ស្រូវ​ចុះ​ថោក ធ្វើ​ឱ្យ​កសិករ​នៅ​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ​បារម្ភ​អំពី​ជីវភាព

ដោយ ឡេង ម៉ាលី
2022.11.17
ស្រូវ​ចុះ​ថោក ធ្វើ​ឱ្យ​កសិករ​នៅ​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ​បារម្ភ​អំពី​ជីវភាព កសិករខេត្តបន្ទាយមានជ័យ កំពុងប្រមូលផលស្រូវ​វស្សា នៅ​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
រូប៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

កសិករ​ធ្វើស្រែ​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ ចុះ​ថោក​មិន​សូវ​មាន ​ឈ្មួញ​ទទួល​ទិញ ហើយ​លក់​មិន​បាន​ប្រាក់​ចំណេញ​ដោះ​ស្រាយ​ជីវភាព​គ្រួសារ និង​ប្រាក់​ជំពាក់​ធនាគារ។ កសិករ​ធ្វើស្រែ​អះអាង​ថា តម្លៃ​ជី តម្លៃ​ប្រេង ថ្លៃ​ច្រូត ចេះ​តែ​បន្ត​ហក់​ឡើង​ថ្លៃ តែ​តម្លៃ​ស្រូវ​កាន់​តែ​ធ្លាក់​តម្លៃ។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួង​កសិកម្ម​គួរ​មាន​យុទ្ធសាស្ត្រ​យូរ​អង្វែង​ទាក់​ទង​តម្លៃ​ស្រូវ ដើម្បី​ផ្ដល់​ក្ដី​សង្ឃឹម និង​ជួយ​ដល់​កសិករ​ក្នុង​វិស័យ​កសិកម្ម​ប្រកប​ដោយ​និរន្តរភាព និង​ទំនុក​ចិត្ត។

កសិករ​ធ្វើ​ស្រែ​នៅ​ខេត្ត​បាត់ដំបង និង​បន្ទាយ​មានជ័យ អស់​សង្ឃឹម​ចំពោះ​មុខរបរ​ធ្វើ​ស្រែ​ខណៈ​តម្លៃ​ស្រូវ​នៅ​តែ​ធ្លាក់​ថ្លៃ ទោះ​ក្រសួង​ប្រកាស​ទទួល​ទិញ​ក្នុង​តម្លៃ​កំណត់​ថេរ។ ពួកគាត់​យល់ថា​ការ​រក​ដំណោះ​ស្រាយ​បញ្ហា​តម្លៃ​ស្រូវ ហាក់​បរាជ័យ​ ព្រោះ​តម្លៃ​ស្រូវ​ប្រទេស​ជិត​ខាង​គឺ មាន​តម្លៃ​សមរម្យ​ ហើយ​ការ​ចំណាយ​ប្រាក់​ដើម​ធ្វើស្រែ​ក៏​មាន​តម្លៃ​ទាប។

