ប្រជាកសិករប្រកបរបបដំណាំត្រសក់នៅស្រុកបវេល ខេត្តបាត់ដំបងជាច្រើនគ្រួសារកំពុងខ្វល់ខ្វាយ បញ្ហាគ្មានប្រាក់ចាយដើរលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិទេ។ ពួកគាត់ត្អូញថា ឆ្នាំនេះជួបគ្រោះរាំងស្ងួតហើយ បែរជាតម្លៃត្រសក់ចុះថោកទៀត ធ្វើឱ្យពួកគាត់លក់មិនបានប្រាក់កម្រៃសម្រាប់ដោះស្រាយជីវភាពគ្រួសារឡើយ ហើយថ្ងៃបុណ្យចូលឆ្នាំ ក៏ខិតចូលមកដល់ទៀត។
ចំណែកអ្នកជំនាញផលិតផលកសិកម្មផ្ដល់អនុសាសន៍ថា កសិករគួរតែបង្កើតសហគមន៍អ្នកដាំបន្លែ ដើម្បីជួយកសិករដូចគ្នា។
កសិករនៅស្រុកបវេលមួយចំនួនលើកឡើងថា ដំណាំត្រសក់របស់ពួកគាត់ដល់ពេលប្រមូលផលហើយ តែគ្មានទីផ្សារសម្រាប់លក់មានតម្លៃសមរម្យទេ ហើយត្រសក់ក្នុងចម្ការរបស់កសិករខ្លះ ចាប់ផ្ដើមទុំក្រហមចោលបណ្ដើរៗ ដោយសារគ្មានអ្នកទិញ។
កសិករម្នាក់រស់នៅភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល លោក ផាវ ភេម ឲ្យដឹងនៅថ្ងៃទី១១ មេសាថា ក្នុងរដូវប្រាំងឆ្នាំនេះ លោកដាំត្រសក់លើផ្ទៃដី ១ហិកតារ ដោយចំណាយអស់ដើមទុនប្រមាណ ៣ពាន់ដុល្លារអាមេរិក ហើយប្រាក់ទាំងនេះមួយចំនួន លោកខ្ចីពីធនាគារដោយមានការប្រាក់ និងពាក់កណ្ដាលទៀត ខ្ចីពីឈ្មួញកណ្ដាលមិនមានការប្រាក់ទេ ក៏ប៉ុន្តែនៅពេលប្រមូលផលត្រសក់ ត្រូវលក់ឱ្យឈ្មួញវិញ តាមតម្លៃតាមទីផ្សារ ដោយមិនអាចលក់ឱ្យអ្នកផ្សេងបានទេ។ កសិកររូបនេះបន្តថា ត្រសក់របស់លោកចាប់ផ្ដើមប្រមូលផលបានប្រហែល ១សប្ដាហ៍ស្រាប់តែត្រសក់បានចុះថោកពី ៦០០រៀលមកនៅត្រឹម ៤០០រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះមិនបានប្រាក់កម្រៃសងធនាគារនោះទេ ព្រោះចំណាយដើមទុនសម្រាប់ដាំដុះអស់ច្រើនមកហើយ៖ «ត្រសក់កំពុងដល់ច្រើនតែវាពិបាករឿងតម្លៃ អត់មានអ្នកមកទិញ។ ខ្ញុំចង់បានតម្លៃសមរម្យជាងតម្លៃបច្ចុប្បន្ន ដែលអាចកសិករដាំដុះហើយលក់បានប្រាក់ចំណេញខ្លះ បើដូចសព្វថ្ងៃពិបាកខ្លាំង។ ត្រសក់ដែលលក់បានចំណេញគឺតម្លៃចាប់ពី ១ពាន់រៀលឡើងទៅ។ តែសំខាន់ឈ្មួញទិញត្រសក់គេថាត្រសក់មានច្រើនពេកហើយយកទៅលក់បន្តគេមិនយក ដូច្នេះសុខចិត្តខាតទាំងអស់គ្នាប្រសើរជាង » ។
