កម្មកររោងចក្រក្នុងរាជធានីភ្នំពេញត្អូញត្អែរពីបញ្ហាជីវភាពដោយសារទទួលបានប្រាក់ខែតិចនិងគ្មានការងារបន្ថែមម៉ោងធ្វើ បន្ទាប់ពីថៅកែរោងចក្រកាត់បន្ថយថ្ងៃធ្វើការ និងព្យួរការងារ ព្រោះគ្មានការបញ្ជាទិញផលិតផលពីរោងចក្រ។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាល គួរចរចាជាមួយសហគមន៍អន្តរជាតិដើម្បីបានប្រព័ន្ធអនុគ្រោះពន្ធមកវិញ មុននឹងវិស័យកាត់ដេរកម្ពុជារងផលប៉ះពាល់កាន់តែខ្លាំង។
កម្មកររោងចក្រមួយចំនួននៅរាជធានីភ្នំពេញ កំពុងប្រឈមនឹងបញ្ហាជីវភាពប្រចាំថ្ងៃ បន្ទាប់ពីរោងចក្រជាច្រើនបានបន្តបិទទ្វារ និងព្យួរការងារជាបន្តបន្ទាប់ ដោយសារតែគ្មានតម្រូវការ គ្មានការបញ្ជាទិញ និងកង្វះវត្ថុធាតុដើម។
កម្មការិនីនៅរោងចក្រ នីអាន់ឃីដ (NYAN KIDS) ក្នុងសង្កាត់ទឹកថ្លា លោកស្រី ទោ សម្ផស្ស ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែកុម្ភៈ ថា បច្ចុប្បន្នលោកស្រីធ្វើការ១០ ទៅ១៥ថ្ងៃក្នុងមួយខែ និងគ្មានការងារបន្ថែមម៉ោងនោះឡើយ។ លោកស្រីថា ការកាត់បន្ថយម៉ោងការងារ ធ្វើឱ្យលោកស្រីទទួលបានប្រាក់ឈ្នួលត្រឹម៨០ទៅ១៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ លោកស្រីបន្តថា ប្រាក់ខែតិចតួចនេះ មិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងការសិក្សារបស់កូនៗ ដោយការចំណាយត្រូវត្បិតត្បៀតជាងមុន និងមិនហ៊ានទិញម្ហូបអាហារល្អៗបរិភោគនោះឡើយ៖
«និយាយទៅក្នុងមួយថ្ងៃទាំងកូនរៀន ទាំងម្ហូប(ចំណាយអស់)៤ម៉ឺន។ ចុះបើអាងតែប្រាក់ខែរោងចក្រប៉ុណ្ណឹងចាយអីគ្រាន់មួយខែ១៥០ដុល្លារហ្នឹង ម្នាក់ៗសុទ្ធតែមានគ្រួសារទប់ហ្នឹងហើយ។ តែគ្រាន់តែថា សេដ្ឋកិច្ចវាពិបាក គ្រួសារក៏ពិបាកដែរ តែធ្វើម៉េចយើងត្រូវចំណាយហើយហ្នឹង បើអត់ចំណាយចុះកូនទៅរៀន ចុះម្ហូបញាំរាល់ថ្ងៃ»។
ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មកររោងចក្រកាត់ដេរក្នុងឆ្នាំ២០២៣ មានចំនួន២០០ដុល្លារអាមេរិកក្នុងមួយខែ ដែលកើនឡើងចំនួន៦ដុល្លារ បើធៀបនឹងឆ្នាំ២០២២។
កម្មការិនីនៅរោងចក្រ “ច្រាក់” ក្នុងសង្កាត់ទឹកថ្លា លោកស្រី ជិន សារ៉េត ឱ្យដឹងថា រោងចក្រកាត់បន្ថយម៉ោងធ្វើការដោយឱ្យចេញនៅម៉ោង៤ល្ងាច ហើយពេលខ្លះកម្មករត្រូវកាត់បន្ថយថ្ងៃធ្វើការតរហូតដល់១សប្ដាហ៍ក្នុងមួយខែ។ លោកស្រីថា ការកាត់បន្ថយពេលវេលាធ្វើការនេះ បានកើតឡើងលើរោងចក្រជាច្រើន រហូតដល់រោងចក្រខ្លះត្រូវបិទទ្វារ។ លោកស្រីថា បញ្ហានេះបណ្ដាលឱ្យលោកស្រី និងកម្មករជាច្រើននាក់ទៀតជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសអ្នកជាប់កាតព្វកិច្ចសងបំណុលធនាគារ៖
«ការហូបចុកអីវាពិបាកដែរ ព្រោះអីអត់សូវបានថែមម៉ោង។ ម្នាក់ៗចាយលុយអីអត់សូវដូចមុន ត្រូវចាយរិះថាំត្បិតត្បៀតព្រោះអីម្នាក់ៗត្រូវរកលុយបង់ធនាគារគ្រប់គ្នា ដល់ពេលរោងចក្រធ្វើអ៊ីចឹង អត់សូវហ៊ានចាយលុយផ្ដេសផ្ដាសទេ»។
របាយការណ៍ពីសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា គិតត្រឹមដើមឆ្នាំ២០២៣នេះ មានរោងចក្រចំនួន១០បានបិទទ្វារ រោងចក្រចំនួន២០បានព្យួរការងារកម្មករ ហើយរោងចក្រប្រមាណ៦០ផ្សេងទៀតបានកាត់បន្ថយបុគ្គលិក និងរោងចក្រប្រមាណ៨០ភាគរយគ្មានវត្ថុធាតុដើមសម្រាប់កាត់ដេរ។ របាយការណ៍បញ្ជាក់ថា រោងចក្រខ្លះបានព្យួរកិច្ចសន្យាការងារកម្មកររាប់ពាន់នាក់ ចន្លោះពី២ខែ រហូតដល់៦ខែ ដោយអះអាងថា គ្មានអ្នកបញ្ជាទិញ។ កម្មករដែលព្យួរការងារភាគច្រើនត្រូវក្រុមហ៊ុនផ្ដល់ប្រាក់អត្ថប្រយោជន៍ត្រឹម១៥ភាគរយឬប្រមាណ៣០ដុល្លានៃប្រាក់ឈ្នួលអប្បបរមាប៉ុណ្ណោះ។
ជាក់ស្ដែង កម្មករ កម្មការិនីក្រុមហ៊ុន ហ្គ្រេត យូញៀន (ខេមបូឌា) ហ្គាមេន ខូអិលធីឌី «Great Union (Cambodia) Garment Co.,Ltd.» ជាង១ពាន់នាក់ (១០៧២នាក់) ស្ថិតនៅរាជធានីភ្នំពេញ ទទួលរងការព្យួរកិច្ចសន្យាការងាររយៈពេល២ខែបន្តទៀតហើយ ដោយគិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដែលជាការព្យួរកិច្ចសន្យាការងារឈានដល់លើកទី៣ ដែលមានរយៈពេល ៦ខែជាប់ៗគ្នា។ ចំណែករោងចក្រមួយចំនួនដូចជា រោងចក្រ នីអាន់ឃីដ ខេមបូឌា (Nyan kid Cambodia, LTD) កំពុងព្យួរការងារនិងកាត់បន្ថយម៉ោងធ្វើការកម្មករ ស្របពេលដែលរោងចក្រមួយចំនួនកំពុងកេងប្រវ័ញ្ចនិងរំលោភសិទ្ធិការងារតាមរយៈការបិទរោងចក្រដោយស្ងាត់ៗ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោក ខេន លូ និងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី១៨ ខែកុម្ភៈ។
ជុំវិញរឿងនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានឱ្យដឹងថា កត្តាចម្បងដែលនាំឱ្យរោងចក្រមួយចំនួនបិទទ្វារ និងកាត់បន្ថយម៉ោងធ្វើការរបស់កម្មករ ដោយសារការបញ្ជាទិញមានការធ្លាក់ចុះបណ្ដាលមកពី ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយរបស់សហភាពអឺរ៉ុប និងGSPរបស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាជួបរបាំងពន្ធ។ លោកយល់ឃើញថា រដ្ឋាភិបាលគួរតែប្រញាប់ដោះស្រាយបញ្ហានេះ ដោយចរចាជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក តាមរយៈការស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីស្នើសុំអនុគ្រោះពន្ធពេញលេញ មុននឹងក្រុមហ៊ុនវិនិយោគប្ដូរទីតាំងទៅប្រទេសផ្សេង នាំឱ្យប្រជាពលរដ្ឋរាប់សែននាក់បាត់បង់ការងារ៖
«អ្វីៗដែលយើងបារម្ភ នៅពេលដែលគេដកចេញភាគច្រើន កម្ពុជាយើងនៅតែមានសិទ្ធិនាំចេញ ប៉ុន្តែយើងប្រហែលជាមិនមានឱ្យកាសទេ សូម្បីតែនាំចូលមិនយកពន្ធផង យើងនៅតែទៅមិនរួចផង ទម្រាំតែគេយកពន្ធ។ អ៊ីចឹងយើងមិនអាចប្រកួតប្រជែងជាមួយប្រទេសចិន(China) វៀតណាម(Vietnam)បង់ក្លាដេស(Bangladesh) បានទេ។ យើងខ្សោយជាងគេ ជាពិសេសវត្ថុធាតុដើមហ្នឹងតែម្ដង»។
ចាប់ពីដើមឆ្នាំ២០២២មក វិស័យកាត់ដេររបស់កម្ពុជាជួបប្រទះបញ្ហាជាបន្តបន្ទាប់ ដោយសារការប្រកួតប្រជែងតម្លៃលើទីផ្សារ និងខ្វះវត្ថុធាតុដើម ដែលបណ្ដាលមកពីការរីករាលដាលជំងឺកូវីដ១៩ វិបត្តិសង្គ្រាម រុស្សី(Russia) និងអ៊ុយក្រែន(Ukraine) និងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងGSPរបស់សហរដ្ឋអាមេរិក។
ទោះមានការលើកឡើងពីក្រុមអង្គការសង្គមស៊ីវិល ថាការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA និងGSP ជាមូលហេតុចម្បងនៃការបិទទ្វាររោងចក្រ និងអាចបណ្ដាលឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះក៏ពិតមែន ក៏លោកនាយករដ្ឋមន្ត្រីនៅតែអះអាងរក្សាជំហរថា មិនត្រូវការជំនួយដែលបញ្ជាលោកឱ្យគោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងការធ្វើឱ្យបរិយាកាសនយោបាយនៅកម្ពុជាមានភាពល្អប្រសើរនោះឡើយ។ កាលពីខែមីនា ឆ្នាំ២០១៩ លោក ហ៊ុន សែន បានប្រកាសថា ទោះបីគ្មានប្រព័ន្ធអនុគ្រោះពន្ធ ក៏កម្ពុជាមិនស្លាប់នោះដែរ។ តែក្រុមអង្គការសង្គមស៊ីវិល និងក្រុមសហជីពថា ទោះបីគ្មានប្រព័ន្ធអនុគ្រោះពន្ធក៏រដ្ឋាភិបាលកម្ពុជាមិនស្លាប់នោះឡើយ តែអ្នកដែលស្លាប់គឺប្រជាពលរដ្ឋកម្ពុជាដែលក្រីក្រនិងពឹងផ្អែកលើការងារក្នុងស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។