ដំណាំទុរេនរបស់កសិករនៅស្រុកសំឡូតជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យចម្រើនព្រះជន្មព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែឧសភា។ អ្នកទេសចរលើកឡើងថា មូលហេតុដែលទៅលេងកម្សាន្តដោយសារថ្ងៃឈប់សម្រាកឆ្នាំនេះ ចំពេលរដូវប្រមូលផលទុរេន និងជាទីកន្លែងដែលមានធម្មជាតិស្រស់ស្អាត។
អ្នកទេសចរម្នាក់មកទីរួមខេត្តបាត់ដំបង លោក សៅ ម៉ុងយី ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៥ឧសភាថា ក្រុមគ្រួសាររបស់លោកមានគ្នា ៦នាក់ បានធ្វើដំណើរតាមរថយន្តចេញពីផ្ទះដល់ចម្ការទុរេននៅក្នុងឃុំសំឡូត រយៈពេលប្រមាណ១ម៉ោងកន្លះ។ លោកបន្តថា នៅពេលទៅដល់ចម្ការទុរេន ពួកគាត់មានសប្បាយចិត្តនិងមានអារម្មណ៍ស្រស់ស្រាយជាខ្លាំង ព្រោះនៅទីនោះបានឃើញទេសភាពស្រស់ស្អាតនៅក្នុងចម្ការទុរេនដែលមានផ្លែរយីងរយោងពេញដើម៖ «អូៗ ចម្ការទុរេនគេបើឃើញហើយចង់អោបទុរេនមួយយប់តែម្ដង។ យើងមើលជាក់ស្ដែងទី១ វាធម្មជាតិ វាស្រស់ស្រាយ ហើយបូករួមខ្ញុំអ្នកចូលចិត្តរឿងទុរេន និងសាវម៉ាវផង គឺអារម្មណ៍របស់យើងវាសប្បាយតែម្ដង។ហើយមួយវិញទៀត យើងមកចំពេលមេឃស្រទំផង ធ្វើឱ្យយើងហូបបាយឆ្ងាញ់ពិសា » ។
លោកបន្តថា តម្លៃទុរេននៅក្នុងចម្ការចំពោះធូរេនចាស់មិនទាន់ទុំលក់តម្លៃ ១ម៉ឺន ៣ពាន់រៀលក្នុងមួយគីឡូក្រាម ហើយផ្លែទុរេនទុំអាចហូបបានតម្លៃ ១ម៉ឺន ៨ពាន់រៀលក្នុងមួយគីឡូក្រាម។
កសិករដាំទុរេន នៅភូមិកន្ទួត ឃុំសំឡូត លោក អ៊ុំ ហឿន ប្រាប់អាស៊ីសេរីថា លោកដាំទុរេនលើផ្ទៃដីចំនួន ៥ហិកតារ ក្នុងនោះប្រមាណ ២ហិកតារកំពុងប្រមូលផល និងចំណាយអស់ដើមទុនថែទាំប្រមាណ ១ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។ លោកបន្តថា ចាប់តាំងពីថ្ងៃទី១៣ ឧសភាមក មានអ្នកទេសចរណ៍រាប់រយនាក់ក្នុងមួយថ្ងៃបានចូលទៅទស្សនាក្នុងចម្ការទុរេនរបស់លោក ហើយលោកអាចលក់ទុរេនបានប្រហែល ៣០០គីឡូក្រាមក្នុងមួយថ្ងៃ៖ «វាបានតិចតួចវាអត់សូវមានទំ ហើយម្យ៉ាងគេមករកហូបតែទុរេនទំ តែទុរេនខ្ញុំអត់សូវទំ ហើយវាត្រូវខ្យល់ព្យុះបាក់អស់កាលពីខែមីនា ដល់អីចឹងវាមិនសូវមានទុរេន។យើងធ្វើនេះធ្វើបណ្ដើររៀនខ្លួនបណ្ដើរតាមការយល់ដឹង ហើយពីមុនមកយើងធ្វើយ៉ាងម៉េចក្រោយមកយើងខូចខាតទៅយើងត្រូវយ៉ាងម៉េចទៀតតាមនោះ » ។
