សហគមន៍រស់នៅឃុំសង្កែពីរ ឲ្យដឹងថា អាជ្ញាធរមូលដ្ឋាន និង មន្ត្រីជំនាញនៅមិនទាន់ចុះស្រាវជ្រាវរកមូលហេតុបាតុភាពនេះនៅឡើយទេ នៅរសៀលថ្ងៃទី២២ មីនា បើទោះបីជាអ្នកភូមិបានជូនដំណឹងទៅច្រើនសារក្តី។ លោកថា ចាប់តាំងពីមានវត្តមានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចិន ហេង ហ្វូ វិនិយោគនៅតំបន់នោះ ករណីគោងាប់កក្រើកជារៀងរាល់ឆ្នាំ។
តំណាងសហគមន៍រស់នៅភូមិសំបូរ ឃុំម្លូរព្រៃឈើពីរ លោក ជុំ សុភឿត ឲ្យដឹងនៅថ្ងៃទី ២២ មីនាថា អ្នកភូមិចង់ឲ្យអាជ្ញាធររកមធ្យោបាយការពារកុំឲ្យកើតមានករណីនេះនៅឆ្នាំក្រោយៗ ទៀត ព្រោះបាតុភាពនេះ បានកើតឡើងជារៀងរាល់ឆ្នាំ អាជ្ញាធរនៅមិនទាន់រកអ្នកពាក់ព័ន្ធឲ្យមកទទួលខុសត្រូវនៅឡើយទេ។ លោកថា អំឡុងខែមីនានេះ គោអ្នកភូមិជាង ២០ក្បាលងាប់ជាបន្តបន្ទាប់ និងមួយចំនួនទៀតបាត់ បង្កប៉ះពាល់ជីវភាព និងមុខរបរពួកគាត់។ លើសពីនេះ អ្នកភូមិខ្លះបានទៅដល់ទីតាំងគោងាប់នោះ ប្រទះឃើញទឹកថ្លុក និងទឹកត្រពាំងខ្លះនៅជាប់ចម្ការអំពៅក្រុមហ៊ុនមានសារជាតិពុល៖ «ខ្ញុំកំពុងតែហូបសាច់គោងាប់ គឺងាប់ព្រឹកមិញទៀត។ ម្សិលមិញងាប់ពីរក្បាល។ ថ្ងៃនេះងាប់មួយទៀត ងាប់ជាបន្តបន្ទាប់។ សហគមន៍ឃើញជាតិពុលនៅតំបន់ដាច់ស្រយាល ពុលសត្វពុលអី»។
អាស៊ីសេរីមិនទាន់អាចទាក់ទងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហេង ហ្វូ ដើម្បីឆ្លើយតបបញ្ហានេះបាននៅឡើយទេ នៅថ្ងៃព្រហស្បតិ៍ ទី២២ មីនា។
មេឃុំសង្កែពីរ លោក ខៀវ យ៉េន លើកឡើងថា អាជ្ញាធរឃុំបានចាត់ឲ្យមេភូមិស្រង់ទិន្នន័យ និងធ្វើរបាយការណ៍ជូនថ្នាក់លើ ហើយអភិបាលស្រុកបានចុះពិនិត្យរឿងនេះដែរ។ ចំណែកលទ្ធផលយ៉ាងណានោះ អាជ្ញាធរជំនាញកំពុងស៊ើបអង្កេតនៅឡើយ។ លោកថា ចាប់តាំងពីខែដើមកុម្ភៈ រហូតមកទល់ពេលនេះ គោរបស់អ្នកភូមិក្នុងឃុំសង្កែ ងាប់ជាបន្បន្ទាប់អស់ ៥៥ក្បាល៖ «ថ្ងៃនេះខាងអភិបាលស្រុកចុះទៅដោះស្រាយ។ អត់អីទេបើដឹងថា មានការពុលថ្នាំខ្ញុំនឹងចុះទៅអន្តរាគមន៍ជួយដល់ពលរដ្ឋផងដែរ»។
មន្ត្រីសម្របសម្រួលផ្នែកតស៊ូមតិនៃអង្គការពន្លកខ្មែរខែត្រព្រះវិហារ លោក ប៉ឹក ភ័ណ យល់ថា អាជ្ញាធរគួរស្រាវជ្រាវឲ្យច្បាស់លាស់ ដើម្បីរកមូលហេតុជាក់លាក់មួយ ជំរុញឲ្យមានអ្នកទទួលខុសត្រូវ និងស្វែងរកវិធីបញ្ឈប់កុំឲ្យកើតមានបាតុភាពនេះក្រោយៗ ទៀត។ លោកថា អាជ្ញាធរត្រូវតែស្រាវជ្រាវរកបុគ្គល ដែលពាក់ព័ន្ធករណីនេះ ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៖ «ត្រូវតែធ្វើការសិក្សាឲ្យជាក់លាក់ បានដាក់លទ្ធផលច្បាស់លាស់ កុំឲ្យភាគីនេះថាអ៊ីចេះ ភាគីនោះថាអ៊ីចុះ ហើយទីបំផុតសត្វពាហនៈរបស់អ្នកភូមិនៅតែស្លាប់ដដែល វាធ្វើឲ្យខាតបង់កាន់តែធ្ងន់ធ្ងរមធ្យោបាយប្រកបរបរធ្វើស្រែចម្ការរបស់ពលរដ្ឋ»។
លោក ប៉ឹក សោភ័ណ បន្ថែមថា កន្លងទៅអ្នកភូមិរងគ្រោះបញ្ហានេះ ពុំត្រូវបានអាជ្ញាធរជំនាញបង្ហាញមូលហេតុ ដើម្បីរកអ្នកពាក់ព័ន្ធឲ្យមកទទួលខុសត្រូវនោះទេ បង្កឲ្យបាតុភាពនេះអាក្រក់នេះនៅតែកើតមានឥតឈប់ឈរ។
កាលពីឆ្នាំ២០១៧ ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហេង ហ្វូ បានបង្ហូរជាតិពុល ឬកាកសំណល់ចូលទឹកអូរ និងបឹងមួយចំនួន បណ្តាលឲ្យត្រីរាប់ម៉ឺនក្បាលងាប់ និងប៉ះពាល់គុណភាពទឹក ជីវភាពរស់នៅរបស់ពលរដ្ឋ។ រីឯក្រសួងបរិស្ថានបានចុះទៅស្រាវជ្រាវរកមូលហេតុបាតុភាពនេះ ដោយបានជំរុញឲ្យក្រុមហ៊ុនបញ្ឈប់ជាបន្ទាន់។ សហគមន៍ថា ករណីគោងាប់បែបនេះ ពុំមែនកើតឡើងតែឃុំសង្កែពីរប៉ុណ្ណោះទេ រីឯឃុំម្លូព្រៃពីរ ស្រុកឆែបក៏មានសេចក្តីរាយការណ៍ថា គោអ្នកភូមិងាប់ ៥ក្បាល និងបាត់ខ្លួន ៧ក្បាល កាលពីពេលថ្មីៗ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។