ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានបណ្ឌិត យ៉ង សាំងកុមារ បានព្យាករថា ករណី EBA អឺរ៉ុបនឹងយកពន្ធខ្លះ និងលើកលែងពន្ធខ្លះលើទំនិញរបស់កម្ពុជា។ ការលើកឡើងនេះ ស្របពេលដែលសហភាពអឺរ៉ុបទទួលបានរបាយការណ៍ឆ្លើយតបរបស់រដ្ឋាភិបាលស្ដីពីការស្ដារការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ។
បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា បើប្រព័ន្ធអនុគ្រោះពន្ធត្រូវបានអឺរ៉ុបព្យួរពីកម្ពុជាមែននោះនឹងធ្វើឲ្យកើតមានវិបត្តិធ្ងន់ធ្ងរ។ ប៉ុន្តែអ្នកជំនាញវិស័យកសិកម្មរូបនេះសង្កេតឃើញថា រដ្ឋាភិបាលក៏បានព្យាយាមកែលម្អស្ថានភាពខ្លះៗ តាមការចង់បានរបស់សហភាពអឺរ៉ុបដែរ៖ «តាមការមើលឃើញតាមការយល់ឃើញរបស់ខ្ញុំរដ្ឋាភិបាលប្រឹងប្រែងដែរ ឃើញកែលម្អស្ថានភាពមួយចំនួន ហើយសហភាពអឺរ៉ុបប្រហែលនឹងដក ប៉ុន្តែមិនដកទាំងអស់ទេ»។
បណ្ឌិត យ៉ង សាំងកុមារ បញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ប្រហែលជាសហភាពអឺរ៉ុបឈរលើផ្លូវកណ្ដាលនៃគម្រោងព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយខ្លួននឹងយកពន្ធលើទិញខ្លះរបស់កម្ពុជា ហើយទំនិញខ្លះទៀតអាចនឹងត្រូវទទួលបានការអនុគ្រោះពន្ធដដែល។ លោកបន្តថា ទំនិញដែលអឺរ៉ុបនឹងយកពន្ធអាចជាមុខទំនិញមួយចំនួន ដែលមិនសូវប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា៖ «មានកែលម្អខ្លះអ៊ីចឹងគេ ( សហភាពអឺរ៉ុប ) អាចទុកខ្លះទៅ បើគេដកទាំងអស់ មានការប៉ះពាល់ខ្លាំង ណាមួយគេគិតអាចប៉ះពាល់សេដ្ឋកិច្ចការរស់នៅរបស់ពលរដ្ឋធម្មតា កម្មករ អ្នកក្រីក្រអីចឹងទៅ»។
លោក យ៉ង សាំងកុមារ ថ្លែងបែបនេះតាមរយៈវីដេអូរយៈពេលជាង ៤នាទី ដែលបង្ហោះតាមហ្វេសប៊ុក។ កាលពីថ្ងៃទី១២ ខែធ្នូ ក្រសួងការបរទេសទើបបានឆ្លើយតប នឹងរបាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មការអឺរ៉ុបស្ដីពីប្រព័ន្ធអនុគ្រោះពន្ធ EBA។ ក្នុងរបាយការណ៍នោះក្រសួងការបរទេសសង្ឃឹមថា គណៈកម្មការអឺរ៉ុបនឹងពិចារណាមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នេះទេ។ ក្រសួងការបរទេសអះអាងទៀតថា ការដាក់របាយការណ៍ឆ្លើយតបនេះគឺធ្វើឡើងផ្អែកតាមនីតិវិធីរបស់សហភាពអឺរ៉ុប និងថា សេចក្ដីឆ្លើយតបចុងក្រោយនេះ គឺជារបាយការណ៍គ្រប់ជ្រុងជ្រោយអំពីសកម្មភាព និងវិធានការនានា ដែលរដ្ឋាភិបាលបានអនុវត្តឆ្លើយតបទៅនឹងបញ្ហាទាំងឡាយ ដែលជាការព្រួយបារម្ភរបស់គណៈកម្មការអឺរ៉ុប រួមមាន បញ្ហាសិទ្ធិក្នុងការចូលរួមនយោបាយ សិទ្ធិដីធ្លី សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការបង្កើតសមាគមជាដើម។
ទោះជាក្រសួងការបរទេសព្យាយាមនិយាយកុំឲ្យអឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធបែបនេះក្តី ក៏លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែថ្លែងដដែលថា លោកមិនយកអធិបតេយ្យជាតិទៅដោះដូរជាមួយជំនួយ ឬក៏ភាពអនុគ្រោះពន្ធពីអ្នកណាទាំងអស់។
អ្នកវិភាគបញ្ហានយោបាយ និងសង្គម លោក គឹម សុខ យល់ឃើញស្រដៀងគ្នានឹងការលើកឡើងរបស់បណ្ឌិត យ៉ង សាំងកុមារ ដែរ ដោយលោកសង្កេតឃើញថា រដ្ឋាភិបាលបានកែប្រែស្ថានការណ៍តាមការទាមទាររបស់អឺរ៉ុបខ្លះដែរ។ ប៉ុន្តែលោកថា បើពិនិត្យឲ្យដិតដល់ លោក ហ៊ុន សែន គ្មានបំណងគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះទេ៖ «ប្រសិនបើចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុង គឺស្ថិតក្នុងដៃលោក ហ៊ុន សែន។ បើលោក ហ៊ុន សែន វិលទៅកាន់ប្រជាធិបតេយ្យ នោះការរក្សាប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជានៅតែមាន ហើយអឺរ៉ុបគេសប្បាយចិត្ត»។
ស្ថាប័នហិរញ្ញវត្ថុធំៗ របស់ពិភពលោកបានព្រមានថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងត្រូវធ្លាក់ចុះពី ៧ភាគរយ ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៦,៥% ក្នុងឆ្នាំ២០២០ ដោយសារភាពមិនប្រាកដប្រជានៃបញ្ហាព្យួរប្រព័ន្ធអនុគ្រោះពន្ធ។
ករណីជាក់ស្ដែង កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០១៩ នៅពេលសហភាពអឺរ៉ុបបានសម្រេចយកពន្ធលើអង្ករកម្ពុជា ដែលធ្វើឲ្យកម្ពុជាត្រូវខាតបង់ដល់ទៅជាង ៥៣លានដុល្លារអាមេរិកសម្រាប់ការបង់ពន្ធទៅឲ្យអឺរ៉ុបក្នុងឆ្នាំដំបូងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។