ដែល​នៅក្នុង​ស្រុក​វា​មិន​មាន​ការងារ​ធ្វើ ហើយ​ការងារ​ហ្នឹង​មិន​មាន​ប្រាក់ចំណូល​គ្រប់គ្រាន់ ឬ​លក្ខខណ្ឌ​ការងារ​មិនល្អ ឬ​អត់​មាន​សុវត្ថិភាព​ការងារ អ៊ីចឹង​ហើយ​កម្មករ និង​ពលរដ្ឋ​ចេះតែ​រក​វិធី​ដូច​ជា​ការ​ចំណាកស្រុក​គឺជា​ជម្រើស​មួយ ដូចជា​គាត់​អាច​ទៅ​កូរ៉េ ទៅ​ជប៉ុន ឬ​ទៅ​ថៃ ឬ​ប្រទេស​ផ្សេងៗ ទៀត អ៊ីចឹង​ការ​មិន​មាន​ការងារ​ច្បាស់លាស់ ការ​មិន​មាន​សុវត្ថិភាព វា​មិនល្អ​សម្រាប់​កម្មករ​យើង​ទេ»។

លោក អាត់ ធន់ ស្នើ​ដល់​រដ្ឋាភិបាល​បើក​លំហ​ប្រជាធិបតេយ្យ​ដើម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើងវិញ​ដើម្បី​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ល្អ​ប្រសើរ ហើយ​ពលរដ្ឋ​ខ្មែរ​ក៏​មិន​ប្រថុយប្រថាន​ចំណាកស្រុក​ទៅ​បរទេស​ទៀត​នោះ​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ជុំវិញ​រឿង​នេះ​ពី​រដ្ឋមន្ត្រីក្រសួង​ការងារ លោក ហេង សួរ និង អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន បាន​ទេ នៅ​ថ្ងៃទី៣ ខែ​មករា។

កន្លងទៅ​សង្គម​ស៊ីវិល​រក​ឃើញ​ថា ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ជាពិសេស​ពលករ​ខុសច្បាប់​បាន​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ដូចជា​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​រំលោភបំពាន​សិទ្ធិ​ការងារ គំរាមកំហែង ថៅកែ​មិន​បើកប្រាក់​ខែ​ឱ្យ​គ្រប់គ្រាន់ និង​ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ដោយសារ​ឆ្លងដែន​ធ្វើការ​ខុសច្បាប់​នៅ​ស្រុក​គេ​ជាដើម។

ជាក់ស្ដែង​កាលពី​ខែ​តុលា កន្លង​ទៅ អាជ្ញាធរ​ថៃ​បាន​ព័ទ្ធចាប់ខ្លួន​ពលករ​ចំណាកស្រុក​ខុសច្បាប់ ជាង​៤​រយ​នាក់​នាក់ ដែល​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ខេត្ត​អយុធ្យា (Ayuthaya) ក្នុង​ប្រទេស​ថៃ​(Thailand)។ ប៉ុន្តែ​ករណី​នេះ​អាជ្ញាធរ​ថៃ​បាន​ដោះលែង​ពលរដ្ឋ​ខ្មែរ​ខ្លះ​ឱ្យ​វិលត្រឡប់​ទៅ​កន្លែង​ការងារ​វិញ ក្រោយ​ពេល​ថៅកែ​ធានា​ដោយ​សន្យា​ធ្វើ​សំបុត្រស្នាម​ស្របច្បាប់​ជូន​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។