លោកបន្តថា កសិករដាំត្រសក់នៅស្រុកបវេលគ្រប់គ្នា ខ្វល់ខ្វាយអំពីជីវភាពយ៉ាងខ្លាំងក្នុងពេលចូលឆ្នាំខ្មែរឆ្នាំនេះ ដោយសារតម្លៃត្រសក់ចុះថោក ហើយលក់មិនបានប្រាក់កម្រៃសម្រាប់ចាយវាយជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យប្រពៃណីជាតិមួយនេះ ព្រោះពួកគាត់ភាគច្រើនគ្មានមុខរបរផ្សេងក្រៅអំពីការដាំបន្លែនោះទេ។
កសិករនៅភូមិច្រាំងបាក់ម្នាក់ទៀត លោក ឈិន វិចិត្រ ថ្លែងថា ឆ្នាំនេះលោកដាំត្រសក់នៅលើផ្ទៃដីជាង ១ហិកតារ ដោយត្រសក់ចាប់ផ្ដើមប្រមូលផលបណ្ដើរៗ ហើយ។ ក៏ប៉ុន្តែមិនមានឈ្មួញមកទិញដល់ចម្ការដូចឆ្នាំមុនទេ ព្រោះតម្លៃត្រសក់ចុះថោក។ លោកបន្តថា ត្រសក់មួយហិកតារនេះលោកបេះយកទៅលក់នៅផ្សារបាត់ដំបងដោយខ្លួនឯង ដោយក្នុងមួយថ្ងៃបេះបានពី ១តោនទៅ ១តោនកន្លះ។ លោកថា នៅផ្សារបាត់ដំបងត្រសក់ស្អាតល្អលក់បានតម្លៃ ៥០០រៀលក្នុងមួយគីឡូក្រាម ហើយត្រសក់មិនសូវល្អ ៤០០រៀលក្នុងមួយគីឡូក្រាម។ លោកបន្ថែមថា តម្លៃនេះចុះថោកខ្លាំងមិនធ្លាប់ជួបប្រទះ ដែលខុសពីឆ្នាំមុនៗ ក្នុងរដូវប្រាំងបែបនេះ យ៉ាងហោចណាស់ក៏ត្រសក់លក់បានក្នុងតម្លៃ៨០០ ទៅជាង ១ពាន់រៀលដែរក្នុងមួយគីឡូក្រាម។ លោកថា តម្លៃត្រសក់ដូចសព្វថ្ងៃនេះ កុំថាឡើយរកប្រាក់ចាយវាយលេងបុណ្យចូលឆ្នាំខ្មែរនោះ សូម្បីតែប្រាក់សងធនាគារក៏មិនគ្រប់ដែរ ព្រោះកសិករស្រុកបវេលមានជីវភាពក្រីក្រ ហើយរំពឹងទៅលើរបរដាំត្រសក់នេះ ដើម្បីលក់បានប្រាក់ដោះស្រាយជីវភាពគ្រួសារ និងលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៖ «កសិករដាំត្រសក់ បើលក់បានថ្លៃទៅ វាបានប្រាក់ដោះស្រាយជីវភាពគ្រួសារឱ្យកូនរៀនបានខ្ពង់ខ្ពស់ដូចគេឯងបានខ្លះ តែដល់ចុះថោក វាអត់មានប្រាក់អាចជួយផ្គត់ផ្គង់ក្រុមគ្រួសារឱ្យបានល្អណា អត់ទេ ហើយចំគ្រោះរាំងស្ងួតផង ហើយធ្វើខាតទៀត ចប់ហើយកសិករ។ ច្រើនណាស់ដោយខ្លះខ្ចីលុយគេមកធ្វើដើមទុនដល់ពេលត្រសក់ថោកដូច្នេះ គឺខាតទាំងស្រុងហើយ » ។
លោកបន្តថា ប្រហែល ២សប្ដាហ៍ទៀត ដើមត្រសក់នឹងក្រហមខូចអស់ ហើយមិនមានផ្លែបេះយកទៅលក់បានទេ ព្រោះរដូវក្ដៅដំណាំត្រសក់ឆាប់ក្រហមខូច ក្នុងរយៈពេលប្រមាណ ១ខែប៉ុណ្ណោះ។
