អ្នក​​ជំនាញ​ស្នើ​​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​​បញ្ហា​​ពាក់ព័ន្ធ​​ផ្សេងទៀត​ ដើម្បី​​ជំរុញ​​ការ​​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​

ដោយ ជាតិ ចំណាន
2021-04-06
Share
អ្នក​​ជំនាញ​ស្នើ​​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​​បញ្ហា​​ពាក់ព័ន្ធ​​ផ្សេងទៀត​ ដើម្បី​​ជំរុញ​​ការ​​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ ផលិតផលខ្មែរដែលត្រូវបានលើកកម្ពស់តាមរយៈគោល​នយោបាយ​ជាតិ ​​ស្តីពី​ ការ​ជំរុញ​ចលនា​ភូមិ​មួយ​​ផលិត​ផល​មួយ​។
រូប៖ ហ្វេសប៊ុក OVOP

អង្គការ​សង្គម​ស៊ីវិល ​អ្នក​ជំនាញ​ខាងសេដ្ឋកិច្ច​កសិកម្ម​ និង​ផលិតករ គាំទ្រសាររបស់​​​ប្រមុខ​​រដ្ឋាភិបាល​​ ដែល​បំផុស​ឱ្យ​ពលរដ្ឋ​ទិញ​ និង​​ប្រើប្រាស់​​ផលិត​ផល​ខ្មែរ​ ដើម្បី​​លើក​​កម្ពស់​​កិត្យានុភាព​​ជាតិ។ ប៉ុន្តែ​ពួក​គេ​ថា​ មាន​រឿង​ជាច្រើន​​ទៀត​​ដែល​រដ្ឋាភិបាល​​ត្រូវ​ដោះស្រាយ​ ទាក់ទង​​នឹង​ការ​លើក​​កម្ពស់​ការ​ប្រើប្រាស់​​​ផលិតផល​​ក្នុង​ស្រុក​នេះ។ ​នោះ​គឺ​ការ​​ដោះស្រាយ​​បញ្ហា​ប្រឈម​ទាំងឡាយ​​​របស់​សហគមន៍​​អ្ន​ក​ផលិត។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​​កសិករកម្ពុជា​លោក ថេង សាវឿន ​សង្កេតឃើញថា ​ពលរដ្ឋ​ខ្មែរនិយម​ប្រើ​​ផលិត​ផល​​នាំចូល​ពី​ក្រៅ​ប្រទេស​​ ដោយសារ​​កត្តាគុណភាព​ និង​​តម្លៃ។ លើក​លែង​​តែ​ផលិត​ផល​​កសិកម្មមួយ​​ចេញ ​ដែល​លោក​មើល​ឃើញថា​ ពលរដ្ឋ​បាន​​ងាក​មក​​ប្រើ​​ផលិត​ផល​​ក្នុងស្រុក​ច្រើន​ ដោយសារតែ​​បារម្ភ​​ពី​​ផល​ប៉ះពាល់​​ផ្នែក​សុខភាព​។​ លោកគូស​បញ្ជាក់​​ថា​ ដើម្បី​លើក​​កម្ពស់​​ការ​ប្រើប្រាស់​​ផលិត​ផល​​ក្នុងស្រុក​ រដ្ឋាភិបាល​​ត្រូវ​ដោះស្រាយ​​បញ្ហាមួយ​ចំនួន​ទៀត​​ដែល​ទាក់ទង​​គ្នា មាន​​ជាអាទិ៍ ​ការ​​រកទីផ្សារ​ជូន​​អ្នក​ផលិត​ ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​​បច្ចេកទេសដល់ពួក​គាត់​ និង​រក​វិធីទប់​ស្កាត់​​ការ​ហូរ​ចូល​ទំនិញ​​ពីបរទេសជាដើម៖ «ផលិត​ផល​កសិកម្ម ឬក៏​ផលិត​ផល​ពី​បរទេស​បាន​វាយ​លុក​ច្រើន​មក​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ស្ទើរ​តែ​ទៅដល់​ទាំង​ជន​បទ និង​ស្រុក​ស្រែ​ចម្ការ។ អ៊ីចឹង​យើង​ទាម​ទារ​ឱ្យ​មាន​ការ​រៀប​ចំដោយ​ស្វាហាប់​បន្ថែម​ទៀត ទាំង​ធនធាន​មនុស្ស​ ធនធាន​ថវិកា ហើយ​និង​បច្ចេក​ទេស​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ពី​សំណាក់​អាជ្ញាធរ​ក្នុង​ការ​ដឹកនាំ​ ហើយ​និង​ការ​ចូលរួម​បន្ថែម​ដោយ​ការ​ប្តូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ»។

ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិលរូប​​នេះ ធ្វើ​ឡើង​នៅក្នុង​ឱកាស​ទិវា​ជាតិ​លើក​កម្ពស់​ការ​ប្រើប្រាស់​ផលិត​ផល​ខ្មែរលើក​ទី៤ ឆ្នាំ២០២១ ក្រោម​ប្រធាន​បទ «រួម​គ្នា​ទិញ និង​ប្រើប្រាស់ផលិត​ផល​ខ្មែរ គឺ​រួម​គ្នា​លើក​កម្ពស់​កិត្យានុភាព​ជាតិ»។ ទិវានេះត្រូវបាន​រៀបចំ​ឡើងដើម្បី​បំផុស​ និង​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​ទាំងអស់ ឱ្យ​បន្ត​​គាំទ្រ​ និង​យ​ក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​លើក​កម្ពស់​ផលិត​ផល​ក្នុងស្រុក ដែល​ជាការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ និង​​ការ​រីក​ចម្រើន​នៃ​​សង្គម​ជាតិ។​ ប៉ុន្តែ​ដោយ​សារ​​តែ​​ការ​រាតត្បាត​នៃ​ជំងឺកូវីដ-១៩​ កម្មវិធីដែល​​ត្រូវធ្វើ​នៅ​ថ្ងៃទី០​៩​ ខែមេសា​ខាងមុខនេះ ​​មិន​អាច​រៀប​ចំ​បាន​​ដោយ​ផ្ទាល់​​នៅ​តាម​ទីសាធារណៈនោះទេ។​

ទោះជាយ៉ាងនេះក្តី​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ចេញលិខិត​​អបអរ​សាទរទិវានេះ​ ដោយ​ភ្ជាប់ជាមួយ​នឹងសារ​​អំពាវនាវ​ចំនួន​ ​៥ ចំណុច។

2034e6b9-9c51-4ac3-8dde-14a2aa05ea70.jpeg
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញលិខិត​អបអរ​សាទរ​ទិវា​ជាតិ​លើក​កម្ពស់​ការ​ប្រើប្រាស់​ផលិត​ផល​ខ្មែរ លើក​ទី៤ ឆ្នាំ២០២១ ក្រោម​ប្រធាន​បទ «រួម​គ្នា​ទិញ និង​ប្រើប្រាស់ផលិត​ផល​ខ្មែរ គឺ​រួម​គ្នា​លើក​កម្ពស់​កិត្យានុភាព​ជាតិ»។

លោកអំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ ឱ្យ​បន្ត​សហការ​​គ្នា​លើក​កម្ពស់កា​រ​​ប្រើប្រាស់​​ និង​ការ​យល់​ដឹង​​ឱ្យ​បាន​ទូលំ​ទូលាយ​​ពីគុណភាព​​ផលិត​ផល​ខ្មែរ​ ដោយ​នាំគ្នា​​ផ្តល់​​ជំនាញ​​នានា​​ដល់​ផលិត​ករ​​លើ​ដំណើរការ​​ខ្សែ​ចង្វាក់​​ផលិត​កម្ម​ ការ​ពង្រឹង​គុណភាព​​ សុវត្ថិភាព​ផលិតផល​ ការ​កែច្នៃ​ និង​ការ​វេចខ្ចប់​​ជាដើម។ ក្រៅពីនេះ ​​លោក​​ណែនាំ​ឱ្យ​ស្ថាប័ន​​ពាក់ព័ន្ធ​សហការ​​ជាមួយ​​វិស័យ​ឯកជន​​ រៀបចំ​ទីផ្សារ​​តាម​បច្ចេកវិទ្យា​អន​ឡាញ​ ជួយ​ផលិតផល​ខ្មែរ​​ក្នុង​ការ​លក់​​ និង​ដាក់​​បង្ហាញ​ក្នុង​​ព្រឹត្តិការណ៍​ពិព័រណ៍​​នានា​​ទាំង​ក្នុង​​ និង​ក្រៅប្រទេស​ និង​តាម​ស្ថាន​តំណាង​​កម្ពុជា​​ប្រចាំនៅ​បរទេស។ ជាមួយ​គ្នានេះ​ លោកបាន​ណែនាំ​ឱ្យ​​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើត​ផែន​ទី​ចង្អុល​​ផ្លូវ​​នៃផលិត​ផល​ «​ភូមិមួយ​ផលិត​ផល​មួយ»​ និង​ចងក្រង​ផលិត​ផល​​ក្នុងស្រុក​ដែល​​មាន​សក្តានុពល​ ព្រម​ទាំង​កៀរគរ​​ការវិនិយោគ​​លើ​ផលិតផល​ក្នុង​ស្រុក​ ស្រប​​តាម​​គោល​​នយោបាយ​របស់​​រដ្ឋាភិបាល។​ លើសពីនេះ ​លោក​អំពាវនាវ​​ដល់​ពលរដ្ឋ​គ្រប់រូប​ ឱ្យ​ចូល​រួម​​គាំទ្រ​​ និង​លើក​កម្ពស់​ផលិត​​ផ​ល​​ខ្មែរ​តាម​ពាក្យ​​ស្លោក​ «​ប្រជា​ជន​​​ម្នាក់​​ទិញផលិត​ផល​​ខ្មែរ​​យ៉ាង​តិច​មួយ​​មុខ​»។ លោក​ ហ៊ុន សែន​ ថ្លែង​ទៀតថា ​ការ​បំផុស​ចលនា​ទិញ ​និង​ប្រើប្រាស់​​ផលិត​ផល​ក្នុងស្រុ​ក​​នេះ​ ត្រូវ​តែ​ពង្រី​ក​​បន្ថែម​​ទៀត​នៅក្នុង​​ឱកាស​នៃ​​ជំងឺរាតត្បាត​​កូវីដ-១៩។ ​លោកបន្ថែម​ថា ​លោក​ចង់​ឱ្យ​​ព្រឹត្តិការណ៍​នេះ ​ជា​ការ​ទូង​ស្គរ​​ដាស់​ស្មារតី​​ពលរដ្ឋ​គ្រប់រូប​ ឱ្យ​នាំគ្នា​​លើក​កម្ពស់​​ការ​​ប្រើប្រាស់​ និង​ទិញ​​ផលិត​ផល​ខ្មែរ​​ក្នុងស្មារតី​​ខ្មែរ​ជួយ​​ខ្មែរ។

ទោះជាបែបនេះក្តី​ សហគមន៍​អ្នក​ផលិត​​ និង​អ្នក​ជំនាញ​​ចង់​ឱ្យ​រដ្ឋាភិបាល​​អនុវត្ត​ឱ្យ​មាន​​ប្រសិទ្ធភាព​​ចំពោះគោល​នយោបាយ​​ទាំងឡាយ​​ដែល​ពាក់​ព័ន្ធ​នឹង​​ការ​​លើក​​ស្ទួយ​ផលិត​ផល​​ក្នុងស្រុក​ ជាពិសេស​​គឺ​គោល​នយោបាយភូមិ​​មួយ​ផលិត​ផល​​មួយ។

ផលិតករ​ និ​ង​ជា​អ្នក​ទិញ​-​លក់​​ហូល​​នៅស្រុក​ព្រៃកប្បាស​ ខេត្ត​តាកែវ ​លោកស្រី ទូច សារ៉េម ​ឱ្យ​ដឹងថា​ ពលរដ្ឋ​ក្នុងសហគមន៍​​លោក​ស្រី​ផលិត​​ហូល​តាម​​លក្ខណៈប្រពៃណី​​មក​​ដល់​​សព្វថ្ងៃ​ មិន​ទាន់​ឃើញ​​មាន​​មន្ត្រីជំនាញ​​រូបណា​​ចុះ​ទៅ​ជួយ​​បង្រៀន​ ឬ​ផ្តល់​​បច្ចេក​ទេស​​ថ្មីៗ​​ ដល់​ពួក​គាត់​​ឡើយ។ លោក​ស្រី​​សង្ឃឹម​ថា​ តាមរយៈសារលិខិត​​របស់​​នាយក​រដ្ឋ​មន្ត្រីនេះ​ ស្ថាប័ន​ពាក់ព័ន្ធ​​នឹង​​គិត​គូរដោះស្រាយ​​បញ្ហានេះ ​ហើយជាពិសស​ ​​ជួយ​រក​ទីផ្សារ​​ទាំងក្នុងស្រុក និង​​ក្រៅស្រុក​ជូន​​សហគមន៍​​លោកស្រី៖ «បើរាជរដ្ឋាភិបាល​​ជួយ​បាន ​ជួយសិក្សា​​ពី​ទីផ្សារ​​ខាង​ក្រៅ (ប្រទេស)​ ហើយ​និង​​កុម្ម៉ង់​មក​​ពួក​​សិប្បករ​យើង​ទាំង​អស់​​នេះ ដើម្បី​​ធ្វើ​ឱ្យ​បាន​​នាំ​ចេញទៅ​ក្រៅ។ ​អាហ្នឹង​បាន​​ទីផ្សារ​យើង​វាទូលាយ​ ព្រោះឥលូវ​ទីផ្សារ​យើងភា​គ​ច្រើន​ គឺ​នៅក្នុង​ស្រុក​ទេ​​ អត់ទាន់​បាន​នាំ​​ចេញ​ទៅក្រៅទេ។ ​មិន​ដឹង​ជា​ពេល​ណា ​យើង​​បាន​​ទីផ្សារ​​ទូលាយ​អ៊ីចឹង​ទេ​

