គណៈរដ្ឋមន្ត្រីលោក ហ៊ុន សែន បានអនុម័តគម្រោងចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២១ ក្នុងរង្វង់ទឹកប្រាក់ប្រមាណជាង ៧,៥ពាន់លានដុល្លារ។ ការអនុម័តគម្រោងចំណាយនេះ នឹងត្រូវដាក់ឲ្យរដ្ឋសភាពិនិត្យអនុម័តបន្ត មុននឹងរដ្ឋអាចចំណាយថវិកាទាំងនេះបានជាផ្លូវការសម្រាប់ឆ្នាំ២០២១ខាងមុខ។ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច បញ្ជាក់ប្រាប់អាស៊ីសេរីថា នឹងមិនមានការកាត់បន្ថយថវិកាជាតិរហូតដល់ ៥០% ធៀបនឹងឆ្នាំ២០២០ នោះទេ។
ផ្អែកតាមគម្រោងចំណាយថវិកាជាតិ ដែលគណៈរដ្ឋមន្ត្រីលោក ហ៊ុន សែន ទើបនឹងអនុម័តកាលពីថ្ងៃទី២៣ តុលា សម្រាប់ឆ្នាំ២០២១ ខាងមុខ រដ្ឋគ្រោងចំណាយថវិកាថ្នាក់ជាតិប្រមាណ ៧,៥ពាន់លានដុល្លារ ពោលគឺថយចុះតែ ១,៩% បើធៀបនឹងឆ្នាំ២០២០ នេះ។ រីឯនៅថ្នាក់ក្រោមជាតិវិញ រដ្ឋគ្រោងចំណាយប្រមាណជិត ៦៥០លានដុល្លារ។
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅគម្រោងចំណាយថវិកាជាតិឆ្នាំ២០២១ ថា គឺជា «ថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន»។ លើសពីនេះទៀត ការសម្រេចគម្រោងចំណាយនេះ គឺដើម្បីរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយពេលបិទបញ្ចប់ទៅនៃវិបត្តិជំងឺកូវីដ-១៩។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន្ត ពន្យល់ប្រាប់អាស៊ីសេរីតាមបណ្ដាញសង្គមតេឡេក្រាម ថា នឹងពុំមានការកាត់បន្ថយខ្ទង់ចំណាយថវិកាជាតិ រហូតដល់ទៅ ៥០% ដូចសេចក្ដីរាយការណ៍នានាកាលពីពេលកន្លងទៅនោះទេ ដែលលោកថា អាចជាការភ័ន្តច្រំឡំ៖ « យើងមិនមានការកាត់រហូតដល់ទៅ ៥០ % អីនោះទេ។ ៥០ % នោះ គឺជាវិចារណកម្មទៅលើមុខចំណាយមួយចំនួនទេ ដែលយើងកាត់ ដូចជាបេសកកម្ម ដូចជាចំណាយមិនចាំបាច់ ដូចជាសម្ភារៈបរិក្ខារមួយចំនួន ដែលមិនចាំបាច់ យើងអត់បង្កើនការចំណាយនោះទេ » ។
លោក មាស សុខសេនសាន្ត បន្តថា រដ្ឋនឹងនៅតែបន្តការចំណាយលើមុខចំណាយសំខាន់ៗ មួយចំនួនក្នុងវិស័យអាទិភាព ដែលជួយដល់កំណើនសេដ្ឋកិច្ច៖ « វិស័យអាទិភាពដែលយើងបន្តគឺយើងធ្វើដដែល។ អាទិភាពដែលជួយដល់កំណើន អាទិភាពដែលជួយដល់កម្លាំងពលកម្ម បង្កើតការងារ ជួយដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ គឺយើងនៅតែរក្សាដដែល ហើយមានតែបង្កើនថែមទៀតទៅលើកន្លែងណាដែលយើងមើលទៅឃើញមានការចាំបាច់។ ដូច្នេះ រឿងកាត់ ៥០ % មានការច្រលំដោយសារតែវិចារណកម្មទៅលើមុខសញ្ញាចំណាយមួយចំនួនទេ។ សរុបមក យើងឃើញថា យើងថយធៀបនឹងឆ្នាំ២០២០ តែប្រមាណជា ១ , ៩ % តែប៉ុណ្ណឹងទេ » ។
