អ្នក​បរិស្ថាន​​ជំរុញ​​ឱ្យ​កម្ពុជា​​ប្ដឹង​​ក្រុមហ៊ុន KrisEnergy ទៅ​​អាជ្ញា​កណ្ដាល​​អន្តរជាតិ​​រឿង​លួច​​នាំ​​ប្រេង​ឆៅ​​ពី​​កម្ពុជា​

0:00 / 0:00

អ្នកបរិស្ថាន​ជំរុញ​​ឱ្យ​អាជ្ញាធរ​កម្ពុជា​ប្ដឹង​ក្រុមហ៊ុន KrisEnergy ទៅ​អាជ្ញា​កណ្ដាល​អន្តរជាតិ​ ករណី​ក្រុមហ៊ុន​នេះ​បាន​លួច​នាំ​ប្រេង​ឆៅ ដែល​ក្រុមហ៊ុន​នេះបូម​បាន​ពី​​អណ្តូង​ប្រេង​ក្នុង​ប្លុកA ចេញ​ពី​កម្ពុជា។ ការលើកឡើង​នេះ​បន្ទាប់​ពី​មន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល​អះអាង​ថា ​កំពុង​រៀបចំ​ចំណាត់ការ​តាមច្បាប់​ទៅ​លើ​ក្រុមហ៊ុនប្រេង​​សិង្ហ​បូរី (Singapore) មួយនេះ។

អ្នកការពារធនធានធម្មជាតិចង់​ឃើញ​អាជ្ញាធរ​កម្ពុជា ​​ប្ដឹង​ក្រុម​បូមប្រេង KrisEnergy ទៅ​តុលាការ​អន្តរជាតិ ប្រសិន​​បើ​រដ្ឋាភិបាល​ពិតជាមាន​ឆន្ទៈ​ចង់​ចាត់​វិធានការ​​តាម​ច្បាប់​ជាមួយ​ក្រុមហ៊ុន​នេះ​ពិតប្រាកដ​មែន។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិលោក អាឡិកហាន់ឌ្រូ ហ្កន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ថ្លែង​ប្រាប់​វិទ្យុអាស៊ីសេរី​ថា លោក ហ៊ុន សែន គួរ​តែ​ហ៊ាន​ប្ដឹង​ក្រុមហ៊ុន​ទៅ​តុលាការ​អន្តរជាតិ ប្រសិនបើ​អាជ្ញាធរ​ប្រទេស​សឹង្ហបូរី មិនបាន​ផ្ដល់យុត្តិធម៌​ដល់​កម្ពុជា៖ «ប្រសិនជាគាត់​និយាយ​មែនទែន​មិន​ត្រឹម​ជារឿង​ល្ខោន ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​លោក ហ៊ុន សែន ប្ដឹង​​ក្រុមហ៊ុន KrisEnergy ទៅ​តុលាការ ប៉ុន្តែ​កុំ​ប្ដឹង​ទៅ​តុលាការ​នៅ​កម្ពុជា​ព្រោះ​នៅ​កម្ពុជា​អត់​ប្រយោជន៍​ទេ​ គឺ​បានត្រឹម​ជា​រឿងល្ខោន ជា​តុលាការ​អាយ៉ង​ទេ។ គាត់គួរ​ប្ដឹង​ទៅ​តុលាការ​នៅ​សឹង្ហបូរី និង​តុលការ​អន្តរជាតិ ពីព្រោះ​រឿង​ហ្នឹង​មាន​តុលាការ​​អន្តរជាតិ​ជាអាជ្ញា​កណ្ដាល។ គាត់​គួរ​ប្ដឹង​ទៅ​សឹង្ហបូរី​ទៅ ប្រសិនបើ​សឹង្ហបូរី​មិនអាច​ផ្ដល់​យុត្តិធម៌​ឱ្យ​កម្ពុជា​បាន គាត់​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ទៅ​ដូច​ជានៅ​អង់គ្លេស។ ហ្នឹង​ខ្ញុំ​ថា ជាដំណោះស្រាយ​មួយ​ល្អ គឺ​អាច​នឹង​ឱ្យយើង​អស់​មន្ទិល​សង្ស័យ»។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​កាល​ពី​ថ្ងៃទី១ ខែសីហា​ថា ការប្រឹងប្រែង​បូមប្រេង​នៅ​អណ្ដូង​អប្សរា ឬ​ប្លុក A ជួបភាព​បរាជ័យ ដោយសារ​ក្រុមហ៊ុន KrisEnergy ប្រកាស​ក្ស័យធន។ លោក ហ៊ុន សែន ថែមទាំង​បាន​បង្ហើប​ថា​ ក្រុមហ៊ុននេះ​បានលួច​យក​កប៉ាល់​ដឹក​ប្រេង​ទៅ​ជាមួយ ដោយ​ឆ្លង​ចូលក្នុងដែន​សមុទ្រ​ប្រទេស​ថៃ ដោយ​អាជ្ញាធរ​ខ្មែរ​មិន​បាន​ដឹង​មុន។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ស្រង់​សម្ដី​របស់​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួងរ៉ែ និង​ថាមពល​លោក ជៀប សួរ មក​ចុះផ្សាយកាលពីថ្ងៃទី៣ ខែសីហាថា ​ប្រេង​ដែល​ក្រុមហ៊ុន​ដឹក​ចេញ​ពី​កម្ពុជា​ទៅ​តាម​កប៉ាល់​ដល់​ដែន​សមុទ្រថៃ​នោះ ​គឺ​មាន​ប្រហែល​ ២សែន ៩ម៉ឺន បារ៉ែល ​គឺ​ជា​ប្រេង​ឆៅ។ លោក​ថា ​ពេល​នេះ​អាជ្ញាធរ​កំពុង​រៀបចំ​ដំណើរការ​តាម​ច្បាប់​ចាត់​ការ​លើ​ក្រុមហ៊ុន​ប្រេង​សិង្ហុបុរី KrisEnergy។