លោកបន្តថា បើទោះបីជាមានអ្នកទេសចរច្រើនយ៉ាងនេះក្ដីក៏កសិករស្រុកសំឡូតលក់មិនបានកម្រៃនោះទេ ព្រោះដើមទុរេនមួយចំនួនត្រូវបានខ្យល់កន្ត្រាក់បក់បោករលំបាក់ខូច និងមួយចំនួនទៀតរលួយឫសងាប់ជាច្រើនដើមកាលពីរដូវវស្សា។
មេភូមិសំឡូត លោក កែវ វុទ្ធី ប្រាប់អាស៊ីសេរីថា អ្នកទេសចរមកលេងកម្សាន្តចម្ការទុរេនក្នុងភូមិរបស់លោក មានទាំងរថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តតូចៗ ចំណុះ ៥នាក់រាប់រយគ្រឿងក្នុងមួយថ្ងៃៗ ដែលខុសពីថ្ងៃធម្មតាមានភាពស្ងប់ស្ងាត់ ដែលមានរថយន្តបន្តិចបន្តួចរបស់អ្នកភូមិធ្វើដំណើរតាមផ្លូវនោះ។ លោកបន្តថា បរិយាកាសអ៊ូអរនេះ តែងតែកើតមានក្នុងរដូវប្រមូលផលទុរេន និងផ្លែសាវម៉ាវជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗ ដែរ៖ «ខ្ញុំគិតដល់ខាងយើងជាតំបន់ទេសចរណ៍មួយ ទាក់ទងរឿងផលិតផលផ្លែឈើផ្លែអីហ្នឹង។ តែការរៀបរយរបស់យើងវាមិនទាន់បានច្បាស់លាស់ល្អ ដោយកន្លែងខ្លះគេលក់តម្លៃបានខ្ពស់ទៅ ហើយកន្លែងខ្លះលក់តម្លៃហ្នឹង វាទាបជាងគេទៅ ហើយអ្នកខ្លះក៏លក់បានច្រើនទៅ អ្នកខ្លះគ្នាអត់បានផលជ្រុះ ដោយសារខ្យល់កន្ត្រាក់ខូចអស់ក៏មាន » ។
លោកបន្តថា កសិករដាំទុរេនក្នុងភូមិដែលលោកគ្រប់គ្រងមានមិនច្រើនដូចភូមិផ្សេងៗ ក្នុងឃុំសំឡូតនោះទេ គឺមានប្រមាណ ៦០ហិកតារ ក្នុងនោះប្រហែល ៣០ហិកតារកំពុងប្រមូលផល និងមានដំណាំសាវម៉ាវប្រមាណ ២០ហិកតារដែរ។
អភិបាលស្រុកសំឡូត លោក សើ សាម៉េត ធ្លាប់មានប្រសាសន៍ថា ប្រជាកសិករស្រុកសំឡូតនិយមដាំទុរេនចាប់ពីឆ្នាំ២០១០ រហូតមក ហើយមូលហេតុដែលពួកគាត់វិនិយោគដំណាំប្រភេទនេះ ដោយសារសំបូរទីផ្សារងាយលក់ដូរ ហើយមានតម្លៃខ្ពស់ ព្រោះមានប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តទៅទិញដល់ចម្ការ។
របាយការណ៍អភិបាលស្រុកសំឡូតឲ្យដឹងថា បច្ចុប្បន្នក្នុងស្រុកសំឡូតមានដំណាំទុរេនប្រមាណ ៤ពាន់ហិកតារ នៅឃុំស៊ុង និងឃុំសំឡូត ក្នុងនោះប្រហែលជាង ២ពាន់ហិកតារ កំពុងហុចផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។