យ៉ាងណា នៅក្នុងសារាចរណែនាំស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅ ដោយសារតែប្រឈមនឹងវិបត្តិនៃជំងឺរាតត្បាតសាកលកូវីដ-១៩ រដ្ឋាភិបាលគ្រោងកាត់បន្ថយចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ មកនៅក្រោម ៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ផ្អែកតាមគម្រោងចំណាយកាលពីពេលនោះ គ្មានឡើយការគ្រោងដំឡើងប្រាក់ខែជូនមន្ត្រីរាជការ និងការជ្រើសរើសមន្ត្រីរាជការបន្ថែមសម្រាប់រយៈពេលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ខាងមុខនេះ។ ផ្ទុយទៅវិញ រដ្ឋាភិបាលថា ត្រូវរក្សាកម្រិតប្រាក់ខែរបស់មន្ត្រីរាជការ ឱ្យនៅដដែលដូចក្នុងឆ្នាំ២០២០។ រីឯ ការជ្រើសរើសមន្ត្រីរាជការវិញ រដ្ឋាភិបាលដាក់ចេញនូវលក្ខខណ្ឌតឹងរ៉ឹងបំផុត ដែលថា អាចធ្វើទៅបាន លុះត្រាតែស្មើនឹងចំនួនអ្នកចូលនិវត្តតាមក្រសួងស្ថាប័ននោះតែប៉ុណ្ណោះ។
លោក មាស សុខសេនសាន្ត បដិសេធផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងគម្រោងចំណាយតាមវិស័យអាទិភាពនានា ព្រមទាំងគម្រោងចំណាយលើប្រាក់បៀវត្សមន្ត្រីរាជការ ព្រោះលោកថា អាចនឹងមានការប្រែប្រួលនៅពេលរដ្ឋសភាលើកយកទៅពិចារណា និងអនុម័តបន្ត។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ធ្លាប់ព្រមាននៅមុនការសម្រេចអនុម័តគម្រោងចំណាយថវិកាជាតិឆ្នាំ២០២១របស់គណៈរដ្ឋមន្ត្រីនេះថា ពលរដ្ឋនឹងប្រឈមនឹងផលប៉ះពាល់ខ្លាំង មិនមែនតែត្រឹមឆ្នាំ២០២០នេះទេ ដោយសារតែកម្ពុជាជួបវិបត្តិផ្ទួនៗ ដូចជា វិបត្តិទឹកជំនន់ វិបត្តិជំងឺកូវីដ១៩ វិបត្តិអឺរ៉ុបផ្ដាច់ EBA ២០% និងវិបត្តិសហភាពអឺរ៉ុបដាក់ចំណាត់ថ្នាក់កម្ពុជាចូលក្នុងបញ្ជីនៃក្រុមប្រទេសលាងលុយកខ្វក់។ លោកថា ផលប៉ះពាល់ខ្លាំងនេះ អាចនឹងបន្តកើតមានរហូតដល់ឆ្នាំបន្តបន្ទាប់ទៀត ប្រសិនបើរដ្ឋាភិបាលគ្រោងនឹងកាត់បន្ថយចំណាយរហូតដល់ ៥០% មែននោះ៖ « ឆ្នាំ២០២១ ជាឆ្នាំមួយដែលលំបាកបំផុត ពីព្រោះយើងកំពុងតែមានវិបត្តិហើយចរន្តសាច់ប្រាក់ថវិកាជាតិ គឺឥឡូវនេះ យើងដឹងថា មានកម្រិតមែនទែន រហូតដល់រដ្ឋាភិបាលកាត់ថវិកាជាតិរហូតដល់៥០ % ។ នេះបានន័យថា យើងមិនមានថវិកាប្រើប្រាស់ទេ។ ហើយថវិកាជាតិបានពីណា ? ថវិកាជាតិបានអំពីពន្ធអាករ ហើយចំណូលពន្ធ និងចំណូលមិនមែនពន្ធ។ អញ្ចឹង ដោយសារវិស័យសេដ្ឋកិច្ចទាំងអស់ប៉ះ ដូច្នេះ លទ្ធភាពនៃការប្រមូលលុយចូលរដ្ឋ ក៏តិចដែរ ធ្វើឲ្យលុយដែលយើងប្រមូលបានសម្រាប់ឆ្នាំនេះ មែនទែនសម្រាប់តែផ្គត់ផ្គង់ឆ្នាំហ្នុង សឹងតែពិបាកគ្រប់ផង » ។
យ៉ាងណាក្ដី សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ រដ្ឋាភិបាលអះអាងថា នឹងមិនដាក់ចេញនូវប្រភេទពន្ធថ្មី ឬបង្កើនអត្រាពន្ធនោះទេ ខណៈចំណូលថវិកាជាតិសម្រាប់ឆ្នាំ២០២១ ត្រូវរំពឹងថានឹងមានចំនួនប្រមាណជិត ៥ពាន់លានដុល្លារ ពោលគឺថយចុះជាង ១៧% ធៀបនឹងឆ្នាំ២០២០។ នេះមានន័យថា រដ្ឋាភិបាលអាចបង្កើនការខ្ចីបុលពីបរទេសក្នុងរង្វង់ប្រមាណពី ២ពាន់លាន ទៅ ៣ពាន់លានដុល្លារ ដើម្បីសម្រេចបានការចំណាយថវិកាជាតិដែលបានគ្រោងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។