សកម្មជនបក្សប្រឆាំង ដែលកំពុងជាប់ឃុំសុំលោក ហ៊ុន សែន ឱ្យបញ្ចប់វិបត្តិនយោបាយ ដោយឆ្លើយតបសំណើសហគមន៍អន្តរជាតិ
2023.03.20

សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំស្នើសុំលោក ហ៊ុន សែន ដោះស្រាយបញ្ចប់វិបត្តិនយោបាយ ដើម្បីឆ្លើយតបអនុសាសន៍របស់សហគមន៍អន្តរជាតិ និងការពារផលប្រយោជន៍ជាតិ។ សំណើនេះ គឺធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុបអំពាវនាវឱ្យអាជ្ញាធរកម្ពុជាត្រូវបញ្ឈប់រាល់គ្រប់ទម្រង់នៃការយាយី ការបំភិតបំភ័យ និងត្រូវទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំ និងសកម្មជនគណបក្សប្រឆាំង។
វិបត្តិនយោបាយមកដល់ពេលនេះមិនទាន់រកច្រកចេញ ហើយរដ្ឋាភិបាលលោក ហ៊ុន សែន បន្តចោទប្រកាន់ និងចាប់ខ្លួនសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារជាបន្តបន្ទាប់។ ចំណែកក្រុមអ្នកទោសនយោបាយតែងតែផ្ញើសំបុត្រ ឬផ្ដាំផ្ញើនូវសំណូមពរតាមរយៈសាច់ញាតិរបស់ពួកគេទាមទារឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងត្រូវដោះស្រាយវិបត្តិនយោបាយជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ គ្រួសារសកម្មជនបក្សសង្គ្រោះជាតិមួយចំនួនបាននាំគ្នាយកនំចំណី បន្លែ សាច់ចូលសួរសុខទុក្ខប្ដីពួកគេនៅពន្ធនាគារព្រៃស នៅរសៀលថ្ងៃទី២០ ខែមីនា។ សកម្មជនទាំងនោះបានផ្ដាំផ្ញើតាមរយៈគ្រួសារដោយអំពាវនាវដល់មេដឹកនាំគណបក្សកាន់អំណាច និងបក្សប្រឆាំងត្រូវចូលតុចរចាដោះស្រាយរឿងនយោបាយនៅការបោះឆ្នោតជាតិក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ពួកគេបារម្ភថាបើសិនរដ្ឋាភិបាលលោក ហ៊ុន សែន ព្រងើយកន្តើយ ឬគ្មានទំនូលខុសត្រូវក្នុងការឆ្លើយតបនឹងសំណើរបស់សភាពអឺរ៉ុប ទាក់ទងនឹងការស្ដារប្រជាធិបតេយ្យទេ នោះកម្ពុជានឹងរងទណ្ឌកម្ម ឬខាតបង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ជាដើម។
ប្រពន្ធមន្ត្រីគណបក្សសង្គ្រោះជាតិលោក គង់ ម៉ាស់ គឺលោកស្រី កុល សាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែមីនាថា ប្ដីលោកស្រីសប្បាយចិត្ត និងអរគុណចំពោះសភាអឺរ៉ុបតែងតែយកចិត្តទុកដាក់ពាក់ព័ន្ធនឹងរឿងរ៉ាវអយុត្តិធម៌របស់សកម្មជននយោបាយ និងបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា។ លោកស្រីបន្ថែមថា ប្ដីលោកស្រីចង់ឃើញរដ្ឋាភិបាលកម្ពុជាងាកមកគោរពសិទ្ធិមនុស្ស ហើយដោះលែងអ្នកទោសមនសិការដែលជាប់ឃុំក្រោមហេតុផលនយោបាយទាំងអស់ឱ្យមានសេរីភាពឡើងវិញតាមការអំពាវនាវរបស់ក្រុមគ្រួសារ និងសភាអឺរ៉ុប កាលថ្មីៗ នេះ ដើម្បីប្រយោជន៍ជាតិ។