ឈ្មួញកណ្ដាលទិញត្រសក់ផ្សារនៅខេត្តបាត់ដំបង អ្នកស្រី សុខ សាមេត ថ្លែងថា ចាប់ពីខែមេសាមក គឺត្រសក់ចុះថោកជារៀងរាល់ថ្ងៃ ដោយមិនដឹងមូលហេតុអ្វីនោះទេ។ អ្នកស្រីបន្តថា តម្លៃត្រសក់ទិញពីចម្ការរបស់កសិករចំនួន ៤០០រៀលក្នុងមួយគីឡូក្រាម ហើយអ្នកស្រីដឹកយកទៅលក់បន្តនៅទីផ្សារឯរាជធានីភ្នំពេញ តម្លៃ ៦០០ ទៅ ៧០០រៀលក្នុងមួយគីឡូក្រាម។ អ្នកស្រីបន្ថែមថា តម្លៃនេះឈ្មួញទិញ ក៏លក់មិនបានចំណេញដែរ ព្រោះក្នុងមួយថ្ងៃដឹកបានមួយជើងបានប្រមាណ ពី ៣ ទៅ ៥តោន ហើយត្រូវចំណាយដើមទុនលើការដឹកជញ្ជូន និងថ្លៃកម្មករអស់ច្រើន៖ «ខ្ញុំអត់បានយកចំណេញពីកសិករទេ យករួចខ្លួនដូចជួយដឹកលក់ឱ្យពួកគាត់អ៊ីចឹង។ និយាយរួមត្រសក់ខ្ញុំឈឺក្បាលដែរ។ រយៈពេល ២អាទិត្យខ្ញុំឈឺក្បាលរហូត។ បើស្អាតល្អ គឺបានថ្លៃ ៧០០រៀលលក់នៅភ្នំពេញ បើត្រសក់ជ្រក់គេអត់យកតែម្ដង ១០គីឡូក្រាម ១ពាន់រៀលក៏អត់ចេញផង។ ឥវ៉ាន់មិនជាសូវសំបូរប៉ុន្មានទេ ប៉ុន្តែអត់មានអ្នកទិញ។ មិនដឹងជាទៅណាអស់ គឺលក់មិនដាច់តែម្ដងឆ្នាំមុនៗ ខ្ញុំដឹក ៦ ទៅ៧តោនដែរ ដល់ពេលឆ្នាំដឹកតិចហើយ គឺថោកហើយលក់អត់ចេញទៀត » ។
អ្នកស្រីបន្តថា ទាំងកសិករ និងឈ្មួញទិញត្រសក់ឆ្នាំនេះជួបវិបត្តិសេដ្ឋកិច្ចដូចគ្នា ហើយមិនបានដើរលេងបុណ្យចូលឆ្នាំខ្មែរសប្បាយដូចអ្នកមានជីវភាពធូរធារឡើយ ដោយសារតម្លៃត្រសក់ចុះថោក។ ក៏ប៉ុន្តែពួកគាត់ចេះតែដើរប្រមូលទិញពីកសិករ ព្រោះពួកគាត់ផ្ដល់ប្រាក់ឱ្យកសិករដាំដុះ ដោយមិនយកការប្រាក់ ហើយបើសិនជាមិនទៅទិញពីកសិករទេ នឹងធ្វើឱ្យជីវភាពកាន់តែលំបាកខ្លាំង ដោយសារកសិករគ្មានប្រាក់សងកម្ចី ដែលបានផ្ដល់ឱ្យកាលដើមឆ្នាំនោះឡើយ។
អាស៊ីសេរីមិនអាចទាក់ទងអនុប្រធានមន្ទីរកសិកម្មលោក អ៊ឹម សុវណ្ណមុនី និងអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហាបានទេ នៅថ្ងៃទី១១ និងថ្ងៃទី១២ មេសា ដោយទូរស័ព្ទចូលជាច្រើនដងតែពុំមានអ្នកទទួល។
ប៉ុន្តែអភិបាលស្រុកបវេល លោក វិន ហួត ធ្លាប់មានប្រសាសន៍ប្រាប់អាស៊ីសេរីថា កសិករដែលប្រកបរបរដាំបន្លែតែមួយមុខរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារនោះ ខាងលោកមិនទាន់បានទទួលព័ត៌មាននេះនៅឡើយទេ។ ប៉ុន្តែលោកថា ខាងស្រុកនឹងរកវិធីដោះស្រាយជួយដល់ពួកគាត់នៅពេលខាងមុខ។
ទោះជាយ៉ាងណាក្ដី កសិករនៅស្រុកបវេលទាំង ២នាក់នោះអះអាងថា គិតត្រឹមថ្ងៃទី១២ មេសា មិនទាន់មានអាជ្ញាធរចុះមកសួរសុខទុក្ខ និងរិះរកវិធីជួយដល់ពួកគាត់នៅឡើយទេ។
