សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលតំណាងឱ្យរោងចក្រកាត់ដេរជាង៥៨០ អំពាវនាវដល់សហភាពអឺរ៉ុប ឱ្យផ្ដល់ការអនុគ្រោះពន្ធ EBA ដូចដើមដល់កម្ពុជាវិញ ដើម្បីបន្តលើកស្ទួយជីវភាពពលរដ្ឋខ្មែរឱ្យចាកផុតពីភាពក្រីក្រ។ សហជីពឯករាជ្យថា ក្រុមថៅកែរោងចក្រគួរតែជំរុញជាពិសេសទៅខាងរដ្ឋាភិបាលកម្ពុជាវិញ ពីព្រោះកូនសោស្ថិតនៅក្នុងដៃរដ្ឋាភិបាល។
សមាគមថៅកែរោងចក្រលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៧ កុម្ភៈថា ពួកគេខកចិត្តចំពោះសហភាពអឺរ៉ុបដែលសម្រេចដកហូតផ្នែកខ្លះនៃការកម្មវិធីអនុគ្រោះពន្ធ EBA ពីព្រោះពួកគេថា ការសម្រេចចិត្តនេះបានត្រឹមតែធ្វើឱ្យបាត់បង់ការងារ និងនាំឱ្យមានភាពក្រីក្រនៅកម្ពុជា។
សមាគមថៅកែរោងចក្រថ្លែងបន្តថា សេចក្ដីសម្រេចរបស់សហភាពអឺរ៉ុបនេះ អាចនឹងបង្កឱ្យមានការភ័ន្តច្រឡំអំពីស្ថានភាពពាណិជ្ជកម្មរវាងភាគីទាំងពីរដែលកំពុងឆ្ពោះទៅមុខ ហើយនឹងជាការលើកទឹកចិត្តឱ្យអ្នកបញ្ជាទិញ ទៅទិញផលិតផលពីបណ្ដាប្រទេសដទៃដែលមានការគោរពសិទ្ធិសហជីពអន់ឆ្ងាយជាងកម្ពុជា។ ជាងនេះទៅទៀត វាអាចនឹងបណ្ដាលឱ្យមានការបាត់បង់ការងារសម្រាប់កម្មកររាប់ម៉ឺននាក់ និងធ្វើឱ្យមានភាពក្រីក្រកាន់តែខ្លាំងនៅកម្ពុជា។ ព្រមជាមួយគ្នានេះ ក្រុមថៅកែរោងចក្រថា ពួកគេនឹងកាន់តែពិបាកក្នុងការដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ដល់កម្មករ ដោយសារផលប៉ះពាល់អវិជ្ជមាននៃភាពប្រកួតប្រជែងមកលើវិស័យកាត់ដេរនៅកម្ពុជា។
ក្រុមថៅកែរោងចក្រលើកឡើងថា ពួកគេគោរព និងគាំទ្រការចូលរួមរបស់សហភាពអឺរ៉ុបក្នុងការកែលម្អគោលនយោបាយសិទ្ធិមនុស្ស ប៉ុន្តែពួកគេថា ការដកការជួយភ្លាមៗ បែបនេះពីពលរដ្ឋកម្ពុជា មិនមែនជាវិធីដែលត្រូវបន្តទៅមុខនោះទេ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជំរុញឱ្យសហភាពអឺរ៉ុបផ្ដល់ការអនុគ្រោះពន្ធទាំងស្រុងដល់កម្ពុជាវិញ ដើម្បីបុព្វហេតុនៃការអភិវឌ្ឍប្រកបដោយចិរភាព ការលើកកម្ពស់សិទ្ធិកម្មករនៅកន្លែងការងារ និងជួយឱ្យកម្មករមានការងារធ្វើបន្តទៀតដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។
ការអំពាវនាវរបស់សមាគមរោងចក្រនៅកម្ពុជា (GMAC) នេះ ធ្វើឡើងតែចំពោះសហភាពអឺរ៉ុបប៉ុណ្ណោះ មិនមានការស្នើសុំណាមួយទៅកាន់ភាគីរដ្ឋាភិបាលកម្ពុជានោះឡើយ។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បកស្រាយថា GMAC អំពាវនាវទៅតែសហភាពអឺរ៉ុប ដោយសារអឺរ៉ុបជាអ្នកសម្រេចចិត្តដក ឬរក្សាទុក EBA ដល់កម្ពុជា។ លោកបន្ថែមថា សមាគមមិនទាន់ដឹងថា តើត្រូវមានសំណើទៅដាច់ដោយឡែកមួយទៀត ទៅរដ្ឋាភិបាលកម្ពុជា ឬមួយក៏អត់នោះទេ៖ «យើងតំណាងវិស័យកាត់ដេរសំលៀកបំពាក់នៅកម្ពុជា អ៊ីចឹងយើងអំពាវនាវទៅអឺរ៉ុបពិចារណាឡើងវិញ រឿងដក EBA ណាដែលប៉ះពាល់ដល់វិស័យយើង ព្រោះយើងមើលឃើញថា ៤០មុខទំនិញ ដែល EU បានដកអនុគ្រោះពន្ធ មាន line ច្រើនណាស់ដែលប៉ះពាល់ទៅវិស័យកាត់ដេរ។ សូមសំណូមពរទៅ EU ព្រោះ EU អ្នកដែលដកអនុគ្រោះពន្ធ អ៊ីចឹង EU មានសិទ្ធិផ្ដល់អនុគ្រោះពន្ធមកវិញឱ្យយើង » ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា សំណើរបស់សមាគមថៅកែរោងចក្រនេះ ធ្វើឡើងបានតែមួយជ្រុង ក្នុងពេលដែលអ្នកកាន់កូនសោសំខាន់រឿង EBA នេះ គឺជារដ្ឋាភិបាលកម្ពុជា។ ក៏ប៉ុន្តែលោកជឿថា សមាគមថៅកែរោងចក្រអាចនឹងមានសំណើទៅរដ្ឋាភិបាលដែរ គ្រាន់តែមិនបង្ហាញជាសាធារណៈ។ មេដឹកនាំសហជីពរូបនេះសង្កេតឃើញថា ទាំងរដ្ឋាភិបាលកម្ពុជា និងសមាគមថៅកែរោងចក្រ ហាក់ដូចជាប្រឹងរកដំណោះស្រាយរឿងផលប៉ះពាល់ដែលកើតចេញពីការបាត់បង់ EBA ច្រើនជាងរកមធ្យោបាយយ៉ាងណាឱ្យកម្ពុជារក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធនេះ៖ «វាមិនមែនជារឿងសហភាពអឺរ៉ុបតែមួយ ដែលត្រូវឆ្លើយតបលិខិតហ្នឹងទេ។ តាមពិតទៅ ខាងរដ្ឋាភិបាលត្រូវជាង។ បើយើងមើលស្ថានភាពហ្នឹង ដោយសារតែសហភាពអឺរ៉ុបបានដាក់ហើយថា ពាក់ព័ន្ធនឹងការមិនអនុវត្តតាមអនុសាសន៍ហ្នឹង ហើយពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហ្នឹង គឺថាមិនអាចលើកលែងបានទេ។ នេះគឺជាកាយវិការមួយ ដែលសហភាពអឺរ៉ុបទុកពេលឱ្យហើយ អ៊ីចឹងបើរដ្ឋាភិបាលមិនកែ នោះគេដាក់ហើយ » ។
រដ្ឋាភិបាលលោក ហ៊ុន សែន មានពេលជាង ៥ខែទៀត មុនពេលសេចក្ដីសម្រេចដក EBA ២០% ពីកម្ពុជា ចូលជាធរមាននៅថ្ងៃទី១២ ខែសីហាខាងមុខ។ ប្រសិនបើកំណត់ត្រាអាក្រក់ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានកែលម្អឡើងវិញតាមលក្ខខណ្ឌរបស់អឺរ៉ុប នោះកម្ពុជាអាចមានឱកាសទទួលបានការអនុគ្រោះ EBA ទាំងស្រុងឡើងវិញ ចំពោះទំនិញនាំទៅសហភាពអឺរ៉ុប។
សហជីពឯករាជ្យព្រមានថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនអាចមើលស្រាលការដក EBA ត្រឹម ២០% នេះបានឡើយ ដ្បិតវាជាវិធានការទណ្ឌកម្មជំហានដំបូង ដែលអាចនឹងត្រូវពង្រីកបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលមិនព្រមកែលម្អស្ថានភាពសិទ្ធិមនុស្សឱ្យប្រសើរឡើងវិញទេនោះ។ ជាពិសេស ការបាត់បង់ EBA ទោះតិច ឬច្រើនក្ដី ក៏នឹងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងក្រុមហ៊ុនបញ្ជាទិញផងដែរ ហើយប្រសិនបើពួកគេកាត់បន្ថយ ឬក៏បញ្ឈប់ការបញ្ជាទិញ នោះពលរដ្ឋខ្មែររាប់លាននាក់នឹងត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារបញ្ហានេះ៕