សកម្មជនបរិស្ថានមិនរំពឹងថាធនធានប្រេងកាតអាចជួយដល់សេដ្ឋកិច្ចជាតិ និងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ នោះឡើយ។ ការលើកឡើងនេះបន្ទាប់ពីរដ្ឋាភិបាលបានប្រញ៉ាប់ប្រញាលរៀបចំពិធីប្រគល់ ទទួលកែវផ្ទុកប្រេងដំណក់លើកដំបូងរបស់កម្ពុជាភ្លាមៗ ក្រោយពេលក្រុមហ៊ុនបូមប្រេង គ្រីស អែណឺជី (Kris Energy) បានប្រកាសក្ស័យធន។ ពួកគេអះអាងថា របបលោក ហ៊ុន សែន កំពុងទទួលរងភាពអាម៉ាស់និងបរាជ័យក្នុងវិស័យប្រេងកាត។
របបលោក ហ៊ុន សែន នៅថ្ងៃទី៩ មិថុនា ប្រញាប់ប្រញាល់រៀបចំពិធីតម្កល់កែវផ្ទុកប្រេងដំណក់ដំបូងរបស់កម្ពុជា ដែលរកឃើញដោយក្រុមហ៊ុន គ្រីស អែណឺជី (Kris Energy) នៅចុងឆ្នាំ២០២០ ពេលដែលក្រុមហ៊ុនប្រេងនេះប្រកាសក្ស័យធន។
សកម្មជនបរិស្ថានយល់ថា នេះគឺជាសញ្ញាអវិជ្ជមានសម្រាប់វិស័យប្រេងកាតនៅកម្ពុជា ដែលបង្ហាញពីភាពអាម៉ាស និងបរាជ័យរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលតែងតែយកបញ្ហាប្រេងនេះ ធ្វើជាយុទ្ធនាការអួតអាងពីជោគជ័យនៃការគ្រប់គ្រងប្រទេសក្រោមម្លប់ «សន្តិភាព» របស់បក្ខពួកខ្លួន។
ស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្កន់ហ្សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) ហួសចិត្តដែលរបបលោក ហ៊ុន សែន រៀបចំពិធីប្រគល់ និងទទួលប្រេងដំណក់ដំបូងរបស់កម្ពុជានេះ ប្រជែងគ្នាក្នុងពេលដែលក្រុមហ៊ុនវិនិយោគលើវិស័យនេះបានប្រកាសក្ស័យធន។ លោកមិនសង្ឃឹមថាក្រុមហ៊ុនបូមប្រេងកាតនៅកម្ពុជាអាចដំណើរការទៅមុខនោះទេ ព្រោះប្រេងកាតនៅកម្ពុជាតិច ហើយបច្ចុប្បន្នតម្លៃប្រេងកាតលើទីផ្សារក៏ទាបទៀតផង។ លោកហៅដំណក់ប្រេងកាតដំបូងរបស់រដ្ឋាភិបាលដែលប្រកាសប្រាប់គេឯងនោះ ថា អាចនឹងក្លាយជាដំណក់ប្រេងកាតចុងក្រោយរបស់របបលោក ហ៊ុន សែន៖ « មិនឃើញចំណុចណាមួយដែលមោទនភាព ឬដែលមានពរជ័យអីសម្រាប់ប្រជាជនខ្មែរទេ គឺមានតែរឿងអាម៉ាស៣៣ ប៉ុន្តែមិនមែនអាម៉ាស់សម្រាប់កម្ពុជា ហើយក៏មិនមែនអាម៉ាសដល់ប្រជាជនខ្មែរទេ គឺអាម៉ាស់ដល់របបលោក ហ៊ុន សែន ហើយប្រសិនជាលោក ហ៊ុន សែន នៅមានសេចក្ដីថ្លៃថ្នូរ គាត់ចង់កាត់បន្ថយផលប៉ះពាល់នៃរឿងហ្នឹងគឺគាត់សុំទោសដល់ប្រជាជនខ្មែរ ហើយមកស្រាយឱ្យក្បោះក្បាយ តើហេតុអ្វីប៉ុន្មានខែមុនយើងថា នឹងមានលុយប៉ុណ្ណេះៗ លាន យើងនឹងក្លាយទៅជាប្រទេសផលិតប្រេងកាតបែរឥឡូវក្រុមហ៊ុនគ្រីស អែណឺជី ក្ស័យធន » ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៩ មិថុនា ដោយលោកប្រាប់ថាកំពុងជាប់រវល់។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងទទួលស្គាល់នៅក្នុងពិធីប្រគល់ទទួលដំណក់ប្រេងដំបូងថា ដំណើរការទាញយកប្រេងកាតនេះអាចជួបបញ្ហាខ្លះ ប៉ុន្តែ លោកថា អាចដោះស្រាយតាមស្ថានភាពជាក់ស្ដែង។ បន្ថែមពីនេះ លោកឆ្លៀតចោទប្រកាន់អ្នកដែលមានមតិផ្ទុយរដ្ឋាភិបាលថារកមធ្យោបាយប្រឌិតរឿង បំផ្លិចបំផ្លាញ និងរារាំងដល់ការអភិវឌ្ឍប្រទេសជាដើម៖« មានអ្នកបកស្រាយផ្ទុយដើម្បីបំផ្លិចបំផ្លាញ ឬក៏មានមហិច្ឆតារារាំងនូវការអភិវឌ្ឍ ការរីកចម្រើនរបស់ប្រទេសយើង ដែលគេតែងតែឃើញថាជាផលប្រយោជន៍នៃការបំផ្លិចបំផ្លាញជាតិបានគេធ្វើហើយ » ។
ទោះយ៉ាងជាប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបង លោកស្រី ធុយ គឹមល័ក្ខ ប្រាប់ថា លោកស្រីក៏តាមដានរឿងបូមប្រេងនៅកម្ពុជាដែរ ដោយលោកស្រីសង្កេតឃើញថារដ្ឋាភិបាលនៅមិនទាន់បង្ហាញលទ្ធផលជាក់ស្ដែងដូចការអះអាងដល់ពលរដ្ឋនៅឡើយទេ៖ « ខ្ញុំជាប្រជាពលរដ្ឋខ្ញុំចង់ឱ្យគាត់បង្ហាញជាក់ស្ដែងពីដំណក់ប្រេងដែលរកឃើញនៅក្នុងប្រទេសកម្ពុជាយើងឱ្យជាក់ស្ដែងមក សំខាន់ប្រជាពលរដ្ឋរាល់ថ្ងៃទិញប្រេងមកសម្រាប់ធ្វើការ បើប្រទេសយើងបានប្រេងនឹងទទួលផលបាន តែអត់បានអ៊ីចឹងនៅដដែលអ៊ីចឹង » ។
ដោយឡែកសមាជិកបណ្ដាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា មើលឃើញថាក្រុមហ៊ុនប្រេង គ្រីស អែណឺជី (Kris Energy) ប្រកាសក្ស័យធនបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់រដ្ឋាភិបាល ខណៈរដ្ឋាភិបាលកំពុងមោទនភាព និងអបអរសាទរចំពោះដំណក់ប្រេងដំបូងរបស់កម្ពុជា។ លោកយល់ថា រដ្ឋាភិបាលគួរចាប់ផ្ដើមកិច្ចសន្ទនាជាមួយគ្រប់ភាគីពាក់ព័ន្ធឡើងវិញ ដើម្បីធានានូវប្រសិទ្ធភាព និងតម្លាភាព ជាពិសេស នឹងសម្រេចចិត្តផ្តល់សិទ្ធិឱ្យក្រុមហ៊ុនវិនិយោគលើវិស័យប្រេងកាតណាមួយនៅកម្ពុជា៖ « វាធ្វើឱ្យយើងកើតជាការងឿងឆ្ងល់អំពីនីតិវិធីបែប ឬក៏របៀបដែលរដ្ឋាភិបាលប្រគល់សិទ្ធិទៅឱ្យក្រុមហ៊ុននេះក្នុងការធ្វើអាជីវកម្មប្រេង ថាតើរដ្ឋាភិបាលបានធ្វើការសិក្សាស្រាវជ្រាវបានច្បាស់លាស់ ឬក៏មានការសម្រេចចិត្តខ្វះចន្លោះណាមួយដែលទេ ព្រោះតាមដឹងក្រុមហ៊ុននេះមានរឿងអាស្រូវជាច្រើន » ។
ក្រសួងរ៉ែ និងថាមពលធ្លាប់លើកឡើងថា កម្ពុជាគ្រោងនាំចេញប្រេងឆៅទៅកាន់ទីផ្សារអន្តរជាតិ ក្នុងដំណាក់កាលដំបូង ក្នុងបរិមាណពី ២៧ម៉ឺន ទៅ ៣០ម៉ឺនបារោះល កាលពីចុងខែឧសភា។ ក៏ប៉ុន្តែ ជាក់ស្ដែង ទិន្នផលប្រេងនៅឈូងសមុទ្រខ្មែរ បូមបានមិនដល់ ៣ពាន់ធុង (២.៨៨៣ធុង) ផង ក្នុងមួយថ្ងៃ។ ចំនួននេះតិចជាងការរំពឹងទុកជាងពាក់កណ្ដាល។ ដំបូង ភាគីក្រុមហ៊ុន គ្រីស អែណឺជី អះអាងថា នឹងអាចផលិតបានប្រេង ៧.៥០០ធុងក្នុងមួយថ្ងៃ។ ក៏ប៉ុន្តែ ក្រុមហ៊ុននេះបានប្រកាសក្ស័យធនកាលពីថ្ងៃទី៤ ខែមិថុនា ដោយសាររកឃើញបរិមាណប្រេងតិច និងគ្មានលទ្ធភាពសងបំណុល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។