សកម្មជនបរិស្ថាន លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរឿងបណ្ដែតបណ្ដោយធ្វើឱ្យបាត់បង់ប្រេងឆៅដែលមានតម្លៃរហូតដល់ជាង ២០លានដុល្លារពីកម្ពុជា។ មន្ត្រីអង្គការសង្គមស៊ីវិល លើកទឹកចិត្តឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មការចំពោះកិច្ចមួយស៊ើបអង្កេតករណីនេះប្រកបដោយតម្លាភាព និងគណនេយ្យ ដើម្បីធ្វើឱ្យពលរដ្ឋខ្មែរដែលជាម្ចាស់ភោគទ្រព្យជាតិបានដឹងច្បាស់ពីរឿងពិតនៅពីក្រោយរឿងរ៉ាវអាស្រូវនេះ។ ការលើកឡើងទាំងនេះ កើតមានឡើងស្របពេលមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា ហាក់កំពុងព្យាយាមលាក់បាំងព័ត៌មាន និងឆ្លើយដោះសាយករួចខ្លួនជុំវិញករណីនេះ។
តំណក់ប្រេងកម្ពុជាដែលត្រូវរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីនាំគ្នាអួតអាង និងធ្វើពិធីយ៉ាងហ៊ឹកហ៊ាក់យកទៅតម្កល់ទុកនៅវិមានឈ្នះៗ កាលពីដើមខែមិថុនាកន្លងទៅនេះ ឥឡូវនេះទំនងជាបានប្រែក្លាយទៅជាតំណក់ប្រេងចុងក្រោយរបស់កម្ពុជាហើយ ក្រោយពីមានរឿងរ៉ាវអាស្រូវនៃករណីបណ្ដែតបណ្ដោយឱ្យបាត់ប្រេងឆៅប្រមាណជិត ៣សែនបារែល ដែលមានតម្លៃរហូតដល់ជាង ២០លានដុល្លារអាមេរិក ពីដែនសមុទ្រកម្ពុជា។ ករណីនេះ ត្រូវមន្ត្រីពាក់ព័ន្ធកម្ពុជា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ចោទថា ត្រូវកប៉ាល់ដឹកប្រេងឈ្មោះ អ៊ឹមធី ស្ត្រូវ៉ូឡូស (MT Strovolos) ដោតទង់ជាតិបាហាម៉ា (Bahama) ដែលធ្វើការឱ្យក្រុមហ៊ុនបូមប្រេង គ្រីស អែណឺជី (Kris Energy) លួចដឹកចេញពីកម្ពុជា ក្រោមក្រុមហ៊ុននេះក្ស័យធន។
មិនខុសពីការព្រួយបារម្ភជារឿយៗរបស់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជុំវិញករណីគ្រប់គ្រងធនធានរ៉ែប្រេងរបស់កម្ពុជានេះ ការទទួលបានផលិតកម្មប្រេងដែលនៅមុននេះ មិនយូរប៉ុន្មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅថាជា «ពរជ័យសម្រាប់កម្ពុជា» នោះ ឥឡូវផលិតកម្មប្រេងនេះបានក្លាយទៅជា «បណ្ដាសាសម្រាប់កម្ពុជា» ជាបណ្ដើរៗ ហើយក្រោយមានរឿងរ៉ាវអាស្រូវនេះកើតឡើង។ មន្ត្រីកម្ពុជាមួយភាគធំបានរក្សាភាពស្ងៀមស្ងាត់ជុំវិញករណីនេះ ខណៈមន្ត្រីជាន់ខ្ពស់មួយចំនួនឆ្លើយដោះសាយករួចខ្លួន ហើយទម្លាក់ការទទួលខុសត្រូវទៅស្ថាប័នដទៃ ជាពិសេសក្រសួងរ៉ែ និងថាមពល។ ចុងក្រោយបំផុត រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ដែលមានសមត្ថកិច្ចមើលការខុសត្រូវតាមរយៈគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ បានប្រាប់វិទ្យុអាស៊ីសេរី ដោយទម្លាក់ការទទួលខុសត្រូវជុំវិញរឿងនេះទៅក្រសួងរ៉ែ និងថាមពលទៅវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត លោក ជៀប សួរ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមឃឿន នៅថ្ងៃទី៣១ ខែសីហា ដើម្បីសុំព័ត៌មានលម្អិតជុំវិញបញ្ហានេះបាននៅឡើយទេ ដោយសារពួកលោកមិនលើកទូរស័ព្ទ ឬមិនទាន់ឆ្លើយនឹងសំណួររបស់វិទ្យុអាស៊ីសេរីតាមបណ្ដាញសង្គមតេឡេក្រាម (Telegram)។ រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបានដោយលោកមិនលើកទូរស័ព្ទកាលពីយប់ថ្ងៃទី៣១ ខែសីហា។
ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក អាឡិហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) ថា រឿងរ៉ាវអាស្រូវបាត់ប្រេងឆៅដល់ទៅ ៣សែនបារ៉ែលនេះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងរឿងរ៉ាវលួចដឹកខ្សាច់ចេញពីខេត្តកោះកុង កំពត និងខេត្តព្រះសីហនុ ទៅប្រទេសសិង្ហបុរី (Singapore) រហូតដល់ជាង ៧០លានតោន ឬស្មើនឹងជាង ២ពាន់កប៉ាល់ធំៗ ចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៦ ដែលអាជ្ញាធរតែងតែឆ្លើយបដិសេធ និងលាក់បាំងព័ត៌មានពីអ្នកកាសែត និងសាធារណជន។ លោក អាឡិច បន្តថា ក្រសួងពាក់ព័ន្ធទាំងអស់ គឺជាអ្នកទទួលខុសត្រូវ ហើយបុគ្គលដែលជាអ្នកទទួលខុសត្រូវក្នុងរឿងរ៉ាវអាស្រូវនៃការបណ្ដោយឱ្យបាត់ប្រេងឆៅដ៏សម្បើមនេះ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង៖ « អ្នកទទួលខុសត្រូវ គឺទាំងអស់ហ្នុង គឺយើងមិនអាចនិយាយថា កងទ័ពជើងទឹកទទួលខុសត្រូវច្រើនជាង ឬក៏ក្រសួងរ៉ែ និងថាមពល ទទួលខុសត្រូវតិចទេ។ យើងអាចឆ្លើយថា អ្នកទទួលខុសត្រូវ គឺទាំងអស់។ ក្រសួងរ៉ែ និងថាមពល ក៏ទទួលខុសត្រូវ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ទទួលខុសត្រូវ។ ក្រសួងការពារជាតិ ជាពិសេសកងទ័ពជើងទឹកក៏ទទួលខុសត្រូវ ហើយសម្រាប់ខ្ញុំ លោក ហ៊ុន សែន ក៏ទទួលខុសត្រូវដែរ ដោយសារតែគាត់ជាប្រមុខរដ្ឋាភិបាលផង ហើយអ្នកដែលអួតតាំងតែពីដំបូងថា ប្រទេសកម្ពុជានឹងមានចំណូលពីប្លុកអេ (Block A) ៥០០លានដុល្លារ ពីសួយសារ និងពន្ធដារ រយៈពេលប៉ុន្មានឆ្នាំ។ ឃើញទីបញ្ចប់ទៅសល់តែមួយតំណក់ប្រេង នៅក្នុងវិមានឈ្នះៗ។ អ៊ីចឹង គឺអ្នកទទួលខុសត្រូវ មានច្រើន ប៉ុន្តែ បើសិនជាត្រូវការជ្រើសរើសម្នាក់ គឺអ្នកដែលអួតជាងគេហ្នុង គឺម្នាក់ហ្នុង ដែលគួរតែទទួលខុសត្រូវជាងគេ »។