OVOP.jpg
សិប្បកម្មស្មូនឆ្នាំងដី និងវត្ថុអនុស្សាវរីយ៍ដែលធ្វើពីដីដោយដៃសិប្បករខ្មែរ។ (រូប៖ OVOP)

អាស៊ីសេរី​មិន​អាច​ទាក់ទង​​អគ្គលេខាធិការ​​នៃ​គណៈកម្មាធិការ​ជាតិ​​ជំរុញ​​ចលនា​ភូមិ​មួយ​​ផលិត​ផល​មួយ​លោក ជា សំណាង​ ​និង​អ្នក​នាំពាក្យ​​ក្រសួង​ពាណិជ្ជកម្ម​​ លោក ស៊ាង ថៃ​ ដើម្បី​​សាក​សួរ​​អំពី​រឿងនេះ​​បាន​ទេ នៅថ្ងៃទី០៦ ខែមេសា។

ជុំវិញរឿងនេះ ​​ប្រធាន​គណៈកម្មាធិការ​​​នាយកគណបក្ស​​ប្រជាធិបតេយ្យមូលដ្ឋាន​ (GDP) ​និង​ជាអ្នក​ឯកទេស​​​ខាង​សេដ្ឋកិច្ច​កសិកម្ម​ បណ្ឌិត​ យ៉ង សាំងកុមារ​ មាន​​ប្រសាសន៍ថា​ ​ការ​ផលិត​​ និងការ​​ប្រើប្រាស់​ផលិត​ផល​ក្នុង​ស្រុក​​​ ត្រូវ​តែ​​ដើរ​​ទន្ទឹមគ្នា​។​ លោក​ស្នើ​ឱ្យ​​រដ្ឋាភិបាល​​មាន​​យន្តការ​ និង​​គោល​នយោបាយ​ច្បាស់លាស់សម្រាប់​​សហគមន៍​​អ្នក​ផលិត​។​ ជាឧទាហរណ៍ ​​រដ្ឋាភិបាល​ត្រូវ​បង្កើន​​ការ​ផលិត​ក្នុងស្រុក​​ចំពោះផលិត​ផល​​ដែល​នាំ​ចូល​​ច្រើន​​ពី​បរទេស ​​បែងចែក​ផលិត​ផល​​ពី​​តំបន់​​​សម្បូរ​ហូរហៀរ​ទៅ​តំបន់​​ខ្វះខាត​ និង​ពង្រីក​​ទីផ្សារ​ទៅ​ក្រៅប្រទេស​​ចំពោះផលិត​ផល​ណា​​ដែលផលិត​​បាន​លើស​​​ពី​តម្រូវ​ការ​​នៅក្នុងស្រុក​។​ ជាមួយគ្នានេះ​ លោក​ថា​ ពលរដ្ឋ​ក៏​ត្រូវ​ងាក​​មក​ជួយ​ទិញ​​ផលិត​ផល​​នៅក្នុងស្រុក​ដែរ​ ដើម្បី​គាំទ្រ​ដល់​​អ្នក​ផលិត​«យើង​ត្រូវ​បែង​ចែក​ប្រភេទ​ផលិត​ផល បញ្ហា​ផលិតផល ទាក់ទង​រឿង​ផលិត ឬ​ទាក់ទង​រឿង​ពាណិជ្ជកម្ម​ ឬមួយ​ទាក់ទង​រឿង​ដឹក​ជញ្ជូន ទាក់ទង​នឹង​រឿង​តម្លៃ ឬក៏​ទាក់ទង​នឹង​រឿង​គុណភាពអ៊ីចឹង។ ប៉ុន្តែ​ជារួម​ខ្ញុំ​យល់ឃើញថា យើង​មាន​ការ​ខ្វះខាត​ទាំងអស់​ហ្នឹង ទាំង​ការ​ផលិត​ក៏យើង​ខ្វះខាត ការ​ធ្វើ​ពាណិជ្ជកម្មក្នុង​ប្រទេស​ក៏​យើង​ខ្វះខាត ហើយ​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​ផលិត​ផលក៏​នៅ​មាន​ការ​ខ្វះខាត។ អ៊ីចឹង​វា​ត្រូវដើរ​​ទៅ​ទាំង​អស់​​គ្នា ទាំង​ផលិត​កម្ម ទាំង​ពាណិជ្ជកម្ម ហើយ​និង​ទាំង​ការ​បរិភោគ»