អ្នកជំនាញខាងទីផ្សារផលិតផលកសិកម្ម លោក សំ វិទូ លើកឡើងថា បញ្ហាដែលធ្វើឱ្យតម្លៃផ្លែត្រសក់ចុះថោកនេះ ដោយសារមានឈ្មួញមកពីប្រទេសខាងក្រៅជាអ្នកគ្រប់គ្រងទីផ្សារបន្លែនៅកម្ពុជា ស្របពេលដែលកសិករពឹងផ្អែកទៅលើឈ្មួញកណ្ដាល ដោយមិនបានចងក្រងជាសហគមន៍ធ្វើជាបង្គោលរឹងមាំសម្រាប់លក់កសិផលរបស់ខ្លួនក្នុងតម្លៃសមរម្យនោះ។ លោកបន្តថា ប្រសិនបើពុំមានការចាប់ក្រុមគ្រប់គ្រងទីផ្សារផ្ដាច់មុខទេ គឺតម្លៃត្រសក់នឹងហក់ឡើងខ្ពស់ជាងពេលបច្ចុប្បន្នជាមិនខាន ព្រោះឆ្នាំនេះកសិករជួបគ្រោះស្ងួតគ្រប់ទីកន្លែង ហើយកសិករក៏មិនអាចដាំដុះបានច្រើនដូចឆ្នាំមុនៗ នោះឡើយ៖ «ផលិតផលរបស់ខ្មែរថោក ដោយសារគេនាំចូលមកយើង គេលក់ថោកជាង ព្រោះផលិតកសិករយើងថ្លៃដើម គឺថ្លៃជាងផលិតផលប្រទេសជិតខាងយើង។ ទី២ ខ្ញុំជឿថា នៅក្នុងរយៈពេល ២សប្ដាហ៍ទៀត ផលិតផលត្រសក់នឹងឡើងថ្លៃវិញ។ ប៉ុន្តែប្រសិនបើកសិករនៅតែមិនព្រមលក់ទេ ហើយទុកត្រសក់ចោល គឺយើងនឹងចាញ់គេដាច់ ហើយចុងក្រោយយើងនឹងបោះបង់ការដាំដុះ » ។
អ្នកស្រី សុខ សាមេត ជាឈ្មួញកណ្ដាលឱ្យដឹងថា កសិករដាំដុះដំណាំត្រសក់ក្នុងរដូវប្រាំងក្នុងខេត្តបាត់ដំបងមានដល់ទៅរាប់រយគ្រួសារឯណោះ រួមមាននៅស្រុកបវេល បាណន់ និងស្រុកមោងឫស្សី ដោយពួកគាត់ភាគច្រើនដាំដុះនៅលើផ្ទៃដីចន្លោះពីកន្លះហិកតារទៅជាង ២ហិកតារក្នុងមួយគ្រួសារ។ អ្នកស្រីបន្តថា ប្រមាណ ១សប្ដាហ៍នេះ ទិន្នផលត្រសក់ ដែលឈ្មួញនាំចេញពីខេត្តបាត់ដំបងទៅលក់នៅរាជធានីភ្នំពេញ មានប្រហែលពី ២០ ទៅ ៣០តោនក្នុងមួយថ្ងៃ។
លោក សំ វិទូ អ្នកជំនាញខាងទីផ្សារផលិតផលកសិកម្ម ពន្យល់ថា ដើម្បីដោះស្រាយបញ្ហាតម្លៃបន្លែចុះថោកនេះ លុះត្រាតែកសិករបង្កើតជាសហគមន៍ដាំបន្លែនៅតាមខេត្ត ដើម្បីលក់កសិផលរបស់ខ្លួន ហើយរដ្ឋាភិបាលត្រូវរៀបចំទីផ្សារក្នុងតំបន់នៅតាមខេត្តឱ្យបានរឹងមាំ ដើម្បីឱ្យមានបន្លែនាំចេញទៅលក់នៅលើទីផ្សារធំក្នុងរាជធានីភ្នំពេញ ហើយត្រូវសាងសង់ប្រព័ន្ធធារាសាស្ត្រនៅតាមមូលដ្ឋានឱ្យបានច្រើនបន្ថែមទៀត ដើម្បីឱ្យកសិករអាចដាំដុះបានគ្រប់រដូវ និងជាការកាត់បន្ថយការចំណាយលើដើមទុនផលិតរបស់កសិករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។