លោក អាឡិច បន្តថា អាជ្ញាធរកម្ពុជាជាពិសេសកងទ័ពជើងទឹក មិនមែនអសមត្ថភាពក្នុងរឿងនេះទេ ព្រោះកម្ពុជាមានកប៉ាល់ល្បឿនលឿនរហូតដល់ជាង ១៥គ្រឿង មានកងទ័ពជើងទឹក និងកងម៉ារីនសរុបប្រមាណ ៥ពាន់នាក់ ហើយម្យ៉ាងទៀតកម្ពុជាបានដឹងរឿងរ៉ាវនេះមុនទៅហើយ ដែលត្រូវតែប្រុងប្រយ័ត្នក្រោយក្រុមហ៊ុន គ្រីស អែណឺជី បានប្រកាសក្ស័យធន៖ « រឿងមួយទៀត កុំភ្លេចថា មុននឹងកប៉ាល់ស្ត្រូវ៉ូឡូស (MT Strovolos) ដឹកប្រេងឆៅចេញពីប្រទេសកម្ពុជា ក្រុមហ៊ុន គ្រីស អែណឺជី (Kris Energy) បានប្រកាសថា ក្ស័យធនដូចជាតាំងពីប៉ុន្មានអាទិត្យមុន។ អ៊ីចឹង មានន័យថា មិនមែនអាជ្ញាធរអត់ដឹងទេ។ អាជ្ញាធរគេដឹងថា កប៉ាល់ស្រូវ៉ូឡូស ឬក៏ក្រុមហ៊ុន គ្រីស អែណឺជី គេអាចនឹងលួចចេញពីប្រទេសកម្ពុជានៅថ្ងៃណាមួយ។ អញ្ចឹង ខ្ញុំសួរថា ហេតុអីបានជាគេមិនតាមដានរឿងហ្នុង »។
ស្រដៀងគ្នានេះដែរ ប្រធានកម្មវិធីសុចរិតភាពធុរកិច្ចនៃអង្គការតម្លាភាពកម្ពុជា លោក រ៉ា ច័ន្ទរតន៍ មានប្រសាសន៍ថា ខាងអង្គការសង្គមស៊ីវិល និងពលរដ្ឋ ចង់បានការបកស្រាយច្បាស់លាស់ពីអាជ្ញាធរកម្ពុជា ជាពិសេសពីក្រសួងរ៉ែ និងថាមពល ដើម្បីឱ្យពលរដ្ឋខ្មែរដែលជាម្ចាស់ភោគទ្រព្យជាតិ បានដឹងពីការពិតនៅពីក្រោយរឿងរ៉ាវអាស្រូវមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រេងរបស់កម្ពុជានេះ៖ « ដូច្នេះ គាត់ត្រូវតែដឹងថា ប្រេងដែលបូមបានដាក់នៅលើកប៉ាល់មានចំនួនប៉ុន្មានពាន់ ប៉ុន្មានម៉ឺនបារែល ហើយក្នុងស្ថានភាពដែលក្រុមហ៊ុនកំពុងឈានទៅក្នុងដំណាក់កាលនៃការក្ស័យធនថា តើយើងគួរចាត់ចែងទ្រព្យរបស់ប្រជាពលរដ្ឋ ឬមួយក៏ជាតិខ្មែរយ៉ាងម៉េច ពីព្រោះធនធានប្រេងគឺជាធនធានរបស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា។ ដូច្នេះ ចម្ងល់របស់យើងទាំងអស់គ្នាក្នុងនាមជាប្រជាពលរដ្ឋគឺ ហេតុអី្វបានជាកប៉ាល់ហ្នុងត្រូវបានលួចឆ្លងដែនចេញពីកម្ពុជាទៅដល់ថៃ ហើយថៃមិនចាប់ មិនធ្វើការឃាត់ រហូតបន្តដំណើរទៅដល់ប្រទេសឥណ្ឌូណេស៊ីទើបកងទ័ពជើងទឹកឥណ្ឌូណេស៊ីមានការឃាត់អីជាដើម »។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ លើកទឹកចិត្តឱ្យរដ្ឋាភិបាលបង្កើតក្រុមការងារអន្តរក្រសួង ចំពោះកិច្ចមួយដើម្បីបើកការស៊ើបអង្កេតជុំវិញករណីរឿងអាស្រូវបាត់ប្រេងឆៅនេះ ប្រកបដោយតម្លាភាព គណនេយ្យ និងឯករាជ្យ៖ « យើងលើកទឹកចិត្តឱ្យអាចរៀបចំជាក្រុមការងារអន្តរក្រសួងមួយដើម្បីស៊ើបអង្កេតអំពីករណីហ្នុងឱ្យបានច្បាស់លាស់ពីព្រោះយើងមិនមែនបង្កើតគណៈកម្មការចំពោះកិច្ចនេះតែក្នុងករណីក្រុមហ៊ុន គ្រីស អែណឺជី នេះទេ គឺមានករណីផ្សេងៗ គ្នាជាច្រើនកន្លងមករដ្ឋាភិបាលតែងតែរៀបចំជាគណៈកម្មការ។ ប៉ុន្តែ សមាសភាពនៃគណៈកម្មការនេះគួរតែផ្តល់នូវទំនុកចិត្តដល់ប្រជាពលរដ្ឋខ្មែរយើងផងដែរថា តើគណៈកម្មការនេះអាចធានាបាននូវប្រសិទ្ធភាពនៅក្នុងការស៊ើបអង្កេតទៅលើករណីថា តើបុគ្គល ឬក៏មន្ត្រីណាខ្លះដែលពាក់ព័ន្ធទៅនឹងការធ្វេសប្រហែស ពីព្រោះយើងអត់ទាន់ដាក់បន្ទុកថា ជាកំហុសរបស់បុគ្គលនេះ ឬក្រសួងនោះបាននៅឡើយទេ លុះត្រាតែមានការស៊ើបអង្កេត ស្វែងរកការពិតមួយឱ្យបានជាក់លាក់ត្រឹមត្រូវទៅតាមបទប្បញ្ញត្តិច្បាប់ជាធរមាន »។