លោកស្រី កុល សាត៖ «គាត់សប្បាយចិត្តពាក់ព័ន្ធសហគមន៍អឺរ៉ុបទាំងអស់គេហ្នឹងចង់ឱ្យស្រុកខ្មែរយើងហ្នឹងបើកលំហប្រជាធិបតេយ្យឡើងវិញ ក៏ដូចជារៀបចំការបោះឆ្នោតដោយសុក្រឹត និងយុត្តិធម៌ដោយគេមិនផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) ជាដើម ហើយពួកគាត់ចង់ឱ្យរដ្ឋាភិបាលធ្វើតាមសំណើរបស់សហភាពអឺរ៉ុប និងស្ថានទូតនានាប្រចាំនៅស្រុកខ្មែរទៅ សូមឱ្យមានដំណោះស្រាយពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ពាក់ព័ន្ធផលប្រយោជន៍ជាតិជាធំដូចជាប្រជាពលរដ្ឋអ៊ីចឹង»។
ស្រដៀងគ្នានេះដែរ ប្រពន្ធសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារព្រៃសម្នាក់ទៀតលោក វឿង សំណាង គឺលោកស្រី ទៀង ចិន្ដា ថ្លែងថា លោកស្រីបារម្ភអំពីសុខភាពប្ដីដែលកើតជំងឺលើសឈាម ជាពិសេស ឈឺចាប់ក្បាលត្រង់ស្នាមរបួសចាស់ គួបផ្សំនឹងបរិយាកាសក្នុងពន្ធនាគារចង្អៀតណែន ហូបចុកមិនគ្រប់គ្រាន់ និងខ្វះអនាម័យជាដើម។ លោកស្រីបញ្ជាក់ថា ប្ដីរបស់លោកស្រីនៅតែចាត់ទុករឿងក្ដីក្ដាំនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយលោកស្រីប្តេជ្ញាចេញតវ៉ាសុំកិច្ចអន្តរាគមន៍ពីស្ថានទូតប្រទេសប្រជាធិបតេយ្យរហូតទាល់តែរដ្ឋាភិបាលកម្ពុជាប្រគល់សេរីភាពជូនប្ដីលោកស្រីឡើងវិញ។
លោកស្រី ទៀង ចិន្ដា៖ «ខ្ញុំបារម្ភពីសុខភាពគាត់នៅក្នុងហ្នឹង ហើយគេ (តុលាការ) កាត់ទោសឱ្យគាត់ជាប់ទោសដល់ទៅប្រាំឆ្នាំ ខ្ញុំមិនដឹងសុខភាពគាត់ទ្រាំទ្របានអត់ទេរហូតដល់ប្រាំឆ្នាំទៀត។ ខ្ញុំមានតែការតស៊ូ ពីព្រោះខ្ញុំរកស៊ីតែម្នាក់ឯង ដើម្បីចិញ្ចឹមកូនផង ប្ដីផង ហើយប្ដីមានជំងឺ កូនត្រូវការរៀនសូត្រ និយាយឱ្យចំទៅខ្វះខាតគ្រប់បែបយ៉ាង»។
សំណើរបស់សកម្មជនគណបក្សប្រឆាំងកំពុងជាប់ឃុំពេលនេះ ក្រោយពេលសភាអឺរ៉ុប កាលពីថ្ងៃទី១៦ ខែមីនា បានអនុម័តសេចក្ដីសម្រេចថ្មីមួយដែលមាន ៧ចំណុចធំៗ។ សេចក្ដីសម្រេចរបស់ក្រុមតំណាងរាស្ត្រសភាអឺរ៉ុបនោះបានថ្កោលទោសចំពោះការកាត់ទោសជាក្រុមក្នុងពេលតែមួយលើក្រុមមន្ត្រីគណបក្សប្រឆាំងនិងសកម្មជនដទៃទៀត នាពេលកន្លងមកនេះ។ សភាអឺរ៉ុបក៏បានអំពាវនាវដល់អាជ្ញាធរកម្ពុជាបញ្ឈប់រាល់គ្រប់ទម្រង់នៃការយាយី ការបំភិតបំភ័យ និងត្រូវទម្លាក់ចោលរាល់បទចោទប្រកាន់ប្រឆាំងនឹងសមាជិកគណបក្សប្រឆាំង សហជីព អ្នកការពារសិទ្ធិមនុស្សជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២០ ខែមីនា ។
ទោះយ៉ាងណា សភាអឺរ៉ុបបាន ព្រមានដកហូតប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ពីកម្ពុជាបន្ថែមទៀត ប្រសិនបើការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រខែកក្កដាខាងមុខនេះ ធ្វើឡើងមិនស្របតាមស្តង់ដារអន្តរជាតិ ឬប្រសិនបើនៅតែកើតមានការរំលោភសិទ្ធិមនុស្សបន្តទៀត។