កសិករ​ធ្វើស្រែ​នៅ​ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ លោក​ស្រី ញ៉េប ស្រីហំ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថ្ងៃ​ទី១៧ វិច្ឆិកា ថា លោកស្រី​ធ្វើស្រែ​ជិត ៧ហិកតារ និង​កំពុង​ប្រមូល​ផល​ទើប​តែ​បាន ៩តោន​ប៉ុណ្ណោះ ប៉ុន្តែ​លោកស្រី​ចំណាយ​ប្រាក់​ដើម​អស់ ៩លាន​រៀល (.០០០.០០០៛) ហើយ។ លោកស្រី​ថា​តម្លៃ​ស្រូវ​លោក​ស្រី​លក់​ដំបូង​​តម្លៃ​ជាង ១០បាត (ប្រាក់​ថៃ) ឬ​ប្រមាណ ១.១៧៨រៀល ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​ថ្ងៃ​ទី១៦ វិច្ឆិកា បែរ​ជា​ធ្លាក់​ថ្លៃ ៨បាត ស្មើនឹង ៩២៤រៀល ក្នុង​មួយ​គីឡូក្រាម​ទៅ​វិញ។ លោក ស្រី ញ៉េប ស្រីហំ បារម្ភ​ពី​ជីវភាព​គ្រួសារ​នៅ​ថ្ងៃ​ក្រោយ ព្រោះ​តម្លៃ​ទំនិញ តម្លៃ​ជី តម្លៃ​ប្រេង និង​ប្រាក់​ដើម​ធ្វើ​ស្រែ​ច្រើន​ហួស ប៉ុន្តែ​ទិន្នផល​បាន​មក​វិញ​មិន​សម​នឹង​ការ​ចំណាយ។ លោកស្រី​អំពាវនាវ​ដល់​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​តម្លៃ​ស្រូវ កុំ​ឱ្យ​ធ្លាក់​ថ្លៃ​ក្រោម ១០បាត ក្នុង​មួយ​គីឡូក្រាម ព្រោះ​អ្វី​គ្រប់​យ៉ាង​ឡើង​ថ្លៃ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កសិករ​ច្រើន។ លោកស្រី ញ៉េប ស្រីហំ បញ្ជាក់​ថ្ងៃ​ទី១៧ វិច្ឆិកា​នេះ​ថា ប្ដី​លោកស្រី​ដឹក​ស្រូវ​ទៅ​លក់​បាន​តម្លៃ​ត្រឹម​តែ ៨បាត ស្មើនឹង ៩២៤រៀល ក្នុង​មួយ​គីឡូក្រាម ប៉ុណ្ណោះ​ដែល​ផ្ទុយ​នឹង​ការ​ប្រកាស​របស់​ក្រសួង​កសិកម្ម៖

«ការ​ចំណាយ​ទុន​ក្នុង​ឆ្នាំ​នេះ​គឺ វា​ច្រើន​មែនទែន​ជាង​ឆ្នាំ​មុនៗ ដោយសារ​តែ​ជី សាំង ម៉ាស៊ូត ថ្នាំ​សម្លាប់​សត្វល្អិត ហើយ​ទំនិញ​ផ្សេងៗ វា​ឡើង​ថ្លៃ​ខ្លាំង​ ស្ទើរតែ​គុណ​នឹង​ពីរ ខណៈ​ពេល​ដែល​ខ្ញុំ​ចុះ​ព្រួស​ធ្វើស្រែ​ហ្នឹង​ហាស​បង មិនមែន​ធ្លាក់​ថ្លៃ​ដូច​រាល់​ថ្ងៃ ហៃ​ទៅ​យើង​ចំណាយ​ទុន​ច្រើន ដល់​ពេល​តម្លៃ​ស្រូវ​ដែល​យើង​លក់​បាន​ វា​អត់​សមាមាត្រ វា​អត់​សមាមាត្រ​អ្វី​ដែល​យើង​ចំណាយ អ៊ីចឹង​ទៅ​បាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​នាំ​គ្នា​ស្រែក​អា​រឿង​ស្រូវ​ថោក»

កសិករ​ធ្វើស្រែ​នៅ​ខេត្ត​បាត់ដំបង​ម្នាក់​ទៀត លោក ស៊ន ពីង លើក​ឡើង​ថា ទិន្នផល​ឆ្នាំ​នេះ​មាន​ការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន ចំណែក​តម្លៃ គឺ​ចុះ​ថោក​ខ្លាំង ដែល​មិន​អាច​ទូទាត់ និង​ការ​ចំណាយ​ប្រាក់​ដើម​ឡើយ។ លោក​បន្ត​ថា ស្រែ​មួយ​ហិកតារ ត្រូវ​ប្រើប្រាស់​ជី​ចំនួន ៦ការ៉ុង ដែល​អាច​ទទួល​ទិន្នផល​ប្រមាណ ៤តោន ប៉ុន្តែ​តម្លៃ​ជី​ថ្លៃ តែ​តម្លៃ​ស្រូវ​ថោក រួម​ទាំង​ខូចខាត​មួយ​ចំនួន​ដោយ​ទឹក​ជំនន់​ទៀត គឺ​ធ្វើ​អោយ​ពួក​លោក​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាព៖

