មន្ត្រីសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលបង្ហាញឆន្ទៈ ទប់ស្កាត់ និងឆ្លើយតបសកម្មភាពលាងលុយកង្វក់ឱ្យមានប្រសិទ្ធភាព ពីព្រោះពួកគេមើលឃើញថា បញ្ហានេះប៉ះពាល់ដល់មុខមាត់ជាតិ សេដ្ឋកិច្ចជាតិ និងបង្កឱ្យមានវិបត្តិសង្គមជាដើម។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលបានដោះស្រាយ និងកំពុងរៀបចំច្បាប់ឆ្លើយតបនឹងលក្ខខណ្ឌរបស់ស្ថាប័នអន្តរជាតិបណ្តើរៗហើយ ដើម្បីឱ្យកម្ពុជារួចផុតពីបញ្ជីប្រផេះ ឬប្រទេសដែលមានហានិភ័យខាងលាងលុយកង្វក់។
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលបង្ហាញឆន្ទៈទៅអន្តរជាតិជឿជាក់ថា កម្ពុជាពិតជាមានបំណងពិតប្រាកដក្នុងការអនុវត្តច្បាប់ និងទប់ស្កាត់បញ្ហាលាងលុយកង្វក់ ដើម្បីឱ្យកម្ពុជារួចពីបញ្ជីប្រផេះខាងមុខនេះ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា ការដែលស្ថាប័នអន្តរជាតិបានដាក់កម្ពុជាទាក់ទងបញ្ហាការលាងលុយកង្វក់ និងបញ្ហាជួញដូរមនុស្សកន្លងមកនេះមិនមែនជារឿងល្អឡើយ។ លោកថា បញ្ហានេះ គឺប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលនៅលើឆាកអន្តរជាតិ និងបាត់បង់អ្នកវិនិយោគល្អៗរកស៊ីនៅក្នុងប្រទេស បើសិនរដ្ឋាភិបាលយឺតយ៉ាវក្នុងការឆ្លើយតបនឹងរបាយការណ៍ទាំងនោះឱ្យប្រសិទ្ធភាពនោះទេ។ លោកមើលឃើញថា កន្លងមកនេះ រដ្ឋាភិបាលបានចាត់វិធានការដោះស្រាយកម្រិតមន្ត្រីស្ថាប័នជំនាញដែរ ប៉ុន្តែប្រសិទ្ធភាពឬយ៉ាងនោះលោកមិនអាចវាយតម្លៃបានទេ ដោយអាស្រ័យលើការអនុវត្ត និងការឆ្លើយតបរបស់រដ្ឋាភិបាល ព្រមទាំងការត្រួតពិនិត្យពីស្ថាប័នជំនាញនៅក្រៅប្រទេស៖ «ដរាបណាមានការឆ្លើយតបយឺត ឬក៏វិធានការអនុវត្តទៅមិនមានប្រសិទ្ធភាព វាអាចទីមួយតាមការមើលឃើញទៅលើមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិមិនល្អ ទីពីរវាអាចថាប៉ះពាល់ដល់ការវិនិយោគព្រោះយើងដឹងហើយអ្នកវិនិយោគត្រឹមត្រូវមកពីប្រទេសស្អាតស្អំមិនហ៊ានទេ»។
ចំណែក អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក គៀន ពន្លក លើកឡើងថា ស្ថាប័នអន្តរជាតិបានលើកឡើងពីការព្រួយបារម្ភ និងផ្តល់អនុសាសន៍ក្នុងរបាយការណ៍របស់ខ្លួនប្រចាំឆ្នាំដោយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាកែសម្រួលច្បាប់មួយចំនួន រួមទាំងពង្រឹងការអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យកម្ពុជាស្ថិតក្នុងបញ្ជីខ្មៅ ឬប្រទេសដែលលាងលុយកង្វក់ តែរហូតមកដល់ពេលនេះលោកសង្កេតឃើញថា ការប្រតិបត្តិរបស់រដ្ឋាភិបាលហាក់មិនទាន់បង្ហាញសញ្ញាវិជ្ជមានណាមួយគួរជឿទុកចិត្តបាននៅឡើយទេ។ លោកបញ្ជាក់ថា មូលហេតុដែលកម្ពុជាជាប់ក្នុងបញ្ជីប្រផេះនៃប្រទេសមានហានិភ័យខាងអំពើលាងលុយកង្វក់ពីស្ថានអន្តរជាតិ ដោយសារការអនុវត្តច្បាប់ធូរលុង និងអំពើពុករលួយចាក់ស្រេះដែលសម្រួលឱ្យជនខិលខូចងាយស្រួលចាប់យកឱកាសប្រព្រឹត្តអំពើល្មើសក្រោមរូបភាពផ្សេងៗដូចជា