សង្គមស៊ីវិលមិនរំពឹងថា ការធ្វើជំរឿនសេដ្ឋកិច្ចជាតិ មានភាពសុក្រឹត្យនោះទេ ដោយសារគម្លាតរវាងអ្នកក្រ និងអ្នកមាននៅឆ្ងាយគ្នាពេក។ ការលើកឡើងនេះ ក្នុងពេលរដ្ឋាភិបាលប្រកាសថា មន្ត្រីស្ថិតិនឹងចុះប្រមូលទិន្នន័យតាមសហគ្រាសទាំងអស់ ដើម្បីធ្វើជំរឿនសេដ្ឋកិច្ចជាតិលើកទី២ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនាខាងមុខនេះ។
សង្គមស៊ីវិល ស្វាគមន៍ចំពោះការធ្វើជំរឿនសេដ្ឋកិច្ចថ្នាក់ជាតិ ដើម្បីឲ្យរដ្ឋាភិបាលស្វែងរកដំណោះស្រាយបន្ថែមទៀត ក្នុងការទាញគម្លាតជីវភាពរវាងអ្នកមាន និងអ្នកក្រ ឲ្យមកនៅកៀកគ្នា។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វ៉ន់ ពៅ សង្កេតឃើញថា គម្លាតប្រាក់ចំណូលឆ្ងាយគ្នាពេករវាងអ្នកមាន និងអ្នកក្រ គឺជាបញ្ហាដែលនាំឲ្យមានការវាយតម្លៃខុសពីប្រាក់ចំណូលមធ្យមរបស់ពលរដ្ឋ។ លោកយល់ថា ប្រសិនបើរដ្ឋាភិបាលអាចធ្វើជំរឿនសេដ្ឋកិច្ចមួយ ប្រកបដោយភាពត្រឹមត្រូវ និងសុច្ចរិតភាពបាន នោះរដ្ឋាភិបាលនឹងអាចដោះស្រាយគម្លាតជីវភាពពលរដ្ឋបាន។ បន្ថែមពីនេះ លោកក៏ស្នើសុំឲ្យរដ្ឋាភិបាលស្រង់ទិន្នន័យពីអាជីវករក្រីក្រ ដែលប្រកបរបរក្រៅប្រព័ន្ធ ឬក្រុមអ្នកលក់ដូរតាមដងផ្លូវឲ្យបានច្រើន ទើបអាចស្រង់បានទិន្នន័យសុក្រឹត្យ៖ «បើសិនជាជំរឿនហ្នឹងគ្រាន់តែយកតែតួលេខ អត់គិតគម្លាតរវាងអ្នកមាន និងអ្នកក្រ វាពិបាកក្នុងការទទួលបាននូវភាពយុត្តិធម៌សម្រាប់អ្នកក្រីក្រ ហើយបើសិនជាបានតួលេខហើយមិនមានគោលនយោបាយក្នុងការដោះស្រាយគម្លាតប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្រទេ នោះខ្ញុំគិតថា គ្រាន់តែជំរឿនឲ្យមានតួលេខយកទៅវិភាគតែប៉ុណ្ណោះ»។
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៣ ខែកុម្ភៈ បានចេញសារអំពាវនាវឲ្យពលរដ្ឋ និងម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសរដ្ឋ និងឯកជន ទីតាំងសិប្បកម្ម អាជីវកម្មបោះដុំ លក់រាយ និងសេវាកម្មផ្សេងៗទាំងអស់ ចូលរួមផ្ដល់ទិន្នន័យជូនមន្ត្រីស្រង់ស្ថិតិ ដែលពួកគេនឹងចុះធ្វើជំរឿនប្រមូលទិន្នន័យសេដ្ឋកិច្ចទាំងអស់ ចាប់ពីដើមខែមីនាតទៅ។
តាមរយៈសារលិខិតនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ទិន្នន័យទាំងអស់ ដែលបានមកការធ្វើជំរឿនសេដ្ចកិច្ចនេះ នឹងត្រូវប្រើប្រាស់ដោយទូលាយក្នុងវិស័យសាធារណៈ និងឯកជន។ ជាងនេះទៅទៀត ទិន្នន័យជំរឿនសេដ្ឋកិច្ចជាតិនេះ ក៏ជាធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពប្រជាពលរដ្ឋ។ ទិន្នន័យជំរឿនសេដ្ឋកិច្ចជាតិនេះ ក៏ជាតម្រូវការសំខាន់សម្រាប់ការត្រួតពិនិត្យ តាមដានកម្មវិធិគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងផែនការលោក ណុប កនណាវុឌ្ឍ និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី២៧ ខែកុម្ភៈ។ តែយ៉ាងណា កាលពីថ្ងៃទី៨ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងផែនការលោក ឆាយ ថន បានដឹកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធើណេត (Zoom) ជាមួយមន្ត្រីនៃវិទ្យាស្ថានជាតិស្ថិតិ និងថ្នាក់ដឹកនាំរាជធានីខេត្តទាំងអស់ ដើម្បីរៀបចំដំណើរការជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ រួចហើយ ដោយត្រូវប្រើប្រាស់មន្ត្រីសម្ភាសន៍ សរុបប្រមាណប្រាំពាន់ (៥.០០០) នាក់។
ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រីបញ្ជាក់ថា របាយការណ៍បឋមស្តីពីការស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ចនៅតាមរាជធានីខេត្តទាំងអស់បង្ហាញថាមានអង្គភាពសេដ្ឋកិច្ចសរុបជាងប្រាំពីរសែន (៧៤៣.៥៣២) ទីតាំងកំពុងដំណើរការទូទាំងប្រទេសក្នុងឆ្នាំ២០២១។ បើធៀបនឹងឆ្នាំ២០១១ ចំនួនអង្គភាពសេដ្ឋកិច្ចទាំងនេះ កើនទ្បើងជិតពាក់កណ្ដាល (៤៧%)។ ចំណែកចំនួនប្រជាជននិងភូមិសាស្រ្តរដ្ឋបាលគ្រប់គ្រងនៅថ្នាក់មូលដ្ឋានក៏មានការកើនឡើងច្រើនដែរ។
ផ្ទុយពីពលរដ្ឋក្រីក្រខ្លះ ដែលអះអាងថា ស្ថានភាពជំងឺកូវីដ-១៩ (Covid-19) បានធ្វើឲ្យពួកគាត់រងផលប៉ះពាល់ជីវភាពខ្លាំងនោះ រដ្ឋមន្ត្រីក្រសួងផែនការលោក ឆាយ ថន អះអាងថា កម្ពុជាបច្ចុប្បន្នមានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនខណៈមុនការឆ្លងរាលដាលជំងឺកូវីដ-១៩ កម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ច៧ភាគរយដដែល។
ប្រធានសមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)លោក សុខ ឈុនអឿង អះអាងថា ស្ថានភាពពលរដ្ឋ និងអ្នកប្រកបរបរក្រៅប្រព័ន្ធ នៅតែជួបការលំបាកធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ-១៩។ តំណាងសង្គមស៊ីវិលរូបនេះ ស្វាគមន៍ចំពោះរដ្ឋាភិបាលក្នុងការធ្វើជំរឿនសេដ្ឋកិច្ចជាតិ តែលោកនៅមិនទាន់ជឿជាក់ថា ជំរឿននេះមានភាពសុក្រឹត្យទេ ព្រោះកត្តាប្រាក់ចំណូលរបស់អ្នកមាន និងអ្នកក្រ នៅឆ្ងាយគ្នាខ្លាំងពេក។ តែយ៉ាងណា លោកជំរុញពលរដ្ឋ និងម្ចាស់អាជីវកម្មផ្ដល់ទិន្នន័យច្បាស់លាស់ជូនមន្ត្រីស្ថិតិ ដើម្បីឲ្យរដ្ឋាភិបាលរកដំណោះស្រាយជួយលើកកម្ពស់ជីវភាពពលរដ្ឋក្រីក្រ៖ «រដ្ឋាភិបាលគួរតែយកទិន្នន័យពីជំរឿនហ្នឹង ដោយការចុះជួបប្រជាពលរដ្ឋផ្ទាល់ យករបាយការណ៍ពីប្រជាពលរដ្ឋផ្ទាល់ហ្នឹង ដោយកុំមានការបំប៉ោងទិន្នន័យ ដើម្បីយកទៅរៀបចំគោលនយោបាយដើម្បីធ្វើយ៉ាងណា ឲ្យឃើញទៅហ្នឹងសេដ្ឋកិច្ចប្រជាពលរដ្ឋនៅពេលបច្ចុប្បន្ននេះ»។
ជំរឿនសេដ្ឋកិច្ចជាតិ ត្រូវធ្វើឡើងរយៈពេល១០ឆ្នាំម្ដង ដោយផ្អែកតាមច្បាប់ស្ដីពីស្ថិតិ។ កាលពីឆ្នាំ២០១១ រដ្ឋាភិបាលបានធ្វើជំរឿនសេដ្ឋកិច្ចលើកដំបូង ឬហៅថាជំរឿនសហគ្រាសនៅកម្ពុជាឆ្នាំ២០១១។ បន្ទាប់មកនៅឆ្នាំ២០១៤ រដ្ឋាភិបាលបានធ្វើការអង្កេតចន្លោះពាក់កណ្ដាលជំរឿនម្ដងទៀត។ ក្រោយការអង្កេតចន្លោះពាក់កណ្ដាលជំរឿននោះ រដ្ឋាភិបាលប្រកាសថា កម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់នៃក្រុមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។