រដ្ឋាភិបាល​កម្ពុជា​​បាន​បង្កើត​​គោល​នយោបាយ​ជាតិ​​ស្តីពី​ការ​ជំរុញ​ចលនា​ភូមិ​មួយ​​ផលិត​ផល​មួយ​ កាល​ពី​ឆ្នាំ២០១៦​ និង​​អនុវត្ត​រហូត​ដល់​​ឆ្នាំ២០២៦។ គោល​​នយោបាយ​​នេះ​​ត្រូវ​បាន​​បង្កើត​​ឡើង​​ដើម្បី​បង្កើន​​ផលិត​កម្ម ​បង្កើន​​វត្ថុធាតុ​ដើម ​បង្កើន​ការ​​កែ​ច្នៃ ​ឬអភិវឌ្ឍ និង​​រក​ទីផ្សារ​ទាំងក្នុង​ និងក្រៅប្រទេស​​ក្នុង​​ការ​​លក់​ផលិត​ផល​​ ទាំង​ផលិត​ផល​​បែប​ប្រពៃណី និង​​ផលិត​ផល​បង្កើត​​ថ្មី​របស់​ប្រជាពលរដ្ឋ។​ រដ្ឋាភិបាល​រំពឹងថា ​គោល​នយោបាយ​​នេះនឹ​ង​​រួម​ចំណែក​​ជួយ​ពន្លឿន​​កំណើន​​សេដ្ឋកិច្ច​​កម្ពុជា​ឱ្យ​មាន​ការ​វិវឌ្ឍ​​លឿន​ទៅមុខ ដើម្បី​​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​មាន​​ចំណូល​មធ្យម​កម្រិ​ត​​ខ្ពស់​នៅ​​ឆ្នាំ២០៣០ និ​ង​​ចំណូល​ខ្ពស់​នៅ​​ឆ្នាំ២០៥០ ​ព្រម​ទាំង​​ធានា​​បាន​នូវ​ការ​​អភិវឌ្ឍ​ប្រកប​ដោយ​​ចីរភាព។

ថ្វីបើ​នេះ​ជាគោល​នយោបាយ​​ដ៏ល្អក្តី អង្គការ​សង្គម​ស៊ីវិល ​និង​អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​​កសិកម្ម​ ​មើល​ឃើញថា​ គោល​នយោបាយនេះ​​​មិន​ទាន់សម្រេច​​បាន​​ផ្លែផ្កា​អ្វី​ជាដុំ​កំភួន​នៅឡើយទេ​ ដោយសារតែខ្វះខាតធនធាន​មនុស្ស ​ហិរញ្ញវត្ថុ ​បច្ចេក​ទេស ​​ជាពិសេស​ខ្វះ​ការ​អនុវត្ត​ជាក់​ស្តែងពី​ស្ថាប័ន​ពាក់ព័ន្ធ​។ ពួក​គេ​ស្នើ​ឱ្យ​រដ្ឋាភិ​បាល​​​​កែ​​លម្អ​ចំណុចខ្វះខាត​ទាំងនេះ ដោយ​​​​បន្ថែម​ថវិកា​ជាតិ ​និង​បញ្ជូន​ធនធាន​មនុស្ស​​ឱ្យ​បានច្រើន​​​ទៅជួយ​ដល់​​​សហគមន៍​អ្នក​​ផលិតនៅ​ទូទាំង​​ប្រទេស​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល