កម្មករ​រោងចក្រ​ចង់​ឃើញ​នាយក​រដ្ឋមន្ត្រី​ថ្មី​គិតគូរ​ពី​ជីវភាព​កម្មករ

0:00 / 0:00

ក្រុម​កម្មករ​រោងចក្រ ទទូច​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​កម្មករ​ជា​ធំ​ជាជាង​ចុះ​ជួប​កម្មករ និង​ប្រើ​សារ​នយោបាយ​ស្អំ​ចិត្ត​ពួកគាត់​តែ​នៅមុន​ពេល​បោះឆ្នោត។ ការ​លើកឡើង​នេះ​គឺ​បន្ទាប់​ពី​រោងចក្រ​មួយ​ចំនួន​បាន​ព្យួរ​ការងារ និង​បិទទ្វារ​ជា​បន្តបន្ទាប់​ដែល​ធ្វើ​ឱ្យ​កម្មករ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព។

ក្រុម​កម្មករ​មួយ​ចំនួន​ត្អូញត្អែរ​អំពី​បញ្ហា​ខ្វះខាត​ជីវភាព ខណៈ​លោក ហ៊ុន សែន នៅ​តែ​លូកដៃ​លើ​ការងារ​អនាគត​នាយករដ្ឋមន្ត្រី​ថ្មី ដែល​នឹង​បង្កើត​ឡើង​នៅ​ពេល​ខាងមុខ​នោះ។ ពួក​គាត់​បារម្ភ​ថា កម្មករ​នៅ​តាម​បណ្ដា​រោងចក្រ​នឹង​បន្ត​បាត់បង់​ការងារ​បន្ថែម​ទៀត​ដោយសារតែ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប។

ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ ខេនស្ព័តស៊ូ ខេត្ត​កំពង់ឆ្នាំង លោក កាន សុខវី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១ សីហា ថា នៅ​ក្នុង​រោងចក្រ​ដែល​លោក​កំពុង​ធ្វើ​ការ​ថៅកែ​ចាប់​ផ្ដើម​ព្យួរ​ការងារ​កម្មករ ២ពាន់​នាក់​បន្ថែម​ដោយសារ​គ្មាន​ការ​បញ្ជា​ទិញ និង​កម្មករ​មួយ​ចំនួន​ទៀត​ធ្វើ​ការ​ទទួល​បាន​ប្រាក់ខែ​តែ ៥០ភាគ​រយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា​ប្រសិនបើ លោក ហ៊ុន ម៉ាណែត ដឹក​នាំ​ប្រទេស​ធ្វើ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្ងន់ធ្ងរ​ទៀត​នោះ​អ្នក​ដែល​រងគ្រោះ​ខ្លាំង​គឺ ពលរដ្ឋ ជាពិសេស​កម្មករ​ដែល​ធ្វើ​ការ​តាម​រោងចក្រ។

លោក កាន សុខវី៖«ការ​រំពឹង​របស់​ខ្ញុំ ខ្ញុំ​ចង់​បញ្ជាក់​ពី​ការ​ពិត ទី១ ខ្ញុំ​ចង់​និយាយ​ថា ប្រសិន​បើ​ថ្នាក់​ដឹក​នាំ​នៅ​តែ​ដឹក​នាំ​បែប​ហ្នឹង​ពួកខ្ញុំ​ដែល​ជា​កម្មករ​ដែល​ជា​ប្រជាជន​ក្រីក្រ​គឺ​នៅ​តែ​មាន​ការ​ប៉ះពាល់​នៅ​តែ​មាន​ហានិភ័យ​រហូត មាន​តែ​អ្នក​ដែល​ត្រូវ​ដៃ​ត្រូវ​ជើង​គ្នា​ទេ តែ​ចំពោះ​ខ្ញុំ​ដែល​ជា​កម្មករ កម្មការិនី នៅ​តែ​ប៉ុណ្ណឹង​គ្មាន​ការ​រីក​ចម្រើន​ទេ»។