តាមប្រព័ន្ធធនាគារ កាស៊ីណូ អចលនទ្រព្យ និងអាជីវកម្មជាដើម៖ «អង្គការសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលមានឆន្ទៈមួយដើម្បីបញ្ចៀសប្រទេសកម្ពុជាដែលមានការលាងលុយកង្វក់ដោយពីបញ្ជីប្រផេះទៅបញ្ជីខ្មៅ ដូច្នេះរដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ឱ្យតឹងរ៉ឹង លុបបំបាត់អំពើពុករលួយ បក្ខពួកនិយមកុំឱ្យកើតមាន ហើយប្រាប់អន្តរជាតិថា កម្ពុជាពិតជាមានឆន្ទៈ មានបំណងក្នុងដោះស្រាយបញ្ហាលាងលុយកង្វក់»។
កាលពីខែមីនាកន្លងទៅ អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់លើពិភពលោក ឈ្មោះក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស (Paris) ប្រទេសបារាំង (France) បានបន្តដាក់កម្ពុជាក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងអំពើលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដាន។
ឆ្លើយតបរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់វិទ្យុអាស៊ីសេរីដោយលោកអះអាងថា កម្ពុជាមិនមែនជាទីកន្លែងលាងលុយកង្វក់ដូចការចោទប្រកាន់នោះទេ។ លោកបញ្ជាក់ថា មូលហេតុដែលអង្គការឃ្លាំមើលអំពើលាងលុយកង្វក់ដាក់កម្ពុជាចូលក្នុងបញ្ជីប្រផេះកន្លងមកនោះ ដោយសាររដ្ឋាភិបាលមិនបានធ្វើបច្ចុប្បន្ននៃច្បាប់មួយចំនួនឱ្យទាន់ច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ លោកឱ្យដឹងថារដ្ឋាភិបាលកំពុងបំពេញចំណុចចន្លោះប្រហោងនៃច្បាប់ ដើម្បីដកខ្លួនចេញពីបញ្ជីប្រផេះនៃប្រទេសលាងលុយកង្វក់៖ «បញ្ជីប្រផេះហ្នឹងមិនមែនតែកម្ពុជាតែម្នាក់ឯងទេ គឺប្រទេសមួយចំនួនដែលអត់ទាន់ឆ្លើយតបទៅលើច្បាប់ គោលការណ៍ យន្តការ និងការអនុវត្តន៍ហ្នឹងឯង មិនមែនន័យថា បានទទួល ឬរងអំពើលាងលុយតាមការចោទប្រកាន់តាមវិធានការថ្មីច្បាប់របស់អន្តរជាតិទេ»។
ទោះយ៉ាងណា កាលពីថ្ងៃទី៨ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងថា បញ្ហាលាងលុយកខ្វក់កំពុងជះឥទ្ធិពលមិនល្អដល់មុខមាត់របស់កម្ពុជា។ លោកបន្តថា បើសិនកម្ពុជាធ្លាក់ចូលបញ្ជីខ្មៅនៃប្រទេសលាងលុយកង្វក់នោះ រដ្ឋនិងវិស័យឯកជននឹងជួបការលំបាក។ ដូច្នេះ លោកអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់ធ្លាប់ជំរុញដល់កម្ពុជាបង្ហាញអន្តរជាតិឃើញពីការវិវឌ្ឍន៍សំខាន់ៗដោយឆាប់រហ័សក្នុងការបំពេញតាមផែនការសកម្មភាពដែលកម្ពុជាត្រូវកែលម្អឱ្យបានត្រឹមត្រូវ។ អង្គការនេះព្រមានថា បើពុំដូច្នោះទេ ខ្លួននឹងពិចារណានូវជំហ៊ានបន្ទាប់មកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហានៃអំពើលាងលុយកខ្វក់នេះ។ បើតាមអង្គការនេះ ជំហ៊ានបន្ទាប់ គឺសំដៅដល់ការអំពាវនាវដល់ប្រទេសសមាជិក និងយុត្តាធិការទាំងអស់នៅទូទាំងពិភពលោក ឱ្យបង្កើនការតាមដានត្រួតពិនិត្យរាល់ទំនាក់ទំនង និងប្រតិបត្តិការអាជីវកម្មទាំងអស់ជាមួយកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។