«បើ​មុខ​របរ​កសិកម្ម​នេះ​សព្វថ្ងៃ យើង​និយាយ​អត់​កើត​ហាស ដោយ​សារ​អី ប្រព័ន្ធ​ទឹក​យើង​មិន​មាន​គ្រប់គ្រាន់​ទី១។ ទី២ ជម្រើស​ពូជ ទី៣ ជី ថ្នាំ យើង​នាំ​មក​ថ្លៃ​ទាំង​អស់។ ថ្លៃ​ទាំង​អស់​ហ្នឹង​អា​ទិន្នផល​ស្រូវ​ក៏​មិន​សូវ​បាន​ផល ដោយសារ​ពូជ​យើង​រាល់ថ្ងៃ​ តំណ​ពូជ​រាប់​សិប​ទសវត្ស​ទិន្នផល​ទាប​ហើយ អត់​មាន​ក្រឡា​រស់​ទេ លុះ​ត្រា​តែ​យើង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ និង​ស្រោចស្រព។ យើង​មាន​ប្រភព​ទឹក​ធំៗ ហើយ ប៉ុន្តែ​ការ​ចែកចាយ​វា​ដូច​អត់​ឆ្លើយ​តប​តាម​តម្រូវ​ការ​កន្លង​មក​នេះ កសិករ​រស់​ត្រដរ បើ​បាន​ភោគផល ផល​បាន​ទាប ហើយ​ទិន្នផល តម្លៃ​ស្រូវ​ក្នុង​ឆ្នាំ​ចាប់​ពី ១.១០០បាត ទៅ ១២.០០០បាត អា​ហ្នឹង​បាន​រស់»

ស្រប​ពេល​កសិករ​ធ្វើស្រែ​កំពុង​ត្អូញត្អែរ​តម្លៃ​ស្រូវ​ថោក​នេះ ប្រទេស​កម្ពុជា ក៏​បាន​ជាប់​ជ័យ​លាភី​សម្រាប់​អង្ករ​ផ្កា​រំដួល​ជា​អង្ករ​ល្អ​ដាច់​គេ ប្រចាំឆ្នាំ២០២២ ក្នុង​សន្និសីទ​អង្ករ​ពិភពលោក ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​ភូកេត (Phuket) ប្រទេស​ថៃ ថ្ងៃទី១៧ ខែ​វិច្ឆិកា។ វា​ជា​លើក​ទី៥ ដែល​កម្ពុជា​ទទួល​បាន​ជ័យ​លាភី​អង្ករ​ល្អ ក្នុង​នោះ រួមមាន ឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និង​ឆ្នាំ២០២២ នេះ។ ក្រុម​មន្ត្រី​រដ្ឋាភិបាល នាំ​គ្នា​បង្ហោះ​សារ​អបអរ​ចំពោះ​ជ័យ​លាភី​អង្ករ​ដាច់​គេ​នេះ ប៉ុន្តែ កសិករ​នៅ​តែ​រិះគន់​ថា ពុំ​មាន​ប្រយោជន៍​ឡើយ ព្រោះ​ពួក​គាត់ នៅ​តែ​ជួប​បញ្ហា​កង្វះ​ទីផ្សារ និង​តម្លៃ​ស្រូវ​ចុះ​ថោក​ដដែល។

កសិករ​ធ្វើ​ស្រែ​នៅ​តែ​យល់​ឃើញ​ថា កត្តា​ដែល​នាំ​អោយ​ស្រូវ​ធ្លាក់​ថ្លៃ គឺ​មក​ពី​កម្ពុជា​មាន​ឈ្មួញ​ទិញ​ស្រូវ​ផ្ដាច់​មុខ ហើយ​គ្មាន​ឈ្មួញ​ច្រើន​ ប្រកួតប្រជែង​គ្នា។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​លោក ស្រី វុឌ្ឍី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ ថ្ងៃ​ទី១៧ វិច្ឆិកា ដោយ​ទូរស័ព្ទ​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ​ក្រសួង​កសិកម្ម​កាល​ពី​ថ្ងៃ​ទី១៦ វិច្ឆិកា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​វឌ្ឍនភាព នៃ​ការ​ដោះ​ស្រាយ​បញ្ហា ដោយ​បញ្ជាក់​ថា អគ្គនាយក នៃ​រោងម៉ាស៊ីន​កិនស្រូវ​បៃតង​ លោក​ឧកញ៉ា ភូ ពុយ ទទួល​ទិញ​ស្រូវ​ក្នុង​តម្លៃ​ថេរ ដោយ​កំណត់​តម្លៃ​សម្រាប់​ស្រូវ​ផ្កា​រំដួល​ ប្រភេទ​លេខ១​ តម្លៃ ៩បាត ស្មើ​នឹង .០៤០រៀល ក្នុង ១គីឡូក្រាម។ ក្រសួង​កសិកម្ម​លើក​ឡើង​ថា ខែ​វិច្ឆិកា និង​ពាក់កណ្ដាល​ខែ​ធ្នូ ជា​ពេល​ប្រមូល​ផល​ស្រូវ​រដូវ​វស្សា​របស់​កសិករ ជាពិសេស ប្រភេទ​ពូជ​ស្រូវ​រំដួល ជា​ហេតុ​ធ្វើ​ឱ្យ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ត្រូវ​រង​ការ​កកស្ទះ និង​ជះ​ឥទ្ធិពល​ដល់​តម្លៃ​ស្រូវ ហើយ​កសិករ​សម្រុក​ប្រមូល​ផល​ធ្វើ​ឡើង​ព្រមៗ គ្នា ដែល​ធ្វើ​ឱ្យ​ស្រូវ​មាន​ចំនួន​ច្រើន។ ទន្ទឹម​នឹង​នេះ ក្រសួង​កសិកម្ម​ក៏​បាន​អំពាវនាវ​អោយ​កសិករ​ទាក់​ទង​តាម​ទូរស័ព្ទ​ទៅ​ក្រុម​ការងារ​ក្រសួង ដើម្បី​សម្រប​សម្រួល​ជាមួយ​រោងម៉ាស៊ីន​នៅ​ពេល​លក់​ស្រូវ ដោយ​ខេត្ត​បន្ទាយមានជ័យ ទូរស័ព្ទ​លេខ ០១២ ៨៣៨ ៩៣៧ និង​ខេត្ត​បាត់ដំបង ទូរស័ព្ទ ០៩៥ ៩៥១ ១១១។

ការ​ឆ្លើយតប​របស់​ក្រសួង​នេះ គឺ​បន្ទាប់​ពី​ប្រជាកសិករ​នាំ​គ្នា​ថត​បង្ហោះ​រូបភាព​ព្រោង​ព្រាត​អំពី​សកម្មភាព​ដឹក​ស្រូវ​ទៅ​លក់ និង​ត្អូញត្អែរ​អំពី​តម្លៃ​ស្រូវ​ចុះ​ថោក​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។

ជុំវិញ​រឿង​នេះ ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន យល់​ថា ពលរដ្ឋ​មាន​សិទ្ធិ​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ពួក​គេ ទាក់ទង​នឹង​កសិផល​ចុះ​ថោក ឱ្យ​មហាជន​បាន​ដឹង ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​តែ​ដោះ​ស្រាយ​បញ្ហា​នេះ ជូន​ពលរដ្ឋ​ឱ្យ​ទាន់​ពេល​វេលា។ លោក​បន្ត​ថា រដ្ឋ​ត្រូវ​មាន​យុទ្ធសាស្ត្រ និង​បង្កើន​ថវិកា​ជាតិ គាំទ្រ​វិស័យ​កសិកម្ម ដោយ​ផ្ដល់​ថវិកា​នេះ​ទៅ​រោងម៉ាស៊ីន​កិន​ស្រូវ​ ឬ​អ្នករក​ស៊ី​កែច្នៃ​ស្រូវ ហើយ​ត្រូវ​ធានា​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន​ទិញ​ស្រូវ​ពី​ប្រជាកសិករ​ក្នុង​តម្លៃ​សម​ស្រប​ណា​មួយ ដែល​អាច​ទទួល​យក​បាន៖

«ក្រសួង​បាន​ប្រកាស​អំពី​ខេត្ត​បាត់ដំបង បន្ទាយ​មានជ័យ​មាន​អ្នក​ទទួល​ទិញ​ដោយ​ឧកញ្ញា ភូ ពុយ ដែល​គាត់​ជួយ ក៏​ប៉ុន្តែ​យើង​ឃើញ​ថា តម្លៃ​នេះ​នៅ​មាន​កម្រិត មិន​ទាន់​បាន​ភ្លាម។ អ៊ីចឹង​គួរ​តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​មន្ទីរ​ ឬ​ក៏​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន ឱ្យ​រង់ចាំ​នូវ​ការ​លក់​ស្រូវ​នេះ ហើយ​ថា តើ​វិសាលភាព នៃ​ការ​លក់​ឱ្យ​មាន​តម្លៃ​ខ្ពស់​សមរម្យ​នេះ​បាន​ដោយ​កម្រិត​ណា ដើម្បី​ធានា​ថា កសិករ ដែល​លក់​ស្រូវ​ចេញ​ទៅ​មិន​ខាតបង់​ ហើយ​គាត់​ទទួល​បាន​នូវ​ប្រាក់​ចំណេញ ហើយ​គាត់​មាន​ក្ដី​សុខ​រីករាយ មិន​ព្រួយ​បារម្ភ​ខ្វល់​ទៅ​លើ​ការ​ខាតបង់ ដោយសារ​ការ​ធ្វើ​ស្រែ​ ធ្វើ​ចម្ការ និង​ធ្វើ​ស្រូវ​នេះ»

កាល​ពី​ថ្ងៃ​ទី១៥ ខែវិច្ឆិកា ក្រសួង​កសិកម្ម​បាន​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​បង្ហោះ និង​ចែករំលែក​ព័ត៌មាន​បញ្ហា​ស្រូវ​ចុះ​ថោក ដោយ​ព្រួយ​បារម្ភ​អំពី​កសិករ​ផ្សេង​ទៀត ដែល​មិន​ទាន់​ប្រមូល​ផល ប្រញាប់​ច្រូត​ស្រូវ​តាម ទាំង​មិន​ទាន់​គ្រប់​គុណភាព​លក់​ដែរ ហើយ​នឹង​ធ្វើ​ឱ្យ​ថ្លៃ​ស្រូវ​កាន់តែ​ធ្លាក់​ចុះ​ទៀត។ ក្រសួង​បាន​ចាត់​អនុរដ្ឋលេខាធិការ​ចំនួន ២រូប គឺ​លោក ឃី កុសល និង​លោក ឈុំ ឆុនលី និង​ក្រុម​ការងារ​ឱ្យ​ចុះ​ទៅ​ដោះ​ស្រាយ​ជូន​ប្រជាកសិករ​ជាក់ស្ដែង​នៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង។

កន្លង​មក រដ្ឋមន្ត្រី នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ថ្មី ដែល​ឡើង​កាន់​តំណែង ១ខែ កាល​ពី​ថ្ងៃ​ទី១៧ តុលា លោក ឌិត ទីណា ធ្លាប់​បាន​ប្ដេជ្ញា​ថា នឹង​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ទៅ​ជា​កសិកម្ម​កាន់​តែ​ទំនើប មាន​និរន្តរភាព ធន់​នឹង​អាកាសធាតុ ហើយ​ធ្វើ​យ៉ាងណា​ឱ្យ​កសិករ​ចំណាយ​តិច​ ចំណេញ​ច្រើន​ជា​ដើម។

ពលរដ្ឋ និង​សង្គម​ស៊ីវិល អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​រក​វិធីសាស្ត្រ​ដោះ​ស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ដល់​កសិករ​ឱ្យ​ទាន់​ពេល​វេលា និង​លើក​ទឹកចិត្ត​កសិករ​ កុំ​ឱ្យ​ពួកគេ​បោះបង់​មុខ​របរ​ធ្វើ​ស្រែ​ ដើម្បី​ទប់ស្កាត់​កសិករ​ចំណាក​ស្រុក​ទៅ​ធ្វើការ​ក្រៅ​ប្រទេស​ក្រោយ​អស់​សង្ឃឹម។ សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​បាត់បង់​កសិករ​ផលិត​ស្រូវ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្សែ​ចង្វាក់​ផលិតកម្ម​ក្នុង​ការ​នាំ​ចេញ​ស្រូវ​អង្ករ​នៅ​ថ្ងៃ​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។