ស្រដៀង​គ្នា​នេះ​ដែរ​កម្មករ​រោងចក្រ​ស្តារឡៃថ៍ នៅ​ខេត្ត​កណ្ដាល លោកស្រី សាយ តាំងអ៊ីម រៀបរាប់​ថា បច្ចុប្បន្ន​លោកស្រី​មាន​ជីវភាព​ខ្វះខាត​ដោយសារតែ​ប្រាក់ខែ​តិចតួច​មិន​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​បាន​គ្រប់គ្រាន់ ហើយ​ការងារ​នៅ​ក្នុង​រោងចក្រ​កម្មករ​បាត់បង់​ប្រាក់​អត្ថប្រយោជន៍​ការងារ ជាពិសេស​ប្រាក់​អតីត​ភាព​ការងារ​ពុំ​ទទួល​បាន​នោះ​ទេ​ដោយ​ក្រសួង​ការងារ​បាន​បង្វែរ​ប្រាក់​អត្ថប្រយោជន៍​ទៅ​ជា​ថ្ងៃ​ឈប់​សម្រាក​វិញ។ លោក​ស្រី​បន្ត​ថា ប្រាក់​អតីត​ភាព​ការងារ​ដែល​លោកស្រី​ទទួល​បាន​គឺ​ចន្លោះ​ពី ១៥០ដុល្លារ ដល់ ១៦០ដុល្លារ ក្នុង​មួយ​ឆ្នាំ​ប៉ុន្តែ​ក្នុង​ពេល​នេះ​ប្រាក់​អត្ថប្រយោជន៍​ទាំង​អស់​គឺ​ត្រូវ​កាត់​ចោល​ដោយសារ​រោងចក្រ​ខ្វះ​វត្ថុធាតុ​ដើម​សម្រាប់​ផលិត និង​មិន​អាច​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​បាន។

លោកស្រី សាយ តាំងអ៊ីម៖«ខ្ញុំ​សំណូមពរ​ត្រឹម​ថា​ឱ្យ​មាន​ការងារ​ឱ្យ​ប្រជាជន​ហ្នឹង​ធ្វើ​ឱ្យ​ច្រើនៗ​ពីព្រោះ​ប្រជាជន​ពួកគាត់​ពិបាក​រឿង​លុយកាក់​ហ្នឹង​ច្រើន​ណា​ជំពាក់​គេ​ណា​ទំនិញ​ក៏​ឡើង​ថ្លៃ ទំនិញ​ឡើង​ថ្លៃ​អត់​ចុះ​ទាល់​ពេល​អ៊ីចឹង​ពិបាក ពិបាក​គ្រប់​តែ​កន្លែង»។

របាយការណ៍​សហ​ព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បង្ហាញ​ថា គិត​ត្រឹម​ដើម​ឆ្នាំ​២០២៣​ នេះ មាន​រោងចក្រ​ចំនួន​១០​ បាន​បិទទ្វារ រោងចក្រ​ចំនួន​២០​ បាន​ព្យួរ​ការងារ​កម្មករ ហើយ​រោងចក្រ​ប្រមាណ​ ៦០​ផ្សេងទៀត​ បាន​កាត់​បន្ថយ​កម្មករ។ បញ្ហា​នេះ​កំពុង​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ ៣ម៉ឺន ២ពាន់​នាក់ រីឯ​កម្មករ​ជាច្រើន​ទៀត​បាន​បាត់បង់​ការងារ​ធ្វើ​ទាំងស្រុង​តែ​ម្ដង ។

កម្មករ​រោងចក្រ សិន តៃ នៅ​រាជធានី​ភ្នំពេញ លោកស្រី ម៉ិច សៀង ហៃ ថ្លែង​ថា លោកស្រី​ចង់​ឃើញ​រដ្ឋាភិបាល​ថ្មី​បង្កើន​ការងារ​ឱ្យ​កម្មករ​ធ្វើ​កាន់​តែ​ច្រើន ពីព្រោះ​លោកស្រី​មិន​ដឹង​រំពឹង​អ្វី​ក្រៅពី​ការងារ​រោងចក្រ​នោះ​ទេ បើ​ត្រឡប់​ទៅ​ធ្វើស្រែ​ចម្ការ​វិញ​ក៏​គ្មាន​ទីផ្សារ​លក់​កសិផល​ដែរ។ លោកស្រី​ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី គឺ លោក ហ៊ុន ម៉ាណែត យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ ពីព្រោះ​កម្មករ​ស្ទើរតែ​៩០ភាគរយ​ហើយ ដែល​ជំពាក់​ធនាគារ និង​ប្រឈម​នឹង​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​ថែម​ទៀត​ផង។

លោកស្រី ម៉ិច សៀងហៃ៖ «តែ​អ្វី​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​អ្វី​ដែល​ខ្ញុំ​បារម្ភ​គឺ​ខ្ញុំ​បារម្ភ​ត្រង់​ថា អ្នក​ឡើង​ដឹក​នាំ​គ្រប់គ្រង​ប្រទេស​អា​ហ្នឹង​ធ្វើ​ម៉េច​បើ​គាត់​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ប៉ុន្តែ​ការ​ដឹកនាំ​របស់​គាត់​មែន​ថា ឧទាហរណ៍​ថា​គាត់​ឡើង​កាន់​ដំណែង​ហើយ​ធ្វើ​ឱ្យ​ប្រជាជន​មាន​ការ​លំបាក​វេទនា​ខ្វះខាត​អី​ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មួយ​រូប​ក៏​មិន​ចូលរួម​ត្រេកអរ​ដែរ»។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ និង​អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) លោក ខេន លូ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១ សីហា។

ទោះ​បី​ជា​បែប​នេះ​ក្ដី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា លោក​មិន​ទាន់​ដឹង​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​នៅ​ឡើយ​ទេ។ លោក សុខ ឥសាន អះអាង​ថា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​កម្មករ​អត់​ការងារ​ធ្វើ និង​រោងចក្រ​បិទទ្វារ​ជា​បន្ត​បន្ទាប់​គឺ​ដោយសារតែ​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ និង​សង្គ្រាម​រវាង​រុស្ស៊ី (Russia) និង​អ៊ុយក្រែន (Ukraine) ទៅវិញ។

លោក សុខ ឥសាន៖«ដោយសារ​បញ្ហា​ឥទ្ធិពល​សង្គ្រាម​អ៊ុយក្រែន និង​រុស្សី​ហ្នឹង​បាន​វា​មាន​ឥទ្ធិពល​មក ហើយ​វា​មិនមែន​ឥទ្ធិពល​ហ្នឹង​ធ្លាក់​មក​លើ​តែ​កម្ពុជា​ទេ​វា​ធ្លាក់​លើ​គ្រប់​ប្រទេស​ទាំងអស់​ប្រទេស​ធំៗ ហ្នឹង​ធ្ងន់ធ្ងរ​ជាង​កម្ពុជា​ទៀត​ដូច្នេះ​ហើយ​យើង​កុំ​អាល​ប៉ាន់ស្មាន​មើល​តែ​មួយ​ចំណុច​ហើយ​វាយ​តម្លៃ​មិន​ល្អ​ចំពោះ​សភាពការណ៍​កម្ពុជា​ក៏​អត់​បាន​ដែល ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ការ​ប៉ះពាល់​សេដ្ឋកិច្ច​ហ្នឹង​វា​មិន​ទើប​តែ​មាន​ឥឡូវ​ទេ គឺ​មាន​តាំង​ពី ២០២០ ២០២១ ២០២២ហ្នឹង​ហើយ»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អ្នកស្រី ទូច សេរី មាន​ប្រសាសន៍​ថា អ្នកស្រី​ព្រួយ​បារម្ភ​ការ​បិទ​រោងចក្រ និង​ព្យួរ​ការងារ​កម្មករ​ជា​បន្តបន្ទាប់​នេះ​អាច​ធ្វើ​ឱ្យ​កម្មករ​មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា​ជីវភាព​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក និង​កម្មករ​មួយ​ចំនួន​ត្រូវ​ថៅកែ​បញ្ចប់​កិច្ច​សន្យា​ការងារ ។ អ្នកស្រី​អះអាង​ថា មក​ទល់​ពេល​នេះ​មាន​កម្មករ​ច្រើន​ជាង ៥ពាន់​នាក់​កំពុង​អត់​ការងារ​ធ្វើ និង​ម្ចាស់​រោងចក្រ​មិន​គិតគូរ​ថ្លៃ​សំណង​ក្រោយ​រោងចក្រ​ក្ស័យធន។