រឿងរ៉ាវអាស្រូវបាត់ប្រេងឆៅដល់ទៅជិត ៣សែនបារែលនេះ បានផ្ទុះឡើងក្រោយពេលអាជ្ញាធរឥណ្ឌូនេស៊ី (Indonesia) បានប្រកាសពីការចាប់បានកប៉ាល់នេះនៅដែនសមុទ្ររបស់ខ្លួនកាលពីចុងខែសីហា។ មន្ត្រីនាំពាក្យយោធាជើងទឹកឥណ្ឌូនេស៊ី ធ្លាប់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ប៊ែណា ញ៉ូវស៍ (BenarNews) ថា ការឃាត់កប៉ាល់ដឹកប្រេងឆៅពីកម្ពុជានេះ មិនមែនតាមសំណើរបស់កម្ពុជានោះទេ ប៉ុន្តែគឺដោយសារតែកប៉ាល់នោះបានរំលោភដែនសមុទ្រឥណ្ឌូណេស៊ី។ មន្ត្រីដដែលបានបញ្ជាក់ថា ការប្រគល់ប្រេងឆៅទៅឲ្យកម្ពុជាវិញនឹងត្រូវសម្រេចដោយចៅក្រមឥណ្ឌូនេស៊ី តែថាលិខិតរបស់រដ្ឋាភិបាលកម្ពុជាផ្ញើទៅក្រសួងការបរទេសឥណ្ឌូណេស៊ី មិនបានស្នើឲ្យឥណ្ឌូណេស៊ី សងប្រេងឆៅនោះមកវិញទេ។ ការលើកឡើងរបស់ភាគី ឥណ្ឌូនេស៊ីនេះ ហាក់ផ្ទុយពីអះអាងរបស់ភាគីកម្ពុជាកន្លងមក ដែលថា ភាគីកម្ពុជា ស្នើទៅប៉ូលិសអន្តរជាតិ អ៊ីនធឺប៉ូល (Interpol) ឲ្យចាប់កប៉ាល់ដឹកប្រេងនោះ។
ដោយឡែក មន្ត្រីព័ត៌មានស្ថាប័នប៉ូលិសអន្តរជាតិ អ៊ីនធឺប៉ូល លោក ស្តេហ្វិន ឡូយដ៍ (Stephen Lloyd) ប្រាប់វិទ្យុអាស៊ីសេរីតាមសារអេឡិចត្រូនិក កាលពីថ្ងៃទី៣១ សីហាថា ស្ថាប័នរបស់លោកមិនអាចធ្វើអត្ថាធិប្បាយទៅលើករណីជាក់លាក់នេះបានទេ លុះត្រាតែមានការអនុញ្ញាតឱ្យធ្វើដូច្នេះពីប្រទេសជាសមាជិកដែលពាក់ព័ន្ធនៅក្នុងរឿងនេះ។ លោកថា អគ្គលេខាធិការដ្ឋានប៉ូលិសអន្តរជាតិ មិនធ្វើការស៊ើបអង្កេតដោយខ្លួនឯងនោះទេ ហើយថារាល់ការរឹបអូសណាមួយដែលបានកើតឡើង បើទោះបីជាស្ថិតក្រោមបេសកកម្មនៃកិច្ចសហការរបស់ប៉ូលិសអន្តរជាតិក៏ដោយ ក៏ការស៊ើបអង្កេតនោះត្រូវបានធ្វើឡើងដោយស្ថាប័នអនុវត្តច្បាប់របស់ប្រទេសពាក់ព័ន្ធ។
របបលោក ហ៊ុន សែន កាលពីថ្ងៃទី៩ មិថុនា បានប្រញាប់ប្រញាល់រៀបចំពិធីតម្កល់កែវផ្ទុកប្រេងដំណក់ដំបូងរបស់កម្ពុជា ដែលរកឃើញដោយក្រុមហ៊ុន គ្រីស អែណឺជី (Kris Energy) នៅចុងឆ្នាំ២០២០ ទន្ទឹមពេលដែលក្រុមហ៊ុនប្រេងនេះបានប្រកាសក្ស័យធន។ សកម្មជនបរិស្ថាន លោក អាឡិច យល់ថា នេះគឺជាសញ្ញាអវិជ្ជមានសម្រាប់វិស័យប្រេងកាតនៅកម្ពុជា ដែលបង្ហាញពីភាពអាម៉ាស និងបរាជ័យរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលតែងតែយកបញ្ហាប្រេងនេះ ធ្វើជាយុទ្ធនាការអួតអាងពីជោគជ័យនៃការគ្រប់គ្រងប្រទេសក្រោមម្លប់ «សន្តិភាព» របស់បក្ខពួកខ្លួន។ លោកយល់ថា តំណក់ប្រេងដែលរបបលោក ហ៊ុន សែន យកទៅតម្កល់ទុកនៅវិមាន ដែលលោក ហ៊ុន សែន ប្រសិទ្ធិនាមថា «ឈ្នះ-ឈ្នះ» នោះ អាចទំនងជាក្លាយជាតំណក់ប្រេងចុងក្រោយរបស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។