អ្នកវិភាគសេដ្ឋកិច្ចជំរុញឱ្យរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ កម្ពុជាដែលទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ បានរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកដំបូងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ។ វេទិកានេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិនិយោគិន ធុរជន បញ្ញាវន្ត និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីនោះថា កិច្ចសហការអាស៊ី-អ៊ឺរ៉ុប បានចូលរួមយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រជាជន និងសេដ្ឋកិច្ច ដើម្បីការអភិវឌ្ឍន៍រួម។ លោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា កំពុងខិតខំរៀបចំដាក់ឱ្យអនុវត្តគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញវិនិយោគបរទេសបន្ថែមទៀត តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អប្រព័ន្ធដឹកជញ្ជូនទាំងផ្នែកទន់ និងរឹង លើកកម្ពស់សម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស រៀបចំបច្ចេកវិទ្យាព័ត៌មាន និង ឌីជីថល និងការអភិវឌ្ឍន៍វិស័យហិរញ្ញាវត្ថុ។
ទោះជាយ៉ាងណាអ្នកវិភាគសេដ្ឋកិច្ច លោក ចាន់ សុផល យល់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប កន្លងមក កម្ពុជាក៏ទទួលបានផលចំណេញដែរ ដូចជាវិនិយោគបរទេសនៅកម្ពុជា និងការនាំចេញផលិតផលទៅសហគមន៍អឺរ៉ុបជាដើម៖ « បើនិយាយទៅតាមទ្រឹស្ដីនៃការអភិវឌ្ឍសេដ្ឋកិច្ច គឺគេតោងតែចង់បានសហប្រតិបត្តិការពាណិជ្ជកម្មរវាងគ្នានិងគ្នា ការវិនិយោគឆ្លងប្រទេសអ៊ីចឹងទៅ អ៊ីចឹងគេច្រើនតែសំដៅចង់ថាបានប្រយោជន៍រៀងៗខ្លួន » ។
ទោះយ៉ាងណា លោកមើលឃើញថា កម្ពុជាជាប្រទេសតូចដែលសហគមន៍អឺរ៉ុបមិនរំពឹងថានឹងទទួលបានទីផ្សារធំនោះឡើយ ហើយសហភាពអឺរ៉ុបក៏បានកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធ(EBA)២០ ភាគរយផងដែរ។ ដូច្នេះលោកថា កម្ពុជាចាំបាច់ត្រូវតែគិតគូរឡើងវិញ ហើយក៏ត្រៀមខ្លួនបន្ថែមទៀតក្នុងរបត់ពិភពលោកថ្មី ពិសេសក្នុងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ដូចជា កសាងហេដ្ឋារចនាសម្ព័ន្ធ ទំនុកបម្រុងថាមពលអគ្គិសនីឱ្យគ្រប់គ្រាន់ មានគុណភាពល្អ និងតម្លៃធូរថ្លៃ រៀបចំប្រព័ន្ធឌីជីថលឬបច្ចេកវិទ្យាស្វ័យប្រវត្តិឱ្យកាន់តែសម្បូរបែប។ ជាពិសេស លោកបន្តថា កម្ពុជាត្រូវរក្សាការពារធនធានធម្មជាតិឱ្យល្អដើម្បីជាអំណោយផលដល់ការអភិវឌ្ឍប្រកបដោយចីរភាព បណ្ដុះបណ្ដាលធនធានមនុស្សឱ្យកាន់តែមានគុណភាពដើម្បីប្រកួតប្រជែងសេដ្ឋកិច្ចជាមួយប្រទេសផ្សេងៗ ព្រមទាំងរៀបចំឱ្យមានស្ថិរភាពសន្តិសុខសង្គមពិតប្រាកដ ដើម្បីឱ្យមានភាពកក់ក្ដៅ និងសុវត្ថិភាពខ្ពស់ចំពោះការវិនិយោគសេដ្ឋកិច្ចរបស់បរទេសនៅទឹកដីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។