អ្នកស្រី ទូច សេរី៖«អំពាវនាវ​មួយ​ដែល​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ថ្មី​ហ្នឹង​ដើម្បី​គាត់​ជួយ​រិះរក​ការងារ​ឱ្យ​កម្មករ​ធ្វើ​ហើយ​ធ្វើ​ម៉េច​ឱ្យ​សិទ្ធិ​សេរីភាព​សហជីព​ហ្នឹង​កាន់​តែ​ប្រសើរ​ជាង​មុន។ ទី២ ខ្ញុំ​ចង់​និយាយ​ថា​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ស្រុក​យើង​ហ្នឹង​យើង​ឃើញ​ជាក់ស្ដែង​ហើយ​ជួនកាល​យើង​ទើប​តែ​បង្កើត​សហជីព​បាន​ហើយ​ក្នុង​រោងចក្រ​ក៏​អាច​បញ្ឈប់​ថ្នាក់​ដឹកនាំ​អ៊ីចឹង​ហើយ​កន្លែង​ហ្នឹង​ខ្ញុំ​សំណូម​ដល់​រដ្ឋាភិបាល​ថ្មី​ជួយ​ស្វែងយល់​ហើយ​ជួយ​ដោះស្រាយ​ពី​បញ្ហា​ហ្នឹង​កុំ​ឱ្យ​មាន​ការ​រើសអើង​កម្មករ»។

ទោះជា​មានការ​លើកឡើង​ពី​ក្រុម​អង្គការសង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ថា ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង ​GSP របស់​សហរដ្ឋ​អាមេរិក ជា​មូលហេតុ​ចម្បង​នៃ​ការ​បិទទ្វារ​រោងចក្រ និង​អាច​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​ក៏​ដោយ ក៏​លោក ហ៊ុន សែន នៅតែ​អះអាង​ថា លោក​មិន​ត្រូវការ​ជំនួយ​ដែល​បង្គាប់​បញ្ជា​ឱ្យ​លោក​ធ្វើ​នេះ​ធ្វើ​នោះ​ឡើយ។ កាលពី​ខែ​មីនា ឆ្នាំ២០១៩ លោក ហ៊ុន សែន ធ្លាប់​បាន​ការ​លើក​ឡើង​ថា កម្ពុជា «អាច​រស់​បាន» ទោះ​ជា​គ្មាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ក៏ដោយ ។ ជាង​នេះ​ទៅ​ទៀត​ក្រោយ​ការ​បោះឆ្នោត​រួច​សហរដ្ឋអាមេរិក​បាន​ប្រកាស​ដាក់​ចេញ​វិធាន​ការ​ជា​ជំហាន​លើ​ការ​រឹតត្បិត​ទិដ្ឋាការ ឬ​វីសា​លើ​មន្ត្រី​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​ផ្អាក​ការ​ផ្ដល់​ជំនួយ​មួយ​ចំនួន​ដល់​កម្ពុជា​ដែរ​គឺ​ចំនួន ១៨លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២៣ នេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បោះឆ្នោត​ក្លែងក្លាយ​នេះ។ ដោយឡែក សហភាព​អឺរ៉ុប ក៏​បាន​ព្រមាន​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត​ពី​កម្ពុជា ។

ក្រុម​កម្មករ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​អនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព ចៀសវាង​រដ្ឋាភិបាល​ថ្មី​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​បន្ថែម​ទៀត​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ និង​កម្មករ​ប្រឈម​នឹង​បញ្ហា​លំបាក​ផ្នែក​ជីវភាព ជាពិសេស​គ្មាន​លុយ​សង​ជំពាក់​បំណុល​ធនាគារ ហើយ​កម្មករ​មួយ​ចំនួន​បង្ខំ​ចិត្ត​ធ្វើ​ចំណាកស្រុក​ការងារ​ធ្វើ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។