អ្នកឃ្លាំមើលលើកឡើងថាបើសិនសហភាពអឺរ៉ុបដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) បន្ថែមទៀត នោះកម្ពុជានឹងបាត់បង់ការបញ្ជាទិញដែលធ្វើឱ្យបាត់បង់ឱកាសការងារ និងប្រាក់ចំណូលសម្រាប់កម្មករ និងកសិករ ហើយក៏ជះឥទ្ធិពលមិនល្អដល់វិស័យកាត់ដេរ កសិកម្មដែលជាសសរគ្រឹះទ្រទ្រង់សេដ្ឋកិច្ចជាតិ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មើលឃើញថា ចាប់តាំងពីឆ្នាំ២០១៧ មក សិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋ ដែលកម្ពុជាទទួលយកមកអនុវត្តបានធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។ លោកបញ្ជាក់ថា បញ្ហានេះហើយដែលនាំឱ្យសហគមន៍អន្តរជាតិ ជាពិសេសសភាអឺរ៉ុប កាលពីពេលថ្មីៗ នេះ បានចេញសេចក្ដីសម្រេចមួយបន្ថែមទៀតដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជាងាកមកកែលម្អស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឱ្យបានប្រសើរឡើងវិញ។ លោកយល់ថា កម្ពុជាគួរពិចារណាលើសំណើរបស់សភាអឺរ៉ុប ដើម្បីរក្សាផលប្រយោជន៍ជាតិ និងបញ្ចៀសទណ្ឌកម្មពីក្រុមប្រទេសលោកសេរី។
លោក ស៊ឹង សែនករុណា៖ «សម្រាប់ប្រទេសលោកសេរីមុនគេដាក់នូវអនុសាសន៍ ឬសំណើណាមួយដល់ប្រទេសសាមី (កម្ពុជា) គឺគេតែងតែធ្វើការស្រាវជ្រាវពីអ្នកជំនាញក្នុងការចុះប្រមូលព័ត៌មាន ឬទទួលព័ត៌មានជាក់លាក់អំពីបញ្ហាទាំងអស់នោះ ហើយគេលើកឡើង ហើយស្នើសុំទាំងហ្នឹងសុទ្ធសឹងតែឆ្លើយតបនឹងបញ្ហាដែលគេរកឃើញ ក៏ជាផលប្រយោជន៍សម្រាប់ប្រទេសសាមីហ្នឹងដែរ អ៊ីចឹងវាមិនមែនជាការជ្រៀតជ្រែក ជាការរំលោភអធិបតេយ្យភាពអ្វីនោះទេ»។
មកទល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលជាង ៦០នាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ ពួកគាត់ភាគច្រើន ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ កាលពីដើមឆ្នាំ២០២០។ តុលាការបានចោទប្រកាន់ពួកគេដូចៗ គ្នា គឺពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាដើម។ តុលាការបានផ្ដន្ទាទោសពួកគេជាបន្តបន្ទាប់ឲ្យជាប់ពន្ធនាគារចន្លោះពី ៥ឆ្នាំទៅ ៧ឆ្នាំ។
ក្រុមអង្គការជាតិ-អន្តរជាតិជាច្រើនស្ថាប័ន រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមប្រទេសប្រជាធិបតេយ្យធំៗ ថ្កោលទោសជាបន្តបន្ទាប់ចំពោះរដ្ឋាភិបាល លោក ហ៊ុន សែន ដោយចាត់ទុកការចាប់ខ្លួនទាំងនេះថា គឺជារឿងនយោបាយ និងគ្មានមូលដ្ឋានច្បាប់។ ពួកគេបន្តទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំទាំងនោះឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។