អ្នក​តាមដាន​ថា កម្ពុជា​អាច​ទទួល​បាន​ការ​វិនិយោគ​ច្រើន​ពី​សហភាព​អឺរ៉ុប បើ​កម្ពុជា មាន​ស្ថិរភាព​នយោបាយ

0:00 / 0:00

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា រៀបចំ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច អាស៊ាន-កម្ពុជា រយៈ​ពេល ២ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ភ្ជាប់​ទំនាក់ទំនង គំនិត​សមាហរណកម្ម និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច រវាង​អ្នក​ដឹកនាំ​ធុរកិច្ច​ក្នុង​តំបន់​មេគង្គ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​លើក​ឡើង​ថា កម្ពុជា​នឹង​អាច​ទទួល​បាន​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ធំៗ ក្នុង​តំបន់ និង​អឺរ៉ុប លុះត្រាតែ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​ការ​ប្រកួតប្រជែង​វិស័យ​ពាណិជ្ជកម្ម​ដោយ​តម្លាភាព។

សភាពាណិជ្ជកម្មអឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា រៀបចំ​កិច្ចប្រជុំ​ធុរកិច្ច​អាស៊ាន-កម្ពុជា រយៈ​ពេល ២ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃ​ទី២៩ កញ្ញា ក្នុង​គោលបំណង​លើក​កម្ពស់​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​អនុតំបន់​មេគង្គ រួមមាន​ប្រទេស​កម្ពុជា ថៃ វៀតណាម និង​ឡាវ។

កិច្ចប្រជុំ​ធុរកិច្ច​នេះ មានអ្នកចូលរួមប្រមាណ៣០០នាក់ អ្នក​ទាំង​នោះ រួមមាន មន្ត្រី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប តំណាង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​នៅ​ក្នុង​អនុតំបន់​មេគង្គ មន្ត្រី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) ហើយ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា រួមមាន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក អូន ព័ន្ធមុន្នីរ័ត្ន និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អ្នកស្រី ចម និម្មល ក៏បាន​ចូលរួម​កិច្ចប្រជុំ​នេះ​ដែរ។

នាយក​ប្រតិបត្តិ​នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក ម៉ាទីន ប្រីសសុន (Martin Brisson) លើក​ឡើង​ថា កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង ដើម្បី​បូកសរុប​ការងារ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា​កន្លង​មក និង​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​ពាណិជ្ជកម្ម​ក្នុង​អនុតំបន់​មេគង្គ ដើម្បី​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​បង្ក​បរិយាកាស​ល្អ​ក្នុង​ការ​ធ្វើ​ធុរកិច្ច។

ក្រៅពីធ្វើបទបង្ហាញសៀវភៅសឆ្នាំ២០២៤ ដែល​បង្ហាញ​អំពី​បញ្ជី​អនុសាសន៍​គោល​នយោបាយ លើ​វិស័យ​ចំនួន១២ ដើម្បី​លើក​កម្ពស់​បរិយាកាស​ពាណិជ្ជកម្ម និង​លទ្ធផល​ពី​ការ​ស្ទង់​មតិ​អំពី​ទំនុក​ចិត្ត​ធុរកិច្ចឆ្នាំ២០២៣ នៅ​កម្ពុជា ដោយ​នាយក​ប្រតិបត្តិ នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក ម៉ាទីន ប្រីសសុន (Martin Brisson) ហើយ​នោះ ប្រធាន​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​ថៃ លោក ប៉ែតត្រូស សួរមេលីស (Petros Sourmelis) ក៏​បាន​ធ្វើ​បទ​បង្ហាញ​អំពី លក្ខខ័ណ្ឌ​គោល​នយោបាយ​ពាណិជ្ជកម្ម ដែល​សភាព​អឺរ៉ុប ពិចារណា​ដើម្បី​បង្កើត​ដៃគូ​ពាណិជ្ជកម្ម​ដែរ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ដើម្បី​សុំ​ការ​បក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី២៨ កញ្ញា។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា ដោយសារតែ​ស្ថានភាព​នយោបាយ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​តែ​មិន​ទាន់​ល្អ​ប្រសើរ ដូច្នេះ​ក្រុមហ៊ុន​ធំៗ របស់​សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​នាំ​មុខ​លទ្ធិ​ប្រជាធិបតេយ្យ​ផ្សេងៗ ទៀត នៅតែ​ខ្លាច​រអា​មិន​ហ៊ាន​វិនិយោគ​នៅ​កម្ពុជា។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​តែ​ធានា​ឱ្យ​បាន​នូវ​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព និង​កែប្រែ​គោល​នយោបាយ​ពាណិជ្ជកម្ម​ឱ្យ​ស្រប​ទៅ​នឹង​គោល​នយោបាយ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប នោះ​ទើប​រដ្ឋាភិបាល​អាច​ទាក់ទាញ​វិនិយោគិន​មក​បណ្ដាក់​ទុន​រកស៊ី ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ។

លោក សេង វណ្ណលី៖«ខ្ញុំ​ជឿ​ថា បើសិនជា​កម្ពុជា​មាន​ការ​តាំង​ចិត្ត​ពិត​ប្រាកដ(Commitment)ប្រហែល​ជា​អាច​ទាក់ទាញ​ក្រុមហ៊ុន​មួយ​ចំនួន ខណៈ​ក្រុមហ៊ុន​វិនិយោគ​ភាគ​ច្រើន​មក​ពី​អឺរ៉ុប ក៏​ដូច​ជា មក​ពី​អាមេរិក គាត់​ព្យាយាម​បង្វែរ​ផលិតកម្ម​ចេញ​ពី​ប្រទេស​ចិន មក​ទីផ្សារ​អាស៊ាន ដែល​ជា​ទីផ្សារ​សំខាន់​បំផុត ហើយ​ជា​ពិសេស ផ្នែក​កម្លាំង​ពលកម្ម​តែ​ម្ដង ហើយ​រឿង​សិទ្ធិ សេរីភាព​សារ​ព័ត៌មាន និង​លំហ​នយោបាយ គឺ​ជា​អ្វី​ដែល​គេ​បារម្ភ(Concern)»។

កិច្ចប្រជុំ​ធុរកិច្ច​អាស៊ាន-កម្ពុជា នេះ នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី២៩ កញ្ញា។អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ដោយសារ​តែ​ភាព​ទន់ខ្សោយ​ផ្នែក​នីតិរដ្ឋ ហើយ​ស្ថានភាព​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​នៅតែ​អាក្រក់ ដូច្នេះ ក្រុមហ៊ុន​អន្តរជាតិ នឹង​អាច​រារែក​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា៕