បើតាម​ការគណនា ដោយ​ពិនិត្យ​លើ​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​ប្រេង ​២សែន ៩ម៉ឺន ​បារ៉ែល ​ស្មើ​នឹង​ទឹកប្រាក់​ប្រហែល​ជាង ​២០លាន​ដុល្លារ។

បើទោះជាយ៉ាងណា លោក អាឡិច ថា​រឿង​នេះ​នៅ​មាន​មន្ទិល​សង្ស័យ​ជាច្រើន​ទៀត​ថា អាចមានអ្វី​នៅ​ពីក្រោយ​រឿងនេះ៖ «កប៉ាល់​របស់ KrisEnergy ដែល​ដឹក​ប្រេងកាត​ហ្នឹង​មិនមែន​ជាកប៉ាល់តូចទេ​ជាកប៉ាល់​ធំណាស់។ កប៉ាល់​តាម​ច្បាប់​វាត្រូវ​តែ​បើកប្រព័ន្ធ AIS (Automatic Identification System)បង្ហាញ​ពី​ទីតាំង​គ្រប់ពេល។ កប៉ាល់​ហ្នឹង​ គឺ​ដឹក​ប្រេង​ចឹង​ច្បាប់​អន្តរជាតិ​ គឺ​ម៉ឺងម៉ាត់​ណាស់​ គឺ​ចាំបាច់ត្រូវ​តែ​បើក AIS គ្រប់ពេល។ ខ្ញុំចេះ​តែឆ្ងល់​ថា ​តើ​កប៉ាល់​ប៉ុណ្ណា​ណី ដែល​បើក​ AIS តើ​គេចចេញ​ពីអាជ្ញាធរកម្ពុជ​យ៉ាង​ម៉េច​កើត? ខ្ញុំ​ថា ​សឹង​តែ​មិនជឿ។ ឯ​រឿង​ដែល​អស្ចារ្យ​តែ​ម្ដង ​គឺ​រដ្ឋាភិបាល​មិនមាន​លទ្ធភាព​ផ្នែក​កងទ័ព​ជើងទឹក ឬ​ក៏​គយ ឬ​ក្រសួង​រ៉ែ និង​ថាម​ពល​អត់មាន​លទ្ធភាព​តាម​ដាន​កប៉ាល់​ប៉ុណ្ណាណី ប៉ុន្តែ​នៅពេល​គេ​ចង់ចាប់​សកម្មជន​បរិស្ថាន​ខ្មែរ​គ្នាឯង​ក្រោយ​ពេល​គេ​ផូស​វីដេអូ​រឿង​ទឹកលូ​អីហ្នឹង​ គឺ​គេចាប់បាន​ភ្លាម»។

ជាមួយ​គ្នានេះលោក អាឡិច ថា​ លោក​មិនរំពឹង​ថា ​នឹង​មាន​ក្រុមហ៊ុន​ណា​ហ៊ាន​​ចូល​មក​វិនិយោគ​លើ​វិស័យ​ប្រេង​នៅ​កម្ពុជា​ឡើយ​នៅ​ប៉ុន្មាន​ខែ​តទៅ​មុខ​ទៀត​នេះ នៅ​ពេលដែល​ឃើញ​បទ​ពិសោធន៍​ដែល​ក្រុមហ៊ុន KrisEnergy ជួបប្រទះ​នៅពេលនេះ។ លោកថា​ ចាំ​បាច់​ណាស់​ដែល​កម្ពុជា​ត្រូវ​ពិនិត្យ​ពិច្ច័យ​រកក្រុមហ៊ុន​ជាទីទុក​ចិត្ត មើលបទពិសោធន៍​ប្រទេស​ជិតខាង និង​បើកទូលាយ​ឱ្យមាន​តម្លាភាព ប្រសិន​បើរដ្ឋាភិបាល​ចង់ឱ្យ​ដំណើរ​ការបូមប្រេង​នៅ​កម្ពុជា​បាន​ជោគជ័យ។

ក្រុមហ៊ុន Kris​Energy ប្រកាស​ក្ស័យធន​កាល​ពី​ខែមិថុនា ព្រោះ​មិន​មាន​លទ្ធភាព​សង​បំណុល។ ក្រុមហ៊ុន​ថា មូលហេតុចម្បង​មួយ​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន​ទៀត ដែលធ្វើឱ្យក្រុមហ៊ុន​ប្រកាសក្ស័យធន​នោះ ​គឺ​​កម្រិតប្រេងដែល​រក​ឃើញ​នៅ​អណ្ដូង​អប្សរា ឬ​ប្លុក A នៅ​កម្ពុជា នោះមានតិច។ ក្រុមហ៊ុន​ដែល​បាន​រកឃើញ​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​នៅ​ចុង​ឆ្នាំ២០២០ ​នេះ​បញ្ជាក់​ថា កម្រិត​បរិមាណ​ប្រេង​ពី​អណ្តូង​សាកល្បង​នៅប្លុក A មិនអាច​មាន​ប្រេង ៧.៥០០​ធុង ក្នុង​​មួយ​​ថ្ងៃ​ឡើយ ​គឺ​ជាក់ស្ដែង​បូម​បាន​មិន​ដល់ ​៣ពាន់​ធុង (២.៨៨៣ធុង) ផង ហើយ​បើតាម​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន វិញ ​គឺ​ក្រុមហ៊ុន​នេះ​បូម ​១ថ្ងៃ ​បាន​តែ ​១.០០០បារ៉ែល ឬធុង​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។